ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
អឺរ៉ុប

រដ្ឋបាល​អាមេរិក​ប្រើ​ទណ្ឌកម្ម​លើកដំបូង​ប្រឆាំង​នឹង​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ

media  
ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo REUTERS/Kacper Pempel

នៅ​ថ្ងៃ​សុក្រ ទី១៥ មីនា រដ្ឋបាល​អាមេរិក​តាម​រយៈ​ប្រមុខ​ការទូត​លោក Mike Pompeo បាន​ប្រកាស​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ។ គឺ​ជា​ទណ្ឌកម្ម​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ក្រុម​មន្រ្តី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​កំពុង និង​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ជា​យថាហេតុ​ប្រព្រឹត្ត​ដោយ​ទាហាន​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ គួរ​រម្លឹក​ថា​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ សេតវិមាន​បាន​ចេញ​មុខ​ព្រមាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមចៅក្រម ឬ​ក្រុម​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើ​ពួក​គេ​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​លើ​អាមេរិក ឬ​ប្រទេស​អ៊ីស្រាអែល។

កម្មវត្ថុ​របស់​រដ្ឋបាល​អាមេរិក​គឺ​ច្បាស់ណាស់ រារាំង និង​ទប់​ស្កាត់​លើ​គ្រប់​ការ​ស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស្តីពី​ឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​ប្រព្រឹត្ត​ដោយ​ទាហាន​អាមេរិក។ មធ្យោបាយ​ទប់​ស្កាត់​ដែល​អាមេរិក​បាន​ប្រើ គឺ​មិន​ផ្តល់​ទិដ្ឋាការ​ចូល​ក្នុង​ទឹកដី​អាមេរិកាំង​ឲ្យ​ក្រុម​ចៅក្រម ឬ​ក្រុម​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ស៊ើបអង្កេត។ ទិដ្ឋាការ​ដែល​បាន​ប្រគល់​រួច​ហើយ​នឹង​ត្រូវ​ដក​ហូត​វិញ ហើយ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ថ្មី​នឹង​ត្រូវ​បដិសេធ។ ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo បាន​ប្រកាស​ឲ្យ​ដឹង​ថា វិធានការ​នេះ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ហើយ និង​បញ្ជាក់​ថា វិធានការ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្តអាមេរិក ដូច​យ៉ាង​ប្រទេស​អ៊ីស្រាអែល។

លោក Mike Pompeo បាន​ព្រមាន​បន្ថែម​ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត មាន​ទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផង ប្រសិន​បើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​ព្រម​ប្តូរ​ជំហរ​របស់​ខ្លួន​ទេ។ គួរ​រម្លឹក​ថា ចំណាត់ការ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លោកស្រី Fatou Bensouda បាន​សម្រេច​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​ប្រព្រឹត្ត​ដោយ​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តាំង​ពី​ការ​សម្រេច​របស់​លោកស្រី Fatou មក ស្ថាប័ន​អន្តរជាតិ​ទទួល​បន្ទុក​កាត់ទោស​ក្នុង​រឿង​ឧក្រិដ្ឋកម្មសង្រ្គាម និង​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ​មួយ​នេះ​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​សំណាក់​រដ្ឋបាល​អាមេរិក។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ លោក​ចន បុលតុន ទីប្រឹក្សាសន្តិសុខជាតិ​របស់​ប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​ព្រមាន​ចាស់ដៃ​ប្រឆាំង​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដោយ​ចាត់​ទុក​ជា​ស្ថាប័ន​អសមត្ថភាព គ្មាន​ការ​ទទួល​ខុសត្រូវ និង​ប្រកប​ដោយ​គ្រោះថ្នាក់។ ជា​ប្រតិកម្ម​តប​វិញ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី១៥ មីនា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​បញ្ជាក់​ពី​ការ​បន្ត​ការងារ​ឯករាជ្យ​របស់​ខ្លួន​ដោយ​មិន​បាក់​ទឹកចិត្ត ឬ​ខ្លាច​ការ​គំរាម​របស់​អ្នក​ណា​ម្នាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ