Brexit៖ច្រកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបកំពុងបន្តស្រពិចស្រពិលកាន់តែខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៤
នៅយប់ថ្ងៃអង្គារ ទី១២ មីនា សភាអង់គ្លេសបានបោះឆ្នោតច្រានចោលកិច្ចព្រមព្រៀងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបដែលហៅថា Brexit។ នេះជាលើកទី២ ក្នុងរយៈពេល ២ខែដែលក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសភាគច្រើនបានបោះឆ្នោតមិនទទួលយកកិច្ចព្រមព្រៀង Brexit ដែលលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសទែរ៉េហ្សា ម៉េបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨។ ជាថ្មីម្តងទៀត និងជាមួយសម្លេងស្អកៗអស់កម្លាំង លោកស្រីម៉េបានត្រឹមសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានរម្លឹកប្រាប់ក្រុមតំណាងរាស្រ្តទាំងអស់ជាថ្មីថា ការដែលអង់គ្លេសបានសម្រេចចិត្តដកខ្លួនចេញពីគ្រួសារអឺរ៉ុបជាឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជារាស្រ្តអង់គ្លេស។
ក្នុងរយៈពេល ២ខែ សភាអង់គ្លេសបានបោះឆ្នោតច្រានចោលកិច្ចព្រមព្រៀង Brexit ដែលលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសទែរ៉េហ្សា ម៉េបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨។ បន្ទាប់ពីបានបោះឆ្នោតច្រានចោលលើកទី១ កាលពីថ្ងៃទី១៥ មករាកន្លងទៅ សភាអង់គ្លេសបានបោះឆ្នោតច្រានចោលលើកទី២ នាថ្ងៃអង្គារ ទី១២ មីនា ទោះបីជាលោកស្រីម៉េទទួលបានការធានាមួយចំនួនបន្ថែមពីប្រធានគណៈកម្មការអឺរ៉ុបលោកហ្សង់ខ្លូត យុងក័រនៅសភាអឺរ៉ុបក្នុងទីក្រុងស្រ្តាស្បួរ ប្រទេសបារាំងនាថ្ងៃចន្ទ ទី១១ មីនាក៏ដោយ។
ក្រុមអ្នកវិភាគបានមើលឃើញថា ទោះបីជាលោកស្រីម៉េយកកិច្ចព្រមព្រៀងដដែលនេះទៅដាក់ឲ្យសភាបោះឆ្នោតលើកទី៣ ឬលើកទី៤ ទៀតក៏ដោយ ក៏ក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសនៅតែបោះឆ្នោតប្រឆាំងដដែល។ ហេតុអី? ហេតុផលអាចមានច្រើន តែសំខាន់មានពីរ ទី១ ដើមចមនៃបញ្ហានៅក្នុងកិច្ចព្រមព្រៀងនៅមិនទាន់បានដោះស្រាយ ពោលទាក់ទងនឹងរឿងព្រំដែនអៀរឡង់រវាងដែនដីអៀរឡង់ខាងជើង និងប្រទេសអៀរឡង់។ ចំណែកហេតុផលសំខាន់ទី២ គឺរឿងនយោបាយផ្ទៃក្នុងនៅអង់គ្លេសដែលក្រុមប្រឆាំងចង់ដាក់គំនាប និងចង់បំបាក់មុខ បំបាក់មាត់លោកស្រីម៉េ។
ហេតុអ្វីបានជាព្រំដែនអៀរឡង់បន្តចោទជាបញ្ហាខ្លាំងម្ល៉េះ?
បច្ចុប្បន្ន ទឹកដីអៀរឡង់ត្រូវបានពុះចែកជាពីរ គឺអៀរឡង់ខាងជើងដែលស្ថិតក្រោមការកាន់កាប់របស់ប្រទេសអង់គ្លេស និងអៀរឡង់ខាងត្បូងដែលជាសាធារណរដ្ឋឯករាជ្យមួយស្ថិតក្នុងសមាជិករបស់សហភាពអឺរ៉ុប។ បើអង់គ្លេសបានសម្រេចចិត្តឈប់រួមសុខ រួមទុក្ខជាមួយអឺរ៉ុប និងបើជាការចាកចេញដោយគ្មានកិច្ចព្រមព្រៀងទៀតនោះ ខ្សែព្រំដែនខណ្ឌចែករវាងអៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ប្រវែង ៥០០គីឡូម៉ែត្រនឹងត្រូវមានឡើងវិញ។ នៅក្នុងកិច្ចព្រមព្រៀង Brexit រវាងអង់គ្លេស និងអឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយដើម្បីបញ្ចៀសកុំឲ្យមានជម្លោះបែងចែកទឹកដីនៅអៀរឡង់កម្រើកជាថ្មី សហភាពអឺរ៉ុប និងរដ្ឋាភិបាលអង់គ្លេសបានឯកភាពគ្នាបង្កើតឲ្យមានយន្តការណ៍បណ្តោះអាសន្ន និងលក្ខខណ្ឌពិសេសស្តីពីចរាចរមនុស្ស និងទំនិញរវាងដែនដីអៀរឡង់ខាងជើង និងប្រទេសអៀរឡង់រហូតដល់ខែកក្កដា ឆ្នាំ ២០២០។
បើពីពេលនេះដល់ខែកក្កដា ឆ្នាំ ២០២០ គេមិនអាចរកបានដំណោះស្រាយណាមួយដើម្បីបញ្ជៀសការបង្កើតព្រំដែនឡើងវិញនៅទឹកដីអៀរឡង់ទេ នោះខ្សែព្រំដែនខណ្ឌចែកទឹកដីអៀរឡង់ជាពីរនឹងចូលធរមានជាស្វ័យប្រវត្តិ។ ក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសដែលជំទាស់នឹងរឿងព្រំដែនអៀរឡង់បានពន្យល់ហេតុផលនយោបាយផ្ទៃក្នុង និងអន្តរជាតិ។ នៅម្ខាងមានការយល់ឃើញថា គេមិនអាចចាត់ទុកដែនដីអៀរឡង់ខាងជើងជាដែនដីពិសេសដាច់ដោយឡែកបានទេ ពោលគេមិនអាចបែងចែកដាច់ពីគ្នារវាងទឹកដីអង់គ្លេស និងដែនដីអៀរឡង់ខាងជើងបានឡើយ។ ចំណែកនៅម្ខាងទៀត ពិសេសក្រុមសកម្មជន Brexit មានជំហរតឹងតែងយល់ថា ការផ្តល់លក្ខន្តិកពិសេសឲ្យដែនដីអៀរឡង់ខាងជើងជាការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអង់គ្លេសពីសហភាពអឺរ៉ុប។
បាល់កំពុងស្ថិតក្នុងជើងអង់គ្លេសតែម្នាក់ឯង
ក្រោយការបោះឆ្នោតច្រានចោលចំនួនពីរលើករបស់សភាអង់គ្លេសមក ក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសត្រូវចូលរួមបោះឆ្នោតជាថ្មីនៅថ្ងៃពុធ ទី១៣ និងអាចនៅថ្ងៃព្រហស្បតិ៍ ទី១៤ មីនាទៀត។ សម្រាប់ការបោះឆ្នោតក្នុងថ្ងៃទី១៣ មីនា សភាអង់គ្លេសត្រូវបោះឆ្នោតយល់ព្រម ឬមិនយល់ព្រមចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងដែលភាសាអង់គ្លេសហៅថា no deal។ បើសម្លេងភាគច្រើនគាំទ្រឲ្យអង់គ្លេសចាកចេញដោយគ្មានកិច្ចព្រមព្រៀង អង់គ្លេសនឹងចេញពីអឺរ៉ុបនៅថ្ងៃទី២៩ មីនាដោយដៃទទេ។ ផ្ទុយទៅវិញ បើសភាអង់គ្លេសបោះឆ្នោតមិនព្រមចេញដោយគ្មានកិច្ចព្រមព្រៀង ក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសត្រូវវិលចូលសភានៅថ្ងៃទី១៤ មីនាដើម្បីបោះឆ្នោតសុំ ឬមិនសុំពន្យារពេលចាកចេញពីអឺរ៉ុបនៅក្រោយថ្ងៃទី២៩ មីនា។
ក្នុងករណីដែលសភាអង់គ្លេសសុំពន្យារពេល គឺត្រូវមានការយល់ព្រមពីសមាជិកអឺរ៉ុបទាំង ២៧ប្រទេសជាមុនសិន។ តែបើតាមមើលទៅ និងជាគោលការណ៍ អឺរ៉ុបដែលមិនចង់ឃើញការលែងលះដោយគ្មានកិច្ចព្រមព្រៀងអាចនឹងយល់ព្រមទុកពេលបន្ថែមឲ្យអង់គ្លេស។ ក្នុងករណីនេះ អឺរ៉ុបអាចដាក់ល័ក្ខខ័ណ្ឌជា៣ សំណួរទៅអង់គ្លេស ទី១ តើចង់សុំពន្យារប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ទី២ សុំពន្យារពេលដើម្បីអ្វី និងទី៣ តើក្នុងរយៈពេលពន្យារពេលហ្នឹងអាចសង្ឃឹមនឹងដោះស្រាយបញ្ហាបាន ឬអត់ ហើយបើបាន តើមានសំណាងប៉ុន្មានភាគរយដែរ?។ ទោះជាយ៉ាងណាក្តី អឺរ៉ុបបានបញ្ជាក់ជាថ្មីថា ទ្វារចរចាឡើងវិញបានបិទ និងលែងធ្វើសម្បទានអ្វីបន្ថែមទៀតឡើយ។ ឃើញថា បាល់កំពុងស្ថិតក្នុងជើងអង់គ្លេសតែម្នាក់ឯងគត់ ឬមួយទទួលយកកិច្ចព្រមព្រៀងដែលមានស្រាប់ ឬមួយចេញដោយដៃទទេ ឬមួយក៏វិលត្រឡប់ចូលរួមរស់ជាគ្រួសារអឺរ៉ុបឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ