អានតួអត្ថបទ
បារាំង-បាតុកម្ម

មេប៉ូលិស​ក្រុង​ប៉ារីស ត្រូវ​ដកហូតតំណែង នៅ ២​ថ្ងៃ​ក្រោយ​បាតុកម្ម​ហិង្សា​របស់​ក្រុម​អាវ​កាក់លឿង

២​ថ្ងៃ​ក្រោយ​អំពើហិង្សា នៅក្នុង​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង ដែល​បាន​ឈាន​ទៅ​ដុតបំផ្លាញ ហាងទំនិញ ប្រណិតៗ នៅ​វិថី សង់អេលីហ្សេ ប្រមុខ​រដ្ឋាភិបាល​បារាំង បាន​ប្រកាស​ចាត់វិធានការ​ចាស់ដៃ​មួយចំនួន និង​ព្រម​ទាំង​ដកតំណែង​មេប៉ូលិស​ក្រុង​ប៉ារីស។ សម្រាប់ អ្នកតំណាង​ក្រុមអាវកាក់លឿង ដែល​បាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ជាង​៣ខែ​មកហើយ​នោះ វិធានការ​រដ្ឋាភិបាល នឹង​មិនទៅ​ដោះស្រាយ​បញ្ហាពិតប្រាកដ គឺ​ឆ្លើយតប​នឹង​ការទាមទារ​របស់​បាតុករទេ ប៉ុន្តែ  ផ្ទុយទៅវិញ គឺ​មាន​តែ​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែខ្លាំង។ 

តូបកាសែត​នៅ​លើ​វិថី​សង់អេលីហ្សេ​ត្រូវ​បាន​ដុតបំផ្លាញ នៅក្នុង​បាតុកម្ម​របស់​ក្រុម​អាវកាក់លឿង នៅថ្ងៃសៅរ៍ ទី ១៩ មីនា ២០១៩
តូបកាសែត​នៅ​លើ​វិថី​សង់អេលីហ្សេ​ត្រូវ​បាន​ដុតបំផ្លាញ នៅក្នុង​បាតុកម្ម​របស់​ក្រុម​អាវកាក់លឿង នៅថ្ងៃសៅរ៍ ទី ១៩ មីនា ២០១៩ ©REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

២​ថ្ងៃ​ក្រោយ អំពើ​ហិង្សា ដុត​បំផ្លាញ ហាងទំនិញ នៅក្នុង​អំឡុង​បាតុកម្ម​របស់​ក្រុម​អាវ​កាក់​លឿង នៅ​លើ​មហាវិថី​សង់អេលីហ្សេ រដ្ឋាភិបាល​បារាំង ចេញមុខ ប្រកាស​វិធានការ ដ៏ម៉ឺងម៉ាត់ ដែលនៅក្នុង​នោះ មានផងដែរ ការដកហូត​តំណែង​របស់​មេប៉ូលិស​ក្រុង​ប៉ារីស។

មេប៉ូលិស​ប៉ារីស លោក​Michel Delpuech ត្រូវ​បាន​ស្តីបន្ទោស​ថា បាន​ចាត់វិធានការ​ដែល​មិន​សមស្រប​នឹង​ស្ថានការណ៍​ពុះកញ្រ្ជោល​របស់ ដោយ​បាន​បណ្តោយ​ឲ្យ​ក្រុមជុ្រលនិយម (Les casseurs)​ដុត និង​វាយបំផ្លាញ ភោជនីយដ្ឋាន និង​ហាងទំនិញ ប្រណិតៗ ជា​ច្រើន​កន្លែង​នៅ​លើ​មហាវិថី ទេសចរណ៍ សង់អេលីហ្សេ នៅក្នុង​អំឡុង​បាតុកម្ម​របស់​អាវកាក់លឿង កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។

ទៅតាម​វិធានការ​ចាស់ដៃ​របស់​រដ្ឋាភិបាល ដែល​នាយករដ្ឋមន្រ្តី បារាំង បាន​ប្រកាស កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ម្សិលមិញ អំណើះតទៅ បាតុកម្ម​របស់​ក្រុមអាវកាក់លឿង នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មាន​នៅក្នុង​សង្កាត់​មួយ​ចំនួន ជាពិសេស នៅ​សង់អេលីហ្សេ ដែល​សំបូរ​ដោយ​ហាងទំនិញ ប្រណិតៗ នោះ​បើសិន​ប៉ូលិស​សង្កេត​ឃើញ​មាន​ក្រុមជ្រុលនិយម ក្រុមដើរ​បំផ្លាញ លេចមុខ នៅក្នុង​បាតុកម្ម​របស់​ចលនា​អាវកាក់កលឿង។

នៅ​ថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​បាន​វាយតម្លៃថា ក្នុង​ចំណោម​បាតុករ​អាវ​កាក់លឿង ១ម៉ឺននាក់ មាន​ក្រុមជ្រុលនិយម ដែល​ជា​ក្រុមបាតុករ​ក្លែងក្លាយ ប្រមាណ ១៥០០​នាក់។ ក្រុមនេះ​ដែល​មាន​ពាក់​អាវខ្មៅ បិទមុខ​ជិត តែងតែ ឆ្លៀតឱកាស​លេច​មុខ នៅក្នុង​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង ដើម្បី ប្រព្រឹត្ត​អំពើ​ហិង្សា លួច វាយបំផ្លាញ ​ដុត​អគារ រដ្ឋ ហើយ​និង​ហាងទំនិញ ឯកជន នៅទីក្រុង​ប៉ារីស។

ក្រៅតែ​ពី​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង នៅ​សង្កាត់​ដែល​ទើប​រងគ្រោះ​ដោយ​អំពើហិង្សា កាលពី​ថ្ងៃ​សៅរ៍ ប្រមុខ​រដ្ឋាភិបាល​បារាំង លោក​Edouard Philippe បាន​ប្រកាស​ផងដែរ​តម្លើង ប្រាក់ពិន័យ ពី ៣៨ អឺរ៉ូ ដល់​១៣៥​អឺរ៉ូ សម្រាប់​ជនណា​ដែល​ចូលរួម​នៅក្នុង​បាតុកម្ម​ខុសច្បាប់។

អ្នកតំណាង​ក្រុមអាវកាក់លឿង​វិញ បាន​ប្រតិកម្ម​ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល ថា ជា​ការបំពុល​សម្លាប់​សេរីភាព ដើម្បី​ហាមឃាត់​មិន​ឲ្យប្រជាជន​ធ្វើ​បាតុកម្ម។ សម្រាប់​ចលនា​អាវកាក់លឿង ទោះ​ជា​រដ្ឋាភិបាល​រកលេស​ពី​វត្តមាន​របស់​ក្រុមជ្រុលនិយម ដើម្បី ហាមឃាត់​​មិន​ឲ្យ​មាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង​ក្តី ប៉ុន្តែ ក្រុមអាវកាក់លឿង នឹង​នៅ​តែ​រកឃើញ យុទ្ធវិធី​ដើម្បី​អាច​ទៅ​ធ្វើ​បាតុកម្ម​សាជាថ្មី នៅ​ថ្ងៃ​សៅរ៍ ទី ២៣​មីនា​ខាងមុខ នៅ​ទីក្រុង​ប៉ារីស ពោល​គឺ​រហូត​ដល់​ថ្ងៃ​ដែល​រដ្ឋាភិបាល ឆ្លើយតប​ទៅតាម​ការទាមទារ​របស់​ក្រុមអាវកាក់លឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ