ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់
 
អ.ស.ប.ថា ​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ Reuters

ថ្ងៃទី២២ មីនា​ជា​ទិវាទឹកពិភពលោក។ នៅ​ក្នុង​ឱកាស​នេះ អង្គការសហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​នា​ថ្ងៃ​អង្គារ ទី១៩ មីនា​ស្តីពី​ស្ថានភាព​ទឹក​ក្នុង​លោក។ គឺ​ជា​របាយការណ៍​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​មាន​មនុស្ស ៣នាក់​ក្នុង​ចំណោម ១០នាក់​ក្នុង​លោក​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​មាន ៦នាក់​ក្នុង​ចំណោម ១០នាក់​គ្មាន​កន្លែង​អានាម័យ​ត្រឹមត្រូវ។ ជា​សរុប​នៅ​ក្នុង​លោក មាន​មនុស្ស​ជាង ២ ០០០លាននាក់​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់។

នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ទប់ស្កាត់​ការ​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ក្នុង​លោក អង្គការសហប្រជាជាតិ​បាន​រម្លឹក​ជា​ថ្មី​ពី​ច្បាប់អន្តរជាតិ​ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​គិតគូរ​ផ្តល់​ទឹកស្អាត​ដល់​មនុស្ស​គ្រប់រូប​ប្រើប្រាស់​ដោយ​គ្មាន​ការ​រើសអើង។

បរិមាណ​ទឹក​ក្នុង​លោក​មាន​ច្រើន មិន​ខ្វះ​ទេ ដូច​ជា​ទឹកសមុទ្រ ទឹកទន្លេ ទឹកស្ទឹង ឬ​បឹងបួរ រួម​ទាំង​ទឹកភ្លៀង នោះ​បើ​ទោះ​បី​ជា​ប្រទេស​ខ្លះ​មាន​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ធម្មតា​នៅ​ក្នុង​រដូវ​ភ្លៀង។ តែ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ចង់​ទាញ​សញ្ញាអាសន្ន​ពេល​នេះ គឺ​ការ​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ដែល​កំពុង​ប៉ះពាល់​ដល់​មនុស្សលោក​ជាង ២ ០០០លាននាក់។ ទឹក​គ្មាន​តម្លៃ​ដូច​មាស ពេជ្រ ឬ​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត​មែន តែ​ទឹកស្អាត​ក៏​ដូច​ជា​ខ្យល់អុកស៊ីសែន គឺ​ជា​ប្រភព​ទ្រទ្រង់ និង​ចិញ្ចឹម​ជីវិត​មនុស្សលោក​គ្រប់រូប​ដោយ​មិន​អាច​ខ្វះ​បាន ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ។ តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ កង្វះ​ទឹក​មាន​គុណភាព​ប្រើប្រាស់​គ្រប់គ្រាន់ រួម​ទាំង​កង្វះ​ប្រព័ន្ធ​ចម្រាញ់ទឹកស្អាត​ក្នុង​លោក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៧៨០ ០០០នាក់​ក្នុង​មួយ​ឆ្នាំៗ​ដោយ​ជំងឺ​រាកមួល និង​ជំងឺ​អាសន្នរោគ។

ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្វះទឹកស្អាត​ប្រើប្រាស់​ក្នុង​មួយ​ឆ្នាំៗ​មាន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយ​ជម្លោះ​ប្រដាប់អាវុធ ដោយ​គ្រោះធម្មជាតិ និង​ដោយសារ​ជំងឺឆ្លង​ផ្សេងៗ។ គិត​ត្រឹម​ឆ្នាំ ២០១៥ មាន​មនុស្ស​ប្រមាណ​ជា ៨៤៤លាននាក់​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​មាន​ពលរដ្ឋ​ក្នុង​លោក​តែ ៣៩% ប៉ុណ្ណោះ​ដែល​មាន​បំពាក់​ប្រព័ន្ធ​ចម្រាញ់ទឹកស្អាត​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល ផលវិបាក​ដែល​នាំ​ឲ្យ​មាន​កង្វះ​ទឹកស្អាត​ប្រើប្រាស់​មាន ៣ ទី១ កំណើន​ប្រជាសាស្រ្ត ទី២ កំណើន​ការ​អភិវឌ្ឍន៍ និង​ទី៣ ទម្លាប់​នៃ​ការ​ប្រើប្រាស់​ទឹកស្អាត។ អង្គការ​សហប្រជាជាតិ​បាន​ប្រមើលមើល​ថា តម្រូវការ​ទឹកស្អាត​ក្នុង​លោក​នឹង​កើន​ពី​២០ ទៅ ៣០% ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៥០។ ទន្ទឹម​គ្នា​នេះ គ្រោះ​រាំងស្ងួត និង​គ្រោះ​ទឹកជំនន់​ដែល​កើត​ចេញ​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ក៏​អាច​បង្ក​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​ដែរ។

ក្រុម​ប្រទេស​ក្រីក្រ​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ

ស្ថានការណ៍​មាន​មិន​ដូច​គ្នា​ទេ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ តែ​អង្គការសហប្រជាជាតិ​បាន​មើល​ឃើញ​ថា ប្រទេស​ដែល​បាន​រងគ្រោះ កំពុង​រងគ្រោះ និង​បន្ត​រងគ្រោះ​ជា​បន្ត​ទៀត​ច្រើន​ជា​ក្រុមប្រទេស​ក្រីក្រ។ ឧទាហរណ៍​នៅ​អាហ្រ្វិក​ស៊ុបសាហារ៉ា មាន​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ចំណោម ៤នាក់​ដែល​មាន​ប្រភព​ទឹកស្អាត​ប្រើប្រាស់។ ចំណែក​អ្នកក្រីក្រ និង​អ្នក​មាន​ជីវភាព​មធ្យម​បាន​ទិញ​ទឹក​ដឹក​លក់​តាម​ឡាន​កាំមីញ៉ុងស៊ីទែន ឬ​ទិញ​ពី​ក្រុម​អ្នកលក់​តូចតាច​ដោយ​មិន​ដឹង​ពី​គុណភាព​របស់​ទឹក​ច្បាស់លាស់។ ពេល​ខ្លះ ពួក​គេ​បាន​ទិញ​ថ្លែ​ជាង ១០ដង​លើស​ក្រុម​មនុស្ស​ជា​អ្នក​មាន​ទៅ​ទៀត ពោល​បាន​ចំណាយ​ប្រាក់ខែ​របស់​ពួក​គេ​ដល់​ទៅ ១ភាគ៣ ដើម្បី​ទិញ​ទឹកស្អាត​ប្រើប្រាស់ នេះ​ជា​ការ​បញ្ជាក់​របស់​អង្គការសហប្រជាជាតិ។

បន្ទាប់​មក អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញាអាសន្ន​ពី​គ្រោះ​ហានិភ័យ​នៃ​កង្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​តាម​ជំរំ​របស់​ជនបម្លាស់ទី​ដែល​បាន​រត់​គេច​ពី​ជម្លោះ​ប្រដាប់អាវុធ ឬ​ពី​គ្រោះធម្មជាតិ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៧ មាន​មនុស្ស ៧០លាននាក់​បាន​ភៀសខ្លួន​គេច​ចេញ​ពី​ជម្លោះ​ប្រដាប់អាវុធ និង​មាន ២៥លាននាក់​បាន​រត់​គេច​ពី​គ្រោះ​មហន្តរាយធម្មជាតិ។ អង្គការ​សហប្រជាជាតិ​បាន​ប្រមើលមើល​ថា បម្រែបម្រួល​អាកាសធាតុ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន​នឹង​ធ្វើ​ឲ្យ​មាន​អ្នក​រត់គេច​ពី​គ្រោះ​មហន្តរាយធម្មជាតិ​កាន់​តែ​ច្រើន​ថែម​ទៀត។ អ្វី​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​បារម្ភ​ខ្លាំង គឺ​កំណើន​ជម្លោះ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយសារ​ទឹកស្អាត។ ចន្លោះ​ឆ្នាំ ២០០០ និង ២០០៩ ជម្លោះ​មួយ​នេះ​មាន​ប្រមាណ​តែ ១០០លើក​ប៉ុណ្ណោះ តែ​បាន​កើន​ដល់ ២៦០លើក​ក្នុង​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៨។

ប្រទេស​នីមួយៗ​មាន​កាតព្វកិច្ច​ធានា​ឲ្យ​មាន​ទឹកស្អាត​ប្រើប្រាស់​សម្រាប់​ប្រជាជន​ម្នាក់ៗ

អង្គការ​សហប្រជាជាតិ​បាន​រម្លឹក​ឡើង​វិញ​ពី​សិទ្ធិ​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​របស់​មនុស្ស​គ្រប់រូប​ក្នុង​លោក​ដោយ​គ្មាន​ការ​រើសអើង។ « ការ​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​ជា​សិទ្ធិមូលដ្ឋាន​យ៉ាង​សំខាន់​ដើម្បី​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សលោក​ម្នាក់ៗ » នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី Audrey Azoulay អគ្គនាយិកា​នៃ​អង្គការ Unesco នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ តែ​គួរ​ឲ្យ​ស្តាយ បែរ​ជា​មាន​មនុស្ស​ជាង ២ ០០០លាននាក់​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ទៅ​វិញ នេះ​ជា​ការ​បន្ថែម​របស់​លោកស្រី Azoulay។ គួរ​រម្លឹក​ថា កម្មវិធី​របស់​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍ​ហៅកាត់ Pnud បាន​កំណត់​កម្មវត្ថុ​អភិវឌ្ឍ​យូរ​អង្វែង​ដែល​ចែង​ពី​ការ​ទទួល​បាន​ជា​សាកល និង​ស្មើ​ភាព​នូវ​ទឹកស្អាត​ក្នុង​តម្លៃ​សមរម្យ​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០។

តែ​បើ​តាម​មើល​ទៅ កម្មវត្ថុ​មួយ​នេះ​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ទេ។ អង្គការ​សហប្រជាជាតិ​អត់​មាន​រូបមន្ត​ទិព្វ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​ទេ។ តែ​បាន​ផ្តល់​ជា​ឧទាហរណ៍​ខ្លះៗ ដូច​ជា​មិន​ត្រូវ​មាន​ប្រព័ន្ធ​ចម្រាញ់ និង​ចែកចាយ​ទឹក​តែ​មួយ​កន្លែង​ទេ តែ​គួរ​អភិវឌ្ឍ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​នៅ​តាម​ទីជនបទ តំបន់​ដាច់​ស្រយាល។ បន្ទាប់​មក គឺ​ត្រូវ​ប្តូរ​ទម្លាប់​នៃ​ការ​ប្រើ​ទឹក​ដោយ​ត្រូវ​ចេះ​សន្សំសំចៃ មិន​ត្រូវ​ខ្ជះខ្ជាយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    អង្គការ​សុខភាព​ពិភពលោក៖ សាច់សត្វ​នឹង​បង្ក​ឲ្យ​កើត​មាន​ជម្ងឺមហារីក

    ស្វែងយល់បន្ថែម

  • ហ្សឺណែវ

    អង្គការ​សុខភាព​ពិភពលោក៖ យុទ្ធនាការ​ចាក់ថ្នាំ​វ៉ាក់សាំង​នៅក្នុង​ពិភពលោក​មាន​ការយឺតយ៉ាវ

    ស្វែងយល់បន្ថែម

  • អង្គការសហប្រជាជាតិ

    គោលដៅ​សហសវត្ស​ចប់ត្រឹម​ឆ្នាំ​២០១៥ ​ប្រទេស​ដែល​បាន​ជោគជ័យ​មាន​តិចតួច​បំផុត

    ស្វែងយល់បន្ថែម

  • ស្វ៊ីស

    អសប ត្រូវការ​១ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេបូឡា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ