ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT

តួកគី៖លោកអ៊ែរដូហ្កាន​បាន​ទទួល​បរាជ័យ​ជូរចត់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់

តួកគី៖លោកអ៊ែរដូហ្កាន​បាន​ទទួល​បរាជ័យ​ជូរចត់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់
 
ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន REUTERS/Murad Sezer

នៅ​ក្នុង​ប្រទេស​តួកគី លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា​ថ្ងៃ​អាទិត្យ ទី៣១ មីនា​ឲ្យ​ដឹង​ថា គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍ​ហៅកាត់ AKP របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​បាត់បង់​អសនៈ​នៅ​តាម​ទីក្រុង​ធំៗ និង​ឃុំ សង្កាត់​មួយ​ចំនួន ពិសេស​កៅអី​ចៅហ្វាយ​ក្រុង​អង់ការ៉ា និង​កៅអី​ចៅហ្វាយ​ក្រុង​អ៊ីស្តង់ប៊ុល។ នេះ​ជា​បរាជ័យ​ដ៏​ជូរចត់​មួយ​សម្រាប់​លោក​អ៊ែរដូហ្កាន ហើយ​ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ពេល​នេះ​ជា​ការ​ព្រមាន​ត្រង់​លោក​អ៊ែរដូហ្កាន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី ឬ​ការ​បោះឆ្នោត​សភា​នៅ​ពេល​ខាង​មុខ។

អ្វី​ទៅ​ជា​ដើមចម​នៃ​ភាព​បរាជ័យ​របស់​លោក​អ៊ែរដូហ្កាន​នា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ពេល​នេះ?

នៅ​មិន​ទាន់​ជា​ការ​បិទ​ទំព័រ​សករាជ​នៃ​ការ​ក្តោបអំណាច​គ្មាន​គូប្រៀប​របស់​មនុស្ស​ខ្លាំង​តួកគី​លោក​អ៊ែរដូហ្កាន និង​គណបក្ស AKP របស់​លោក​ទេ តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្តូរ​មួយ​នៅ​តួកគី។ ជា​លើកទី១ លទ្ធផល​ផ្លូវការ​បាន​បញ្ជាក់​ទៅ​នឹង​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក្នុង​ប៉ុន្មាន​ខែ​កន្លង​ទៅ​ដែល​ថា គណបក្ស AKP ត្រូវ​បាត់បង់​ការ​គ្រប់គ្រង​លើ​ទីក្រុង និង​ខេត្ត​ធំៗ​មួយ​ចំនួន ពិសេស​ទីក្រុង​ធំ និង​សំខាន់​ពីរ គឺ​អង់ការ៉ា និង​អ៊ីស្តង់ប៊ុល។ គួរ​រម្លឹក​ថា អស់​រយៈពេល ២៥ឆ្នាំ​មក​ហើយ​ដែល​ទីក្រុង​អង់ការ៉ា និង​អ៊ីស្តង់ប៊ុល​បាន​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​គណបក្ស AKP ដោយ​គ្មាន​បក្សប្រឆាំង​ណា​អាច​ក្រសោក​យក​បាន​ឡើយ។

តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ពលរដ្ឋ​តួកគី​រស់ក្នុង​ទីក្រុង​អង់ការ៉ា និង​អ៊ីស្តង់ប៊ុល​ត្រូវ​សាក​រសជាតិ​របស់​គណបក្សប្រឆាំង​ដែល​ខ្លួន​បាន​ជ្រើសរើស​វិញ​ម្តង។ អ្វី​ដែល​មិន​អាច​ប្រកែក​បាន​សម្រាប់​ក្រុមប្រឆាំង នេះ​ពិត​ជា​ជោគជ័យ​មួយ​ដ៏​ត្រចះត្រចង់ និង​អាច​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ឬ​សភា​នា​ពេល​ខាង​មុខ។ តែ​សម្រាប់​គណបក្ស AKP ពិសេស​រូប​លោក​អ៊ែរដូហ្កាន នេះ​ពិត​ជា​បរាជ័យ​មួយ​ដ៏​ធំ​ដែល​ចៀស​មិន​រួច​ពី​ការ​ខាំមាត់​សង្កត់ចិត្ត​ទទួល​យក​ទេ ហើយ​វា​ក៏​ជា​មេរៀន​មួយ​ដើម្បី​កែលំអ​ទៅ​ថ្ងៃ​ខាង​មុខ​ដែរ។ ចំពោះ​លោក​អ៊ែរដូហ្កាន បាត់បង់​ការ​គ្រប់គ្រង​ទីក្រុង​អង់ការ៉ា​ជា​បរាជ័យ​ជូរចត់​ទៅ​ហើយ តែ​វា​កាន់​តែ​ល្វីង​ថែម​ទៀត​នៅ​ពេល​បាត់បង់​ការ​គ្រប់គ្រង​ទីក្រុង​អ៊ីស្តង់ប៊ុល។

ហេតុអ្វី? ទី១ អ៊ីស្តង់ប៊ុល​ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ១៥លាននាក់​ជា​ទីក្រុង​បេះដូង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​តួកគី និង​ទី២ អ៊ីស្តង់ប៊ុល​ជា​ទីកន្លែង​ដែល​លោក​អ៊ែរដូហ្កាន​បាន​ផ្តើម​កសាង​ប្រជាប្រិយភាព​របស់​លោក និង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​តួកគី​ទូទៅ។ គឺ​នៅ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច​មួយ​នេះ​ហើយ​ដែល​លោក​អ៊ែរដូហ្កាន​បាន​សន្សំ​បទពិសោធន៍ និង​ចាក់​គ្រឹះនយោបាយ​នា​ពេល​លោក​ជាប់ឆ្នោត​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ក្នុង​ឆ្នាំ ១៩៩៤ ហើយ​គឺ​នៅ​កន្លែង​ដដែល​នេះ​ឯង​ដែល​លោក​អ៊ែរដូហ្កាន​បាន​ចូលរួម​បោះឆ្នោត។ គួរ​បញ្ជាក់​ថា មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​និយាយ​ច្រើន​ពី​បរាជ័យ​របស់​លោក​អ៊ែរដូហ្កាន​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ។

មិន​ចៃដន្យ​ព្រោះ​តួកគី​ក៏​ដូច​ជា​ប្រទេស​កាន់​អំណាច​កណ្តាប់ដៃ​ដែក​មួយ​ចំនួន​ក្នុង​លោក​ដែរ លោក​អ៊ែរដូហ្កាន​ដែល​បាន​ឡើង​សោយរាជ្យ​លើ​ឆាកនយោបាយ​ជាង ១៥ឆ្នាំ​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី និង​បន្ត​ជា​ប្រធានាធបតី​មក​ទល់​សព្វថ្ងៃ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សង្កត់ ក ពួកប្រឆាំង។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ដែល​ទើប​បិទបញ្ចប់ មធ្យោបាយ​ឃោសនា​មហាជន ៩៥% ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មិន​បាន ឬ​មិន​សូវ​ផ្តល់​វេទិកា​ឲ្យ​បេក្ខជន​មក​ពី​បក្ស​ប្រឆាំង​និយាយ​ទេ ពោល​ខុស​ពី​បេក្ខជន​មក​បក្ស​កាន់អំណាច​ដែល​មាន​សិទ្ធិ​និយាយ​គ្រប់​ពេល និង​នៅ​សឹង​គ្រប់​វិទ្យុ គ្រប់​កាណាល់​ទូរទស្សន៍​ទាំង​អស់។ បន្ទាប់​មក គណបក្សឆាំង​មិន​អាច​យក​រូបថត​បេក្ខជន​របស់​ខ្លួន​ទៅ​បិទ​នៅ​កន្លែង​សាធារណៈ​ស្រេច​តែ​ចិត្ត​ដូច​គណបក្ស​កាន់​អំណាច​ឡើយ។

តើ​ជោគជ័យ​មួយ​ភាគ​របស់​គណបក្សប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ពេល​នេះ គ្រាន់​ជា​ការ​ព្រមាន ឬ​មួយ​ជា​ការ​ឈាន​ទៅ​បិទទំព័រ​សករាជ​គ្រប់គ្រង​ប្រទេស​សឹង​ផ្តាច់មុខ​នៃ​គណបក្ស AKP របស់​លោក​អ៊ែរដូហ្កាន?។ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ និង​យល់ស្រប​ដូច​គ្នា​ថា គ្រាន់​ជា​ការ​ព្រមាន​នៅ​ឡើយ តែ​បើ​ពី​ពេល​នេះ​ទៅ​ថ្ងៃ​ខាង​មុខ ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​តួកគី​នៅ​បន្ត​មាន​ដូច​សព្វថ្ងៃ ប្រជាជន​តួកគី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត​ប្រើ​សន្លឹកឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ស៊ីជ្រៅ​មួយ​ទេ។ ចូរ​កុំ​ភ្លេច​ថា គឺ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​សព្វថ្ងៃ​ដែល​បាន​ជំរុញ​ពលរដ្ឋ​តួកគី​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្សប្រឆាំង។ តាំង​ពី​រដូវក្តៅ​ឆ្នាំ ២០១៨ ប្រាក់​លីវ​តួកគី​បាន​បាត់បង់​តម្លៃ​ជាង ៣០% កំណើន​សេដ្ឋកិច្ច​បន្ត​ដាំ​ក្បាល​ចុះ ផលិតកម្ម​ឧស្សាហកម្ម​កំពុង​ធ្លាក់​ចុះ ចំនួន​អ្នកអត់ការងារ​ធ្វើ​កើន​ជិត ១៤% គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

ចំណែក​អត្រា​អតិផរណា​នៅ​បន្ត​មាន​អត្រា​​ពីរខ្ទង់ ពោល​ជិត ២០% នា​ខែ​មីនា​កន្លង​ទៅ។ តម្លៃ​គ្រឿង​ឧបភោគបរិភោគ ពិសេស​ចំណីអាហារ​ចាំបាច់​បន្ត​ឡើង​ថ្លៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គឺ​ក្តីបារម្ភ​របស់​ពលរដ្ឋ​ជុំវិញ​រឿង​អត់​អី​ច្រក​ក្រពះ​នេះ​ហើយ​ដែល​លោក​អ៊ែរដូហ្កាន​ត្រូវ​គិតគូរ​ជា​បន្ទាន់។ ពិតណាស់ លោក​អ៊ែរដូហ្កាន​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ទូទៅ​បាន​បញ្ជាក់​ថា ស្ថិរភាព​នយោបាយ​នឹង​នាំ​មក​នូវ​វិបុលភាព​សេដ្ឋកិច្ច។ តែ​បញ្ហា​នៅ​ត្រង់​ថា ស្ថិរភាព​នយោបាយ​នៅ​មិន​មាន ហើយ​វិបុលភាព​សេដ្ឋកិច្ច​ហាក់​កាន់​តែ​ដុនដាប​នៅ​ក្នុង​អាណត្តិ​របស់​លោក​អ៊ែរដូហ្កាន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • តួកគី

    តួកគី៖​ការ​បោះឆ្នោតសភា និង​ប្រធានាធិបតី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​កម្រិត​ខ្ពស់

    ស្វែងយល់បន្ថែម

  • តួកគី

    បោះឆ្នោត​តួកគី៖​យុទ្ធនាការ​ឃោសនា​វាយប្រហារ​គ្នា​ចុង​ក្រោយ​រវាង​លោក​អ៊ែរដូហ្កាន និង​លោកអ៊ិន្ស

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

    ស្វែងយល់បន្ថែម

  • តួកគី

    តួកគី នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ ឬ​កំពុង​ឈាន​ទៅរក​របបផ្តាច់ការ​របស់​ប្រធានាធិបតី?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ