ប្រមុខការទូតអង់គ្លេសជំរុញភាគីជម្លោះផ្ទៃក្នុងនៅយេម៉ែនឲ្យអនុវត្តកិច្ចព្រមព្រៀងក្រុងស្តុកខុល
លោកជេរ៉េមី ហាន់ (Jeremy Hunt) រដ្ឋមន្រ្តីការបរទេសនៃប្រទេសអង់គ្លេសបានទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងអាឌែន ប្រទេសយេម៉ែននាថ្ងៃអាទិត្យ ទី៣ មីនា។ ទស្សនកិច្ចដ៏កម្ររបស់ប្រមុខការទូតអង់គ្លេសក្នុងប្រទេសអារ៉ាប់មួយនេះបានធ្វើឡើងនៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចមួយជុំតំបន់ឈូងសមុទ្រពែក្ស។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីយេម៉ែនលោកអាប់រ៉ាប់បូ មែនស៊ូហាឌីក្នុងទីក្រុងអាឌែន លោកហាន់លើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាពនៅយេម៉ែនដែលបានធ្លាក់ក្នុងសង្រ្គាមហែកហួរគ្នាតាំងពីដើមឆ្នាំ ២០១៤។ នៅក្នុងន័យនេះ លោកហាន់បានជំរុញភាគីជម្លោះផ្ទៃក្នុងនៅយេម៉ែនឲ្យអនុវត្តកិច្ចព្រមព្រៀងក្រុងស្តុកខុល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
តាំងពីប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្រ្គាមហែកហួរនៅដើមឆ្នាំ ២០១៤ រវាងពួកឧទ្ទាមហ៊ូទីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងប្រទេសលោកខាងលិចមួយចំនួនមក នេះជាលើកទី១ ដែលមានប្រមុខការទូតបស្ចិមលោកម្នាក់ទៅទស្សនកិច្ចក្នុងទីក្រុងអាឌែន។ តាមទីភ្នាក់ងារព័ត៌មានផ្លូវការយេម៉ែនឈ្មោះសាបា លោកជេរ៉េមី ហាន់បានជួបសន្ទនាជាមួយសមភាគីយេម៉ែនលោកខាលីដ អាល់យ៉ាម៉ានី រួមទាំងឧបនាយករដ្ឋមន្រ្តីយេម៉ែនពីររូប និងដែលនៅកិច្ចសន្ទនានោះ លោកហាន់បានផ្តោតសំខាន់លើស្ថានការណ៍ទូទៅនៅយេម៉ែន និងកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីស្តារសន្តិភាពនៅយេម៉ែនឡើងវិញ។
គួរបញ្ជាក់ថាមុននឹងទៅកាន់ប្រទេសយេម៉ែនក្នុងថ្ងៃអាទិត្យ ទី៣ មីនា លោកហាន់បានទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងថ្ងៃសៅរ៍ ទី២ មីនា និងប្រទេសអូម៉ង់ក្នុងថ្ងៃសុក្រ ទី១ មីនា។ នៅក្នុងប្រទេសអូម៉ង់ លោកហាន់បានជួបសន្ទនាជាមួយអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់ពួកឧទ្ទាមហ៊ូទីដោយបានលើកឡើងពីការអនុវត្តន៍លើកិច្ចព្រមព្រៀងក្រុងស្តុកខុល ប្រទេសស៊ុយអែតនាខែធ្នូ ឆ្នាំ ២០១៨ ក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ។ គឺជាកិច្ចព្រមព្រៀងដែលបានផ្តោតសំខាន់លើបទឈប់បាញ់ក្នុងទីក្រុងហូដីដា និងការដាក់ពង្រាយកម្លាំងឧទ្ទាម និងកម្លាំងរដ្ឋាភិបាលរួមគ្នាដើម្បីធានា ហើយសម្រួលការដឹកជំនួយមនុស្សធម៌ចូលតាមផ្លូវសមុទ្រ។
ចំណែកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត លោកហាន់ក៏បានលើកកិច្ចព្រមព្រៀងក្រុងស្តុកខុលទៅនិយាយជាមួយប្រធានាធិបតីយេម៉ែនលោកហាឌី និងសមភាគីអារ៉ាប៊ីសាអូឌីតលោកអ៊ីប្រាហ៊ីម អាល់អាសាហ្វដែរ។ លោកហាន់បានសម្គាល់ឃើញជារួមថា បទឈប់បាញ់ត្រូវបានគ្រប់ភាគីគោរព តែការដាក់ពង្រាយកម្លាំងរួមគ្នាហាក់នៅមានការយឺតយ៉ាវនៅឡើយ។ ភាពយឺតយ៉ាវដែលលោកហាន់យល់ថា មកពីភាគីទាំងពីរបន្តមិនទុកចិត្តគ្នា។ នៅក្នុងន័យនេះ ប្រមុខការទូតអង់គ្លេសបានជំរុញភាគីជម្លោះទាំងពីរឲ្យផ្តើមអនុវត្តកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់វិបត្តិ។
គិតតាំងពីឆ្នាំ ២០១៥ សង្រ្គាមផ្ទែក្នុងបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ ១០ ០០០នាក់ដែលភាគច្រើនជាជនស៊ីវិល និងអ្នករបួសជាង ៦០ ០០០នាក់។ តែអ្វីដែលអង្គការសហប្រជាជាតិទាញសញ្ញាអាសន្ន គឺវិបត្តិមនុស្សធម៌ដ៏អាក្រក់ជាងគេក្នុងលោកដែលពលរដ្ឋយេម៉ែនភាគច្រើនរស់ដោយពឹងលើជំនួយអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ