អានតួអត្ថបទ
បារាំង-យេម៉ែន

យេម៉ែន៖​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ជំរុញ​បារាំង​ឲ្យ​ឈប់​លក់​​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មីនា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ជំរុញ​បារាំង​ឲ្យ​ឈប់​លក់​អាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​ស្នើ​បារាំង​ឲ្យ​ប្រើ​ឥទ្ធិពល​ជួយ​ផ្តល់​សន្ទុះ​ដំណើរ​ការនយោបាយ​នៅ​ក្នុង​ប្រទេស​យេម៉ែន។ យេម៉ែន​ដែល​បាន​ផុង​ខ្លួន​ក្នុង​សង្រ្គាមស៊ីវិល​តាំង​ពី ៥ឆ្នាំ និង​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​មួយ​ក្នុង​លោក។ ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ដដែល​បាន​​យល់​ឃើញ​ថា បើ​មាន​គំនាប​ពី​សហគមន៍អន្តរជាតិ​លើ​គ្រប់​ភាគី​ពាក់ព័ន្ធ នោះ​គេ​អាច​រក​បាន​សន្តិភាព​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រទេស និង​ប្រជាជន​យេម៉ែន។

​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ជំរុញ​បារាំង​ឲ្យ​ឈប់​លក់​​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីតធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន
​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ជំរុញ​បារាំង​ឲ្យ​ឈប់​លក់​​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីតធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន STRINGER / AFP
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​យ៉ាង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​នា​ឱកាស​សន្និសីទកាសែត​មួយ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ « ខ្ញុំ​មិន​ដឹង​ថា តើ​មាន​ប្រជាជន​យេម៉ែន​ប៉ុន្មាន​នាក់​ទៀត​ត្រូវ​ស្លាប់ របួស ឬ​អត់អាហារ​ទើប​គេ​អាច​ដាស់​ស្មារតី និង​ជំនះ​ពិភពលោក​ឲ្យ​រួសរាន់​ដើម្បី​បញ្ចប់​សង្រ្គាម? » នេះ​ជា​ការ​ចោទ​សួរ​របស់​លោក​រ៉ាដយ៉ា អាល់មូតាវ៉ាកែល ប្រធាន​អង្គការ​ក្រៅរដ្ឋាភិបាល​យេម៉ែន​ឈ្មោះ វ៉ាតាណា។ លោក​អាល់មូតាវ៉ាកែល​បាន​បន្ថែម​ថា សន្តិភាព​សម្រាប់​យេម៉ែន​ពិត​ជា​អាច​មាន តែ​វា​គ្មាន​ថ្ងៃ​លេច​រូបរាង​បាន​ទេ ប្រសិន​បើ​គ្រប់​គ្នា​មិន​អើពើ ខ្វាល់ខ្វាយ​ទេ​នោះ។

នៅ​ក្នុង​ន័យ​នេះ លោក​អាល់ម៉ូតាវ៉ា​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​គំនាប​លើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ និង​ឲ្យ​បញ្ឈប់​ការ​ចិញ្ចឹម​ជម្លោះ​ដោយ​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តាម​លោក​អាល់ម៉ូតាវ៉ា គ្រប់​ភាគី​ទាំង​អស់​ក្នុង​ជម្លោះ​នៅ​យេម៉ែន​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​ទង្វើ​រំលោភ​សិទ្ធិមនុស្ស។ ចំណែក​លោក Aymeric Elluin ពី​អង្គការ Amnesty International បាន​អំពាវនាវ​ត្រង់​ដល់​រដ្ឋាភិបាល​បារាំង​ឲ្យ​យក​គំរូ​តាម​រដ្ឋាភិបាល​អាល្លឺម៉ង់។ អាល្លឺម៉ង់​ដែល​សម្រេច​ព្យួរ​ការ​លក់​អាវុធ​ឲ្យ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បន្ទាប់​ពី​ផ្ទុះ​រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ខាហ្សូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​ក្នុង​ថ្ងៃទី២ តុលា ឆ្នាំ ២០១៨។

បារាំង​ជា​ប្រទេសទី៣ ដែល​បាន​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ដែល​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ពី​បទ​យក​អាវុធ​ទាំង​នេះ​ទៅ​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន។ គួរ​រម្លឹក​ថា ជិត ៥ឆ្នាំ​មក​ហើយ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​កម្លាំងសម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ចលនា​ឧទ្ទាម​ហ៊ូទីស​នៅ​យេម៉ែន។ តាម​តួលេខ​ផ្លូវការ មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១០ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល និង​មាន​អ្នក​របួស​ជាង ៦០ ០០០នាក់។ តែ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​យល់​ថា ចំនួន​ជនរងគ្រោះ​អាច​មាន​ច្រើន​ជាង​នេះ ៤ ឬ​៥​ដង។ ក្រៅ​ពី​សោកនាដកម្ម​ដោយ​សង្រ្គាម ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ក៏​បាន​ទាញសញ្ញាអាសន្ន​ពី​វិបត្តិមនុស្សធម៌​ធ្ងន់ធ្ងរ​ដែល​ប្រទេស​អារ៉ាប់​មួយ​នេះ​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។

ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​ឆ្លៀត​អំពាវនាវ​ដល់​បារាំង​ឲ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដែល​ត្រូវ​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ និង​ប្រធាន​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម G៧ នា​ពេល​ខាង​មុខ​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណើរការ​សន្តិភាព​មួយ​នៅ​យេម៉ែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ