ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អឺរ៉ុប

Brexit៖​​អង់គ្លេស​ចង់​បន្ត​ចរចា​ជាមួយអឺរ៉ុប​លើ​ចំណុច​ដែល​ប្រហែលជា​អឺរ៉ុប​​មិន​អាច​ចរចា​បាន

media  
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រីទែររ៉េហ្សា ម៉េ (Theresa May) Reuters TV via REUTERS

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កុម្ភៈ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត ជុងកឺ (Jean-Claude Juncker) នឹង​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​ទែររ៉េហ្សា ម៉េ (Theresa May) ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គម្រោង​ជំនួប​នេះ​ជា​សំណើ​របស់​លោកស្រី​ម៉េ​ដែល​ចង់​ចរចា​លើ​ចំណុច​មួយ​ចំនួន​នៃ​កិច្ចព្រមព្រៀង​ស្តីពី Brexit ដែល​អឺរ៉ុប និង​អង់គ្លេស​បាន​អនុម័ត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​ចង់​កែប្រែ​លើ​ចំណុច​ទាក់ទង​នឹង​ការ​កំណត់​ព្រំដែន​រវាង​ដែនដី​អៀរឡង់ខាងជើង និង​ប្រទេស​អៀរឡង់​ដែល​អឺរ៉ុប​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា ខ្លួន​មិន​អាច​ចរចា​ឡើង​វិញ​បាន​ទេ។

វិលចុះ វិលឡើង សំណុំរឿង Brexit បាន និង​កំពុង​បន្ត​វិលវល់​នៅ​ជុំវិញ​តែ​រឿង​ច្រំដែល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​ទឹកដី​អៀរឡង់ខាងជើង​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង់គ្លេស និង​សាធារណរដ្ឋ​អៀរឡង់​ដែល​ជា​ប្រទេស​សមាជិក​អឺរ៉ុប​មួយ។ គឺ​បញ្ហា​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​សភា​អង់គ្លេស​បោះឆ្នោត​នា​ពាក់​កណ្តាល​ខែ​មករា​មិន​ទទួល​យក​កិច្ចព្រមព្រៀង​ស្តីពី Brexit ដែល​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​លោកស្រី​ទែររ៉េហ្សា ម៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។ បន្ទាប់​មក​នៅ​ថ្ងៃទី២៩ មករា សភា​អង់គ្លេស​បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​លោកស្រី​ម៉េ​ងាក​ទៅ​ចរចា​ជាមួយ​អឺរ៉ុប​ឡើង​វិញ​លើ​បញ្ហា​ដដែល​នេះ។

គួរ​រម្លឹក​ថា​បើ​តាម​កិច្ចព្រមព្រៀង ការ​ផ្តាច់ខ្លួន​ជា​ស្ថាពរ​របស់​អង់គ្លេស​ពី​សមាជិក​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​ព្រំដែន​រវាង​ប្រទេស​អៀរឡង់ និង​ដែនដី​អៀរឡង់ខាងជើង​ក្លាយ​ជា​ព្រំដែន​រវាង​សហភាពអឺរ៉ុប និង​អង់គ្លេស។ គ្រប់​គ្នា​ព្រួយបារម្ភ​ថា ការ​វិល​ត្រលប់​វិញ​នូវ​ព្រំដែន​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​រើ​ឡើង​វិញ​នូវ​សង្រ្គាម​ទាមទារ​ទឹកដី​រវាង​អៀរឡង់ និង​អៀរឡង់​ខាងជើង។ យ៉ាង​ណា​ក៏​ដោយ អឺរ៉ុប​ហាក់​នៅ​មិន​ទាន់​បិទទ្វារ​ចាក់​សោ​ទេ ព្រោះ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត ជុងកឺ​ត្រៀម​ទទួល​ជួប​លោកស្រី​ម៉េ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កុម្ភៈ។

តែ​ទន្ទឹម​គ្នា​នេះ អឺរ៉ុប​ក៏​បាន​ឆ្លៀត​បញ្ជាក់​ឡើង​វិញ​ពី​ជំហរ​របស់​ខ្លួន។ អ្នកនាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​លោក​ម៉ាហ្គារីទី ស៊ីណាស​បាន​គូសបញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ​ថា ជំហរ​របស់​សហភាព​អឺរ៉ុប​គឺ​ច្បាស់ណាស់ តែ​ជា​ថ្មី​ម្តង​ទៀត អឺរ៉ុប​រង់ចាំ​មើល​ថា តើ​លោកស្រី​ម៉េ​មាន​អ្វី​ទៀត​ដែល​ចង់​និយាយ​ជាមួយ​អឺរ៉ុប។ ដោយឡែក មុន​នឹង​ចេញ​ទៅ​ជួប​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល លោកស្រី​មេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អៀរឡង់ខាងជើង​នា​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ​ដើម្បី​ធានា​ពលរដ្ឋ​ពី​អនាគត​របស់​ទឹកដី​មួយ​នេះ។

គួរ​រម្លឹក​ថា​តាម​កាលវិភាគ​ផ្លូវការ អង់គ្លេស​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ពី​សមាជិក​អឺរ៉ុប​នៅ​ថ្ងៃទី២៩ មីនា​ខាង​មុខ ហើយ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ មាន​ជម្រើស​ពីរ​ដែល​អង់គ្លេស​ត្រូវ​ជ្រើសរើស ឬ​មួយ​ដើរ​ចេញ​ដោយ​យក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទៅ​ជាមួយ ឬ​មួយ​ដើរ​ចេញ​ដោយ​ដៃ​ទទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ