អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី ១២ កុម្ភៈ​ ២០១៩​នេះ តុលាការ​អេស្ប៉ាញ​ចាប់​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ចលនា​​ទាមទារ​ផ្តាច់ទឹកដី​តំបន់​កាតាឡូញ៉ា ដែល​​បាន​រៀប​ចំ​​បោះឆ្នោត​ប្រជាមតិ ដោយ​ខុស​ច្បាប់ និង​ ​ស្វ័យ​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា កាលពី​​ថ្ងៃទី ២៧​តុលា ឆ្នាំ​២០១៧។ ​ តាំង​ពី​ពេល​នោះ​មក​ អេស្ប៉ាញបាន​រងសម្ពាធ​នយោបាយ​យ៉ាង​ខ្លាំង និង​ជា​បន្ត​បន្ទាប់ ហើយ​សវនាការ​នាពេល​នេះ​ ទំនង​ជា​មិន​អាច​បន្ធូរបន្ថយ​ភាព​តាន​តឹង​បាន​ទេ។ ក្នុង​ពេល​ដែល​សវនាការកំពុង​​​បើក​ធ្វើ​នៅ​ទីក្រុង​ម៉ាឌ្រីត ក្រុម​អ្ន​កគាំទ្រ​ចលនា​ផ្តាច់ទឹកដី​ក៏​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ដ៏​ធំមួយ​ដែរ នៅយប់ថ្ងៃ​អង្គារ​នេះ នៅ​តំបន់​កាតាឡូញ៉ា។

ចៅក្រម​នៃ​តុលាការ​កំពូល​ទទួល​បន្ទុក​កាត់​ទោស​មេដឹកនាំ​ចលនា​ទាមទារ​ផ្តាច់​ទឹក​ដីកាតាឡូញ៉ា
ចៅក្រម​នៃ​តុលាការ​កំពូល​ទទួល​បន្ទុក​កាត់​ទោស​មេដឹកនាំ​ចលនា​ទាមទារ​ផ្តាច់​ទឹក​ដីកាតាឡូញ៉ា Emilio Naranjo / POOL / AFP
ផ្សាយពាណិជ្ជកម្ម

ទំនង​ជា​​ជា​សវនាការ​ដ៏​សំខាន់​បំផុត​ជាង​គេ​មួយ​របស់​ប្រទេស​ គិត​ចាប់​តាំងពី​អេស្ប៉ាញ​ឆ្លង​អន្តរកាល​មក​កាន់​លទ្ធិប្រជាធិបតេយ្យ​។ ជា​វិញ្ញាសាសម្រាប់​ប្រទេស​អេស្ប៉ាញ​ទាំង​មូល ព្រោះ​រដ្ឋធម្មនុញ្ញប្រទេសឆ្នាំ​១៩៧៨ ​បាន​ប្រសូត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​អេស្ប៉ាញទូទៅ​​ជាង​ ៨៧% និង​ដល់​ទៅ​៩០%​ពីសំណាក់​ពលរដ្ឋ​នៅតំបន់​កាតាឡូញ៉ា។ ប៉ុន្តែ​ចាប់​ពី​​​ថ្ងៃអង្គារ​ទី ១២​កុម្ភៈ​នេះទៅ​និង​​សម្រាប់​រយៈ​ពេល​បី​ខែ មេដឹកនាំ​ចលនា​ទាមទារ​ផ្តាច់​ទឹកដី​តំបន់​កាតាឡូញ៉ា ១២​រូប នឹង​ត្រូវ​ឆ្លើយ​បំភ្លឺ​​ទៅ​តុលាការ​អេស្ប៉ាញ អំពី​ទង្វើ​ផ្ទុយ​រដ្ឋធម្មនុញ្ញ កាលពី​ខែ​តុលាឆ្នាំ​២០១៧។

​បន្ទាប់​មក តុលាការ​ត្រូវស្តាប់​សក្ខីកម្ម​របស់​សាក្សី​ចំនួន ៥០០​នាក់ ក្នុងនោះ​មានរូប​លោក​​អតីត​នាយករដ្ឋមន្ត្រី​ Mariano Rajoy លោកអភិបាល​ក្រុង​បាសឺឡោន និង​ប្រមុខ​រដ្ឋាភិបាល​តំបន់​បាស្គ ដែល​ធ្លាប់ដើរ​តួ​ជា​អាជ្ញាកណ្តាល​ដោះស្រាយ​វិវាត​រវាង​​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ​និង​ប្រមុខ​តំបន់​កាតាឡូញ​ផង។

ដើម្បី​តម្លាភាព​ សវនាការ​នេះបាន​​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ថត​ផ្សាយ​ទាំង​ស្រុង ដោយ​​ផ្ទាល់​ តាម​ប្រព័ន្ធ​អ៊ីនធ័រនែត និង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ និង​ទូរទស្សន៍​តំបន់​កាតាឡូញ៉ា។

​ជនជាប់​ចោទ ជា​​នរណា ? ​

ជា​សរុប មាន​ជនជាប់​ចោទ​ចំនួន ១២​រូប ​នៅ​ក្នុង​ចំណោម​នោះ​មាន​​៩​នាក់ ដែលបាន​​ក្នុង​ឃុំ​ឃាំង​បណ្តោះអាសន្ន​តាំង​ពី​ជាង​មួយ​ឆ្នាំមក ​ដើម្បី​រង់​ចាំ​ការ​កាត់ទោស។ ហើយ​គឺ​អ្នក​ទាំង​៩​នេះ​ឯង​ដែល​នឹងអាច​ត្រូវ​រង​ទោស​ធ្ងន់​ជាង​គេ ដល់​ទៅ​២៥​ឆ្នាំក្នុង​ពន្ធនាគារ។

ជនជាប់​ចោទ​ចំបង​ទី​មួយ​គឺ​ អតីត​អនុប្រធាន​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា លោក Oriol Junqueras អាយុ​៤៩​ឆ្នាំ ដែល​ជា​ប្រធាន​គណបក្ស​ឯករាជ្យ​និយម​តំបន់​កាតាឡូញ៉ា និង​ដែល​ជាប់​ឃុំ​តាំង​ពី​ខែ​វិច្ឆិកា​២០១៧មក។ លោក​​​ទំនង​ជា​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ២៥​ឆ្នាំ​ប្រសិន​បើ​តុលាការ​ប្រកាស​ថា​មាន​ទោស​មែន។

ទីពីរ​ គឺ​ប្រធានរដ្ឋ​​សភា​កាតាឡូញ៉ា លោក Carme Forcadell អាយុ​៦៣ ដែល​ជា​អ្នក​អាន​សារ​ប្រកាស​ស្វ័យ​ឯករាជ្យ​តំបន់​ នៅ​ថ្ងៃ​ទី ២៧​ តុលា ២០១៧។ លោក​អាច​នឹង​ជាប់​ពន្ធនាគារ​១៧​ឆ្នាំ។

​​អតីត​ប្រធាន​និង​អនុប្រធាន​សមាគម​ឯករាជ្យ​និយម​កាតាឡូញ៉ា លោកJordi Sanchez និង​លោក Jordi Cuixart ក៏​ជា​ជនជាប់​ចោទសំខាន់​ ដែល​​ជាប់​ពន្ធនាគារតាំង​ពីថ្ងៃទី ១៦​តុលា​ឆ្នាំ​២០១៧មក។ ​អតីត​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា ៥​រូប​ផ្សេង​ទៀត ​ដែល​ជាប់​ចោទ​ពី​បទ​បាន​​បណ្តោយ​ឱ្យ​មាន​ការ​រៀបចំ​ប្រជាមតិ​ខុស​ច្បាប់ អាច​នឹង​ទទួល​ទោស​​​ដល់​ទៅ​​១៦​ឆ្នាំ។

ចំណែក​ជនជាប់​ចោទ​បី​នាក់​ទៀត ដែល​មាន​សេរីភាព​​នៅក្រៅ​ឃុំ ក៏​ជា​អតីត​រដ្ឋមន្ត្រី​នៃ​អតីត​រដ្ឋាភិបាល​តំបន់​បី​នាក់។ ពួក​គេ​អាច​នឹង​ត្រូវ​ជាប់​ទោស​៧​ឆ្នាំ​ក្នុង​ពន្ធនាគារ​និង​ការ​ពិន័យ​ជា​ប្រាក់។

គ្មានការ​កាត់ទោស​ដោយ​កំបាំងមុខនៅ​អេស្ប៉ាញ​

ចំណែក​អតីត​ប្រធានាធិបតី​តំបន់​កាតាឡូញ៉ា លោក Carles Puigdemont ដែល​ជា​អ្នក​ផ្តួចផ្តើម​និង​រៀប​ចំ​ប្រជាមតិ​ខុស​ច្បាប់ កាលពី​ឆ្នាំ​២០១៧​នោះ បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស និង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ប៊ែលហ្សិក ពុំ​ត្រូវ​បាន​តុលាការ​ម៉ាឌ្រីត​ជំនំ​ជម្រះ​ក្តី​ទេ។ ច្បាប់​អេស្ប៉ាញ​មិនអនុញ្ញត​ឱ្យមាន​ការ​កាត់​ទោស​ដោយ​កំបាំង​មុខ​ឡើយ។ តុលាការ​បែលហ្សិក និងអាល្លឺម៉ង់​ ប្រទេស​ពីរ​ដែល​លោក ពុយដឺម៉ុង​បាន​ទៅ​ជ្រកកោន​និង​ឆ្លងកាត់​ បាន​បដិសេធ​មិន​ធ្វើ​បត្យាប័ន​លោក​ពុយដឺម៉ុង​ទៅ​ឱ្យ​អេស្ប៉ាញ​ ក្រោម​បទ​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ឡើយ​។ ពី​ទីក្រុងWaterloo​ ប្រទេស​បែលហ្សិក លោក ពុយដឺម៉ុង នៅ​តែ​បន្ត​ដឹកនាំ​ និង​កំណត់​ខ្សែ​បន្ទាត់​នយោបាយ​របស់​រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា​ដដែល​ តាមរយៈ​ការ​ជួប​ប្រជុំ​វីដេអូកុងហ្វេរ៉ង់ និង​ការងារ​នៅ​អន្តរជាតិ​ដើម្បី​បុព្វហេតុ​ឯករាជ្យ​តំបន់។ លោកចោទ​ប្រកាន់​តុលាការ​អេស្ប៉ាញ​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ និង​ចង់​ទម្លាក់​បទ​ឧក្រិដ្ឋ​លើ​អ្នក​ទាមទារឯករាជ្យ។

ភាព​តានតឹង​នយោបាយ​

​សវនាការ​នេះ បាន​បំផុស​​ឱ្យ​ឃើញ​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រកួត​ប្រជែង​​នយោបាយ​ខ្លាំង​នៅអេស្ប៉ាញ។ បទ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅ​លើ​ជន​ជាប់​ចោទ​ក៏​មាន​ភាព​ប្រទាញ​ប្រទង់​ខ្លាំង និង​បេះឆា​ក្នុង​រង្វង់​អ្នក​ច្បាប់​ដែរ។ តុលាការចង់​វែក​ឱ្យ​ឃើញ​ថាអំពី​កំហុស​របស់​ជនជាប់​ចោទ​ ដោយ​ភ្ជាប់​ទៅនឹង​អំពើ​ហិង្សា។ ដោយ​សារ​ចលនា​បះបោរ​​ចង់​ផ្តាច់​ទឹក​ដី ទើប​បង្ក​ឱ្យ​មាន​អំពើ​​​ហិង្សាប្រឆាំង​នឹង​កង​កម្លាំង​ប៉ូលិស​ ធ្វើ​ឱ្យ​​ខូច​រូបភាព​ប្រទេស តែ​ក្រុម​អ្នក​ឯករាជ្យ​និយម​បដិសេធ។​​

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​​សវនាការនេះ មេដឹកនាំទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​ទាំង​១២ រង​បទ​ចោទ​ប្រកាន់​អំពី​សកម្មភាព​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី លួច​បង្វិល​មូលនិធិ​សាធារណៈ ពី​សំណាក់​តុលាការ​ ពី​សំណាក់មេធាវី​របស់​រដ្ឋ​​ផង និង​ពី​សំណាក់អំណាច​ស៊ីវិល (ប្រជាពលរដ្ឋ)​។ គឺក្រុម​​អ្នកដើម​​ចោទ​​ទី​បី​នេះ​ដែល​ត្រូវបាន​​​​​បក្សនយោបាយ​យក​ចំណេញ​ ប្រែក្លាយ​សវនាការ​នវ​ទៅ​វេទិកា​នោះ​នយោបាយ និង​សម្រាប់​បំរើ​ប្រយោជន៍​បោះឆ្នោត​នាពេល​ខាង​មុខ។ ​

ជា​ចុងក្រោយ​សវនាការ​ អាច​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​នៅ​អេស្ប៉ាញ​ ព្រោះ​រដ្ឋាភិបាល​នេះ ត្រូវ​ការ​ការគាំទ្រ​ពី​សភា​តំបន់​កាតាឡូញ៉ា ​ដើម្បី​អាច​អនុម័ត​គម្រោង​ថវិកា​ជាតិ​បាន។ បក្ស​ប្រឆាំង​បាន​បរិហារ​ថា​រដ្ឋាភិបាល​ម៉ាឌ្រីត​បាន​លួច​ទៅ​ចរចា​ជាមួយ​ក្រុម​អ្នក​ឯករាជ្យ​និយម​កាតាឡូញ៉ា និង​បាន​អំពាវនាវ​ឱ្យ​មាន​បាតុកម្ម​នៅទីក្រុង​ម៉ាឌ្រីត ដើម្បីបណ្តេញ​ប្រមុខ​រដ្ឋាភិបាលបច្ចុប្បន្ន​ពី​តំណែង និង​​​ទាមទារ​ឱ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​។ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បក្ស​ប្រឆាំង​បាន​ប្រមូល​គ្នាបាន​ជាង​រាប់​សិប​ពាន់​ធ្វើ​បាតុកម្ម​ម្តង​រួច​ទៅ​ហើយ។ ចំណែក​បក្ស​ឯករាជ្យ​និយម​កាតាឡូញ៉ា​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយ​បាន​គំរាមបិទ​ខ្ទប់​គម្រោង​ថវិកា​ជាតិ​​ ប្រសិន​បើ​រដ្ឋាភិបាល​មិនបន្ទន់​កាយ​វិកាយ​ចំពោះ​ជនជាប់​ចោទ ជា​អ្នក​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា ​​ដែលកំពុង​ជាប់​ឃុំ​ឃាំង​បណ្តោះ​អាសន្ន និង​ប្រឈម​នឹង​ការ​ដាក់ទោស​ពី​តុលាការ។ ក្រុមនេះ​ក៏​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ