ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

ហេតុអ្វី​អឺរ៉ុប​យឺតយ៉ាវ​ខ្លាំង​ក្នុង​វិស័យបច្ចេកវិទ្យាធៀប​ជាមួយ​សហរដ្ឋអាមេរិក និង​ចិន?

ហេតុអ្វី​អឺរ៉ុប​យឺតយ៉ាវ​ខ្លាំង​ក្នុង​វិស័យបច្ចេកវិទ្យាធៀប​ជាមួយ​សហរដ្ឋអាមេរិក និង​ចិន? លោកគីមជុងហូន​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កូរ៉េ​ខាង​បច្ចេកវិទ្យា​វិស្វកម្ម​សំណង់​ស៊ីវិល​និង​បច្ចេកវិជ្ជា​សំណង់​ (KICT) ​ REUTERS/Minwoo Park

    គិត​ត្រឹម​ពេល​បច្ចុប្បន្ន ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យាកំពូលៗធំបំផុត​ទាំងម្ភៃរបស់​ពិភពលោក មិនមាន​​សូម្បី​តែក្រុមហ៊ុន​មួយមក​ពី​អឺរ៉ុប។ អឺរ៉ុបដែល​ជាងរាប់​សតវត្សរ៍​ត្រូវ​គេ​ស្គាល់​ថា​ជាដែន​ដី​នៃ​របកគំហើញថ្មី និង​គំនិតច្នៃប្រឌិត បាន​និង​កំពុង​អភិវឌ្ឍយ៉ាង​​យឺតយ៉ាវ​ធៀប​ជាមួយសហរដ្ឋ​អាមេរិក និង​ចិន នា​ពេល​បច្ចុប្បន្ន។ តើ​អាច​មាន​ហេតុផល​អ្វីខ្លះ​ដើម្បី​ពន្យល់​​រឿង​នេះ?

    ជាង​រាប់​សតវត្សរ៍​ នៅ​ពេល​ដែល​គេ​និយាយ​ដល់​ការ​ច្នៃ​ប្រឌិត ឬ​​ការ​បង្កើត​ថ្មី អឺរ៉ុប​តែង​ជា​ដែន​ដី​ឈាន​មុខ​គេ លើ​គ្រប់​វិស័យ។ ទោះជាយ៉ាងណា ពេល​វេលា​ចេះ​តែរំកិល​ទៅមុខ ការវិវត្ដន៍របស់​សង្គម និង​ពិភព​លោក​ទាំង​មូល​ ប្រែប្រួល​មិន​ឈប់​ឈរ។ អឺរ៉ុប​ក្រោយ​ត្រូវ​ប្រឈម​នូវ​វិនាសសកម្ម​ពីរលើក​ក្នុង​សង្គ្រាម​លោក​ ត្រូវគេ​មើល​ឃើញថា មានការ​អភិវឌ្ឍ​​យឺតយ៉ាវខ្លាំង ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា ជាពិសេស​នៅ​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ។ នេះ​បើ​ធៀប​នឹង​ការ​រីកចម្រើន​នៃ​ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

     

    ជាក់ស្ដែង ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យាកំពូលៗ​ធំបំផុតទាំងម្ភៃរបស់​ពិភពលោក ក្រុមហ៊ុន​អាមេរិក​មាន​ចំនួន​ដប់មួយ​ ក្រុមហ៊ុន​ចិនមាន​ចំនួនប្រាំបួន ខណៈគ្មាន​សូម្បីតែ​ក្រុមហ៊ុន​មួយ​មក​ពីអឺរ៉ុប។​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ក្រុមហ៊ុនលេខមួយ​ដល់​លេខ​ប្រាំ រួមមាន​ ក្រុមហ៊ុន Apple Amazon Microsoft Google និង Facebook ជា​ក្រុមហ៊ុន​របស់​​​​សហរដ្ឋ​អាមេរិក​ លេខ​ប្រាំមួយ និង​លេខប្រាំពីរជា​ក្រុម​ហ៊ុនរបស់​​ចិន រួម​មាន Alibaba និង​Tencent។

     

    នៅ​អឺរ៉ុប ក្រុម​ហ៊ុន​ពីរក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំបំផុត តួយ៉ាង​ ក្រុមហ៊ុន Spotify របស់ស៊ុយអែត និង ក្រុមហ៊ុនZalando របស់​អាល្លឺម៉ង់ បូក​បញ្ចូលគ្នា​មាន​តម្លៃទីផ្សារ​ត្រឹម​តែ​​ប្រមាណ ៤២ពាន់លានដុល្លារអាមេរិក​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​ចិន Alibaba មាន​តម្លៃ​ទីផ្សារ​​ប្រហែល ៤៨០ពាន់លានដុល្លារអាមេរិក ហើយ​ក្រុមហ៊ុន​អាមេរិក​ Facebook មាន​តម្លៃទីផ្សាររហូតដល់​ ៥៥០ពាន់លានដុល្លារអាមេរិក ពោល​គឺខុសគ្នា​ច្រើន​ជាង​ដប់ដង។

    បើ​មើល​លើ​​សេដ្ឋកិច្ច អឺរ៉ុប​មានទំហំសេដ្ឋកិច្ច​ធំជាង​អាមេរិក និង​ចិន​ច្រើនណាស់​ ហើយ​អឺរ៉ុប​មាន​មិន​ខ្វះនោះ​ទេ បញ្ញជន​កំពូលៗ ក្នុង​វិស័យ​វិទ្យាសាស្រ្ដ គណិតវិទ្យា បច្ចេកវិទ្យា និង​ការអភិវឌ្ឍsoftware។ ក៏ប៉ុន្ដែ ហេតុ​អ្វីអឺរ៉ុបមាន​ការ​អភិវឌ្ឍយឺតយ៉ាវ​យ៉ាង​នេះ?

    ជាការពិត​អាច​មាន​ហេតុផល​ចម្បង​ៗ​ច្រើន តែបើ​គេនិយាយ​ដោយ​សង្ខេប គឺ​មាន​ហេតុផល​​ចម្បង​បី។

    ហេតុផល​ទីមួយ​អាចពាក់​ព័ន្ធ​ទៅនឹង កង្វះដើម​ទុន​ធំ។ មួយ​ក្នុង​ចំណោម​ហេតុផល​ចម្បង​ដែល​​អឺរ៉ុប​នៅ​ពីក្រោយ​អាមេរិក និង​ចិន គឺ​ តម្រូវការទំហំដើម​ទុនធំ។ ការ​ប្រមែល​ប្រមូល​ដើមទុន​ក្នុង​ចំនួន​មួយ​យ៉ាងសម្បើម ​ដើម្បីជម្រុញ​ឱ្យ​ក្រុមហ៊ុន​ក្មេងខ្ចីអភិវឌ្ឍ​ខ្លួន ​តែង​តែ​ជា​បញ្ហា​ប្រឈម​នៅអឺរ៉ុប។ ជាឧទាហរណ៍ ក្រុមហ៊ុន​បច្ចេកវិទ្យារបស់​អាមេរិក និង​អាស៊ី​ ដែល​បង្កើតចាប់​ពី​​ឆ្នាំ​២០០០ អាច​ប្រមូល​ទុនជាមធ្យម​ប្រមាណ ៧,៣ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈនៅអឺរ៉ុប​ ទំហំ​មាន​ត្រឹម​តែ​ប្រមាណ ១,៦ពាន់លានដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ ពោល​គឺ​ខុសគ្នា​ជាងប្រាំដង។

    ហេតុផល​ទីពីរ​អាចពាក់​ព័ន្ធ​ទៅនឹង ឆន្ទៈផ្តួចផ្តើម និង​​វប្បធម៌​នៃ​សហគ្រិន​ភាព​។

    សង្គមអាមេរិកមានវប្បធម៌មួយដែលអបអរសាទរបុគ្គលជោគជ័យដោយកណ្ដាប់ដៃផ្ទាល់ខ្លួនរបស់ពួកគេ។ ពេលអ្នកជោគជ័យ អ្នកទទួលបានការកោតសរសើរជាសហគ្រិនដ៏មានទេពកោសល្យ និងទទួលបានឋានៈក្នុងសង្គម។ ផ្ទុយទៅវិញ នៅពេលអ្នកបរាជ័យ គេគិតថា​នេះវាជា​រឿង​​ធម្មជាតិដែលជាបទពិសោធន៍សម្រាប់ជោគជ័យនៅពេលក្រោយ ដូច្នេះពួកគេងើប​ឈរ​ឡើងដោយខ្លួនឯង ហើយចាប់ផ្ដើមសារជាថ្មីម្ដងទៀត។

    វប្បធម៌នេះហើយដែលមានភាពខុសគ្នាឆ្ងាយពីសង្គមអឺរ៉ុបដែល​ខ្វល់ខ្វាយ​ច្រើន​ពីគម្លាត​រវាង​​អ្នក​មាន​និង​អ្នក​ក្រ ឬការ​មិន​ចង់​ឱ្យ​មាន​គម្លាត​ខ្លាំង​រវាង​អ្នក​ឈ្នះនិង​អ្នក​ចាញ់ ក្នុង​គំរូរដ្ឋ​សង្គមកិច្ច។

    ហេតុផល​ចុងក្រោយអាច​ពាក់ព័ន្ធ​ទៅនឹង ច្បាប់រឹតត្បិតយ៉ាង​ខ្លាំង​លើ​ទិន្នន័យ​ឯកជន។ ខុសពីអាមេរិក និង​ចិន ទិន្នន័យឯកជន​នៃ​ពលរដ្ឋអឺរ៉ុបត្រូវ​​រក្សារ​ការ​សម្ងាត់​យ៉ាង​តឹងរ៉ឹង​ដោយ​មានការការពារ​ពី​ច្បាប់។ ក្នុង​ន័យ​នេះ យោង​តាម​ការ​ស្រាវជ្រាវខ្លះ ការ​រឹតត្បិត​ខ្លាំងពេក មាន​ពេល​ខ្លះ​ វាអាច​បង្ក​​ឱ្យ​រាំងស្ទះ​ដល់​ការ​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​៕

     

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ