ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT

ដើម្បីទប់​នឹង​ឥទ្ធិពល​របស់​ចិន បារាំង​ផ្តើម​ទៅ​បបោស​អង្អែល​ជីប៊ូទី​ដែល​ជា​ដៃគូ​យុទ្ធសាស្រ្ត និង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន

ដើម្បីទប់​នឹង​ឥទ្ធិពល​របស់​ចិន បារាំង​ផ្តើម​ទៅ​បបោស​អង្អែល​ជីប៊ូទី​ដែល​ជា​ដៃគូ​យុទ្ធសាស្រ្ត និង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន
 
លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​ជីប៊ូទី​លោក​អ៊ីស្មាអែល អូម៉ារហ្គេឡេ CHRISTOPHE ARCHAMBAULT / AFP

លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាហ្រ្វិក​ដោយ​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អង្គារ ទី១២ មីនា។ បន្ទាប់​មក លោក​ម៉ាក្រុង​នឹង​បន្ត​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ពីរ​ទៀត គឺ​អេត្យូពី និង​កេនយ៉ា។ គួរ​រម្លឹក​ថា ជីប៊ូទី​បាន​ស្ថិត​ក្រោម​អាណានិគម​បារាំង និង​ទើប​ទទួល​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ ១៩៧៧។ បច្ចុប្បន្ន បារាំង​មាន​មូលដ្ឋាន​ទ័ព និង​បាន​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​ជាមួយ​ប្រទេស​ជីប៊ូទី។

តែ​អ្វី​ជា​ការ​កត់សម្គាល់ ប្រទេស​អាហ្រ្វិក​មួយ​នេះ​កំពុង​មាន​អារម្មណ៍​ត្រូវ​បាន​អតីត​ចៅហ្វាយ​របស់​ខ្លួន​បំភ្លេច​ចោល និង​កំពុង​ចោទ​ជា​សំណួរ​ថា តើ​ខ្លួន​នៅ​ជា​ដៃគូ​យុទ្ធសាស្រ្ត និង​ប្រវត្តិសាស្រ្ត​របស់​បារាំង​ទៀត ឬ​យ៉ាង​ណា?។

ជា​ប្រទេស​ដៃគូ​យុទ្ធសាស្រ្ត និង​ប្រវត្តិសាស្រ្ត​របស់​បារាំង​មែន តែ​គេ​ត្រូវ​រង់ចាំ​ដល់​ទៅ ៩ឆ្នាំ​ទើប​ឃើញ​ប្រធានាធិបតី​បារាំង​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​ជីប៊ូទី។ ប្រធានាធិបតី​បារាំង​ចុង​ក្រោយ​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ជីប៊ូទី​កាល​ពី ៩ឆ្នាំ​មុន គឺ​លោក​នីកូឡា សាកូហ្ស៊ី។ ៩ឆ្នាំ​ក្រោយ​មក បរិបទ​នៅ​ក្នុង​លោក និយាយ​ជា​រួម និង​នៅ​ក្នុង​ប្រទេស​ជីប៊ូទី និយាយ​ដោយឡែក​មាន​ការ​ប្រែប្រួល​ច្រើន​ណាស់។ ជា​ការ​ពិត ក្នុង​នាម​ជា​អតីត​មហាអំណាច​អាណានិគម និង​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ ប្រវត្តិសាស្រ្ត បារាំង​បាន​បន្ត​រក្សា​មូលដ្ឋាន​ទ័ព និង​ទើប​បន្ត​កិច្ចព្រមព្រៀង​ការពារជាតិ​ក្នុង​ឆ្នាំ ២០១១ ជាមួយ​ជីប៊ូទី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អាហ្រ្វិក​មួយ​នេះ​បាន​បើក​ទ្វារ​ទទួល​ឲ្យ​ប្រទេស​ផ្សេង​សង់​មូលដ្ឋានទ័ព​លើ​ទឹកដី​របស់​ខ្លួន។

ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ អាមេរិក​បាន​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​ជីប៊ូទី​ក្នុង​ឆ្នាំ២០០២ បន្ត​ដោយ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១១ និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ជីប៊ូទី​ក្នុង​ឆ្នាំ ២០១៧។ ក្រៅ​ពី​នោះ នៅ​មាន​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដូច​ជា​អ៊ីតាលី អាល្លឺម៉ង់ និង​ប្រទេស​អេស្ប៉ាញ។ តែ​អ្វី​ដែល​បារាំង​កំពុង​បារម្ភ​ខ្លាំង គឺ​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​អតីត​ប្រទេស​កូនចៅ​របស់​ខ្លួន​មួយ​នេះ។ ចូរ​កុំ​ភ្លេច​ថា ចិន​បាន​សង់​មូលដ្ឋាន​ទ័ព​លើកទី១ នៅ​បរទេស​លើ​ទឹកដី​ជីប៊ូទី​ក្នុង​ឆ្នាំ ២០១៧ ដែល​អាច​ទទួល​ទាហាន​ឲ្យ​ស្នាក់នៅ​ដល់ ១០ ០០០នាក់ និង​គ្រោង​សង់​មួយ​ទៀត​នា​ពេល​ខាង​មុខ។ តែ​ទន្ទឹម​នឹង​មាន​មូលដ្ឋានទ័ព ចិន​បាន​ប្រើ​ទឹកលុយ​ជា​រូបភាព​ប្រាក់កម្ចី និង​ជំនួយ​ឥតសំណង​ដើម្បី​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជីប៊ូទី ពិសេស​កំពង់ផែ។

ជីប៊ូទី​ដែល​មាន​ផ្ទៃក្រឡាដី​តែ ២៣ ០០០គីឡូម៉ែត្រក្រឡា និង​មាន​ប្រជាជន​រស់នៅ​មិន​ដល់ ៩០០ ០០០ម៉ឺននាក់​ផង​មាន​ប្រភព​ចំណូល​តិចតួច និង​ពឹងផ្អែក​លើ​អ្នក​ដទៃ។ តែ​ម្ចាស់បំណុល​ធំ​ជាង​គេ​របស់​ជីប៊ូទី​មិនមែន​បារាំង អាមេរិក ឬ​ជប៉ុន​ទេ តែ​ចិន ព្រោះ​ប្រាក់បំណុល​ទាំង​អស់​របស់​ជីប៊ូទី មាន​ដល់​ទៅ ២ភាគ៣ ឯណោះ​ដែល​ជីប៊ូទី​ជំពាក់​ចិន និង​ដល់​ពេល​ដែល​ជីប៊ូទី​ចាប់​ផ្តើម​សង​ចិន​បណ្តើរៗ​ហើយ។ សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​រដ្ឋអំណាច​ជីប៊ូទី​ត្រូវ​រក​លុយ​សង​ចិន​តាម​របៀប​ណា។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា នៅ​ក្នុង​ន័យ​នេះ និង​ក្នុង​លក្ខខណ្ឌ​នេះ ជីប៊ូទី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រគល់​ទៅ​ឲ្យ​ចិន​កាន់កាប់​មួយ​ភាគ ឬ​ទាំង​ស្រុង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើយ។

តើ​ការ​ដែល​ជីប៊ូទី​បាន​ឈាន​មក​ដល់​ដំណាក់ការ​នេះ​ជា​កំហុស​របស់​បារាំង​ដែល​ជា​អតីត​មហាអំណាច​អាណានិគម ឬ​មួយ​ក៏​ជា​កំហុស​របស់​ជីប៊ូទី?។ បារាំង​មិន​បាន​ឆ្លើយ​ត្រង់​នឹង​សំណួរ​នេះ​ទេ តែ​វិមាន​អេលីហ្សេ​បាន​គូសបញ្ជាក់​ថា គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​គឺ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ជីប៊ូទី ពិសេស​ក្នុង​សំណុំរឿង​សេដ្ឋកិច្ច និង​វិនិយោគ។ ចំណែក​រដ្ឋអំណាច​ជីប៊ូទី​បាន​ឆ្លើយ​ដោយ​មិន​អល់អែក​ថា គឺ​បារាំង​ដែល​បាន​បំភ្លេច​ខ្លួន​ចោល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ពិសេស​បន្ទាប់​ពី​ប្រទេស​ជិត​ខាង​ពីរ​នៅ​ក្នុង​តំបន់ គឺ​អេត្យូពី និង​អេរីត្រេ​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា​ក្នុង​ឆ្នាំ ២០១៨។

ទីក្រុង​ជីប៊ូទី​បាន​មើល​ឃើញ និង​ហាក់​បាន​ប្រឈម​នឹង​រូបភាព​ភូមិសាស្រ្តនយោបាយ​ផ្លាស់ប្តូរ​ដោយសារ​ការ​បង្រួបបង្រួម​រវាង​ប្រទេស​អេត្យូពី និង​ប្រទេស​អេរីត្រេ។ អ្វី​ដែល​ជីប៊ូទី​ខកចិត្ត​ខ្លាំង​ជាង​គេ​មិនមែន​ការ​ត្រូវ​គ្នា​ឡើង​វិញ​រវាង​អេត្យូពី និង​អេរីត្រេ​ទេ តែ​ដោយសារ​តែ​ជម្លោះ​ដីធ្លី​រវាង​ខ្លួន និង​ប្រទេស​អេរីត្រេ​នៅ​មិន​ទាន់​បាន​ដោះស្រាយ រួម​ទាំង​ចោទ​សួរ​ពី​កន្លែង​ពិត​ប្រាកដ​ដែល​ខ្លួន​ត្រូវ​ឈរ​នៅ​ក្នុង​តំបន់។ អារម្មណ៍​បំភ្លេច​ជីប៊ូទី​ពី​បារាំង​ធ្លាប់​ត្រូវ​បាន​សារភាព​ផ្ទាល់​មាត់​ពី​លោក​ប្រធានាធិបតី​ជីប៊ូទី​អ៊ីស្មាអែល អូម៉ារហ្គេឡេ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​ទស្សនាវដ្តី​យុវជនអាហ្រ្វិក​កាល​ពី​ឆ្នាំ ២០១៥។ ចំណាប់​អារម្មណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពី​មន្រ្តីការទូត​បារាំង​ម្នាក់​ប្រចាំ​តំបន់​ដែល​បញ្ជាក់​ថា បារាំង​បាន​ទុក​ចោល​អតីត​កូនចៅ​របស់​ខ្លួន​ឲ្យ​អ្នក​ផ្សេង​មើល​ថៃ ពិសេស​ចិន។

ថ្មីៗ​កន្លង​ទៅ​ទៀត ពោល​នា​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាជិក​សភា​បារាំង​នៅ​ជីប៊ូទី​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ ពួក​គេ​បាន​សង្កេត​ឃើញ​ពី​ការ​ប្រជែង​កម្លាំង​របស់​មហាអំណាច​បរទេស​នៅ​ក្នុង​ប្រទេស​ជីប៊ូទី ពិសេស​ពី​ប្រទេស​ចិន​ក្នុង​ពេល​ដែល​បារាំង​មិន​សូវ​អើពើ។ អ្វី​ដែល​ជីប៊ូទី​កំពុង​រង់ចាំ និង​ចង់​ឮ​ពី​បបូរ​មាត់​លោក​ម៉ាក្រុង​នា​វត្តមាន​លើ​ទឹកដី​ជីប៊ូទី​ពេល​នេះ​គឺ​ថា តើ​បារាំង​នៅ​តែ​គិត និង​មាន​ជំហរ​គាំទ្រ​ឥត​ងាករ៉េ​ចំពោះ​ជីប៊ូទី​ដូច​ពី​មុន​ទៀត ឬ​យ៉ាង​ណា?។ ទីក្រុង​ជីប៊ូទី​បាន​សារភាព​ថា បើ​ទីក្រុង​ប៉ារីស​មិន​បោះបង់​ខ្លួន​ចោល​ទេ នោះ​ខ្លួន​ក៏​មិន​រត់​រក​អ្នក​ដទៃ​ដែរ។ ចំណែក​ទីក្រុង​ប៉ារីស​បាន​ដឹង​ច្បាស់ណាស់​ចំពោះ​បញ្ហា​នេះ និង​ហាក់​បាន​ភ្ញាក់​ខ្លួន​ដោយ​ចង់​យក​ត្រឡប់​វិញ​នូវ​តួនាទី​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​ជីប៊ូទី។

ការ​ដែល​លោក​ម៉ាក្រុង​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រធាន​ក្រុមហ៊ុន សហគ្រាស​បារាំង​ជា​សក្ខីកម្ម​បញ្ជាក់​ថា បារាំង​លែង​ចង់​ទុក​ជីប៊ូទី​ឲ្យ​នៅ​ត​ទល់​មួយ​ទល់​មួយ​ជាមួយ​ចិន​ទៀត​ឡើយ។ ក្រុម​អ្នកវិភាគ​បាន​សម្លឹង​ឃើញ​យុទ្ធសាស្រ្ត​នៅ​ក្នុង​វិស័យ ៣ ដែល​បារាំង​ត្រូវ​ពង្រឹង​នៅ​ជីប៊ូទី វិស័យ​សេដ្ឋកិច្ច​តាម​រយៈ​បង្កើន​ការ​វិនិយោគ វិស័យ​វប្បធម៌​តាម​រយៈ​អង្គការ​នៃ​ក្រុមប្រទេស​ប្រើ​ភាសា​បារាំង និង​វិស័យ​យោធា។ ចំណែក​ជីប៊ូទី​ក៏​ចង់​មាន​ទំនាក់ទំនង​ចម្រុះ​ដោយ​មិន​ចង់​ពឹង​ផ្អែក​តែ​លើ​ចិន​មួយ​ទៀត​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង-អាហ្រ្វិក

    បារាំង-អាហ្រ្វិក៖​លោក​ម៉ាក្រុង​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​បារាំង​ក្នុង​ការ​ប្រឆាំង​ពួកជីហាត​នៅ​តំបន់​សាហ៊ែល

    ស្វែងយល់បន្ថែម

  • បារាំង

    ប្រធានាធិបតី​បារាំង នឹងបង្ហាញ​​ពី​យុទ្ធសាស្រ្ត លើក​តម្កើង​ភាសា​បារាំងនៅទូទាំង​ពិភពលោក

    ស្វែងយល់បន្ថែម

  • អាហ្វ្រិក-សន្តុសុខ

    បារាំង​​ដឹកនាំ​ជំនួបកំពូល​ ជំរុញ​បង្កើត​កម្លាំង​សន្តិសុខ​ពិសេស ​តំបន់​សាហ៊ែល​អាហ្វ្រិក

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ