អានតួអត្ថបទ
អង់គ្លេស-យេម៉ែន

ប្រមុខ​ការទូត​អង់គ្លេស​ជំរុញ​ភាគី​ជម្លោះផ្ទៃក្នុង​នៅ​យេម៉ែន​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ស្តុកខុល

លោក​ជេរ៉េមី ហាន់ (Jeremy Hunt) រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​អង់គ្លេស​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​អាឌែន ប្រទេស​យេម៉ែន​នា​ថ្ងៃ​អាទិត្យ ទី៣ មីនា។ ទស្សនកិច្ច​ដ៏​កម្រ​របស់​ប្រមុខ​ការទូត​អង់គ្លេស​ក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ឈូងសមុទ្រ​ពែក្ស។ នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​យេម៉ែន​លោក​អាប់រ៉ាប់បូ មែនស៊ូហាឌី​ក្នុង​ទីក្រុង​អាឌែន លោក​ហាន់​លើក​ឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​សន្តិភាព​នៅ​យេម៉ែន​ដែល​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​គ្នា​តាំង​ពី​ដើម​ឆ្នាំ ២០១៤។ នៅ​ក្នុង​ន័យ​នេះ លោក​ហាន់​បាន​ជំរុញ​ភាគី​ជម្លោះ​ផ្ទៃក្នុង​នៅ​យេម៉ែន​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ស្តុកខុល។

លោកជេរ៉េមី ហាន់ (Jeremy Hunt) រដ្ឋមន្រ្តីការបរទេសនៃប្រទេសអង់គ្លេស
លោកជេរ៉េមី ហាន់ (Jeremy Hunt) រដ្ឋមន្រ្តីការបរទេសនៃប្រទេសអង់គ្លេស Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ប្រទេស​យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​នៅ​ដើម​ឆ្នាំ ២០១៤ រវាង​ពួក​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត រួម​ទាំង​ប្រទេស​លោកខាងលិច​មួយ​ចំនួន​មក នេះ​ជា​លើកទី១ ដែល​មាន​ប្រមុខ​ការទូត​បស្ចិមលោក​ម្នាក់​ទៅ​ទស្សនកិច្ច​ក្នុង​ទីក្រុង​អាឌែន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​យេម៉ែន​ឈ្មោះ​សាបា លោក​ជេរ៉េមី ហាន់​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​យេម៉ែន​លោក​ខាលីដ អាល់យ៉ាម៉ានី រួម​ទាំង​ឧបនាយករដ្ឋមន្រ្តី​យេម៉ែន​ពីរ​រូប និង​ដែល​នៅ​កិច្ចសន្ទនា​នោះ លោក​ហាន់​បាន​ផ្តោត​សំខាន់​លើ​ស្ថានការណ៍​ទូទៅ​នៅ​យេម៉ែន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ស្តារ​សន្តិភាព​នៅ​យេម៉ែន​ឡើង​វិញ។

គួរ​បញ្ជាក់​ថា​មុន​នឹង​ទៅ​កាន់​ប្រទេស​យេម៉ែន​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ មីនា លោក​ហាន់​បាន​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ថ្ងៃ​សៅរ៍ ទី២ មីនា និង​ប្រទេស​អូម៉ង់​ក្នុង​ថ្ងៃ​សុក្រ ទី១ មីនា។ នៅ​ក្នុង​ប្រទេស​អូម៉ង់ លោក​ហាន់​បាន​ជួប​សន្ទនា​ជាមួយ​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​ពួក​ឧទ្ទាម​ហ៊ូទី​ដោយ​បាន​លើក​ឡើង​ពី​ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​បាន​ផ្តោត​សំខាន់​លើ​បទ​ឈប់បាញ់​ក្នុង​ទីក្រុង​ហូដីដា និង​ការ​ដាក់​ពង្រាយ​កម្លាំង​ឧទ្ទាម និង​កម្លាំង​រដ្ឋាភិបាល​រួម​គ្នា​ដើម្បី​ធានា ហើយ​សម្រួល​ការ​ដឹក​ជំនួយ​មនុស្សធម៌​ចូល​តាម​ផ្លូវសមុទ្រ។

ចំណែក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ហាន់​ក៏​បាន​លើក​កិច្ចព្រមព្រៀង​ក្រុង​ស្តុកខុល​ទៅ​និយាយ​ជាមួយ​ប្រធានាធិបតី​យេម៉ែន​លោក​ហាឌី និង​សមភាគី​អារ៉ាប៊ីសាអូឌីត​លោក​អ៊ីប្រាហ៊ីម អាល់អាសាហ្វ​ដែរ។ លោក​ហាន់​បាន​សម្គាល់​ឃើញ​ជា​រួម​ថា បទ​ឈប់បាញ់​ត្រូវ​បាន​គ្រប់​ភាគី​គោរព តែ​ការ​ដាក់​ពង្រាយ​កម្លាំង​រួម​គ្នា​ហាក់​នៅ​មាន​ការ​យឺតយ៉ាវ​នៅ​ឡើយ។ ភាព​យឺតយ៉ាវ​ដែល​លោក​ហាន់​យល់​ថា មក​ពី​ភាគី​ទាំង​ពីរ​បន្ត​មិន​ទុក​ចិត្ត​គ្នា។ នៅ​ក្នុង​ន័យ​នេះ ប្រមុខ​ការទូត​អង់គ្លេស​បាន​ជំរុញ​ភាគី​ជម្លោះ​ទាំង​ពីរ​ឲ្យ​ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ដើម្បី​បិទបញ្ចប់​វិបត្តិ។

គិត​តាំង​ពី​ឆ្នាំ ២០១៥ សង្រ្គាម​ផ្ទែក្នុង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ១០ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល និង​អ្នក​របួស​ជាង ៦០ ០០០នាក់។ តែ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ទាញ​សញ្ញាអាសន្ន គឺ​វិបត្តិមនុស្សធម៌​ដ៏​អាក្រក់​ជាង​គេ​ក្នុង​លោក​ដែល​ពលរដ្ឋ​យេម៉ែន​ភាគច្រើន​រស់​ដោយ​ពឹង​លើ​ជំនួយ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ