អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឆ្នាំ​នេះ​ ពិភពលោក​បាន​ប្រារព្ធ​ទិវា​​សិទ្ធិ​នារី​អន្តរជាតិដោយ​ផ្តោតកម្មវត្ថុទៅ​លើ​ការ​ស្វែង​រក​មធ្យោបាយ​ផ្តល់​អំណាច​ដល់​ស្ត្រី​ ក្រោម​ប្រធាន​បទ “គិតដោយ​ស្មើ​ភាព សាង​ដោយ​ប្រាជ្ញា ច្នៃប្រឌិតសង្គម​​​ដើម្បី​ការ​ប្តូរ​ផ្លាស់ »។ សម្រាប់​អង្គការ​សហប្រជាជាតិ​​ ការ​ច្នៃប្រឌិត​ដោយ​ស្រ្តី និងយុវតី ការ​ច្នៃ​ប្រឌិត​ដើម្បី​ស្ត្រី​និង​យុវតី​ គឺ​ជា​ចំណុច​ស្នូលនាំ​មក​នូវសមភាព​រវាង​ស្ត្រី​និង​បុរស។ មាន​តែការ​​​ច្នៃ​ប្រឌិត​សង្គមថ្មី ផ្តល់​ប្រយោជន៍​ដល់​ស្ត្រី​ផង​និង​បុរស​​​​ផងទេ ដែល​នឹង​នាំ​ពិភពលោក​បាន​កំណត់​កម្មវត្ថុ​ចង់​​សម្រេច​ឱ្យ​​សមភាព​រវាង​ស្ត្រី​និង​បុរស​ នៅ​ឆ្នាំ​២០៣០។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់ ទិវានារី​អន្តរជាតិ​ឆ្នាំនេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​អំពាវនាវ​ធ្វើ​កូដកម្ម​ នៅ​បារាំង​ ព្រមទាំង​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត នៅ​វេលា​ម៉ោង ៣និង​៤០​នាទី​រសៀល ដើម្បី​បរិហារ​វិសមភាព​នៃប្រាក់​ខែ។

បាតុកម្ម​បរិហារ​អំពី​វិសមភាព​នៃ​ប្រាក់​បៀវត្សរ៍​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ៧ វិច្ឆិកា ២០១៦
បាតុកម្ម​បរិហារ​អំពី​វិសមភាព​នៃ​ប្រាក់​បៀវត្សរ៍​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ៧ វិច្ឆិកា ២០១៦ RFI/Charlotte Herzog
ផ្សាយពាណិជ្ជកម្ម

៨ មីនា ដែលជា​ឱកាស​នៃ​ការ​បង្ហាញ​អំពី​តុល្យការប្រចាំ​​ឆ្នាំ​ ជុំ​វិញ​បញ្ហា​វិសមភាព​ស្ត្រី​និង​បុរស​ថា​​ ​ល្អប្រសើរ ឬ​ធ្លាក់​ចុះ​​នេះ ​ជា​ត្រូវ​បាន​អង្គការ​សហប្រជាជាតិប្រកាស​បង្កើតជា​ទិវាសិទ្ធិនារី​អន្តរជាតិ​ ​នៅ​ឆ្នាំ​១៩៧៧។ ប៉ុន្តែ​ទិវា​នេះ ប្រវត្តិ​យូរ​ឆ្នាំ​ មុន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​របស់​អង្គការ​សហប្រជាជាតិ​ទៅ​ទៀត ហើយ​ជម្រើស​ថ្ងៃទី ៨ មីនា នៅ​តែ​បន្ត​មានការ​ជជែក​តវ៉ា​គ្នា​នៅ​ឡើង​ក្នុង​រង្វង់​អ្នកជំនាញ​​ប្រវត្តិសាស្ត្រ។

ប្រវត្តិទិវាសិទ្ធិ​នារី

ទិវា​សិទ្ធិនារី​អន្តរជាតិ ទំនង​ជាចាប់​​ពន្លក​តាំង​ពី​ដើម​សតវត្សរ៍​ទី ២០ តាម​រយៈការ​ប្រមូល​ផ្តុំ​បាតុកម្ម​មួយ​ឆាវ​ទាមទារ​សិទ្ធិ​របស់​​ស្ត្រី​អង់គ្លេស​ នៅ​ឆ្នាំ​១៩០៣ និង​​បន្ទាប់​មក​នៅ​ឆ្នាំ​១៩០៩ គណបក្ស​សង្គម​និយម​អាមេរិក​បាន​ប្រកាស​យក​ថ្ងៃអាទិត្យ​ចុង​ក្រោយ​នៃ​ខែ​កុម្ភៈ​ធ្វើ​បាតុម្ម​ដើម្បី​បុព្វហេតុ​ស្ត្រី។ រហូត​ដល់​ឆ្នាំ​១៩១០ នៅ​ក្នុង​​សន្នសីទ​អន្តរជាតិ នៅទីក្រុង​កូផែនហាក ​រៀប​ចំឡើងដោយ​ស្ត្រី​សង្គម​និយម​មកពី​១៧​ប្រទេស និង​ដឹកនាំ​ដោយ​ស្ត្រី​អ្នក​នយោបាយបែប​​ស្ត្រី​និយមជាតិ​​អាល្លឺម៉ង់ បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ ទទួល​ស្គាល់​អំពីភាព​ចាំបាច់​ដែល​ត្រូវ​មាន​ទិវាអន្តរជាតិ​​ឧទ្ទិស​ដល់​ស្រ្តី ថ្ងៃទី​៨​មីនា។

បើ​តាម​ប្រវត្តិវិទូ​បារាំង ការ​ជ្រើសរើស​យក​ថ្ងៃទី​៨មីនា​ ដោយ​គេ​នឹង​ភ្នក​​ដល់​ថ្ងៃទី ៨ មីនា ១៨៥៧​ ដែលបុគ្គលិក​ការងារ​អាមេរិក​ភេទ​ស្រ្តី​នាំគ្នា​ធ្វើ​បាតុកម្ម ជា​លើក​ដំបូង​នៅ​ញូវយ៉ក។ ប៉ុន្តែគ្មាន​ឯកសារ​ឯណា​ផ្សេង​សរសេរ​អំពី​ព្រឹត្តិការណ៍​បាតុកម្ម​នោះ​សោះ។ សម្មតិកម្ម​មួយ​ទៀត ជា​ការ​កាត់​ផ្តាច់​ពី​ហេតុការណ៍​នៅ​អាមេរិក។ ជម្រើស​ថ្ងៃ​ទី ៨​មីនា អាច​មាន​ប្រវត្តិ​ទាក់ទង​នឹង​​ថ្ងៃទី ៨ មីនា ១៩១៧ ថ្ងៃ​ដែល​កម្មការិនី​រុស្ស៊ី​នាំគ្នា​ធ្វើ​បាតុកម្ម​នៅទីក្រុង​សាំងប៉េស្ត្រាស្បួរ។ ជា​បាតុកម្ម​ដើម​ហេតុ​នាំ​ឱ្យ​មាន​បដិវត្ត​រុស្ស៊ី។

ទោះ​មាន​ប្រវត្តិប្រទាញ​ប្រទង់​គ្នា​ក្តី​ ក៏​ក្រុម​ចលនា​ស្ត្រី​នៅ​បារាំង បាន​កំណត់​យក​​ថ្ងៃទី ៨​មីនា​ ចាប់​ពី​ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​បញ្ចេញ​សកម្មភាព​ដើម្បី​សេរីភាព​ស្ត្រី។ ហើយ​ពីរ​ឆ្នាំ​ក្រោយ អង្គការ​សហប្រជាជាតិ​ក៏​បាន​អនុម័ត​ជា​ទិវាសិទ្ធិនារី​អន្តរជាតិ។ អាមេរិក​បាន​កំណត់​តាម​នៅ​ឆ្នាំ​១៩៨០ និងនៅ​​១៩៨២​សម្រាប់​បារាំង។

វិសមភាព​ប្រាក់​បៀវត្សរ៍

​​៤២ឆ្នាំ​ក្រោយ ដើម្បី​ឧទ្ទិសនិង​រំលឹក​ដល់​សិទ្ធិស្ត្រី​ អង្គការ​ការពារ​សិទ្ធិស្ត្រី​បាន​អំពាវនាវ​ឱ្យ​មាន​បាតុកម្ម​និង​កូដកម្ម​ឈប់​ធ្វើការ​ នៅ​វេលាម៉ោង​បីនិង​៤០​នាទី​រសៀល នៅទូទាំង ​បរិហារ​វិសមភាព​នៃ​ប្រាក់បៀវត្សរ៍​រវាង​ស្ត្រី​និង​បុរស។ ស្ត្រី​បារាំង​ជា​ទូទៅ​មាន​ប្រាក់បៀវត្សរ៍ទាប​ជាង​បុរស​ ជាមធ្យម​ប្រមាណ​ ២៦%​ ឬ​បើ​គិត​ពីការងារ​ពេញ​ម៉ោង ប្រាក់ខែ​ស្ត្រីទាបជាង​បុរស​ប្រមាណ​ ១៥%។ ដូច្នេះ​បើ​តាម​ទ្រឹស្តី​និង​ការ​គុណគិត​ទៅ មាន​ន័យ​ថាស្ត្រី​ត្រូវឈប់ធ្វើការ​ ​ នៅ​ម៉ោង​ ១៥និង​៤០​នាទីទើប​សមនឹង​ប្រាក់​ខែ ហើយ​បើ​ធ្វើ​រហូត​ដល់​ម៉ោង​កំណត់ ​ម៉ោង​៥​ល្ងាច គឺ​ស្មើ​នឹង​ធ្វើការឱ្យ​ទទេ។

​ចលនា​ការពារ​ស្ត្រី​បារាំង ហៅ​ស្ត្រី​ឱ្យ​ឈប់​ធ្វើការ​នៅ​ថ្ងៃ​ទិវា​សិទ្ធិនារី​ ​នៅ​ម៉ោង​បីនិង​៤០​នាទី​រសៀលនេះ​ ក៏​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​ក្រុមហ៊ុន​សហគ្រាស​បារាំង​ធំៗ បាន​ចាប់​​ផ្សាយ​អំពី​​សន្ទទស្សន៍​​​នៃសមភាព​​ស្ត្រី​និង​បុរស ស្រប​តាម​ច្បាប់ថ្មី​​ស្តី​អំពី​ការ​កាត់​បន្ថយ​វិសមភាព​ភេទផង​និង​ប្រាក់​បៀវត្សរ៍​ផង​។

ក្រៅ​អំពី​ទាមទារ​ឱ្យ​មាន​សមភាពផ្នែកការងារ ថ្ងៃ​៨​មីនា​ឆ្នាំ​នេះ​ក៏​ជា​ឱកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ដែរ​។ នៅបារាំង​មាន​ស្ត្រី​ម្នាក់​ស្លាប់​ជា​រៀង​រាល់​បី​ថ្ងៃ ដោយ​សារ​អំពើហិង្សា​ពី​សំណាក់​បុរស​ជា​ប្តី​ឬអតីត​ប្តី ក្នុង​ខណៈ​ដែល​មាន​ស្ត្រី ម្នាក់​ក្នុង​ចំណោម​បី​នាក់ នៅ​លើ​ពិភពលោក រង​អំពើ​ហិង្សា​ លើ​រាងកាយ​និង​ផ្លូវភេទ និង​​ដល់​៧០%​ ចំពោះ​ករណី​ស្ត្រី​និង​យុវតី​នៅ​បង់ក្លាដែស។

​វិសមភាព​រវាង​ស្ត្រី​និង​បុរ​ស នៅលើ​ពិភពលោក

៧០%​នៃ​អ្នកក្រីក្រ​នៅលើ​ពិភពលោក​ជា​ស្ត្រីភេទ។ ស្ត្រី​បាន​ទទួល​ប្រាក់​ខែ​ប្រមាណ​តែ​១០%​​នៃ​ប្រាក់​ចំណូល​របស់​ពិភពលោក និង​មាន​ឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ​សម្បែង/​ដីធ្លី​តែ​ប្រមាណ​១%​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​​ស្រ្តី​បាន​បំពេញ​ការងារ​ឱ្យ​ផែនដី​ដល់​ទៅ ៦៦% ជា​អ្នក​ផលិត​ចំណីអាហារ​ដល់​៥០% នៃ​តម្រូវការ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។​​ នៅអឺរ៉ុប​ស្ត្រី​ពិការ​ជួប​គ្រោះ​អត់ការងារ​ធ្វើ​ច្រើន​ជាង​បុរស​ខ្លាំងណាស់។

​វិសមភាពការងារ​និងវិជ្ជាជីវៈ​​​រវាង​បុរស​និង​ស្ត្រី មិន​បាន​រួម​តូច​ទេ តាំង​ពី​២៥​ឆ្នាំ​ចុងក្រោយ​មក​នេះ។ នៅក្នុង​ប្រទេស​ក្រីក្រ និង​មធ្យម ស្ត្រីផ្តុំ​កម្លាំង​​ធ្វើការ​តែ​ក្នុង​កសិកម្ម​។ នៅក្នុង​ប្រទេស​អ្នក​មាន​ ស្ត្រី​អាច​ឈាន​ទៅ​ចាប់ការងារ​បាន​ល្អ តែ​ក្នុង​វិស័យ​សុខាភិបាល អប់រំ និងពាណិជ្ជកម្ម​។​ ស្ត្រី​មាន​មុខ​មាត់​តិច​តួច​នៅ​ក្នុង​ការ​ចរចា​នយោបាយ​ ឬ​សន្តិភាព​នានា។

​អង្គការ​សហប្រជាជាតិ ចង់​សម្រេច​​កម្ម​វត្ថុ​ស្វែង​រក​​សមភាព​ឱ្យ​ស្ត្រី​និង​បុរស​ឱ្យ​បាន​នៅ​ឆ្នាំ ២០៣០ តាម​រយៈ​ការ​បង្កើត​គំនិត​ថ្មី មាន​ភាព​ច្នៃប្រឌិត​សង្គម​ខ្ពស់ អាច​ឱ្យ​ស្ត្រី​និង​បុរស​ទាញ​ប្រយោជន៍​បាន​ស្មើ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ