អានតួអត្ថបទ

បារាំង ៖ ចលនា​អាវកាក់​លឿង​បែកខ្ញែក​គ្នា​ខ្លាំង នៅ​សប្តាហ៍​ទី​១៣

ជិត​បី​ខែក្រោយ ចលនា​អាវកាក់លឿង​ បាន​សម្រេច​ប្រមូល​ផ្តុំ​គ្នា និង​ធ្វើ​បាតុកម្ម​​ទៀត នៅ​ថ្ងៃសៅរ៍​ទី ៩​កុម្ភៈ​នេះ នៅទូទាំង​ប្រទេស ជា​គម្រប់​លើក​ទី​១៣។ ប៉ុន្តែ​កម្លាំង​របស់​ចលនា​ហាក់​ដូច​ជា​កាន់​តែ​រាវ​តូច​ទៅ​ ដោយ​ហេតុ​តែ​មាន​ការ​ប្រមូល​ផ្តុំ​កាន់​តែ​ច្រើន​ក្រុម វិសាលភាព​លែង​ត្រូវ​ប្រាកដ​ប្រជា និង​ជម្លោះ​ជុំ​វិញ​ការ​ទាញ​ប្រយោជន៍​នយោបាយ។

ក្រុមអាវកាក់លឿង​ ក្នុង​ក្បួន​បាតកម្ម​ នៅ​ទីក្រុង​ប៉ារីស
ក្រុមអាវកាក់លឿង​ ក្នុង​ក្បួន​បាតកម្ម​ នៅ​ទីក្រុង​ប៉ារីស RFI/Marc Fichet
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃសៅរ៍​សប្តាហ៍​មុន ចលនា​អាវកាក់​លឿង​ប្រមូល​គ្នា ជា​ធ្លុង​មួយ និង​ផ្តុំ​គ្នា​ខ្លាំង​នៅ​ប៉ារីស ក្នុង​ចំនួន​ជាង​​៥៨៦០០​នាក់ នេះ​បើ​តាម​តួលេខ​របស់​អាជ្ញាធរ និង​ជាង​១១ម៉ឺន​នាក់​បើ​តាម​ការ​រាប់​របស់​បាតុករ។ ជា​ការ​ប្រមូល​ផ្តុំ​​ដែល​ឈរ​ទស្សនៈ​តែ​មួយ គឺ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ក្នុង​ពេល​បាតុកម្ម​។

ប៉ុន្តែ​នៅថ្ងៃសៅរ៍​ទី​៩កុម្ភៈ​នេះ ចលនា​​បាតុកម្ម មាន​ទម្រង់​​បែក​ខ្ញែក​គ្នា​ខ្លាំង នៅ​​តាម​ក្រុង​​នៅ​ទូទាំង​ប្រទេស។ នៅ​រដ្ឋធានី​ប៉ារីស បាតុករ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​តាំង​ពី​ព្រឹក និង​ជា​ច្រើន​ក្រុម ខ្លះ​បាន​ប្រកាស​ជា​ផ្លូវការ ស្នើ​សុំ​សិទ្ធិ​ពី​ប៉ូលិស​ក្រុង ខ្លះ​មិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​។ នៅ​តាម​ខេត្ត​ធំៗ ដែល​ជា​ប្រភពចំបង​​នៃ​ចលនា​ប្រឆាំង ដូច​ជា នៅ​ប័រដូ ទូលូ ក៏​មានគម្រោង​​ប្រមូល​ផ្តុំ​គ្នា​មួយ​ដែរ។ ​ ​​ និង​សកម្មភាព​ប្រឆាំងតូចៗ​​ជា​ច្រើន​ផ្សេង​ទៀត ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​ក្រុង​ជា​ច្រើន​ទៀត នៅ​ភាគ​ខាង​ជើង ខាង​កើត​ ខាង​ត្បូង​ និង​ខាង​លិច ... នៃ​ប្រទេស ជាមួយ​នឹង​ការ​ទាមទារ​ខុសគ្នាៗ។

ការ​ប្រមូលផ្តុំ​ជា​ក្រុម ជា​ផ្នែក​​បែប​នេះ ជា​សារ​បញ្ជាក់​​ឱ្យ​ឃើញ​ថា ចលនា​អាវ​កាក់​លឿងកំពុង​ប្រទាញ​ប្រទង់​គ្នា​​ រវាង​ម្ខាង​ចង់​រក្សា​កំហឹង​សង្គម​ ដោយ​ចាប់​ដៃ​ជា​ក្រុមសហជីព CGT។ ក្រុមសហជីព​នេះ ដែល​ប្រមូល​កម្លាំង​បាន​យ៉ាង​ច្រើន ចុះ​ធ្វើ​បាតុកម្ម​កាលពីថ្ងៃទី ៥កុម្ភៈ-ច្រើន​ជាង​បាតុកម្ម​ដ៏​ធំ​របស់​ក្រុម​អាវកាក់​លឿង​កាលពី​លើក​ទី​១០​ទៅ​ទៀត​។ តែ​ម្ខាង​ទៀត ចង់​ចៀសវាង​ឱ្យ​បាន​ មិន​ឱ្យ​ក្រុមបក្ស​ណា​​​ទាញ​ប្រយោជន៍​នយោបាយពី​ចលនា​អាវកាក់​លឿង​ទេ។ ជាក់​ស្តែង ​មេចលនា​អាវកាក់លឿង​ដ៏​ល្បីល្បាញ​ជាងគេ​ម្នាក់ នៅ​ទីក្រុង​នីស បាន​ប្រកូកប្រកាស ណាត់​ជួប​បាតុករ​ នៅ​ព្រំដែន​ជា​មួយ​អ៊ីតាលី ដើម្បី​បរិហារ​ប្រឆាំង​នឹងការ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ និង​ដើម្បី​បញ្ជាក់​ថា​ចលនា​អាវកាក់​លឿង​គ្មាន​មេកើយ និង​គ្មាន​និន្នាការ​នយោបាយទេ។

សម្រាប់​មតិ​សាធារណៈ​បារាំង ចលនា​អាវកាក់​លឿង នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន (៦៤%) នេះ​បើ​តាមការ​ស្ទង់​មតិ​របស់​YouGov និង​​យល់​ថា​ជា​ចលនា​ត្រឹម​ត្រូវ​ និង​មាន​ហេតុផល ក្នុង​ការ​បន្ត​ប្រមូល​ផ្តុំ​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ