អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំ បង្ខំ​អឺរ៉ុប​ឱ្យ​ទទួល​យក​ពលរដ្ឋ​​ជីហាត​នៅស៊ីរី​ត្រលប់​ចូល​ស្រុក​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​អឺរ៉ុប​កំពុង​តែឈឺក្បាល​យ៉ាង​​​​ខ្លាំង បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ បាន​ស្រែក​បង្ខំ​ នៅ​ល្ងាច​មិញ ឱ្យ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំង​អស់​ ទទួល​យក​ពលរដ្ឋជា​ជន​ជីហាត​នៅ​ស៊ីរី​និងអ៊ីរ៉ាក់ត្រលប់​​​ចូល​ស្រុកវិញ​ ព្រោះកង​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ កំពុង​យក​ឈ្នះ​ និង​កម្ចាត់​បាន​ទាំង​ស្រុងពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅស៊ីរី​ នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។ ប្រឈម​នឹង​ស្ថាន​ភាព​បែប​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហភាព​អឺរ៉ុប ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិចារណា​រក​ដំណោះស្រាយថា​តើ​គួរ​ទទួល​យក ឬ​មិន​ទទួល​យក​ពលរដ្ឋ​ដែល​ចេញ​ទៅ​ធ្វើ​ជីហាត​ នៅ​ស៊ីរី​និងអ៊ីរ៉ាក់ ហើយ​បើ​ទទួល​យក​វិញ តើ​ក្នុង​ទម្រង់​បែប​បទ​យ៉ាងណា។

អឺរ៉ុប​រង​សម្ពាធ​ពី​លោក​ដូណាល់ ត្រាំ ឱ្យ​ទទួល​ពលរដ្ឋ​ជីហាត​ត្រលប់ចូល​ស្រុក​វិញ
អឺរ៉ុប​រង​សម្ពាធ​ពី​លោក​ដូណាល់ ត្រាំ ឱ្យ​ទទួល​ពលរដ្ឋ​ជីហាត​ត្រលប់ចូល​ស្រុក​វិញ Bulent KILIC / AFP
ផ្សាយពាណិជ្ជកម្ម

ជនជីហាត ដែល​អាមេរិក​ទាមទារ​ឱ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ទទួល​យក​ចូល​ក្នុង​ប្រទេស​វិញ មាន​ប្រមាណ​ជាង​៨០០​នាក់ ​ជា​ជនជាតិ​បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី អង់គ្លេស និង​កាណាដា។ ពួកគេ​ទាំង​អស់​នេះ បាន​កាន់​អាវុធ​ឱ្យ​ពួក​​រដ្ឋ​អ៊ីស្លាម តែ​ត្រូវ​បាន​កងកម្លាំង​សម្ព័ន្ធ​អារ៉ាប-គូដឌីស្ថាន ចាប់​ខ្លួន​បាន​ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

​ពេល​នេះ ការ​ប្រយុទ្ធ​ កំពុង​ឈាន​ទៅ​ដល់​ទី​បញ្ចប់ ពួក​ជីហាត​រដ្ឋ​អ៊ីស្លាមបាន​ទទួល​បរាជ័យ​ជាបន្ត​​បន្ទាប់ និង​រួញ​នៅ​សល់​ដី​តែ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ នៅ​ត្រង់​តំបន់​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី។ សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​អ៊ីស្លាម ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​យល់​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃទៀត​ទេ ពួក​ជីហាត​នឹង​ត្រូវ​កម្ចាត់​បាន​ទាំង​ស្រុង​អស់​ពី​ស៊ីរី​និង​អ៊ីរ៉ាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ លោក​ ដូណាល់ ត្រាំ យល់​ថា​ កងទ័ព​អាមេរិក​ត្រូវ​តែ​ត្រលប់​មក​ផ្ទះសម្បែង​វិញ កងទ័ព​រដ្ឋាភិបាល​ស៊ីរី​នៅ​​ថែរក្សា​សន្តិសុខ​នៅភាគ​ខាង​ជើង​ប្រទេស ចំណែក​ពួក​​ជីហាតមក​ពីណា​ត្រូវ​ទៅ​ទីនោះ​វិញ។ អាមេរិក​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ចំណាយ​ប្រាក់​ឱ្យ​ក្រុមយុទ្ធជន​គួដឌីស្ថាន ទៅ​យាម​គុកឃុំឃាំង​ពួក​ជីហាត​​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក​ត្រាំ បាន​ថែម​ទាំង​សំឡុត​ ថា​នឹង​ព្រលែង​ជនជីហាត​ទាំង​អស់​នោះ​តែ​ម្តង បើ​ប្រទេស​កំណើត​មិន​ព្រមទទួល​យកពលរដ្ឋ​ជីហាត​របស់​ខ្លួន​ទៅ​វិញទេ។

​​អឺរ៉ុប​មិន​ចង់​ដឹង​ឮ​រឿង​ទទួល​យក​ពលរដ្ឋជីហាត​​វិញ​

បញ្ហា​ទទួល​យក​ពលរដ្ឋ​ខ្លួន​ដែល​ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី​ និងអ៊ីរ៉ាក់ ជា​សំណុំ​រឿង​ដ៏​ស្មុគស្មាញ​បំផុត និង​មិន​ដែល​មាន​ការ​​សម្រេច​អ្វី​ទាំង​អស់។ ពោល​គឺ​អឺរ៉ុបពុំ​បាន​ត្រៀម​​ទទួល​យក​ពួក​នោះ​មក​វិញ​ឡើយ។ គ្រាន់​តែ​បាន​ឮ​សំដី​លោក​ដូណាល់ ត្រាំ ​ភ្លាម សម្ព័ន្ធ​មិត្ត​​នៅ​អឺរ៉ុប បាន​បញ្ចេញ​ប្រតិកម្ម​​​ប្លែកៗ​គ្នា​តប​នឹង​ប្រធានាធិបតី​អាមេរិក។

​បារាំងបាន​បង្ហាញ​ទំនុក​ចិត្ត​លើ​ក្រុមគួដឌីស្ថាន ថា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រក្សា​ទុក​ពួក​នេះ​ក្នុង​គុក​បន្ត​ទៀត។ ពី​មុន​មក​បារាំង​បដិសេធ​ដាច់​ខាត​​រឿង​ទទួល​យក​ពលរដ្ឋ​ចេញ​ទៅ​ធ្វើ​ជីហាត​មក​វិញ ប៉ុន្តែ​ពេល​នេះ​បើ​តាម​ប្រភព​សិទ្ធិ​នឹង​សំណុំ​រឿង រដ្ឋាភិបាល​កំពុង​តែ​ពិចារណា​លើ​ករណី ជនជីហាត​​ចំនួន​១៥​០​នាក់ ក្នុងនោះ​៩០​នាក់​ជា​ក្មេងមិនទាន់​ពេញ​វ័យ។ សម្រាប់​បារាំង គ្រប់​ជនជីហាត​ត្រលប់​មក​វិញ​នឹង​ត្រូវ​បញ្ជូន​ចូល​ពន្ធនាគារ​និង​រង់ចាំការកាត់​ទោស។

​ខាង​ប៊ែលហ្សិក​វិញ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​រួម​ថ្នាក់​អឺរ៉ុប ដោយ​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធចំណាយ​ពេល​​រិះគិត និង​រក​វិធី​ដែល​នាំ​គ្រោះ​ថ្នាក់​តិច​បំផុត​ដល់​សន្តិសុខ​ជាតិ​​។

រីឯ​អាល្លឺម៉ង់​វិញ​ ប្រភព​ការបរទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ថាវា​ជា​ការ​លំបាក​ខ្លាំង​ណាស់​ សម្រាប់​​ដំណាក់កាលនេះ ក្នុង​ការ​គិត​គូរ​​ទទួល​យក​ជនជីហាត​មក​វិញ។ ប្រសិន​បើ​មិន​គ្មាន​ការ​ធានា​តាម​ផ្លូវ​ច្បាប់​គ្រប់​ប់​គ្រាន់​សម្រាប់​នាំ​ជនជីហាត​ចូល​តុលាការ​ភ្លាម​ទេ អាល្លឺម៉ង់​ពិត​ជា​មិន​អាច​ទទួល​ពួក​នោះ​បាន​ឡើយ។ ប៉ុន្តែ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់បាន​ទទួល​ស្គាល់​ ថាជនជីហាត​អាល្លឺម៉ង់​ទាំង​នោះ​ពិត​ជា​មាន​សិទ្ធិ​ត្រលប់​មក​ទទួល​ទោស​នៅ​ក្នុង​ប្រទេស​កំណើត​វិញ។

អឺរ៉ុប​អាច​ប្រកែក​​មិន​ទទួល​យក​ពលរដ្ឋ​ខ្លួន​ឯង​បាន​ដែរឬទេ ?

ការ​ទទួល​យក​ជនជីហាត​ចូល​ស្រុក​វិញ ​ជា​សំណុំ​រឿង​ដ៏​ស្មុគស្មាញ និង​ដ៏​ឈឺក្បាល​បំផុត​សម្រាប់​គ្រប់​ប្រទេស​ជា​សមាជិក​អឺរ៉ុប ព្រោះ​ការ​វិល​ត្រលប់​របស់​ពួក​ជីហាត អាច​ចោទ​ជា​បញ្ហា​សន្តិសុខ​​ជាតិ​យ៉ាង​ខ្លាំង​ផង​ និង​បញ្ហា​ផ្លូវ​ច្បាប់​ទៀត។

តាមច្បាប់​ព្រហ្មទណ្ឌ​ បារាំង​ក៏​ដូច​ជា​អាល្លឺម៉ង់ ឬ​អង់គ្លេស​សុទ្ធ​តែ​មាន​សមត្ថភាព​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​កាត់​ទោស​ជនជីហាត​ទាំង​អស់​នោះ ព្រោះ​ជា​ពលរដ្ឋ​របស់​ខ្លួន បើទោះ​បី​ជាពួកគេ​បាន​ធ្វើ​​សកម្មភាព​ជីហាត​​នៅ​បរទេស​ក៏​ដោយ។ តែ​អ៊ីរ៉ាក់ និង​ស៊ីរី ក៏​មាន​សិទ្ធិ​កាត់​ទោស​ជន​ទាំង​អស់​នោះ​ និង​​សិទ្ធិសម្រេច​​​បញ្ជូន​ជន​ទាំង​អស់​មក​តុលាការ​ប្រទេស​កំណើត​ ដូច​ភាគីអឺរ៉ុប​បដិសេធ​មិន​ទទួល​យក​ដែរ។

ប៉ុន្តែ​អ្វី​ដែល​ហាមឃាត់​ដោយ​ច្បាប់នៅ​ខាង​អឺរ៉ុប ជាក់ស្តែង​នៅ​បារាំង គឺ​ច្បាប់​ហាម​មិន​ឱ្យ​​ធ្វើ​បត្យាប័ន​ជនជាប់​ចោទ​/ទោស​ទៅ​កាន់​ប្រទេស​ដែល​មាន​អនុវត្ត​ច្បាប់​ប្រហារ​ជីវិត។ ហេតុ​ដូច្នេះ​ការមិន​​ទទួល​ពលរដ្ឋ​ជា​យុទ្ធជន​ជីហាត​មក​វិញ​ចោទ​ជា​បញ្ហា​ខ្លាំងមែនទែន​ ព្រោះ​ជន​ទាំង​នោះ​អាច​នឹង​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​នៅ​ស៊ីរី​និងអ៊ីរ៉ាក់។

កាន់​តែ​​ឈឺ​ក្បាល​ខ្លាំងថែម​ទៀត គឺ​ក្រុម​ជីហាត​​ ស្ថិត​នៅ​ក្នុ​ង​កណ្តាប់​ដៃ​របស់​ក្រុម​គួដឌីស្ថាន​​នៅស៊ីរី។ ខាង​បារាំង​ចង់​ឱ្យ​គួដឌីស្ថាន​ចាត់​ចែង​អំពី​ជោគវាសនា​ពលរដ្ឋ​ជីហាត​បារាំង។ ប៉ុន្តែ រដ្ឋបាល​ស្វយ័ត​គួដឌីស្ថាន បាន​បដិសេធ​មិន​ធ្វើការ​កាត់ទោស​ជនបរទេស​ទេ និង​សំណូម​ពរ​ឱ្យ​អឺរ៉ុប​យលក​ពលរដ្ឋ​ខ្លួន​ទៅ​វិញ។ ម្យ៉ាង​ទៀត​ គួដឌីស្ថាន​ មិនមែន​ជា​រដ្ឋ​ទទួល​ស្គាល់​ដោយ​​សហគមន៍​អន្តរជាតិឡើយ ហើយ​ប៉ារីស ក៏​ដូច​ជា​ដៃគូ​អឺរ៉ុប​មួយ​ចំនួន ក៏​គ្មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ក្រុង​ដាម៉ាសទៀត។

ប្រឈម​នឹង​ស្ថានការណ៍​នេះ​ ​រដ្ឋមន្ត្រីក្រសួងការ​បរទេស​របស់​​​​សហភាពអឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​ចន្ទ​នេះ។ អាល្លឺម៉ង់ ​បារាំង និង​អង់គ្លេស ... ត្រូវការ​​​ពិគ្រោះ​គ្នា​ អំពី​ដំណោះស្រាយ​ដែល​ត្រូវ​ប្រកាន់​យកផង និង​អំពី​ស្ថានភាព​ជាទូទៅ​នៅ​ស៊ីរី​ផង ព្រោះ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុងត្រូវ​កម្ទេច​បាន​ទាំង​ស្រុង ឯ​ពួក​គួដឌីស្ថាន​វិញ​កំពុង​ស្រែក​អំពាវនាវ​ឱ្យ​ហៅ​អឺរ៉ុប​ កុំ​បោះបង់​ពួក​គេ និង​ឱ្យ​អឺរ៉ុប​ជួយ​ស្វែង​រក​​អន្តរាគមន៍យោធា​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ ទៅ​ប្រចាំ​ការ​នៅ​តំបន់​ភាគ​ឦសាន្ត​ប្រទេស ក្រោយ​ពី​អាមេរិក​ដកកងទ័ព​ចេញ ដើម្បី​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​តួកគី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ