អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

ពាណិជ្ជកម្ម៖​លោកដូណាល់ ត្រាំ​ជំរុញ​អឺរ៉ុប​ឲ្យ​ផលិត​រថយន្ត​នៅក្នុង​ទឹកដី​អាមេរិក

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍​អាមេរិក Fox Business News នា​ថ្ងៃ​សុក្រ ទី២២ មីនា​ថា ដរាប​ណា​ក្រុមហ៊ុន​ផលិតរថយន្ត​អឺរ៉ុប​មិន​ទៅ​បង្កើត​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​អាមេរិកាំង​ទេ ដរាប​នោះ​លោក​នឹង​មិន​លុប​ចោល​ការ​ដំឡើង​ពន្ធ​លើ​រថយន្ត​អឺរ៉ុប​នាំ​ចោល​អាមេរិក​ជា​ដាច់​ខាត។ តាម​លោក​ត្រាំ វិសមភាព​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​អឺរ៉ុប​កំពុង​ចោទ​ជា​បញ្ហា​ដល់​សន្តិសុខជាតិ និង​បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ប្រាក់​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំៗ។ គួរ​រម្លឹក​ថា​នៅ​ពេល​ខាង​មុខ លោក​ត្រាំ​ត្រូវ​សម្រេចចិត្ត​ដំឡើង​ពន្ធ​លើ​រថយន្ត​អឺរ៉ុប​នាំ​ចូល​អាមេរិក​ប្រមាណ​ជា ២៥%។

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​អាច​លុប​ចោល​គម្រោង​ដំឡើង​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន តែ​មិនមែន​សម្រាប់​រថយន្ត​ទេ ព្រោះ​ក្រុមហ៊ុន BMW​ក៏​ដូច​ជា​ក្រុមហ៊ុន Mercedes ពួក​គេ​បាន​នាំ​ឡាន​ល្អ​ជា​ច្រើន​ចូល​អាមេរិក។ ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ​ផលិត​ឡាន​របស់​គេ​នៅ​ក្នុង​ទឹកដី​អាមេរិក ប្រសិន​បើ​ពួក​គេ​ចង់​បន្ត​លក់​ឡាន​ឲ្យ​ពលរដ្ឋ​អាមរិកាំង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ដូណាល់ ត្រាំ មុន​នឹង​បន្ថែម​ថា អឺរ៉ុប​បាន​យក​ពន្ធ​ខ្ពស់​ណាស់​លើ​ទំនិញ​អាមេរិក​នាំ​ចូល​អឺរ៉ុប។ ប្រតិកម្ម​យ៉ាង​ដូច​នេះ​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អាមេរិក​ប្រកាស​ដោយ​លោក​ត្រាំ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker តាំង​ពី​ដំណាច់​ខែ​កក្កដា ឆ្នាំ ២០១៨ នៅ​មិន​ទាន់​អាច​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ឡើយ។

ភាព​ជាប់គាំង​ក៏​ដោយសារ​តែ​ក្រុម​ប្រទេស​សមាជិក​អឺរ៉ុប​នៅ​មិន​អាច​ចុះ​សម្រុង​គ្នា​លើ​ប្រធានរឿង​នៃ​កិច្ចចរចា។ ប្រទេស​អាល្លឺម៉ង់​ដែល​សេដ្ឋកិច្ច​បាន​ពឹង​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​រថយន្ត​ចង់​គេច​ឲ្យ​បាន​លឿន​ពី​វិធានការ​របស់​លោក​ត្រាំ តែ​បារាំង​ហាក់​បាន​អាល់អែល​ដោយ​បារម្ភ​ពី​ការ​បះបោរ​របស់​ក្រុមប្រឆាំង​នឹង​ការ​ដោះដូរសេរី​ក្នុង​ពេល​ដែល​មាន​វិបត្តិ​សង្គម​របស់​ក្រុម​អាវកាក់លឿង។ លោក​ដូណាល់ ត្រាំ​មិន​ញញើត​នឹង​ប្រដូច​អឺរ៉ុប​ទៅ​នឹង​ចិន​ដែល​រកស៊ី​កេងប្រវ័ញ្ច​លើ​អាមេរិក​ដោយ​បញ្ជាក់​ថា អាមេរិក​បាន​ខាត​បង់​ប្រាក់​ចំនួន ១៥០ ០០០លានដុល្លារ​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជា​មួយ​អឺរ៉ុប។

តើ​មាន​វិធីសាស្រ្ត​អ្វី​ដើម្បី​បញ្ចប់​ជម្លោះ​មួយ​នេះ?។ លោក​ត្រាំ​បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អឺរ៉ុប​ទៅ​សង់​រោងចក្រ​នៅ​អាមេរិក ពេល​នោះ ពួក​គេ​នឹង​លែង​បង់​ពន្ធ​នាំ​ចូល​ហើយ។ បច្ចុប្បន្ន អាមេរិក​យក​ពន្ធ​លើ​រថយន្ត​អឺរ៉ុប​នាំ​ចូល​អាមេរិក​ក្នុង​កំរិត ២,៥% សម្រាប់​រថយន្ត​ខ្នាត​តូច និង ២៥% សម្រាប់​រថយន្ត​ខ្នាត​ធំ តែ​អឺរ៉ុប​បាន​យក​ពន្ធ​លើ​រថយន្ត​អាមេរិក​នាំ​ចូល​អឺរ៉ុប​ក្នុងកំរិត​ដល់​ទៅ ១០%។ ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​បាន​នាំ​ឡាន​ចំនួន ៤៧០ ០០០គ្រឿង​ចូល​ក្នុង​ទឹកដី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ