ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អឺរ៉ុប

Brexit៖ សភាអង់គ្លេស​បរាជ័យ​ជាលើកទី៤ មិនអាច​រក​សំឡេង​គាំទ្រ​សំណើថ្មី

media  
រូបភាព​ដែល​បង្ហាញ​រូបសូន​សំដែង ពីដំណើរការចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​ © REUTERS/Dado Ruvic/Illustration

ដំណោះស្រាយ​Brexit បាន​ធ្លាក់​ទឹកសាជាថ្មី។ នៅ​ល្ងាច​ថ្ងៃ​ចន្ទម្សិលមិញ សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​ជា​លើក​ទី៤ កិច្ចព្រមព្រៀង Brexit ដែល​តាមពិត​ទៅ ត្រូវ​បាន​ដាក់​ស្នើឡើង​ដោយ​សភា​ខ្លួនឯង។ ស្ថិតនៅក្នុង​ដំណាក់កាលនេះ នាយករដ្ឋមន្រ្តី​អង់គ្លេស លោកស្រី តេរ៉េហ្សា មេ​ត្រូវ​កោះប្រជុំ​គណៈរដ្ឋមន្រ្តី​បន្ទាន់​មួយ នៅ​ថ្ងៃ អង្គារ​នេះ ដើម្បី​ដករកច្រកចេញបន្ទាប់។ សម្រាប់​ភាគី​អឺរ៉ុប សេណារីយ៉ូ អង់គ្លេស​ដើរចេញពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង មានរូបរាង​កាន់តែ​ច្បាស់​ជាងមុន។

 

នៅ​ក្នុង​សំណុំរឿង​Brexit កុំ​ថា​ឡើយ​សំណើ​របស់​រដ្ឋាភិបាល​របស់​លោកស្រី​មេ  ដែល​សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​ទាត់ចោល។ សូម្បី​តែ​សំណើ​ដែល​រៀបចំ​ចងក្រង​ឡើង​ដោយ​សភា​ខ្លួនឯង ក៏​សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​មិន​ឲ្យ​ចេញ​រួច​ដែរ។

បន្ទាប់​ពីដក​យក​សំណុំរឿង​Brexit ពី​ដៃ​លោកស្រី​នាយករដ្ឋមន្រ្តី តេរ៉េហ្សា មេ មក​ចាត់ចែង​ដោយ​ខ្លួនឯង សភាអង់គ្លេស នៅថ្ងៃ​ចន្ទ​ម្សិលមិញ បាន​លើកសំណើ​ចំនួន​៤ ឲ្យ​អង្គ​សភា​បោះឆ្នោត​អនុម័ត។ សំណើ​ទាំងនោះ មាន ការរៀបចំ​បោះឆ្នោត​ប្រជាមតិ លើ​រាល់​កិច្ចព្រមព្រៀង​ស្តីពីលែងលះ ជាមួយ​អឺរ៉ុប ការរក្សា​អង់គ្លេស នៅ​ក្នុង​ប្រព័ន្ធ​ពន្ធគយ​អឺរ៉ុប រក្សា​អង់គ្លេស​ឱ្យ​ស្ថិតនៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​រួម ដោយ​ដើរ​តាម​គំរូ​ប្រទេស​ន័រវេស។ នៅក្នុង​សំណើ​ចុងក្រោយ​របស់ខ្លួន សភា​អង់គ្លេស បាន​ទាមទារ​ថា ក្នុង​ករណី​សភា មិនអាច​រក​ឃើញ គ្មាន​កិច្ច​ព្រមព្រៀង នៅ​២ថ្ងៃ​មុន កាលបរិច្ឆេទ ដែល​អង់គ្លេស ត្រូវ ដើរចេញពី​សហភាពអឺរ៉ុប ​សមាជិក​សភា​ត្រូវ​តែ​បោះឆ្នោត ផ្តល់​សំឡេង​ចុងក្រោយ​លើ ការដើរចេញ​របស់​អង់គ្លេស ដោយ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ អឺរ៉ុប។ ហើយ​បើសិន​សភា​បោះឆ្នោត​ប្រឆាំង  ពោល គឺ​មិន​ចង់ឲ្យ​អង់គ្លេស​ដើរចេញពី​ពី​អឺរ៉ុប ដោយ​គ្មាន​រកឃើញ​កិច្ចព្រមព្រៀង នោះ អង់គ្លេស​ត្រូវ​តែ​បដិសេធ​មិន​ដើរចេញ​ពី​សហភាពអឺរ៉ុប​វិញ។

នៅ​ល្ងាច​ថ្ងៃ​ចន្ទម្សិលមិញ បន្ទាប់ ពី​ជជែក​តវ៉ា យ៉ាង​តឹង​សសៃក សមាជិក​សភា អង់គ្លេស នៅទី​បំផុត បោះឆ្នោត បដិសេធ មិនទទួល​យក សំណើ​ទាំង ៤។ ការបោះឆ្នោត ប្រឆាំង​ជា​លើក​ទី៤ ​របស់​សភា ធ្វើ​ឲ្យ​ការចរចា រក​កិច្ចព្រមព្រៀង​Brexit កាន់តែ​ដើរ​ទៅរក​ផ្លូវ​ទាល់ច្រក។

នៅក្រោយ​ សភាអង់គ្លេស​បរាជ័យ មិន​អាច​បោះឆ្នោត គាំទ្រ កិច្ចព្រមព្រៀង​Brexit ជាលើកទី៤ ប្រធាន​ក្រុមចរចា​របស់​សហភាព​អឺរ៉ុប លោក​Michel Barnier បាន​លើកឡើង​ពី​លទ្ធភាព ដែល​អង់គ្លេស​ដើរចេញពី​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង។ យ៉ាងណា​ក៏ដោយ សហភាព​អឺរ៉ុប​នៅ​តែ​ចង់​រក្សា​អង់គ្លេស នៅក្នុង​ប្រព័ន្ធ​ពន្ធគយ​អឺរ៉ុប បើទោះបី​ជា​អង់គ្លេស​ត្រូវ​លែងលះ ដោយ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយអឺរ៉ុប។

ដោយសារតែ​សភា​នៅតែ​បោះឆ្នោត​បដិសេធ នាយករដ្ឋមន្រ្តី អង់គ្លេស គ្មាន​ជម្រើស​អ្វី​ក្រៅតែ​ពី​សុំ​ឲ្យ​អឺរ៉ុប អូសបន្លាយ​ពេលវេលា​នៃ​ចាកចេញ ដែល​ត្រូវ​កំណត់ នៅថ្ងៃទី ១២​មេសា​ខាងមុខ ប៉ុន្តែ ជាមួយ​គ្នានោះ អង់គ្លេស ត្រូវ​បង្ខំចិត្ត​រៀបចំ​ការបោះឆ្នោត​សភាអឺរ៉ុប ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ២៦ ឧសភា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ