តំបន់ខ្ពង់រាបហ្កូឡាន៖ អាមេរិកកាន់តែឯកោ នៅក្នុងឆាកអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៥
នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី ២៧ មីនា អាមេរិកស្ថិតនៅឯកោ នៅក្រោយលោកប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសទទួលស្គាល់តំបន់ហ្កូឡាន ដែលអ៊ីស្រាអែល ឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ ពីស៊ីរី ថា ជាទឹកដីរបស់អ៊ីស្រាអែល។ ស៊ីរីបានចាត់ទុកការសម្រេចរបស់លោកដូណាល់ ត្រាំ ថា ជារំលោភដែនអធិបតេយ្យភាពរបស់ស៊ីរី ចំណែក ប្រទេសសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខទាំង១៤ រួមទាំងប្រទេសអឺរ៉ុបផង បានរិះគន់អាមេរិក ថា កំពុងរំលោភច្បាប់ អន្តរជាតិ និងបទបញ្ជារបស់អង្គការសហប្រជាជាតិ។
បន្ទាប់ពីប្រកាសចាត់ទុកហ្ស៊េរុយសាឡិម ថា ជារដ្ឋធានីរបស់អ៊ីស្រាអែល រហូតបង្កឲ្យមានកំហឹងខឹងសម្បាររបស់ប្រជាជនប៉ាឡេស្ទីន ហើយប្រតិកម្មរិះគន់ខ្លាំង ពីសហគមន៍អន្តរជាតិ លោកដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី ២៥មីនា បានចុះហត្ថលេខាលើក្រឹត្យ ទទួលស្គាល់ខ្ពង់រាប ហ្កូឡានថា ជាទឹកដីអ៊ីស្រាអែល។
ទៅតាមការទាមទាររបស់រដ្ឋាភិបាលស៊ីរី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធម្សិលមិញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បី និយាយពីតំបន់ខ្ពង់រាប ហ្កូឡាន របស់ស៊ីរី ដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានចេញក្រឹត្យទទួលស្គាល់ថា ជាដែនដីរបស់អ៊ីស្រាអែល។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធ ប្រទេសសមាជិកទាំង១៤ប្រទេសរួមគ្នា ថ្កោលទោសការសម្រេចចិត្តជាឯកតាភាគីរបស់អាមេរិក។ អឺរ៉ុប ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏ចូលរួមជាមួយ រុស្ស៊ី ចិន ដើម្បីបរិហារការសម្រេចចិត្ត របស់លោកដូណាល់ ត្រាំ ដែលគេចាត់ទុកថា បានរំលោភសេចក្តីសម្រេចកន្លងមក របស់ក្រុមប្រឹក្សាសន្តិសុខ ទាក់ទងនឹងតំបន់ហ្កូឡាន។ ប្រទេសអឺរ៉ុប ដែលជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ ដូចជាបារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម បានចាត់ទុកការសម្រេចចិត្តជាឯកតោភាគី របស់អាមេរិក ថាកំពុងរំលោភច្បាប់អន្តរជាតិ និងបទបញ្ជាររបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា តំបន់ខ្ពង់រាប ហ្កូឡាន ដែលមានផ្ទៃក្រឡា ១២០០គីឡូម៉ែត្រការ៉ា ជាតំបន់យុទ្ធសាស្រ្ត យោធា និងសេដ្ឋកិច្ច សំបូរទឹក និងអាចមានជង្រុកអណ្តូងប្រេង ដែលអ៊ីស្រាអែល វាយដណ្តើមយកពីប្រទេសស៊ីរី នៅក្នុងសង្រ្គាម រយៈពេល ៦ថ្ងៃ កាលពីឆ្នាំ ១៩៦៧ និងបានប្រកាសភ្ជាប់ចូលជាទឹកដីអ៊ីស្រាអែល នៅឆ្នាំ ១៩៨១។ ប៉ុន្តែ សហគមន៍អន្តរជាតិមិនដែលទទួលស្គាល់នោះទេ និងបានចាត់ទុក នយោបាយភ្ជាប់ទឹកដីរបស់អ៊ីស្រាអែលថា ខុសច្បាប់អន្តរជាតិ។ តាំងពីឆ្នាំ ១៩៨១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេច៣ដង ចាត់ទុក ការភ្ជាប់ទឹកដីហ្កូឡានរបស់ស៊ីរី ទៅក្នុងទឹកដីអ៊ីស្រាអែល ថា ជាទង្វើខុសច្បាប់ និងបានទាមទារទាមទារឲ្យអ៊ីស្រាអែល ប្រគល់តំបន់ខ្ពស់រាប ទៅឲ្យស៊ីរីវិញ។
យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សានៅថ្ងៃម្សិលមិញ គេបានត្រឹមតែរិះគន់ និងថ្កោលទោស ប៉ុន្តែ មិនបានចេញសេចក្តីសម្រេចណាមួយ ថ្កោលទោសការសម្រេចរបស់អាមេរិកនោះទេ ដោយសារតែហេតុផល សំលេងវេតូរបស់អាមេរិក ដែលជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ។
ហេតុអ្វីតំបន់ហ្កូឡានចម្រូងចម្រាសជាងហ្ស៊េរុយសាឡិមរបស់ប្រជាជនប៉ាឡេស្ទីន ?
ខុសពីហ្ស៊េរុយសាឡិម ដែលលោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ ជារដ្ឋធានីអ៊ីស្រាអែល និងបានរើស្ថានទូតទៅនៅទីនោះ នៅដើមឆ្នាំមុន ទោះជាមានការតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន និងក្រោមការរិះគន់របស់សហគមន៍អន្តរជាតិ តំបន់ខ្ពង់រាបហ្កូឡាន ជាទឹកដីរបស់ស៊ីរី ដែលអ៊ីស្រាអែលបានវាយដណ្តើម ចូលគ្រប់គ្រងខុសច្បាប់ កាលពី៥០ឆ្នាំមុន។ នៅក្នុងដំណើរការចរចាសន្តិភាព ជាង៤០ឆ្នាំនេះ អង្គការសហប្រជាជាតិបានពង្រាយកម្លាំងទ័ពមួកខៀវ ប្រមាណ ១០០០នាក់ ឲ្យប្រចាំការ នៅតំបន់ខ្ពង់រាប ហ្កូឡាន ដើម្បី តាមដានបទឈប់បាញ់ស៊ីរីនិងអ៊ីស្រាអែល។ អង្គការសហប្រជាជាតិបានចំណាយប្រមាណ ៦០លានដុល្លារ សម្រាប់វត្តមានក្រុមមួកខៀវនៅតំបន់ហ្កូឡាន។
ខុសពីហ្ស៊េរុយសាឡិមខាងលិច ដែលទាមទារដោយប្រជាជនប៉ាឡេស្ទីន តំបន់ហ្កូឡានវិញ ជាដែនដីប្រទេសស៊ីរី ហើយដែលទាំងសហគមន៍អន្តរជាតិ សូម្បីតែអាមេរិកផង នៅមុនអាណត្តិរបស់លោកដូណាល់ ត្រាំ ធ្លាប់បានទាមទារឲ្យអ៊ីស្រាអែល ប្រគល់ទៅឲ្យស៊ីរីវិញ។ លើកនេះ ក្រៅតែពីរុស្ស៊ី អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី ប្រទេសអារ៉ាប់ជាទូទៅ ដែលនៅក្នុងនោះមានតាំងពីអេហ្ស៊ីប អារ៉ាប៊ី សាអូឌីត ឬកូវែតជាដើម គឺសុទ្ធតែបានបរិហាររិះគន់ចំណាត់ការរបស់លោកដូណាល់ ត្រាំ ដែលប្រកាសទទួលស្គាល់ តំបន់ហ្កូឡានថា ជាទឹកដីអ៊ីស្រាអែល។
ប្រមុខការបរទេសអាមេរិក លោកMike Pompeo បានការពារការសម្រេចចិត្តរបស់លោកដូណាល់ត្រាំ ថា កំពុងជួយពង្រឹងសន្តិសុខ សុវត្ថិភាពឲ្យអ៊ីស្រាអែល ហើយនិងដើម្បីធានាសន្តិភាពនៅតំបន់ដើមបូព៌ា។ អាមេរិក ក៏ដូចជាអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ និងក្រុមហេស្បូឡា លីបង់ ដែលជាសត្រូវរបស់អ៊ីស្រាអែល ថា កំពុងឆ្លៀត ចូលប្រើតំបន់ហ្កូឡាន នៅខាងភាគទឹកដី របស់ស៊ីរី ដើម្បីវាយប្រហារលើទឹកដីអ៊ីស្រាអែល។ ប៉ុន្តែ ប្រទេសអារ៉ាប់ជាច្រើន បានវាយតម្លៃហើយថា ជំហររបស់អាមេរិក ក្នុងការទទួលស្គាល់ហ្កូឡានដែនដីរបស់ស៊ីរី ថា ជាទឹកដីរបស់អ៊ីស្រាអែលទៅវិញ គឺមានតែទៅដុតកំហឹង ពីខាងប្រទេសអារ៉ាប់។ ប្រទេសនៅអឺរ៉ុបវិញបារម្ភថា បើសិនអាមេរិក ចេញមុខ ទទួលស្គាល់ តំបន់ហ្កូឡាន ដែលអ៊ីស្រាអែល ចូលកាន់កាប់ និងភ្ជាប់ទៅក្នុងទឹកដីរបស់ខ្លួនដោយខុសច្បាប់ នោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ ជំហររួមគ្នារបស់សហគមន៍អន្តរជាតិ ដែលបានថ្កោលទោស រុស្ស៊ី ក្នុងការដណ្តើម កាត់យកទឹកដីគ្រីមេ ឲ្យទៅធ្វើជាទឹកដីរបស់ខ្លួននោះ។
អាមេរិកនៅរក្សាវត្តមានកងទ័ពមួកខៀវឲ្យប្រចាំការតាមដានបទឈប់បាញ់ នៅតំបន់ហ្កូឡានដដែល
ទទួលស្គាល់តំបន់ខ្ពង់រាប ហ្កូឡាន ថា ជាដែនដីរបស់អ៊ីស្រាអែល មានអត្ថន័យជានិមិត្តរូប ច្រើនជាងសកម្មភាពជាក់ស្តែងណាមួយរបស់អាមេរិក។ ផ្ទុយពីការការគិតរំពឹងទុកមុនថា ការសម្រេចរបស់លោកដូណាល់ ត្រាំ នឹងទៅបិទបញ្ចប់បេសកកម្មរបស់ក្រុមទាហានមួកខៀវ នៅហ្កូឡាន អ្នកតំណាងរបស់អាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយបន្ថយភាពតានតឹង ដោយថា ក្រុមមួកខៀវ នឹងនៅតែបន្តប្រចាំការនៅតំបន់ខ្ពង់រាបហ្កូឡានតទៅទៀត ទោះលោកដូណាល់ ត្រាំ ទទួលស្គាល់ហ្កូឡានជាទឹកដីអ៊ីស្រាអែលក៏ដោយ។ នៅខែមិថុនាខាងមុខ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបើកកិច្ចប្រជុំមួយ ដើម្បីនិយាយពីអាណត្តិរបស់ក្រុមមួកខៀវ នៅហ្កូឡាន។
អ្នកវិភាគវាយតម្លៃថា លោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ដែនដី ដ៏ចម្រូងចម្រាស នៅហ្កូឡាន ក៏ដើម្បីជួយលើកមុខមាត់របស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលទើបបានធ្វើដំណើរទៅអាមេរិក ប៉ុន្តែ ដែលកំពុងធ្លាក់កូដប្រជាប្រិយ ដោយសារតែរឿងអាស្រូវពុករលួយ។ លោកដូណាល់ ត្រាំ ក៏កំពុងចង់បង្ហាញថា លោកធ្វើនយោបាយ មួយ ដែលប្រធានាធិបតីអាមេរិកមុនៗ មិនធ្លាប់ធ្វើកន្លងមក។ លោកចង់បង្ហាញថា លោកមានគំនិតល្អៗជាច្រើន ដើម្បីដោះស្រាយបញ្ហាសន្តិភាពនៅតំបន់ដើមបូព៌ា ជាពិសេស តាមរយៈផ្តល់កម្លាំងដល់ភាគីអ៊ីស្រាអែល ដែលលោកចាត់ទុកថា ចាញ់ប្រៀបគេរហូតមក។
ប៉ុន្តែ នយោបាយមិនធ្លាប់មានកន្លងមក របស់លោកដូណាល់ត្រាំ ជាពិសេសនៅក្នុងរឿងទទួលស្គាល់ដែនដីហ្កូឡានរបស់ស៊ីរី ថា ជាទឹកដីរបស់អ៊ីស្រាអែល ដោយល្មើសនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អាចដើមហេតុ ជំរុញ ឲ្យដំណើរសន្តិភាពនៅដើមបូព៌ា រឹតតែគ្មានទៅទៀត គឺមានតែ ទៅ ធ្វើឲ្យរងើកភ្លើង សង្រ្គាមអាចឆេះឡើងវិញ ជាពិសេសរវាងអ៊ីស្រាអែល ហើយនិងពិភពអារ៉ាប់។ គេបានចោទជាសំណួរថា នៅក្រោយហ្ស៊េរុយសាឡឹម តំបន់ហ្កូឡាន តើអាមេរិកនឹងជួយឲ្យអ៊ីស្រាអែលចូលទៅគ្រប់គ្រងបានសម្រេច តំបន់ស៊ីហ្សកដានីរបស់ប្រជាជនប៉ាឡេស្ទីន បន្តទៅទៀត ឬយ៉ាងណា?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ