អានតួអត្ថបទ
អាមេរិក-អឺរ៉ុប-Gafa

អាមេរិក​ព្រមាន​ប្តឹង​បារាំង និង​ប្រទេសអឺរ៉ុប​ខ្លះ​ទៅ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ក្នុង​សំណុំរឿង Gafa

នៅ​ថ្ងៃ​អង្គារ ទី១២ មីនា លោក Chip Harter អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ថា រដ្ឋបាល​អាមេរិក​កំពុង​រៀបចំ​វិធានការ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​បារាំង រួម​ទាំង​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ចង់​យក​ពន្ធ​លើ​ក្រុមហ៊ុន​អ៊ីនធឺនែត និង​ឌីជីថល​អាមេរិកាំង​គ្រាក់ៗ​ចំនួន ៤ គឺ Google Amazon Facebook និង Appel ដែល​ហៅ​ពាក្យ​កាត់​ថា Gafa។ តាម​លោក Chip Harter រដ្ឋបាល​អាមេរិក​បាន​ចាត់​ទុក​គម្រោងការ​របស់​ប្រទេស​អឺរ៉ុប​ទាំង​នោះ​ថា​មាន​លក្ខណៈ​រើសអើង និង​ព្រមាន​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

Logo របស់​ក្រុមហ៊ុន Google Appel Facebook និង Amazon ហៅពាក្យ​កាត់ថា Gafa
Logo របស់​ក្រុមហ៊ុន Google Appel Facebook និង Amazon ហៅពាក្យ​កាត់ថា Gafa Damien MEYER / AFP
ផ្សាយពាណិជ្ជកម្ម

លោក Chip Harter បាន​ប្រតិកម្ម​យ៉ាង​ដូច​នេះ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ក្នុង​ទីក្រុង​ប៉ារីស​នា​ឱកាស​ដែល​លោក​ត្រូវ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ហៅកាត់​ថា OCDE។ អ្នក​ទទួល​ខុសត្រូវ​អាមេរិកាំង​រូប​នេះ​បាន​យល់​ឃើញ​ថា គម្រោង​យក​ពន្ធ​លើ​ក្រុមហ៊ុន​អ៊ីនធឺនែត និង​ឌីជីថល​អាមេរិកាំង​គ្រាក់ៗ​ចំនួន ៤ គឺ Google Amazon Facebook និង Appel ជា​រឿង​មិន​ត្រឹមត្រូវ មាន​លក្ខណៈ​រើសអើង និង​បាន​សំណូមពរ​ឲ្យ​ធ្វើ​កំណែទម្រង់​ច្បាប់ពន្ធ​ទូទៅ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការ OCDE។ គួរ​រម្លឹក​ថា គឺ OCDE ដែល​បាន​ផ្តើម​ឲ្យ​មាន​ការ​ចរចា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តីពី​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុ​ឌីជីថល​គ្រាក់ៗ​ដែល​បាន​ប្រកាស​ពី​ប្រាក់ចំណូល​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ដែល​យក​ពន្ធ​តិច។

តែ​ដោយ​កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ត្រូវ​រង់ចាំ​នៅ​ឆ្នាំ ២០២០ មាន​ប្រទេស​អឺរ៉ុប​ខ្លះ​ដូច​យ៉ាង​បារាំង អង់គ្លេស អេស្ប៉ាញ អូទ្រីស និង​អ៊ីតាលី​បាន​ផ្តើម​ចាត់​វិធានការ​រៀងៗ​ខ្លួន​យក​ពន្ធ​ចាប់​ពី​ឆ្នាំ ២០១៩ នេះ​ទៅ​លើ​ក្រុមហ៊ុន Google Amazon Facebook និង Appel ដែល​ហៅ​ពាក្យ​កាត់​ថា Gafa។ ថ្ងៃ​ពុធ ទី៦ មីនា បារាំង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​យក​ពន្ធ​ក្នុង​អត្រា ៣% លើ​ប្រាក់ចំណូល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល ពី​ការ​លក់​ទិន្នន័យ​ផ្ទាល់ខ្លួន និង​ប្រាក់​ចំណូល​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​គ្រាក់ៗ ដូច​ជា Google Amazon Facebook និង Appel។

« យើង​ចាត់​ទុក​គម្រោងការ​នេះ​របស់​បារាំង​មាន​លក្ខណៈ​រើសអើង​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាមេរិកាំង ហើយ​គ្រប់​ស្ថាប័ន​ក្នុង​រដ្ឋបាល​របស់​យើង​កំពុង​សិក្សា​មើល​ថា តើ​ផលប៉ះពាល់​នៃ​ការ​រើសអើង​នេះ​នឹង​ផ្តល់​ឲ្យ​យើង​នូវ​សិទ្ធិ​ប្តឹង​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ឬ​អត់ » នេះ​ជា​ប្រតិកម្ម​ព្រមាន​របស់​លោក Chip Harter។

បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​លោក Bruno Lemaire បាន​ឆ្លើយ​បក​វិញ​ថា បារាំង​ជា​រដ្ឋអធិបតេយ្យ​ដែល​មាន​សិទ្ធិ​សម្រេច​នយោបាយ​ពន្ធ​របស់​ខ្លួន​ដោយ​សេរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ