អេស្ប៉ាញបើកសវនាការកាត់ទោសមេដឹកនាំទាមទារឯករាជ្យតំបន់កាតាឡូញ៉ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៨
នៅថ្ងៃទី ១២ កុម្ភៈ ២០១៩នេះ តុលាការអេស្ប៉ាញចាប់បើកសវនាការកាត់ទោសមេដឹកនាំចលនាទាមទារផ្តាច់ទឹកដីតំបន់កាតាឡូញ៉ា ដែលបានរៀបចំបោះឆ្នោតប្រជាមតិ ដោយខុសច្បាប់ និង ស្វ័យប្រកាសឯករាជ្យតំបន់កាតាឡូញ៉ា កាលពីថ្ងៃទី ២៧តុលា ឆ្នាំ២០១៧។ តាំងពីពេលនោះមក អេស្ប៉ាញបានរងសម្ពាធនយោបាយយ៉ាងខ្លាំង និងជាបន្តបន្ទាប់ ហើយសវនាការនាពេលនេះ ទំនងជាមិនអាចបន្ធូរបន្ថយភាពតានតឹងបានទេ។ ក្នុងពេលដែលសវនាការកំពុងបើកធ្វើនៅទីក្រុងម៉ាឌ្រីត ក្រុមអ្នកគាំទ្រចលនាផ្តាច់ទឹកដីក៏គ្រោងនឹងធ្វើបាតុកម្មដ៏ធំមួយដែរ នៅយប់ថ្ងៃអង្គារនេះ នៅតំបន់កាតាឡូញ៉ា។
ទំនងជាជាសវនាការដ៏សំខាន់បំផុតជាងគេមួយរបស់ប្រទេស គិតចាប់តាំងពីអេស្ប៉ាញឆ្លងអន្តរកាលមកកាន់លទ្ធិប្រជាធិបតេយ្យ។ ជាវិញ្ញាសាសម្រាប់ប្រទេសអេស្ប៉ាញទាំងមូល ព្រោះរដ្ឋធម្មនុញ្ញប្រទេសឆ្នាំ១៩៧៨ បានប្រសូតឡើងដោយមានការគាំទ្រពីសំណាក់ពលរដ្ឋអេស្ប៉ាញទូទៅជាង ៨៧% និងដល់ទៅ៩០%ពីសំណាក់ពលរដ្ឋនៅតំបន់កាតាឡូញ៉ា។ ប៉ុន្តែចាប់ពីថ្ងៃអង្គារទី ១២កុម្ភៈនេះទៅនិងសម្រាប់រយៈពេលបីខែ មេដឹកនាំចលនាទាមទារផ្តាច់ទឹកដីតំបន់កាតាឡូញ៉ា ១២រូប នឹងត្រូវឆ្លើយបំភ្លឺទៅតុលាការអេស្ប៉ាញ អំពីទង្វើផ្ទុយរដ្ឋធម្មនុញ្ញ កាលពីខែតុលាឆ្នាំ២០១៧។
បន្ទាប់មក តុលាការត្រូវស្តាប់សក្ខីកម្មរបស់សាក្សីចំនួន ៥០០នាក់ ក្នុងនោះមានរូបលោកអតីតនាយករដ្ឋមន្ត្រី Mariano Rajoy លោកអភិបាលក្រុងបាសឺឡោន និងប្រមុខរដ្ឋាភិបាលតំបន់បាស្គ ដែលធ្លាប់ដើរតួជាអាជ្ញាកណ្តាលដោះស្រាយវិវាតរវាងប្រមុខរដ្ឋាភិបាលអេស្ប៉ាញនិងប្រមុខតំបន់កាតាឡូញផង។
ដើម្បីតម្លាភាព សវនាការនេះបានប្រព្រឹត្តទៅដោយមានការថតផ្សាយទាំងស្រុង ដោយផ្ទាល់ តាមប្រព័ន្ធអ៊ីនធ័រនែត និងតាមកញ្ចក់ទូរទស្សន៍ជាតិ និងទូរទស្សន៍តំបន់កាតាឡូញ៉ា។
ជនជាប់ចោទ ជានរណា ?
ជាសរុប មានជនជាប់ចោទចំនួន ១២រូប នៅក្នុងចំណោមនោះមាន៩នាក់ ដែលបានក្នុងឃុំឃាំងបណ្តោះអាសន្នតាំងពីជាងមួយឆ្នាំមក ដើម្បីរង់ចាំការកាត់ទោស។ ហើយគឺអ្នកទាំង៩នេះឯងដែលនឹងអាចត្រូវរងទោសធ្ងន់ជាងគេ ដល់ទៅ២៥ឆ្នាំក្នុងពន្ធនាគារ។
ជនជាប់ចោទចំបងទីមួយគឺ អតីតអនុប្រធានរដ្ឋាភិបាលតំបន់កាតាឡូញ៉ា លោក Oriol Junqueras អាយុ៤៩ឆ្នាំ ដែលជាប្រធានគណបក្សឯករាជ្យនិយមតំបន់កាតាឡូញ៉ា និងដែលជាប់ឃុំតាំងពីខែវិច្ឆិកា២០១៧មក។ លោកទំនងជាអាចត្រូវជាប់ពន្ធនាគារចំនួន ២៥ឆ្នាំប្រសិនបើតុលាការប្រកាសថាមានទោសមែន។
ទីពីរ គឺប្រធានរដ្ឋសភាកាតាឡូញ៉ា លោក Carme Forcadell អាយុ៦៣ ដែលជាអ្នកអានសារប្រកាសស្វ័យឯករាជ្យតំបន់ នៅថ្ងៃទី ២៧ តុលា ២០១៧។ លោកអាចនឹងជាប់ពន្ធនាគារ១៧ឆ្នាំ។
អតីតប្រធាននិងអនុប្រធានសមាគមឯករាជ្យនិយមកាតាឡូញ៉ា លោកJordi Sanchez និងលោក Jordi Cuixart ក៏ជាជនជាប់ចោទសំខាន់ ដែលជាប់ពន្ធនាគារតាំងពីថ្ងៃទី ១៦តុលាឆ្នាំ២០១៧មក។ អតីតរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលតំបន់កាតាឡូញ៉ា ៥រូបផ្សេងទៀត ដែលជាប់ចោទពីបទបានបណ្តោយឱ្យមានការរៀបចំប្រជាមតិខុសច្បាប់ អាចនឹងទទួលទោសដល់ទៅ១៦ឆ្នាំ។
ចំណែកជនជាប់ចោទបីនាក់ទៀត ដែលមានសេរីភាពនៅក្រៅឃុំ ក៏ជាអតីតរដ្ឋមន្ត្រីនៃអតីតរដ្ឋាភិបាលតំបន់បីនាក់។ ពួកគេអាចនឹងត្រូវជាប់ទោស៧ឆ្នាំក្នុងពន្ធនាគារនិងការពិន័យជាប្រាក់។
គ្មានការកាត់ទោសដោយកំបាំងមុខនៅអេស្ប៉ាញ
ចំណែកអតីតប្រធានាធិបតីតំបន់កាតាឡូញ៉ា លោក Carles Puigdemont ដែលជាអ្នកផ្តួចផ្តើមនិងរៀបចំប្រជាមតិខុសច្បាប់ កាលពីឆ្នាំ២០១៧នោះ បានរត់គេចខ្លួនចេញពីប្រទេស និងកំពុងរស់នៅក្នុងប្រទេសប៊ែលហ្សិក ពុំត្រូវបានតុលាការម៉ាឌ្រីតជំនំជម្រះក្តីទេ។ ច្បាប់អេស្ប៉ាញមិនអនុញ្ញតឱ្យមានការកាត់ទោសដោយកំបាំងមុខឡើយ។ តុលាការបែលហ្សិក និងអាល្លឺម៉ង់ ប្រទេសពីរដែលលោក ពុយដឺម៉ុងបានទៅជ្រកកោននិងឆ្លងកាត់ បានបដិសេធមិនធ្វើបត្យាប័នលោកពុយដឺម៉ុងទៅឱ្យអេស្ប៉ាញ ក្រោមបទឧទ្ទាមចង់ផ្តាច់ទឹកដីឡើយ។ ពីទីក្រុងWaterloo ប្រទេសបែលហ្សិក លោក ពុយដឺម៉ុង នៅតែបន្តដឹកនាំ និងកំណត់ខ្សែបន្ទាត់នយោបាយរបស់រដ្ឋាភិបាលតំបន់កាតាឡូញ៉ាដដែល តាមរយៈការជួបប្រជុំវីដេអូកុងហ្វេរ៉ង់ និងការងារនៅអន្តរជាតិដើម្បីបុព្វហេតុឯករាជ្យតំបន់។ លោកចោទប្រកាន់តុលាការអេស្ប៉ាញថាស្ថិតក្រោមឥទ្ធិពលនយោបាយ និងចង់ទម្លាក់បទឧក្រិដ្ឋលើអ្នកទាមទារឯករាជ្យ។
ភាពតានតឹងនយោបាយ
សវនាការនេះ បានបំផុសឱ្យឃើញអំពីទិដ្ឋភាពនៃការប្រកួតប្រជែងនយោបាយខ្លាំងនៅអេស្ប៉ាញ។ បទចោទប្រកាន់របស់តុលាការទៅលើជនជាប់ចោទក៏មានភាពប្រទាញប្រទង់ខ្លាំង និងបេះឆាក្នុងរង្វង់អ្នកច្បាប់ដែរ។ តុលាការចង់វែកឱ្យឃើញថាអំពីកំហុសរបស់ជនជាប់ចោទ ដោយភ្ជាប់ទៅនឹងអំពើហិង្សា។ ដោយសារចលនាបះបោរចង់ផ្តាច់ទឹកដី ទើបបង្កឱ្យមានអំពើហិង្សាប្រឆាំងនឹងកងកម្លាំងប៉ូលិស ធ្វើឱ្យខូចរូបភាពប្រទេស តែក្រុមអ្នកឯករាជ្យនិយមបដិសេធ។
ម្យ៉ាងវិញទៀត នៅក្នុងសវនាការនេះ មេដឹកនាំទាមទារឯករាជ្យតំបន់កាតាឡូញ៉ាទាំង១២ រងបទចោទប្រកាន់អំពីសកម្មភាពឧទ្ទាមចង់ផ្តាច់ទឹកដី លួចបង្វិលមូលនិធិសាធារណៈ ពីសំណាក់តុលាការ ពីសំណាក់មេធាវីរបស់រដ្ឋផង និងពីសំណាក់អំណាចស៊ីវិល (ប្រជាពលរដ្ឋ)។ គឺក្រុមអ្នកដើមចោទទីបីនេះដែលត្រូវបានបក្សនយោបាយយកចំណេញ ប្រែក្លាយសវនាការនវទៅវេទិកានោះនយោបាយ និងសម្រាប់បំរើប្រយោជន៍បោះឆ្នោតនាពេលខាងមុខ។
ជាចុងក្រោយសវនាការ អាចមានឥទ្ធិពលប៉ះពាល់ដល់រដ្ឋាភិបាលកំពុងកាន់អំណាចនៅអេស្ប៉ាញ ព្រោះរដ្ឋាភិបាលនេះ ត្រូវការការគាំទ្រពីសភាតំបន់កាតាឡូញ៉ា ដើម្បីអាចអនុម័តគម្រោងថវិកាជាតិបាន។ បក្សប្រឆាំងបានបរិហារថារដ្ឋាភិបាលម៉ាឌ្រីតបានលួចទៅចរចាជាមួយក្រុមអ្នកឯករាជ្យនិយមកាតាឡូញ៉ា និងបានអំពាវនាវឱ្យមានបាតុកម្មនៅទីក្រុងម៉ាឌ្រីត ដើម្បីបណ្តេញប្រមុខរដ្ឋាភិបាលបច្ចុប្បន្នពីតំណែង និងទាមទារឱ្យមានការបោះឆ្នោតមុនអាណត្តិ។ កាលពីថ្ងៃអាទិត្យកន្លងទៅបក្សប្រឆាំងបានប្រមូលគ្នាបានជាងរាប់សិបពាន់ធ្វើបាតុកម្មម្តងរួចទៅហើយ។ ចំណែកបក្សឯករាជ្យនិយមកាតាឡូញ៉ាវិញក៏មិននៅស្ងៀមដែរ ដោយបានគំរាមបិទខ្ទប់គម្រោងថវិកាជាតិ ប្រសិនបើរដ្ឋាភិបាលមិនបន្ទន់កាយវិកាយចំពោះជនជាប់ចោទ ជាអ្នកទាមទារឯករាជ្យកាតាឡូញ៉ា ដែលកំពុងជាប់ឃុំឃាំងបណ្តោះអាសន្ន និងប្រឈមនឹងការដាក់ទោសពីតុលាការ។ ក្រុមនេះក៏គ្រោងនឹងធ្វើបាតុកម្មដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ