តួកគី៖លោកអ៊ែរដូហ្កានបានទទួលបរាជ័យជូរចត់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២០
នៅក្នុងប្រទេសតួកគី លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃអាទិត្យ ទី៣១ មីនាឲ្យដឹងថា គណបក្សយុត្តិធម៌ និងអភិវឌ្ឍហៅកាត់ AKP របស់លោកប្រធានាធិបតីអ៊ែរដូហ្កានបានបាត់បង់អសនៈនៅតាមទីក្រុងធំៗ និងឃុំ សង្កាត់មួយចំនួន ពិសេសកៅអីចៅហ្វាយក្រុងអង់ការ៉ា និងកៅអីចៅហ្វាយក្រុងអ៊ីស្តង់ប៊ុល។ នេះជាបរាជ័យដ៏ជូរចត់មួយសម្រាប់លោកអ៊ែរដូហ្កាន ហើយក្រុមអ្នកវិភាគបានយល់ឃើញថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ពេលនេះជាការព្រមានត្រង់លោកអ៊ែរដូហ្កានសម្រាប់ការបោះឆ្នោតប្រធានាធិបតី ឬការបោះឆ្នោតសភានៅពេលខាងមុខ។ អ្វីទៅជាដើមចមនៃភាពបរាជ័យរបស់លោកអ៊ែរដូហ្កាននាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ពេលនេះ?
នៅមិនទាន់ជាការបិទទំព័រសករាជនៃការក្តោបអំណាចគ្មានគូប្រៀបរបស់មនុស្សខ្លាំងតួកគីលោកអ៊ែរដូហ្កាន និងគណបក្ស AKP របស់លោកទេ តែលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ពេលនេះជាសក្ខីកម្មមួយដែលបញ្ជាក់ពីការបោះមួយជំហានទៅមុខឆ្ពោះទៅរកការផ្លាស់ប្តូរមួយនៅតួកគី។ ជាលើកទី១ លទ្ធផលផ្លូវការបានបញ្ជាក់ទៅនឹងលទ្ធផលនៃការស្ទង់មតិក្នុងប៉ុន្មានខែកន្លងទៅដែលថា គណបក្ស AKP ត្រូវបាត់បង់ការគ្រប់គ្រងលើទីក្រុង និងខេត្តធំៗមួយចំនួន ពិសេសទីក្រុងធំ និងសំខាន់ពីរ គឺអង់ការ៉ា និងអ៊ីស្តង់ប៊ុល។ គួររម្លឹកថា អស់រយៈពេល ២៥ឆ្នាំមកហើយដែលទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុលបានស្ថិតក្នុងកណ្តាប់ដៃរបស់គណបក្ស AKP ដោយគ្មានបក្សប្រឆាំងណាអាចក្រសោកយកបានឡើយ។
តែចាប់ពីពេលនេះតទៅ ពលរដ្ឋតួកគីរស់ក្នុងទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុលត្រូវសាករសជាតិរបស់គណបក្សប្រឆាំងដែលខ្លួនបានជ្រើសរើសវិញម្តង។ អ្វីដែលមិនអាចប្រកែកបានសម្រាប់ក្រុមប្រឆាំង នេះពិតជាជោគជ័យមួយដ៏ត្រចះត្រចង់ និងអាចជាការបើកផ្លូវឆ្ពោះទៅកាន់ជោគជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតី ឬសភានាពេលខាងមុខ។ តែសម្រាប់គណបក្ស AKP ពិសេសរូបលោកអ៊ែរដូហ្កាន នេះពិតជាបរាជ័យមួយដ៏ធំដែលចៀសមិនរួចពីការខាំមាត់សង្កត់ចិត្តទទួលយកទេ ហើយវាក៏ជាមេរៀនមួយដើម្បីកែលំអទៅថ្ងៃខាងមុខដែរ។ ចំពោះលោកអ៊ែរដូហ្កាន បាត់បង់ការគ្រប់គ្រងទីក្រុងអង់ការ៉ាជាបរាជ័យជូរចត់ទៅហើយ តែវាកាន់តែល្វីងថែមទៀតនៅពេលបាត់បង់ការគ្រប់គ្រងទីក្រុងអ៊ីស្តង់ប៊ុល។
ហេតុអ្វី? ទី១ អ៊ីស្តង់ប៊ុលដែលមានពលរដ្ឋរស់នៅចំនួន ១៥លាននាក់ជាទីក្រុងបេះដូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់តួកគី និងទី២ អ៊ីស្តង់ប៊ុលជាទីកន្លែងដែលលោកអ៊ែរដូហ្កានបានផ្តើមកសាងប្រជាប្រិយភាពរបស់លោក និងទទួលបានការគាំទ្រពីពលរដ្ឋតួកគីទូទៅ។ គឺនៅក្នុងទីក្រុងសេដ្ឋកិច្ចមួយនេះហើយដែលលោកអ៊ែរដូហ្កានបានសន្សំបទពិសោធន៍ និងចាក់គ្រឹះនយោបាយនាពេលលោកជាប់ឆ្នោតធ្វើជាចៅហ្វាយក្រុងក្នុងឆ្នាំ ១៩៩៤ ហើយគឺនៅកន្លែងដដែលនេះឯងដែលលោកអ៊ែរដូហ្កានបានចូលរួមបោះឆ្នោត។ គួរបញ្ជាក់ថា មិនមែនជារឿងចៃដន្យទេដែលគ្រប់គ្នាភ្ញាក់ផ្អើល និងនិយាយច្រើនពីបរាជ័យរបស់លោកអ៊ែរដូហ្កាននៅក្នុងការបោះឆ្នោតពេលនេះ។
មិនចៃដន្យព្រោះតួកគីក៏ដូចជាប្រទេសកាន់អំណាចកណ្តាប់ដៃដែកមួយចំនួនក្នុងលោកដែរ លោកអ៊ែរដូហ្កានដែលបានឡើងសោយរាជ្យលើឆាកនយោបាយជាង ១៥ឆ្នាំក្នុងនាមជានាយករដ្ឋមន្រ្តី និងបន្តជាប្រធានាធបតីមកទល់សព្វថ្ងៃបានប្រើគ្រប់មធ្យោបាយដើម្បីសង្កត់ ក ពួកប្រឆាំង។ ជាក់ស្តែងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបបិទបញ្ចប់ មធ្យោបាយឃោសនាមហាជន ៩៥% ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមិនបាន ឬមិនសូវផ្តល់វេទិកាឲ្យបេក្ខជនមកពីបក្សប្រឆាំងនិយាយទេ ពោលខុសពីបេក្ខជនមកបក្សកាន់អំណាចដែលមានសិទ្ធិនិយាយគ្រប់ពេល និងនៅសឹងគ្រប់វិទ្យុ គ្រប់កាណាល់ទូរទស្សន៍ទាំងអស់។ បន្ទាប់មក គណបក្សឆាំងមិនអាចយករូបថតបេក្ខជនរបស់ខ្លួនទៅបិទនៅកន្លែងសាធារណៈស្រេចតែចិត្តដូចគណបក្សកាន់អំណាចឡើយ។
តើជោគជ័យមួយភាគរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ពេលនេះ គ្រាន់ជាការព្រមាន ឬមួយជាការឈានទៅបិទទំព័រសករាជគ្រប់គ្រងប្រទេសសឹងផ្តាច់មុខនៃគណបក្ស AKP របស់លោកអ៊ែរដូហ្កាន?។ ក្រុមអ្នកវិភាគបានមើលឃើញ និងយល់ស្របដូចគ្នាថា គ្រាន់ជាការព្រមាននៅឡើយ តែបើពីពេលនេះទៅថ្ងៃខាងមុខ ស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចតួកគីនៅបន្តមានដូចសព្វថ្ងៃ ប្រជាជនតួកគីគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តប្រើសន្លឹកឆ្នោតដើម្បីឲ្យមានការផ្លាស់ប្តូរស៊ីជ្រៅមួយទេ។ ចូរកុំភ្លេចថា គឺស្ថានភាពសុខភាពសេដ្ឋកិច្ចសព្វថ្ងៃដែលបានជំរុញពលរដ្ឋតួកគីឲ្យបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។ តាំងពីរដូវក្តៅឆ្នាំ ២០១៨ ប្រាក់លីវតួកគីបានបាត់បង់តម្លៃជាង ៣០% កំណើនសេដ្ឋកិច្ចបន្តដាំក្បាលចុះ ផលិតកម្មឧស្សាហកម្មកំពុងធ្លាក់ចុះ ចំនួនអ្នកអត់ការងារធ្វើកើនជិត ១៤% គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៩។
ចំណែកអត្រាអតិផរណានៅបន្តមានអត្រាពីរខ្ទង់ ពោលជិត ២០% នាខែមីនាកន្លងទៅ។ តម្លៃគ្រឿងឧបភោគបរិភោគ ពិសេសចំណីអាហារចាំបាច់បន្តឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។ គឺក្តីបារម្ភរបស់ពលរដ្ឋជុំវិញរឿងអត់អីច្រកក្រពះនេះហើយដែលលោកអ៊ែរដូហ្កានត្រូវគិតគូរជាបន្ទាន់។ ពិតណាស់ លោកអ៊ែរដូហ្កានដែលទទួលបានការគាំទ្រពីពលរដ្ឋទូទៅបានបញ្ជាក់ថា ស្ថិរភាពនយោបាយនឹងនាំមកនូវវិបុលភាពសេដ្ឋកិច្ច។ តែបញ្ហានៅត្រង់ថា ស្ថិរភាពនយោបាយនៅមិនមាន ហើយវិបុលភាពសេដ្ឋកិច្ចហាក់កាន់តែដុនដាបនៅក្នុងអាណត្តិរបស់លោកអ៊ែរដូហ្កាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ