ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អឺរ៉ុប

តើ​អង់គ្លេស​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ចេញ​ពី​សហភាពអឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឬ?

media  
តើ​អង់គ្លេស​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ចេញ​ពី​សហភាពអឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឬ? REUTERS/Henry Nicholls

សំណុំរឿង Brexit កំពុង​បន្ត​ធ្វើ​ឲ្យ​ប្រទេស​អង់គ្លេស និង​សហភាពអឺរ៉ុប​ឈឺក្បាល​ដូច​គ្នា។ បន្ទាប់​ពី​ត្រូវ​បាន​សភា​អង់គ្លេស​បោះឆ្នោត​ច្រាន​ចោល​ជា​លើកទី៣ នា​ថ្ងៃ​សុក្រ ទី២៩ មីនា​មក លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា មេ​បាន​សន្យា​នា​ថ្ងៃ​សៅរ៍ ទី៣០ មីនា​ថា លោកស្រី​នឹង​ដាក់​កិច្ចព្រមព្រៀង​ដែល​លោកស្រី​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ទៅ​មិញ​ដដែល​នេះ​ឲ្យ​សភា​បោះឆ្នោត​ជា​លើកទី៤ ទៀត។ គួរ​រម្លឹក​ថា បើ​យោង​តាម​កិច្ចព្រមព្រៀង ថ្ងៃទី២៩ មីនា​ជា​ថ្ងៃ​ដែល​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ។ តែ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មីនា និង​តាម​សំណើ​សុំ​លើក​ពេល​របស់​អង់គ្លេស អឺរ៉ុប​បាន​ទុក​ថ្ងៃ​ចំនួន​ពីរ​ឲ្យ​អង់គ្លេស​ជ្រើសរើស គឺ​ថ្ងៃទី១២ មេសា និង​ថ្ងៃទី២២ ឧសភា។ តែ​ជម្រើស​ថ្ងៃ​ទាំង​ពីរ​ត្រូវ​អាស្រ័យ​លើ​ការ​បោះឆ្នោត​ទទួល​យក ឬ​មិន​ទទួល​យក​កិច្ចព្រមព្រៀង​ពី​សភា​អង់គ្លេស។ បើ​ពី​ពេល​នេះ​ដល់​ថ្ងៃទី១២ មេសា សភា​អង់គ្លេស​នៅ​តែ​បោះឆ្នោត​មិន​ទទួល​យក​កិច្ចព្រមព្រៀង ហើយ​បើ​អង់គ្លេស​​គ្មាន​បង្ហាញ​សំណើ​អ្វី​ទេ នោះ​អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ក្នុង​ថ្ងៃទី១២ មេសា។ ដូច្នេះ លោកស្រី​មេ​មាន​ពេល ២សប្តាហ៍​ក្នុង​ការ​រក​ដំណោះស្រាយ​មួយ​ឲ្យ​អឺរ៉ុប​ពិនិត្យ​ដើម្បី​បញ្ចៀស​ពី​ការ​ចាកចេញ​គ្មាន​កិច្ចព្រមព្រៀង។ តាម​លោក​ហ្វីលីប ម៉ាលីយែរ សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ University College of London ក្រុម​សេដ្ឋវិទូ​ក៏​ដូច​ជា​អឺរ៉ុប​ហាក់យល់​ឃើញ​ដូច​គ្នា​ពី​​ការ​ចាកចេញ​របស់​អង់គ្លេស​​ដោយ​គ្មាន​កិច្ចព្រមព្រៀង។

« ពិត​ណាស់ សហភាព​អឺរ៉ុប​បាន​សង្ឃឹម​រហូត​ដល់​នាទី​ចុង​ក្រោយ​ថា​កិច្ចព្រមព្រៀង​ដែល​ខ្លួន​ឯង​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោកស្រី​តេរ៉េហ្សា មេ​នឹង​ទទួល​បាន​ការ​បោះឆ្នោត​យល់ព្រម​ពី​សភា​អង់គ្លេស។ ទីបំផុត សភា​អង់គ្លេស​បាន​បោះឆ្នោត​ច្រាន​ចោល​ជា​ថ្មី។ ឃើញ​ថា ចង់ ឬ​មិន​ចង់ សហភាព​អឺរ៉ុប​បាន​ក្លាយ​ជា​អ្នក​ទស្សនា​ម្នាក់​ដែល​បាន​តែ​មើល និង​មិន​អាច​ធ្វើ​អ្វី​កើត​នៅ​ចំពោះ​មុខ​ភាព​អសត្ថភាព​របស់​សភា​អង់គ្លេស​ក្នុង​ការ​និយាយ​សម្លេង​តែ​មួយ​ដើម្បី​កំណត់​ផ្លូវចេញ​ពី​សហភាព​អឺរ៉ុប។

ខណៈ​នេះ សហភាព​អឺរ៉ុប​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​រង់ចាំ​ត​ទៅ​មុខទៀត ហើយ​ខ្ញុំ​ជឿជាក់​ថា អឺរ៉ុប​នឹង​អាច​រក​ឃើញ​ជំហរ​រួម​មួយ​ដើម្បី​និយាយ​ប្រាប់​អង់គ្លេស​ថា ដោយសារ​តែ​គ្រប់​សេណារីយ៉ូ​កន្លង​មក​មិនមែន​ជា​សេណារីយ៉ូ​ល្អ អង់គ្លេស​ត្រូវ​ស្នើ​ឡើង​នូវ​សេណារីយ៉ូ​ថ្មី​មួយ​ដែល​ល្អ។ សម្រាប់​អឺរ៉ុប សេណារីយ៉ូ​ដ៏​ល្អ​គឺ​មិន​ចង់​ឲ្យ និង​មិន​ចង់​ឃើញ​សំណុំរឿង Brexit បន្ត​អូសបន្លាយ និង​ប្រទាញប្រទង់​យូរ​ទៅ​មុខ​ទៀត​ទេ។

អឺរ៉ុប​យល់​ឃើញ​ថា បើ​គ្មាន​ក្តី​សង្ឃឹម​ណា​មួយ​ដែល​ឈាន​ទៅ​ទម្លាយ​ភាព​ទាល់ច្រក​ដោយ​ផ្តល់​ផលប្រយោជន៍​សម្រាប់​អឺរ៉ុប​ទេ នោះ​ខ្ញុំ​គិត​ថា សហភាព​អឺរ៉ុប​នឹង​ងាក​រក​ផ្លូវ​ចេញ​ឆាប់​រហ័ស​របស់​ប្រទេស​អង់គ្លេស រួម​ទាំង​ច្រកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ផង »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ