អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

អ៊ីរ៉ង់​បរិហារ​លើ​សន្និសីទអន្តរជាតិ​ស្តីពី​មជ្ឈិមបូព៌ា​រៀបចំ​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ប៉ូឡូញ

សន្និសីទអន្តរជាតិ​ស្តីពី​មជ្ឈិមបូព៌ា​រយៈពេល ២ថ្ងៃ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈ។ សន្និសីទ​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ប៉ូឡូញ​នេះ​បាន​រៀបចំ​ធ្វើ​ក្នុង​ទីក្រុង​វ៉ាសូវី និង​មាន​ប្រមាណ ៦០ប្រទេស​ចូលរួម។ កម្មវត្ថុ​នៃ​សន្និសីទ គឺ​និយាយ​ពី​សន្តិភាព និង​សន្តិសុខ​នៅ​តំបន់​មជ្ឈិមបូព៌ា។ តែ​ភាគី​អាមេរិក​ហាក់​បាន​បង្វែរ​កម្មវត្ថុ​របស់​សន្និសីទ​ដោយ​បង្កើន​គំនាប​កាន់​តែ​ខ្លាំង​លើ​ប្រទេស​អ៊ីរ៉ង់​ទៅ​វិញ។ អ៊ីរ៉ង់​ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ បន្ទាប់​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ទីក្រុង​តេហេរ៉ង់​តាម​រយៈ​ប្រមុខ​ការទូត​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ​បាន​បរិហារ​ខ្លាំងៗ​លើ​សន្និសីទ​ដែល​លោក​ចាត់​ទុក​ថា សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​កែនប្រមូល​ប្រទេស​ផ្សេង​ឲ្យ​ប្រឆាំង​អ៊ីរ៉ង់។

ប្រមុខ​ការទូត​អ៊ីរ៉ង់ លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ
ប្រមុខ​ការទូត​អ៊ីរ៉ង់ លោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ AFP
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​យល់​ឃើញ​ថា សហគមន៍​អន្តរជាតិ​ពិត​ជា​មិន​បាន​ចាត់​ទុក​សន្និសីទអន្តរជាតិ​មួយ​នេះ​ថា​ជា​សន្និសីទ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ។ នៅ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ទៅ​អញ្ជើញ​ប្រទេស​ផ្សេង​ឲ្យ​ចូលរួម សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ច្បាស់ៗ​ថា គឺ​ជា​សន្និសីទ​មួយ​ស្តីពី​ប្រទេស​អ៊ីរ៉ង់ និង​និយាយ​តែ​ពី​រឿង​អ៊ីរ៉ង់។ តែ​ក្រោយ​មក អាមេរិក​បែរ​ជា​និយាយ​ថា មិនមែន​ទេ គឺ​មិនមែន​និយាយ​ពី​ប្រទេស​អ៊ីរ៉ង់​ទេ។

OK នេះ​ជា​ការ​បោះ​ជំហាន​ថយក្រោយ​មួយ​ជំហាន។ បន្ទាប់​មក​ទៀត​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នោះ គេ​មិន​ឃើញ​មាន​លើក​យក​អត្ថបទ​ណា​មួយ​ទៅ​ជជែក​គ្នា​ឡើយ។ នៅ​ចុង​បញ្ចប់ អាមេរិក​ចង់​លើក​យក​អ្វី​ទៅ​និយាយ​ក៏​បាន​ដើម្បី​ចេញ​សេចក្តីសន្និដ្ឋាន​ផ្តាច់មុខ​របស់​ខ្លួន។ នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា អាមេរិក​មាន​អារម្មណ៍​ឯកា​ម្នាក់​ឯង។

ដល់​អ៊ីចឹង​ទៅ អាមេរិក​បាន​ប្រើ​គំនាប ប្រើ​ទឹកលុយ ប្រើ​ឥទ្ធិពល ប្រើ​អំណាច​យោធា និង​ប្រើ​ដៃ​របស់​បណ្តា​ប្រទេស​មួយ​ដើម្បី​ទាក់ទាញ​ប្រទេស​ជា​ច្រើន​ឲ្យ​ចូលរួម​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ពេល​នេះ។ មាន​ប្រទេស​ជា​ច្រើន​ដែល​បាន​ទៅ​ចូលរួម​បាន​និយាយ​ប្រាប់​យើង​ថា មក​ពី​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង។ តើ​ការ​មិន​ផ្តល់​ជម្រើស​ជា​វិធីសាស្រ្ត​ល្អ​នៃ​អភិបាលកិច្ច​សកល​ឬ និង​ថា តើ​អាមេរិក​អាច​បន្ត​អនុវត្ត​វិធីសាស្រ្ត​មួយ​​នេះ​ដល់​ពេល​ណា?។

គឺ​ដោយសារ​ហេតុផល​ទាំង​អស់​នេះ​ហើយ​បាន​ជា​សហរដ្ឋអាមេរិក​បាន​ចំណាយ​លុយ​ដល់​ទៅ ៧ ០០០ ០០០លានដុល្លារ​សម្រាប់​តំបន់​មជ្ឈិមបូព៌ា​ដោយ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ការ​បង្ហូរ​ឈាម និង​អំពើក្បត់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ