អានតួអត្ថបទ

បារាំង ៖ អ្នក​ជំនាញ​ស្នើ​មិន​ឱ្យ​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​និស្សិត​បរទេស​ថ្នាក់​បណ្ឌិត

ដើម្បី​សម្របសម្រួល និង​លួង​លោម​ចិត្ត​ក្រុមសហគមន៍​​សាកលវិទ្យាល័យ​ ដែល​ព្រួយ​បារម្ភ​នឹង​វិធានការ​​​ដំឡើង​ថ្លៃ​សិក្សា កំរិត​ឧត្តមសិក្សា ចំពោះនិស្សិត​​បរទេសក្រៅ​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ​នេះ បារាំង​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ទៀត ស្នើ​សុំមិន​ឱ្យ​បញ្ចូល​ករណី​និស្សិត​ថ្នាក់​បណ្ឌិត​ជាប់​ក្នុង​វិធានការ​ដំឡើង​ថ្លៃ​ទេ ហើយសាកលវិទ្យាល័យ​អាច​មាន​សិទ្ធិ​​ ​លើក​លែង​ ឬ​មិន​យក​ថ្លៃ​ពេញ​ពី​និស្សិត​បាន។

និស្សិតម្នាក់​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​នៃ​សាកលវិទ្យាល័យ​ Paris I Pantheon-Sorbonne.
និស្សិតម្នាក់​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​នៃ​សាកលវិទ្យាល័យ​ Paris I Pantheon-Sorbonne. STEPHANE DE SAKUTIN / AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​វិច្ឆិកា ទន្ទឹម​នឹង​ការ​បង្ហាញ​​ជំហរ​ចង់​ទាក់ទាញនិស្សិត​បរទេស​ឱ្យ​បាន​កាន់​តែ​ច្រើន តាម​រយៈ​ការ​ប្រកាន់​នយោបាយ​បន្ធូរបន្ថយ​ការ​ផ្តល់​ទិដ្ឋាការ​និស្សិត និង​ផ្តល់​អារូបករណ៍​ឱ្យ​បាន​កាន់​តែ​ច្រើន​នោះ រដ្ឋាភិបាល​បារាំង​បាន​ចេញ​វិធានការ​ថ្មី ដំឡើង​ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ ចំពោះ​និស្សិត​បរទេស​មក​ពី​ក្រៅ​តំបន់​អឺរ៉ុប។ ចាប់​ពី​បវេសនកាល​ឆ្នាំ​២០១៩​ទៅ និស្សិត​បរទេស​ត្រូវ​បង់​ថ្លៃ​សិក្សា ថ្នាក់បរិញ្ញាប័ត្រ​ចំនួន ២ ៧៧០អឺរ៉ូ ឬ៣ ៧៧០អឺរ៉ូ​ សម្រាប់​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត ទល់​នឹង​១៧០​អឺរ៉ូសម្រាប់​​និស្សិត​អឺរ៉ុប​ថ្នាក់​បរិញ្ញាប័ត្រ​ និង​៣៨០អឺរ៉ុប​សម្រាប់​ថ្នាក់​បណ្ឌិត។

គ្រាន់​តែ​ប្រកាសចេញ​​ភ្លាម គម្រោង​ដំឡើង​ថ្លៃ​នេះ បានទទួល​ការ​ប្រឆាំង​ពី​គ្រប់​ស្រទាប់​ថ្នាក់។ នៅ​ទីបំផុត​លោកស្រី​រដ្ឋមន្ត្រីក្រសួង​ឧត្តមសិក្សា​បារាំង​បានប្រគល់​បន្ទុក​ឱ្យ​​​ឥស្សរជនជំនាញ​​ឯករាជ្យ​៥​រូប ពិចារណា​រក​សំណើ​ថ្មី​។ ជាង​មួយ​ខែ​ក្រោយ ពោលគឺ​នៅ​ថ្ងៃចន្ទទី ១៨ កុម្ភៈ ២០១៩​នេះ ក្រុម​អ្នក​ជំនាញ​ទាំង​៥​ក៏​បាន​ចេញ​របាយការណ៍​​ ផ្តល់​អនុសាសន៍​ឱ្យ​ដក​ក្រុម​និស្សិត​ថ្នាក់​បណ្ឌិត​ចេញ​ពី​ផែន​ការដំឡើង​ថ្លៃ​សិក្សា​​របស់​រដ្ឋាភិបាល ក្រោម​ហេតុផល​ថា និស្សិត​ថ្នាក់​បណ្ឌិត​មាន​តួនាទី​សំខាន់​ក្នុង​វិស័យ​ស្រាវជ្រាវ​បារាំង។

តាំង​ពី​ឆ្នាំ​២០១៣​មក ច្បាប់​បារាំង​បាន​អនុញ្ញាត​ឱ្យ​សាកលវិទ្យាល័យ​អាច​មាន​​សិទ្ធិ​មិន​យក​ថ្លៃ​សិក្សា​ពី​និស្សិត​បរទេស​ ត្រឹម​កំរិត​១០​%​នៃ​ចំនួន​និស្សិត​សរុប។ ក្នុង​ន័យ​នេះ ដើម្បី​បំពេញ​ចិត្ត​សាកលវិទ្យាធិការ ដែល​ព្រួយ​បារម្ភ​ខ្លាំង​ត្រង់​ចំណុច​នេះ អ្នក​សរសេរ​របាយការណ៍​​បាន​គុណគិត​ឃើញ​ថា​គេ​អាច​បន្ត​ច្បាប់​លើក​លែង​មិន​យក​ថ្លៃ​សិក្សា​ពី​និស្សិត​បរទេសមក​ពីក្រៅ​តំបន់​អឺរ៉ូ​​បាន​បន្ត​ទៀត សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ហើយ​នៅបវេសនកាល​​បន្ត​បន្ទាប់​មក​ទៀត បរិមាណ​នៃ​ការ​លើក​លែង​មិន​បង់​ថ្លៃ​សាលា អាច​ឡើង​ដល់​១៥%។ ប៉ុន្តែ​អ្នក​ជំនាញ​ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​សាកលវិទ្យាល័យ​ចាប់​ផ្តើម​គិត​គូរ​កែប្រែ​ច្បាប់​សិក្សា ដើម្បីសម្រេច​នាពេល​អនាគត ​អំពី​លទ្ធភាព​នៃ​ការ​លើក​លែង​មិន​ប្រាក់​តែ​មួយ​ភាគ។

សូម​បញ្ជាក់​ថា ទោះ​មាន​របាយការណ៍​​ថ្មី​ក៏​ដោយ​ ក៏​សាកលវិទ្យាល័យ​បារាំង​ជាង​១០​បាន​ប្រកាស​ជូន​ដំណឹង​រួច​ជា​ស្រេច​ហើយ​ថា​នឹង​ប្រើ​ច្បាប់​អនុគ្រោះ​​ ដើម្បី​​ធ្វើ​យ៉ាង​ណា​ឱ្យ​និស្សិត​បរទេស​ មក​ពី​ក្រៅ​តំបន់​អឺរ៉ុប អាច​បន្ត​ការ​សិក្សា​ក្នុង​តម្លៃ​​ចាស់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ