អានតួអត្ថបទ
អឺរ៉ុប-អង់គ្លេស-Brexit

Brexit៖​អឺរ៉ុប​បាន​យល់ព្រម​លើក​ពេលចេញ​របស់​អង់គ្លេស​នៅ​ថ្ងៃទី២២ ឧសភា ឬ​មួយ​នៅ​ថ្ងៃទី១២ មេសា

នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មីនា ក្រុមប្រឹក្សា​អឺរ៉ុប​បាន​បដិសេធ​លើ​សំណើ​របស់​លោកស្រី​នាយរដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា មេ​ដែល​បាន​សុំ​លើក​ពេល Brexit រហូត​ដល់​ដំណាច់​ខែ​មិថុនា។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ អឺរ៉ុប​ក៏​បាន​យល់ព្រម​ឲ្យ​មាន​ការ​លើក​ពេល​ដែរ តែ​ទុក​ជម្រើស​តែ​ពីរ​គត់​ឲ្យ​អង់គ្លេស​ជ្រើសរើស ឬ​មួយ​លើក​ពេល​នៅ​ត្រឹម​ថ្ងៃទី២២ ឧសភា ឬ​មួយ​លើក​ពេល​នៅ​ត្រឹម​ថ្ងៃទី១២ មេសា។ ជម្រើស​ពីរ​នេះ​គឺ​អាស្រ័យ​លើ​ការ​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​យក​ពី​សភា​អង់គ្លេស​នៅ​សប្តាហ៍​ក្រោយ​លើ​កិច្ចព្រមព្រៀង​ដែល​លោកស្រី​មេ និង​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ប្រធាន​ក្រុមប្រឹក្សា​អឹរ៉ុប​លោក​ដូណាល់ ទូស្កិ៍ (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​​លោកស្រី​តេរ៉េហ្សា មេ
ប្រធាន​ក្រុមប្រឹក្សា​អឹរ៉ុប​លោក​ដូណាល់ ទូស្កិ៍ (រូបឆ្វេង) និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​​លោកស្រី​តេរ៉េហ្សា មេ Olivier Hoslet/Pool via REUTERS/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រើ​ពេល​ជជែក ពិភាក្សា​គ្នា​អស់​រយៈពេល ៦ម៉ោង​ទើប​អាច​និយាយ​ចុះ​សម្រុង​គ្នា​លើ​សេចក្តីប្រកាសព័ត៌មាន​រួម​មួយ។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​រួម​នោះ អឺរ៉ុប​បាន​បដិសេធ​លើ​សំណើ​របស់​លោកស្រី​នាយរដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា មេ​ដែល​សុំ​លើក​ពេល Brexit រហូត​ដល់​ថ្ងៃទី៣០ មិថុនា។ តែ​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​មាន​សេណារ៉យ៉ូ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង អឺរ៉ុប​បាន​យល់ព្រម​លើក​ពេល Brexit ឲ្យ​អង់គ្លេស​ដោយ​ដាក់​ចេញ​នូវ​ជម្រើស​ថ្ងៃ​ចាកចេញ​ចំនួន​ពីរ ឬ​មួយ​នៅ​ថ្ងៃទី២២ ឧសភា ឬ​មួយ​នៅ​ថ្ងៃទី១២ មេសា។ តែ​ជម្រើស​ចាក​ចេញ​នៅ​ថ្ងៃទី២២ ឧសភា ឬ​នៅ​ថ្ងៃទី១២ មេសា គឺ​វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​របស់​សភា​អង់គ្លេស​នៅ​សប្តាហ៍​ក្រោយ។

បើ​នៅ​សប្តាហ៍​ក្រោយ សភា​អង់គ្លេស​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​លោកស្រី​តេរ៉េហ្សា មេ និង​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ នោះ​ថ្ងៃ​ចាកចេញ​ជា​ផ្លូវការ​នឹង​ត្រូវ​ពន្យារ​ពេល​ដល់​ថ្ងៃទី២២ ឧសភា។ ផ្ទុយ​ទៅ​វិញ បើ​សភា​អង់គ្លេស​បោះឆ្នោត​ច្រានចោល​ជា​ថ្មី​ដែល​ជា​លើកទី៣ អង់គ្លេស​ត្រូវ​សម្រេច​ចិត្ត​ពី​ពេល​នេះ​ដល់​ថ្ងៃទី១២ មេសា​ថា តើ​នឹង​ត្រូវ​ចូលរួម​បោះឆ្នោត​សភា​អឺរ៉ុប​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២៦ ឧសភា​ឬ​អត់។ មាន​សេណារីយ៉ូ​ចំនួន​ពីរ​នៅ​ក្នុង​ករណី​នេះ ទី១ បើ​អង់គ្លេស​សម្រេច​មិន​ចូលរួម​បោះឆ្នោត​សភា​អឺរ៉ុប​ទេ អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី១២ មេសា និង​ទី២ បើ​អង់គ្លេស​សម្រេច​ចូលរួម​បោះឆ្នោត​សភា​អឺរ៉ុប​នៅ​ថ្ងៃទី២៦ ឧសភា នោះ​អង់គ្លេស​អាច​នឹង​ទទួល​បាន​ថ្ងៃ​ពន្យារពេល​ចេញ​ពី​អឺរ៉ុប​ថ្មី​មួយ​ទៀត។

តែ​លោកស្រី​តេរ៉េហ្សា មេ​ធ្លាប់​ប្រកាស​ថា ការ​ចូលរួម​បោះឆ្នោត​សភា​អឺរ៉ុប​ជា​កំហុសឆ្គង​មួយ។ យ៉ាង​ណា​ក៏​ដោយ និង​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ដូណាល់ ទូស្កិ៍ លោកស្រី​មេ​បាន​យល់ព្រម​តាម​សំណើ​ទាំង​នេះ​របស់​ក្រុមប្រឹក្សាអឺរ៉ុប។ លោក​ទូស្កិ៍​បាន​បន្ថែម​ថា​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃទី១២ មេសា អង់គ្លេស​មាន​សេណារីយ៉ូ​ច្រើន​ដែល​អាច​ជ្រើសរើស​បាន។ គួរ​រម្លឹក​ថា តាម​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​អឺរ៉ុប​ចុះ​ហត្ថលេខា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៩ មីនា។ អឺរ៉ុប​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ថា អង់គ្លេស​ត្រូវ​ចេញ​ជាមួយ​កិច្ចព្រមព្រៀង​នេះ ឬ​មួយ​ចេញ​ដោយ​ដៃ​ទទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ