អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​អ្នក​នយោបាយ​​បារាំង ប្រមូល​ផ្តុំគ្នា​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​ជ្វីហ្វ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ១៩ កុម្ភៈ ចាប់​ពី​ម៉ោង​១៩​​ (៧​យប់​)​ ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា យ៉ាង​ហោច​៧០​កន្លែង ​ នៅ​តាម​ទីប្រជុំ​ជននៃ​ខេត្ត​​ក្រុង ទូទាំង​ប្រទេស​ ដើម្បី​បរិហារ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ។ ផ្តួច​ផ្តើម​ដោយ​គណបក្ស​សង្គមនិយម​ ការ​ប្រមូល​ផ្តុំ​បាន​ការ​ចូល​រួមពី​សំណាក់​គណបក្ស​នយោបាយ​ចំនួន​១៤ ​ព្រម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​តំណែង អេដ័រ ហ្វីលីព​ទៀត។ ឯ​​លោក​ប្រធានាធិបតី​បារាំង​ អេម៉ាណុយអែល ម៉ាក្រុងវិញ​ ​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅទីសក្ការៈ​Shoah ​​របស់​ជនជាតិ​ជ្វីហ្វ​នាទីក្រុង​ប៉ារីស និង​បាន​សន្យា​ចាត់​វិធានការ​ តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹង​តែង​បំផុត។

សកម្មភាព​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ បានកើន​ឡើង នៅ​ប្រទេស​បារាំង។ គំនូរ​លោកស្រី​Simone Veil រងការ​បំផ្លាញ​ដោយ​ស្នាម​គូសវាស​ខ្វែង
សកម្មភាព​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ បានកើន​ឡើង នៅ​ប្រទេស​បារាំង។ គំនូរ​លោកស្រី​Simone Veil រងការ​បំផ្លាញ​ដោយ​ស្នាម​គូសវាស​ខ្វែង REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

អតីត​ប្រធានាធិបតី​បារាំង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​ ព្រមទាំង​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ចំនួន​១៤​រូប គណបក្ស​នយោបាយ​បារាំង​ជាង​១០ បាន​មក​ជួប​ជុំ​គ្នា​នៅទីលាន​សាធារណរដ្ឋ ក្រុង​ប៉ារីស ក្នុង​ក្រប​ខ័ណ្ឌ​នៃ​​ការ​ប្រមូល​ផ្តុំជាតិ​ប្រឆាំង​នឹង​ការ​រើង​អើង​ស្អប់​ខ្ពើម​ពូជសាសន៍​ជ្វីហ្វ​ (អ៊ីស្រាអែល)។ សភា​បាន​ផ្អាក​ការងារ​របស់​ខ្លួន​នៅ​រវាង​ពី​ម៉ោង​៦កន្លះ​ល្ងាច​ដល់​ម៉ោង​៩កន្លះ​យប់ ដើម្បី​ទុក​ពេល​ឱ្យ​តំណាង​រាស្ត្រ​មាន​ពេល​ទៅ​ចូល​រួម​ក្នុង​ចលនា​ប្រមូល​ផ្តុំ​។ គណបក្ស​សាធារណរដ្ឋ គណបក្ស​ប្រឆាំង​ដ៏​​ធំ​របស់​បារាំង​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យមក​ចូលរួម​ទេ។ គណបក្ស​ស្តាំជ្រុលនិយម​របស់​លោកស្រី​ម៉ារីន ឡឺប៉ែនក៏​អ​វត្តមាន​ដែរ ប៉ុន្តែ​​​គណបក្ស​ទាំង​នេះ​ក៏​មាន​រៀបចំ​កម្មវិធី​ដាច់​ដោយ​ឡែក​ដើម្បី​បរិហារ​ទង្វើ​រើសអើង​ពូជសាសន៍​ជ្វីហ្វ​នេះ​ដែរ។

លោកប្រធានាធិបតី​ អេម៉ាណុយអែល ម៉ាក្រុង​ មិន​បាន​អញ្ជើញ​មក​ធ្វើ​ជា​អធិបតី​​ តាម​ការ​អញ្ជើញ​របស់​អ្នក​ផ្តួចផ្តើម​​រៀប​ចំ​កម្មវិធី​មែន ប៉ុន្តែដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​រើស​អើង​ពូជសាសន៍​ជ្វីហ្វ ​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​ទៅ​ទីសក្ការៈ​របស់​ជនជាតិ​ជ្វីហ្វ និងត្រូវ​បញ្ចេញ​យោបល់​ជុំ​វិញ​បញ្ហា​នេះ នៅ​ល្ងាច​ថ្ងៃពុធ នាឱកាស​ជួប​ប្រជុំ​និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ តាម​ទម្លាប់​ជាមួយ​ប្រមុខសហគមន៍ជនជាតិ​ជ្វីហ្វ​។

តើ​មាន​រឿង​ហេតុ​អ្វី​ដែល​​​ជំរុញ​ឱ្យ​បារាំង​ប្រមូល​ផ្តុំ​គ្នា​ស្ទើរ​គ្រប់​លំដាប់​ថ្នាក់ យ៉ាង​ដូច្នេះ ?! បើ​តាម​អ្នក​ផ្តើម​ផ្តើមគំនិត ​កា​រប្រមូល​ផ្តុំ​ជាតិថ្ងៃ​នេះ គឺ​ជា​ការ​ដាស់​ហៅ​​ពលរដ្ឋ​បារាំង​គ្រប់​រូប គ្រប់​ទិសទី​មក​បញ្ចេញ​សំឡេង​រួមគ្នា ថា​ “ការ​រើងអើង​ពូជសាសន៍​ជ្វីហ្វ មិនមែន​ជា​បារាំង​ទេ ! សាធារណរដ្ឋ​បារាំង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​សាបព្រោះ​ភាព​ស្អប់​ខ្ពើម​ពូជសាសន៍ជ្វីហ្វ​​​រីក​សាយ​ភាយ​ជា​ទូទៅ​ និងក្លាយ​ជា​ការ​ធម្មតាបាន​ឡើយ។

ដើម​ហេតុ​ដែល​នាំ​ឱ្យ​បារាំង​ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង ដោយ​កាល​ពី​ថ្ងៃ​សៅរ៍​ ក្នុង​អំឡុង​ពេល​បាតុកម្ម​របស់​ក្រុម​អាវ​កាក់​លឿង ទស្សនវិទូ​ និង​ព្រឹទ្ធសភាចារ្យ​​ដ៏​មាន​កេរ្ត៍ឈ្មោះ​​ម្នាក់របស់​បារាំង គឺ​លោក អាឡាំង ហ្វីនគៀលក្រូត Alain Finkielkraut ត្រូវ​បាន​ហ្វូង​បាតុករ​ជេរ​ប្រមាថ ថាជា​មនុស្ស​គំរក់​​អ៊ីស្រាអែលនិយម។ ចំណែក​រូបគំរូ​របស់​លោកស្រី ស៊ីម៉ន វៃ ឥស្សរជន​នយោបាយ​ដ៏ល្បីល្បាញ​របស់​បារាំង​ដែល​បាន​លាចាក​លោក​ទៅ​ហើយ​ ត្រូវ​ជនមិន​ស្គាល់​មុខ​គូស​វាស​សញ្ញាខ្វែង​​អ៊ីត្លែរ​ពី​លើ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។ ​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ជាក់​ស្តែង​ចុងក្រោយ​ពីរ​ថ្មី​ប៉ុណ្ណោះ។

តែ​តាមការពិត​ សកម្មភាព​រើង​អើងពូជសាសន៍​ជ្វីហ្វ ត្រូវ​បាន​គេ​សម្គាល់​ថា​មាន​កើតមាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ និង​មាន​កំណើន​យ៉ាង​ខ្លាំង ដល់​ទៅ​៧៤% នៅ​ឆ្នាំ​២០១៨ ! នេះ​បើ​តាម​ការ​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បារាំង​ចេញ​ផ្សាយកាលពី​ថ្ងៃ​ចន្ទ​ទី ១៨កុម្ភៈ ​ឆ្នាំ​២០១៩។ ពោល​គឺ​ជា​កំណើន​ដ៏​ខ្ពស់​ ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​ ទើប​​ជំរុញ​ឱ្យ​ពិភពអ្នក​នយោបាយ​ និង​អង្គការ​ទាំង​ឡាយ​ ប្រមូល​ផ្តុំ​គ្នា​ស្រែក​ថា​ ទេ នឹង​ទង្វើ​រើសអើង​ពូជសាសន៍ជ្វីហ្វ​ ​នេះឡើង។

ជាង​នេះ​ទៅ​ទៀត ក្នុង​ពេល​ដែល​ប្រទេស​បារាំង​ទាំងមូល​កំពុង​ត្រៀម​រៀប​ចំ​ការ​ប្រមូល​ផ្តុំ​ជាតិ ក្រុម​អ្នក​ស្អប់​ខ្ពើម​​​ពូជសាសន៍​ជ្វីហ្វ បាន​ផ្គើន​​​សកម្មភាព ដោយ​បាន​ទៅ​បំផ្លាញ​ផ្នូរ​សព​ជនជាតិ​ជ្វីហ្វ​ ប្រមាណ​ជាង​៨០​នាក់ នៅ​ទីលាន​កប់​ខ្មោច​នៅ​ភាគ​ខាង​កើត​ប្រទេស​ជាប់​ព្រំ​ប្រទល់​ជាមួយអាល្លឺម៉ង់។

​​សង្គ្រាម​លោកលើក​ទី​ពីរ​បញ្ចប់ ប៉ុន្តែ​សកម្មភាព​​រើងអើងស្អប់​ខ្ពើម​​ពូជសាសន៍​ជ្វីហ្វដែល​បាន​រួច​ពី​ជីវិត​ពី​ពួក​ហ្វាស៊ីស​អ៊ីត្លែរ​ នៅ​មាន​​ក្រោម​រូបភាព​ផ្សេងៗ​គ្នា និង​​​បន្តឥត​ដាច់ រហូត​មក​ទល់​សព្វថ្ងៃ។ ក្រៅ​អំពី​ការ​ប្រើ​ពាក្យ​សំដី ជេរ​ប្រមាថ​ គូសវាស គាស់​បំផ្លាញ​ផ្នូរ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ការ​រើសអើង​ពូជសាសន៍​ជ្វីហ្វ​ ត្រូវ​បាន​ស្តែង​ក្នុង​ទម្រង់​ជា​ឃាតកម្ម ធ្វើ​បាប ធ្វើ​ទារុណកម្ម គំរាម​​សំឡុត ​ វាយប្រហារ​បំពា​ន​លើ​រាងកាយ ការ​ចាក់​សម្លាប់ ឧទាហរណ៍​ករណី​ឃាតកម្ម​លើ​រូប​ស្រ្តី​ចំណាស់​៨០​ឆ្នាំ​ ដើម​កំណើត​ជ្វីហ្វ​ កាលពី​ថ្ងៃទី ២៨​មីនា ២០១៨ នៅ​កណ្តាល​ក្រុង​ប៉ារីស​​ -ឃាតកម្ម​លើ​យុវជន​ដើម​កំណើត​ជ្វីហ្វកាលពី​ឆ្នាំ​២០០៦​- ប្រមុខ​សាសនា​ជ្វីហ្វ​រង​ការ​វាយប្រហារ​នៅ​ឆ្នាំ​២០០៤ ឬ​វិហារ​ជ្វីហ្វ​ត្រូវ​ដុត​បំផ្លាញ ផ្នូរជា​ច្រើន​​ត្រូវ​គាស់​កកាយ​បំផ្លាញ ​ជា​ដើម​។ល។

ភេរវកម្ម​កាលពី​ឆ្នាំ​២០១៥ ប្រឆាំង​នឹង​ទីស្នាក់ការ​កាសែត​រូប​ថ្លុក Charlie Hebdo ប្រឆាំង​នឹង​ផ្សារ​ទំនើប​របស់​ជនជាតិ​ជ្វីហ្វ ភេរវកម្ម​ឆ្នាំ​២០១២ ប្រឆាំងសាលារៀន​ជ្វីហ្វ​នៅ​ខេត្ត​ទូលូ​ ពីសំណាក់​ជនជីហាត​អ៊ីស្លាម​ជ្រុលនិយម ក៏​មាន​បង្កប់​ទៅ​ដោយ​ភាព​ស្អប់​ខ្ពើម​ជនជាតិ​ជ្វីហ្វ​នេះ​ដែរ។ ក្រោយហេតុការណ៍​នេះ គេ​សង្កេតឃើញ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ ដង្ហែ​ក្បួន​ដោយ​ស្ងៀម​ស្ងាត់​ដើម្បី​បរិហារ​​សកម្មភាព​រើង​អើង​​ពូជ​សាសន៍​ជ្វីហ្វ​ផង និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ភេរវកម្ម​ផង។ ការប្រមូល​ផ្តុំ​ជាតិ​ឆ្នាំ​២០១៥​ បាន​កា​រចូល​រួមពី​ប្រជាពលរដ្ឋ​បារាំង​ដល់​ទៅ​​ប្រមាណ​៣,៧​លាន​នាក់​។ គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​នៅ​ឆ្នាំ​១៩៩០ ក្រោយ​ហេតុការណ៍​គាស់​បំផ្លាញ​ផ្នូរជនជាតិ​ជ្វីហ្វ ​ប្រធានាធិបតី​បារាំង​សម័យ​នោះ គឺ​លោក ហ្វ្រង់ស័រ​ មីតេរ៉ង់ បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ដំបូង​គេ​ដែល​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​​ជាមួយ​ពលរដ្ឋ​ ដើម្បី​បរិហារ​ទង្វើ​ប្រឆាំង​រើស​អើង​ពូជសាសន៍​ជ្វីហ្វ​។

សូម​បញ្ជាក់​ថា នៅ​ប្រទេស​បារាំង​ រាល់​សកម្មភាពរើង​អើង​ពូជ​សាសន៍ និង​​ស្អប់​ខ្ពើមជនជាតិ​ជ្វីហ្វ ត្រូវ​ថ្កោល​ទោស​ដោយ​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ