អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈ ក្រុមហ៊ុន​ផលិត​យន្តហោះ​អ៊ែរប៊ូស (Airbus) បាន​ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ ហើយ​ការ​ប្រគល់​ទៅ​ឲ្យ​អតិថិជន​ចុង​ក្រោយ​នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២១។ មូលហេតុ មក​ពី​មិន​សូវ​មាន​ទីផ្សារ ហើយ​អតិថិជន​ដែល​បាន​ចុះ​កិច្ចសន្យា​ទិញ​រួច​ហើយ​ក៏​បាន​កាត់​បន្ថយ​បរិមាណ​កម្ម៉ង់ទិញ​របស់​ខ្លួន​វិញ ពិសេស​គឺ​ក្រុមហ៊ុនអាកាចរណ៍ Emirates របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ គួរ​រម្លឹក​ជូន​ថា ក្រុមហ៊ុនអ៊ែរប៊ូស​បាន​ចាប់​ផ្តើម​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ ក្នុង​ឆ្នាំ ២០០០ រួច​បាន​ហោះ​សាកល្បង​លើកទី១ ក្នុង​ឆ្នាំ ២០០៥ និង​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន Singapour ហោះហើរ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០៧។ ក្រុមហ៊ុន​អ៊ែរប៊ូស​បាន​បញ្ជាក់​ពី​ការ​ទទួល​បាន​កុងត្រា​កម្ម៉ង់ទិញ A៣៨០ សរុប​ចំនួន ៣២១គ្រឿង និង​មាន ២៣២គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​សព្វថ្ងៃ។

​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០
​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ @Airbus SAS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ របស់​ក្រុមហ៊ុនអ៊ែរប៊ូស (Airbus) ពេល​នេះ​ជា​ព័ត៌មាន​ដែល​គេ​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។ ហេតុផល​នៃ​ការ​បញ្ឈប់​កម្មវិធី​ផលិត A៣៨០ អាច​មាន​ច្រើន​ដោយ​ផ្តើម​ចេញ​ពី​តម្លៃ​របស់​វា​ថ្លែ​ជ្រុល​ដែល​តម្លៃ​ផ្តើម​ពី ៤៤០លានដុល្លារ​ក្នុង​មួយ​គ្រឿង ស៊ីសាំងច្រើន​ជាមួយ​ម៉ូទ័រ​ចំនួន ៤គ្រឿង និង​ហាក់​លែង​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ទីផ្សារ​សព្វថ្ងៃ។ ក៏​ប៉ុន្តែ ហេតុផល​ចម្បង និង​តែ​មួយ​គត់​ដែល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អ៊ែរប៊ូស​ដាច់​ចិត្ត​បញ្ឈប់​កម្មវិធី​ផលិត A៣៨០ ពេល​នេះ គឺ​មក​ពី​ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​កាត់​បន្ថយ​បរិមាណ​កម្ម៉ង់ទិញ​របស់​ខ្លួន​វិញ។

នៅ​ក្នុង​កុងត្រា​កម្ម៉ង់ទិញ​ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ ក្រុមហ៊ុន Emirates បាន​កម្ម៉ង់ទិញ A៣៨០ ចំនួន ៥៣គ្រឿង​បន្ថែម តែ​បាន​សម្រេច​ទិញ​តែ ១៤គ្រឿង​វិញ។ ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុមហ៊ុន​អ៊ែរប៊ូស ក្រុមហ៊ុន​អាកាសចរណ៍ Emirates ជា​អតិថិជន​សំខាន់​ជាង​គេ​សម្រាប់ A៣៨០។ តាំង​ពី​ថ្ងៃ​ចាប់​កំណើត​មក​ដល់​ថ្ងៃ​សម្រេច​បញ្ឈប់​ពេល​នេះ ក្រុមហ៊ុន​អ៊ែរប៊ូស​ទទួល​បាន​ការ​កម្ម៉ង់ទិញ A៣៨០ សរុប​ចំនួន ៣២១គ្រឿង ក្នុង​នោះ ក្រុមហ៊ុន Emirates ម្នាក់​ឯង​ទិញ​ដល់​ទៅ ១២៣គ្រឿង។ តែ​ទន្ទឹម​នឹង​ការ​បន្ថយ​ចំនួន​ទិញ A៣៨០ ក្រុមហ៊ុន Emirates បាន​ងាក​ទៅ​កម្ម៉ង់ទិញ​យន្តហោះ​អ៊ែរប៊ូស​ធុន​ផ្សេង​វិញ ពិសេស A៣៣០neo ចំនួន ៤០ និង A៣៥០ ចំនួន ៣០គ្រឿង​ដែល​មាន​ទឹកប្រាក់ ២១ ៤០០លានដុល្លារ។

អឺរ៉ុប​ចង់​យក A៣៨០ ទៅ​សម្លាប់​ប៊ូអ៊ីង៧៤៧ របស់​អាមេរិក

ការ​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ ពេល​នេះ​មិនមែន​ជា​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន​អ៊ែរប៊ូស​ទេ។ ផ្ទុយ​ទៅ​វិញ វា​អាច​ជា​យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សភាពការណ៍ និង​តម្រូវការ​ជាក់ស្តែង​របស់​ពិភពលោក​បច្ចុប្បន្ន។ ជាមួយ​នឹង​កម្មវិធី​ផលិត​យន្តហោះ A៣៨០ ក្រុមហ៊ុន​អ៊ែរប៊ូស​ពិត​ជា​មាន​មោទនភាព​ក្រៃលែង​ព្រោះ A៣៨០ ជា​ប្រភេទ​យន្តហោះ​ធំ​ជាង​គេ​បង្អស់​លើ​លោក​ដែល​អាច​ដឹកអ្នកដំណើរ​បាន​ពី ៥៧៥​នាក់​ទៅ ៨៥០នាក់ និង​ជា​ប្រភេទ​យន្តហោះ​ដែល​មាន​បំពាក់​ដោយ​បច្ចេកវិទ្យាទំនើប។ តាម​ពិត​ទៅ ក្រុមហ៊ុន​អ៊ែរប៊ូស​បាន​ផលិត​យន្តហោះ A៣៨០ នេះ​ឡើង​ដើម្បី​ប្រជែង​ទល់​នឹង​យន្តហោះ​ប៊ូអ៊ីង​ធុន ៧៤៧ របស់​អាមេរិក ឬ​អាច​និយាយ​បែប​ផ្សេង​ថា ដើម្បី​សម្លាប់​ប៊ូអ៊ីង​ធុន ៧៤៧​របស់​អាមេរិកាំង។

កម្មវត្ថុ​របស់​ក្រុមហ៊ុន​អ៊ែរប៊ូស គឺ​ដាក់​ឲ្យ​ចរាចរណ៍ A៣៨០ ចំនួន ១ ៤០០គ្រឿង​នៅ​លើ​ទីផ្សារ​ពិភពលោក​ក្នុង​ចន្លោះ​ឆ្នាំ ២០០០ និង ២០២០។ តែ​ជាង ១០ឆ្នាំ​ក្រោយ​មក មហិច្ឆតា​ហាក់​នៅ​ឆ្ងាយ​សែន​ឆ្ងាយ ព្រោះ​ជាង ១០ឆ្នាំ​ក្រោយ​មក ក្រុមហ៊ុន​អ៊ែរប៊ូស​ទទួល​បាន​ការ​កម្ម៉ង់ទិញ​សរុប​តែ ៣២១គ្រឿង និង​បាន​ចំណាយ​លុយ​ផលិត​អស់​ជាង ២០ ០០០លានដុល្លារ។ បច្ចុប្បន្ន មាន A៣៨០ តែ​ចំនួន ២៣២គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍ មាន​ន័យ​ថា ក្រុមហ៊ុន​អ៊ែរប៊ូស​បាន​ខាត​លុយ​ពី​កម្មវិធី A៣៨០។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​អ៊ែរប៊ូស​ហាក់​មាន​ម៉ូយដុំ​តែ​មួយ គឺ​ក្រុមហ៊ុន Emirates ដែល​បាន​ទិញ និង​កម្ម៉ង់ទិញ​សរុប​ចំនួន ១២៣គ្រឿង​ដោយ​បាន​ចំណាយ​លុយ​អស់ ១៣ ២០០លានដុល្លារ។

គួរ​បញ្ជាក់​ថា A៣៨០ មួយ​គ្រឿង​មាន​តម្លៃ​ចាប់​ពី ៤៤០លានដុល្លារ​ឡើង​ទៅ។ ឃើញ​ថា មោទនភាព​ពិត​ជា​មាន ហើយ​មហិច្ឆតា​ក៏​មាន​ដែរ តែ​នេះ​ជា​មុខជំនួញ​មួយ​ដែល​ក្រុមហ៊ុន​អ៊ែរប៊ូស​មិន​អាច​មើល​ស្រាល​បាន​ទេ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ក្នុង​ពេល​ដែល​ក្រុមហ៊ុន​អ៊ែរប៊ូស​បាន​ព្យាយាម​យក A៣៨០ ទៅ​សម្លាប់​ប៊ូអ៊ីង ៧៤៧ របស់​អាមេរិកាំង ក្រុមហ៊ុន​ប៊ូអ៊ីង​ក៏​មិន​បាន​ឈរ​ឱបដៃ​នៅ​ស្ងៀម​ដែរ​ដោយ​បាន​ផលិត​ចេញ​នូវ​ប៊ូអ៊ីង​ថ្មី​ធុន ៧៨៧ និង​ធុន ៧៧៧។

ក្រុមហ៊ុន​អ៊ែរប៊ូស​នៅ​ចំណេញ​លុយ តែ​បាន​ប៉ះពាល់​ដល់​បុគ្គលិក​ពី ៣ ០០០ ទៅ ៣ ៥០០នាក់

ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ ក្រុមហ៊ុន​អ៊ែរប៊ូស​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ។ លទ្ធផល​គឺ​ល្អ ព្រោះ​ក្រុមហ៊ុន​អ៊ែរប៊ូស​ទទួល​បាន​ប្រាក់ចំណេញ​កើន​ឡើង​ចំនួន ២៩% ពោល​មាន​ទឹកប្រាក់ ៣ ០០០លានដុល្លារ។ ស្រប​គ្នា​នេះ ប្រាក់ចំណូល​ក្នុង​ឆ្នាំ ២០១៨ ក៏​បាន​កើន​បន្ថែម​ចំនួន ៨% ពោល​មាន​ទឹកប្រាក់ ៦៣ ៧០០លានដុល្លារ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុមហ៊ុន​បិទ​សៀវភៅ​ទទួល​ការ​កម្ម៉ង់ទិញ​យន្តហោះ A៣៨០ តែ​បន្ត​បើក​សៀវភៅ​ទទួល​ការ​កម្ម៉ង់ទិញ​យន្តហោះ​ធុន​ផ្សេង ដូច​យ៉ាង A៣៣០neo និង A៣៥០។ ក្នុង​ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន​អ៊ែរប៊ូស​គ្រោង​ប្រគល់​យន្តហោះ​គ្រប់ធុន​ពី ៨៨០ ទៅ ៨៩០គ្រឿង។

បើ​និយាយ​ពី​ផលវិបាក​ហិរញ្ញវត្ថុ​គឺ​គ្មាន​ទេ តែ​ការ​ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០ ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បុគ្គលិក​ពី ៣ ០០០ ទៅ ៣ ៥០០នាក់​ចាប់​ពី​ពេល​នេះ​ទៅ ៣ឆ្នាំ​ខាង​មុខ។ តែ​ក្រុមហ៊ុន​អ៊ែរប៊ូស​បាន​ធានា​ថា បុគ្គលិក​ពាក់ព័ន្ធ​ទាំង​នេះ​នឹង​មិន​ត្រូវ​បណ្តេញ​ចេញ​ទេ។ អ្នក​ណា​ចង់​ចេញ​អាច​ចរចា​ចេញ​បាន ចំណែក​អ្នក​មិន​ចង់​ចេញ​នឹង​ត្រូវ​ប្តូរ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ