មេប៉ូលិសក្រុងប៉ារីស ត្រូវដកហូតតំណែង នៅ ២ថ្ងៃក្រោយបាតុកម្មហិង្សារបស់ក្រុមអាវកាក់លឿង
២ថ្ងៃក្រោយអំពើហិង្សា នៅក្នុងបាតុកម្មរបស់ក្រុមអាវកាក់លឿង ដែលបានឈានទៅដុតបំផ្លាញ ហាងទំនិញ ប្រណិតៗ នៅវិថី សង់អេលីហ្សេ ប្រមុខរដ្ឋាភិបាលបារាំង បានប្រកាសចាត់វិធានការចាស់ដៃមួយចំនួន និងព្រមទាំងដកតំណែងមេប៉ូលិសក្រុងប៉ារីស។ សម្រាប់ អ្នកតំណាងក្រុមអាវកាក់លឿង ដែលបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ជាង៣ខែមកហើយនោះ វិធានការរដ្ឋាភិបាល នឹងមិនទៅដោះស្រាយបញ្ហាពិតប្រាកដ គឺឆ្លើយតបនឹងការទាមទាររបស់បាតុករទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺមានតែជំរុញឲ្យមានអំពើហិង្សាកាន់តែខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
២ថ្ងៃក្រោយ អំពើហិង្សា ដុតបំផ្លាញ ហាងទំនិញ នៅក្នុងអំឡុងបាតុកម្មរបស់ក្រុមអាវកាក់លឿង នៅលើមហាវិថីសង់អេលីហ្សេ រដ្ឋាភិបាលបារាំង ចេញមុខ ប្រកាសវិធានការ ដ៏ម៉ឺងម៉ាត់ ដែលនៅក្នុងនោះ មានផងដែរ ការដកហូតតំណែងរបស់មេប៉ូលិសក្រុងប៉ារីស។
មេប៉ូលិសប៉ារីស លោកMichel Delpuech ត្រូវបានស្តីបន្ទោសថា បានចាត់វិធានការដែលមិនសមស្របនឹងស្ថានការណ៍ពុះកញ្រ្ជោលរបស់ ដោយបានបណ្តោយឲ្យក្រុមជុ្រលនិយម (Les casseurs)ដុត និងវាយបំផ្លាញ ភោជនីយដ្ឋាន និងហាងទំនិញ ប្រណិតៗ ជាច្រើនកន្លែងនៅលើមហាវិថី ទេសចរណ៍ សង់អេលីហ្សេ នៅក្នុងអំឡុងបាតុកម្មរបស់អាវកាក់លឿង កាលពីថ្ងៃសៅរ៍កន្លងទៅ។
ទៅតាមវិធានការចាស់ដៃរបស់រដ្ឋាភិបាល ដែលនាយករដ្ឋមន្រ្តី បារាំង បានប្រកាស កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ អំណើះតទៅ បាតុកម្មរបស់ក្រុមអាវកាក់លឿង នឹងត្រូវហាមឃាត់មិនឲ្យមាននៅក្នុងសង្កាត់មួយចំនួន ជាពិសេស នៅសង់អេលីហ្សេ ដែលសំបូរដោយហាងទំនិញ ប្រណិតៗ នោះបើសិនប៉ូលិសសង្កេតឃើញមានក្រុមជ្រុលនិយម ក្រុមដើរបំផ្លាញ លេចមុខ នៅក្នុងបាតុកម្មរបស់ចលនាអាវកាក់កលឿង។
នៅថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបានវាយតម្លៃថា ក្នុងចំណោមបាតុករអាវកាក់លឿង ១ម៉ឺននាក់ មានក្រុមជ្រុលនិយម ដែលជាក្រុមបាតុករក្លែងក្លាយ ប្រមាណ ១៥០០នាក់។ ក្រុមនេះដែលមានពាក់អាវខ្មៅ បិទមុខជិត តែងតែ ឆ្លៀតឱកាសលេចមុខ នៅក្នុងបាតុកម្មរបស់ក្រុមអាវកាក់លឿង ដើម្បី ប្រព្រឹត្តអំពើហិង្សា លួច វាយបំផ្លាញ ដុតអគារ រដ្ឋ ហើយនិងហាងទំនិញ ឯកជន នៅទីក្រុងប៉ារីស។
ក្រៅតែពីហាមឃាត់មិនឲ្យមានបាតុកម្មរបស់ក្រុមអាវកាក់លឿង នៅសង្កាត់ដែលទើបរងគ្រោះដោយអំពើហិង្សា កាលពីថ្ងៃសៅរ៍ ប្រមុខរដ្ឋាភិបាលបារាំង លោកEdouard Philippe បានប្រកាសផងដែរតម្លើង ប្រាក់ពិន័យ ពី ៣៨ អឺរ៉ូ ដល់១៣៥អឺរ៉ូ សម្រាប់ជនណាដែលចូលរួមនៅក្នុងបាតុកម្មខុសច្បាប់។
អ្នកតំណាងក្រុមអាវកាក់លឿងវិញ បានប្រតិកម្មចាត់ទុកវិធានការរបស់រដ្ឋាភិបាល ថា ជាការបំពុលសម្លាប់សេរីភាព ដើម្បីហាមឃាត់មិនឲ្យប្រជាជនធ្វើបាតុកម្ម។ សម្រាប់ចលនាអាវកាក់លឿង ទោះជារដ្ឋាភិបាលរកលេសពីវត្តមានរបស់ក្រុមជ្រុលនិយម ដើម្បី ហាមឃាត់មិនឲ្យមានបាតុកម្មរបស់ក្រុមអាវកាក់លឿងក្តី ប៉ុន្តែ ក្រុមអាវកាក់លឿង នឹងនៅតែរកឃើញ យុទ្ធវិធីដើម្បីអាចទៅធ្វើបាតុកម្មសាជាថ្មី នៅថ្ងៃសៅរ៍ ទី ២៣មីនាខាងមុខ នៅទីក្រុងប៉ារីស ពោលគឺរហូតដល់ថ្ងៃដែលរដ្ឋាភិបាល ឆ្លើយតបទៅតាមការទាមទាររបស់ក្រុមអាវកាក់លឿង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ