នាយករដ្ឋមន្ត្រីអង់គ្លេសឱ្យសភាសម្រេចរឿង Brexit ៖ លើកពេល ឬគ្មានកិច្ចព្រមព្រៀង ?
តើអង់គ្លេសនឹងត្រូវលើកពេលផ្តាច់ខ្លួនចេញអឺរ៉ុបសិន ឬសុខចិត្តដើរចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង ? នេះជាសំណើពីរ ដែលលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានលើកមកពន្យល់បំភ្លឺសភានៅថ្ងៃអង្គារនេះ។ សភាអង់គ្លេសមានពេលពីរសប្តាហ៍ សម្រាប់ពិចារណា មុនផ្តល់សេចក្តីសម្រេច តាមរយៈការបោះឆ្នោតនៅពាក់កណ្តាលខែក្រោយ។
ចុះផ្សាយនៅថ្ងៃ៖
ថ្លែងនៅចំពោះមុខសភា នារសៀលថ្ងៃអង្គារទី ២៦កុម្ភៈនេះ លោកស្រីនាយករដ្ឋមន្ត្រីបានអះអាងថា អង់គ្លេសនឹងចាកចេញពីអឺរ៉ុប នៅថ្ងៃទី ២៩មីនា ស្របតាមនីតិវិធី និងដោយគ្មានកិច្ចព្រមព្រៀង ដរាបណាតែសមាជិកសភាទាំងអស់ផ្តល់មតិដោយច្បាស់លាស់ប៉ុណ្ណោះ។
មានន័យថា លោកស្រីប្រមុខរដ្ឋាភិបាលនឹងសុំស្នើឱ្យសភាបោះឆ្នោតផ្តល់ទំនុកចិត្តលើកិច្ចព្រមព្រៀងBrexit ដែលលោកស្រីសម្រេចបានជាមួយសហភាពអឺរ៉ុប នៅថ្ងៃទី ១២មីនា។ ប្រសិនបើ កិច្ចព្រមព្រៀងនេះ មិនទទួលបានការគាំទ្រភាគច្រើន និងពុំទទួលបានការអនុម័តពីសភាទេ នោះនឹងមានការបោះឆ្នោតជាលើកទីពីរ នៅថ្ងៃទី ១៣មីនា ជាថ្ងៃបន្ទាប់ ដើម្បីបញ្ជាក់ថា សភាពិតជាចង់ឱ្យអង់គ្លេសបំបែកខ្លួនចេញអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀងមែន។
ក្នុងករណីសភានៅតែបដិសេធទៀត ការបោះឆ្នោតលើកទីបីនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៤មីនា ដែលម្តងនេះ ជាសំណើសុំលើកពេលBrexitមួយរយៈខ្លី មិនមែននៅ ថ្ងៃទី ២៩ មីនា ២០១៩ ដូចមានចែងក្នុងនីតិវិធី នៃដំណើរការចរចាបំបែកចេញពីអឺរ៉ុបទេ។ ប៉ុន្តែការពន្យារពេល ដែលអាចអូសបន្លាយពេលវេលាចរចាវែងឬខ្លីនេះ មិនប្រាកដថានឹងលុបបំបាត់បានទាំងស្រុង Brexitដែលគ្មានកិច្ចព្រមព្រៀងឡើយ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រីនាយករដ្ឋមន្ត្រី ដោយស្នើឱ្យតំណាងរាស្ត្រព្រមទទួលយកកិច្ចព្រមព្រៀងរបស់លោកស្រីជាមួយអឺរ៉ុប។
ការលើកពេលBrexit មិនមែនជាការសម្រេចជាឯកតោភាគីរបស់អង់គ្លេសឡើយ គឺត្រូវមានការព្រមព្រៀងពីខាងអឺរ៉ុបទៀត។ ប៉ុន្តែអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានព្រលយឱ្យដឹងថា ប្រសិនបើអង់គ្លេសពិតជាដាក់សំណើជាផ្លូវការសុំពន្យារពេលBrexitមែន នោះអឺរ៉ុបទំនងជាព្រមទទួលសិក្សាសំណើនោះ។ ពន្យារពេលពីរបីខែ ជាការធម្មតាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ