អានតួអត្ថបទ
បារាំង-អ៊ីតាលី

វិបត្តិការទូត៖​ប្រទេសអ៊ីតាលី​ព្យាយាម​សម្រុះសម្រួលវិញ តែ​ប្រទេស​បារាំង​ហាក់​ពិបាក​ទទួល​យក

វិបត្តិការទូត​រវាង​បារាំង និង​អ៊ីតាលី​ដែល​ជា​ប្រទេស​សមាជិក និង​ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប​ហាក់​មិន​ទាន់​ធ្លាក់​ចុះ​វិញ​ទេ។ មួយ​ថ្ងៃ​ក្រោយ​ពី​ទីក្រុង​ប៉ារីស​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​រ៉ូម​ឲ្យ​ចូល​ស្រុក​វិញ​មក អ៊ីតាលី​តាម​រយៈ​លោក​ល្វីហ្ស៊ី ឌីម៉ាយយ៉ូ​ដែល​ជា​ឧបនាយករដ្ឋមន្រ្តី​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។ ថ្លែង​ប្រាប់​កាសែត​បារាំង Le Monde ក្នុង​ថ្ងៃ​សុក្រ ទី៨ កុម្ភៈ លោក​ឌីម៉ាយយ៉ូ​បាន​ចាត់​ទុក​បារាំង​ជា​ប្រទេស​មិត្ត ហើយ​ពលរដ្ឋ​បារាំង​ជា​គំរូ​ប្រពៃណីប្រជាធិបតេយ្យ​រាប់ពាន់ឆ្នាំ​ក្នុង​កម្រិត​ពិភពលោក។ តែ​ទន្ទឹម​គ្នា​នេះ លោក​ឌីម៉ាយយ៉ូ​ក៏​ឆ្លៀត​ការពារ​ជា​ថ្មី​នូវ​ជំនួប​ដែល​លោក​មាន​ជាមួយ​ក្រុមអាវកាក់លឿង​បារាំង​ក្នុង​ទឹកដី​បារាំង​កាល​ពី​ថ្ងៃ​អង្គារ ទី៥ កុម្ភៈ។ គឺ​ជំនួប​រវាង​លោក​ឌីម៉ាយយ៉ូ និង​ក្រុមអាវកាក់លឿង​បារាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​បាន​ទីក្រុង​ប៉ារីស​ក្តៅស្លឹក​ត្រចៀក​ខ្លាំង។ ជា​ថ្មី​ម្តង​ទៀត រដ្ឋាភិបាល​បារាំង​តាម​រយៈ​អ្នកនាំ​ពាក្យ​លោក​បាំងយ៉ាម៉ាំង គ្រីវ៉ូ​បាន​រម្លឹក​ពី​ការ​ចោទ និង​ការ​វាយប្រហារ​គ្មាន​មូលដ្ឋាន​ពី​អ៊ីតាលី​លើ​បារាំង និង​បញ្ជាក់​ថា ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​អ៊ីតាលី​ឲ្យ​ចូល​ស្រុក​វិញ គឺ​ជា​ការ​ព្រមាន​មួយ។

លោក Benjamin Griveaux អ្នកនាំពាក្យរដ្ឋាភិបាល​បារាំង
លោក Benjamin Griveaux អ្នកនាំពាក្យរដ្ឋាភិបាល​បារាំង REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« អស់​រយៈពេល​ជា​ច្រើន​ខែ ប្រទេស​បារាំង​បាន​ទទួល​រង​ការ​ចោទប្រកាន់​ញឹកញាប់ និង​ការ​វាយប្រហារ​គ្មាន​មូលដ្ឋាន​ពី​សំណាក់​សមាជិក​ពីរ​នាក់​ក្នុង​រដ្ឋាភិបាល​អ៊ីតាលី។ ដូច​ជា​ការ​អំពាវនាវ​ឲ្យ​បោះឆ្នោត​ប្រឆាំង​នឹង​ប្រធានាធិបតី​បារាំង អំពាវនាវ​ឲ្យ​គាំទ្រ​ចលនា​បាតុកម្ម​របស់​ក្រុម​អាវកាក់លឿងបារាំង ឬ​មួយ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​សកម្មភាព​របស់​បារាំង​នៅ​អាហ្រ្វិក​ជា​ដើម។

បន្ទាប់​មក​ទៀត គេ​ឃើញ​មាន​វត្តមាន​ឧបនាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក​ឌីម៉ាយយ៉ូ​ក្នុង​ទឹកដី​បារាំង។ យើង​មិន​ជំទាស់​ទេ​ដែល​មាន​រដ្ឋមន្រ្តី​ណា​ម្នាក់​ក្នុង​រដ្ឋាភិបាល​បរទេស​មក​កាន់​ប្រទេស​បារាំង​ដើម្បី​ជួប​ជាមួយ​ពួកអាវកាក់លឿង តែ​ជា​ការ​គួរសម និង​ជា​ការ​គោរព​ម្ចាស់ផ្ទះ​ផង រដ្ឋមន្រ្តី​បរទេស​រូប​នោះ​គួរ​ណា​តែ​ជូន​ដំណឹង​ដល់​រដ្ឋអំណាច​ប្រទេស​នោះ​ផង។ នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដំបូង​គេ​នោះ គឺ​ជូន​ដំណឹង​ដល់​រដ្ឋអំណាច​ប្រទេស​ដែល​យើង​ត្រូវ​ដាក់​ជើង​ជាន់។

ករណី​លោក​ឌីម៉ាយយ៉ូ គឺ​គាត់​មិន​បាន​ប្រាប់​ដំណឹង​ដល់​រដ្ឋាភិបាល​បារាំង​ទេ​នៅ​ពេល​ដែល​គាត់​មក​ជួប​ចលនា​អាវកាក់លឿង​ក្នុង​ទឹកដី​បារាំង។ យើង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​យើង​ប្រចាំ​អ៊ីតាលី​ឲ្យ​ចូល​ស្រុក​វិញ​ដើម្បី​សួរនាំ ពិគ្រោះយោបល់។ មិនមែន​ហៅ​ត្រឡប់​វិញ​ជា​អចិន្រ្តៃយ៍​ទេ តែ​ដើម្បី​ទុក​ជា​ការ​ព្រមាន​មួយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ