អានតួអត្ថបទ
អឺរ៉ុប-អង់គ្លេស-Brexit

Brexit៖​អឺរ៉ុប​ស្វាគមន៍​លើ​សំណើ​សុំ​លើក​ពេល​ចាកចេញ​របស់​អង់គ្លេស តែ​ដាក់​លក្ខខណ្ឌ

សំណុំរឿង Brexit កំពុង​បន្ត​ស្រពិចស្រពិល និង​ប្រទាញប្រទង់​គ្នា​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​អង់គ្លេស។ តាម​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​អឺរ៉ុប​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៩ មីនា។ តែ​ក្រោយ​ពី​សភា​អង់គ្លេស​បាន​បោះឆ្នោត​មិន​ទទួល​យក​កិច្ចព្រមព្រៀង​នោះ​ចំនួន ២ដង​មក ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​លោកស្រី​តេរ៉េហ្សា មេ​បាន​សុំ​អឺរ៉ុប​លើក​ពេល​ចាកចេញ​នៅ​ថ្ងៃទី៣០ មិថុនា​វិញ។ ដូច្នេះ​បាល់​កំពុង​ស្ថិត​ក្នុង​ជើង​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​ដែល​ត្រូវ​សម្រេច​យល់ព្រម ឬ​មិន​យល់ព្រម​តាម​សំណើ​របស់​លោកស្រី​មេ​នៅ​ក្នុង​ជំនួប​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មីនា។ តែ​លោក​ដូណាល់ ទូស្កិ៍ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​អះអាង​ថា លោក​មិន​ជំទាស់​លើ​សំណើ​សុំ​លើក​ពេល​របស់​លោកស្រី​ម៉េ​ទេ តែ​ត្រូវ​មាន​លក្ខខណ្ឌ។ លក្ខខណ្ឌ​នោះ គឺ​ការ​ទទួល​យក​កិច្ចព្រមព្រៀងដើម​ពី​ក្រុមអ្នកតំណាងរាស្រ្ត​អង់គ្លេស។

លោកដូណាល់ ទូស្កិ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប
លោកដូណាល់ ទូស្កិ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

« បន្ទាប់​ពី​មាន​ការ​ពិគ្រោះ​យោបល់​ដែល​ខ្ញុំ​បាន​ដឹកនាំ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ខ្ញុំ​យល់​ឃើញ​ថា សំណើ​សុំ​លើក​ពេល​ចាកចេញ​រយៈពេល​ខ្លី​មួយ​ពី​សំណាក់​ភាគី​អង់គ្លេស​នឹង​អាច​ទទួល​យក​បាន។ តែ​ត្រូវ​ភ្ជាប់​នឹង​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស​ក្រុម​អ្នកតំណាងរាស្រ្ត​អង់គ្លេស​ត្រូវ​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទែរ៉េហ្សា ម៉េ និង​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ទ្វារ​នៃ​ការ​ចរចា​ទាក់ទង​នឹង​រយៈពេល​នៃ​ការ​លើក​ពេល​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​អឺរ៉ុប​បាន​បើក​ឡើង។ ឥឡូវ​នេះ ថ្នាក់ដឹកនាំ​អឺរ៉ុប​ប្រជុំ​គ្នា​ជជែក​លើ​សំណើ​របស់​លោកស្រី​ទែរ៉េហ្សា ម៉េ​ដែល​បាន​សុំ​លើក​ពេល​ចំនួន ៣ខែ ពោល​រហូត​ដល់​ថ្ងៃទី៣០ មិថុនា​ខាង​មុខ។ ខ្ញុំ​គិត​ថា សំណើ​របស់​លោកស្រី​ម៉េ​ដែល​អាច​មាន​អត្ថប្រយោជន៍​ច្រើន​បាន​ចោទ​ឡើង​នូវ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ភាព​ស្របច្បាប់ និង​នយោបាយ។

តើ​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​យល់ព្រម​តាម​សំណើ​សុំ​លើក​ពេល​ចេញ​របស់​លោកស្រី​ម៉េ​ឬ​អត់ ?។ ខ្ញុំ​គិត​ថា​ជា​រឿង​ដែល​អាច​ធ្វើ​បាន ហើយ​តាម​ខ្ញុំ​យល់​ឃើញ ការ​សុំ​ពន្យារ​ពេល​នេះ​គ្មាន​បង្ក​ចេញ​នូវ​ហានិភ័យ​អ្វី​ទេ ពិសេស​បើ​ការ​សុំ​លើក​ពេល​នេះ​អាច​ជួយ​ផ្តល់​សន្ទុះ​ចំពោះ​ដំណើរការ​ឲ្យ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នោះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ