អានតួអត្ថបទ
បារាំង-វ៉េណេស៊ុយអេឡា

បារាំង​ទទួល​ស្គាល់​លោកហ្កាយដូ​ជា​ប្រធានាធិបតីស្តីទី​វ៉េណេស៊ុយអេឡា និងអំពាវនាវឲ្យលោក​រៀបចំ​បោះឆ្នោត

នៅ​ថ្ងៃ​ចន្ទ ទី៤ កុម្ភៈ ប្រទេស​បារាំង តាម​រយៈ​ប្រមុខ​ការទូត​លោក​ហ្សង់ អ៊ីវឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បាន​ប្រកាស​ទទួល​ស្គាល់​លោក​ហ័ន ហ្កាយដូ​ជា​ប្រធានាធិបតី​ស្តីទី​វ៉េណេស៊ុយអេឡា និង​មាន​សិទ្ធិស្របច្បាប់​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី។ ជំហរ​ជា​ផ្លូវការ​របស់​ទីក្រុង​ប៉ារីស​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌូរ៉ូ​បាន​ច្រាន​ចោល​ឱសានវាទ​របស់​សហភាពអឺរ៉ុប​ដែល​ទុក​ពេល​ឲ្យ​លោក​ត្រឹម​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី៤ កុម្ភៈ​ដើម្បី​ប្រកាស​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ។ បន្ទាប់​ពី​បារាំង អេស្ប៉ញា អង់គ្លេស និង​ស៊ុយអែត​ក៏​បាន​ប្រកាស​ជំហរ​គាំទ្រ​លោក​ហ្កាយដូ​ដែរ។ លោក​ហ្សង់ អ៊ីវឡឺឌ្រីយ៉ង់​បាន​បញ្ជាក់​ថា ជំហរ​របស់​បារាំង​ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ចង់​ឲ្យ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឡើង​វិញ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​វ៉េណេស៊ុយអេឡា​ទេ តែ​មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី។ តាម​ប្រមុខ​ការទូត​បារាំង​ដដែល ពលរដ្ឋ​វ៉េណេស៊ុយអេឡា​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម និង​ចង់​បាន​ការ​ផ្លាស់ប្តូរ។

ប្រមុខការទូតបារាំង លោកហ្សង់ អ៊ីវឡឺឌ្រីយ៉ង់ (Jean-Yves Le Drian)
ប្រមុខការទូតបារាំង លោកហ្សង់ អ៊ីវឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

« គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា​សព្វថ្ងៃ​នេះ វ៉េណេស៊ុយអេឡា​ជា​ប្រទេស​ដែល​កំពុង​មាន​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ត្រដរ​ខ្យល់។ មាន​ជនភៀសខ្លួន​យ៉ាង​ច្រើន​សម្បើម មាន​ការ​គាបសង្កត់ និង​មាន​អត្រា​អតិផរណា​ខ្ពស់។ នៅ​ម្ខាង​ទៀត គេ​ឃើញ​ពលរដ្ឋ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ហើយ​គេ​ត្រូវ​ចៀសវាង​កុំ​ឲ្យ​កើត​មាន​សង្រ្គាមស៊ីវិល និង​ការ​ប៉ះទង្គិច​គ្នា។

បន្ទាប់​មក គេ​ឃើញ​មាន​ប្រធានាធិបតី​ម្នាក់​គឺ​លោក​នីកូឡា ម៉ាឌូរ៉ូ​ដែល​ការ​បោះឆ្នោត​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨​បាន​ទទួល​រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស​ដោយ​មាន​ប្រទេស​សមាជិក​អឺរ៉ុប​ផង។ បន្ទាប់​មក​ទៀត គេ​ឃើញ​មាន​ប្រធាន​រដ្ឋសភា​ម្នាក់​គឺ​លោក​ហ័ន ហ្កាយដូ​ដែល​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៥ មិន​បាន​ទទួល​រង​ការ​ប្រឆាំង​ទេ។

តែ​ប្រធានាធិបតី​ម៉ាឌូរ៉ូ​បែរ​ជា​យល់​ឃើញ​ថា វា​ចាំ​បាច់​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​សភា​ឡើង​វិញ​ទៅ​វិញ។ តាម​ពិត​ទៅ គឺ​ការ​បោះឆ្នោត​ប្រធានាធិបតី​របស់​គាត់​ទេ​តើ​ដែល​គ្រប់​គ្នា​ប្រឆាំង និង​ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។ វា​ហាក់​គ្មាន​អ្វី​ស្រពិចស្រពិល​ទៀត​ឡើយ​ដែល​គ្រប់​គ្នា រួម​ទាំង​ប្រទេស​អឺរ៉ុប​ទាំង​អស់​ផង​បាន​យល់​ឃើញ​ថា វា​ចាំ​បាច់​ដែល​ត្រូវ​ដោះស្រាយ​វិបត្តិ​មួយ​នេះ​តាម​រយៈ​ការ​បោះឆ្នោត​សេរី យុត្តិធម៌ និង​តម្លាភាព គឺ​បោះឆ្នោត​ប្រធានាធិបតី ព្រោះ​វ៉េណេស៊ុយអេឡា​ជា​ប្រទេស​ប្រកាន់​យក​របប​ប្រធានាធិបតី។

នេះ​ហើយ​ជា​ដំណោះស្រាយ​ដែល​យើង​បាន​ស្នើ​ឡើង ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​ផ្តើម​គិតគូរ​លើ​វិធានការ​ចាំ​បាច់​មួយ​ចំនួន​តប​នឹង​ការ​បដិសេធ​របស់​លោក​ម៉ាឌូរ៉ូ​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​វិបត្តិ​វ៉េណេស៊ុយអេឡា​អាច​ដោះស្រាយ​ដោយ​សន្តិវិធី និង​ក្នុង​ភាព​ស្ងប់​បំផុត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ