អានតួអត្ថបទ
WTO-ពាណិជ្ជកម្ម

WTO បញ្ចុះ​​ការ​ព្យាករ​អត្រា​កំណើន​​ពាណិជ្ជកម្ម​​ពិភពលោក និង​អំពាវនាវ​ឲ្យ​ដោះស្រាយ​ជា​បន្ទាន់​នូវ​ជម្លោះ​ពាណិជ្ជកម្មក្នុងលោក

នៅ​ថ្ងៃ​អង្គារ ទី២ មេសា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WTO បាន​អំពាវនាវ​ឲ្យ​ដោះស្រាយ​ជា​បន្ទាន់​នូវ​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​លោក និង​បាន​បញ្ចុះ​អត្រា​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៩។ ថ្លែង​នា​ឱកាស​ធ្វើ​សន្និសីទកាសែត​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នាយក​អង្គការ WTO លោក Roberto Azevedo បាន​ព្រមាន​ទុក​ជា​មុន​ពី​កំណើន​ផលវិបាក​ជះ​លើ​សេដ្ឋកិច្ច ប្រសិន​បើ​ជម្លោះ​ពាណិជ្ជកម្ម​នៅ​បន្ត​មាន​ដូច​សព្វថ្ងៃ ពិសេស​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។

នាយកអង្គការ WTO លោក Roberto Azevedo
នាយកអង្គការ WTO លោក Roberto Azevedo Captura de vídeo World Trade Organization
ផ្សាយពាណិជ្ជកម្ម

តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO អត្រា​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៩ នឹង​ត្រូវ​កើន​ត្រឹម ២,៦% ប៉ុណ្ណោះ ពោល​តិច​ជាង​ការ​ប្រមើល​ទុក​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ដែល​មាន​កម្រិត ៣,៧%។ នេះ​ជា​ឆ្នាំ​ទី២ ដែល WTO បាន​ប្រមើលមើល​ខុស ព្រោះ​ក្នុង​ឆ្នាំ ២០១៨ តួលេខ​ជាក់ស្តែង​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក​មាន​ត្រឹម ៣% ពោល​តិច​ជាង​ការ​ប្រមើល​ទុក​ដែល​មាន ៣,៩%។ តាម​នាយក WTO លោក Roberto Azevedo ជម្លោះ​ពាណិជ្ជកម្ម​ជា​ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​អត្រា​ដោះដូរ​ពាណិជ្ចកម្ម​ក្នុង​លោក​ធ្លាក់​ចុះ ហើយ​វា​នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត ប្រសិន​បើ​គេ​មិន​រួសរាន់​នាំ​គ្នា​ដោះស្រាយ​ទេ​នោះ។

ដោយឡែក សំណុំរឿង Brexit ដែល​ប្រទេស​អង់គ្លេស និង​សហភាពអឺរ៉ុប​កំពុង​បន្ត​ប្រទាញប្រទង់​គ្នា​សព្វថ្ងៃ​ត្រូវ​បាន​លោក Roberto យល់​ថា វា​អាច​ប៉ះពាល់​ខ្លាំង​តែ​លើ​សេដ្ឋកិច្ច​រវាង​ភាគី​ទាំង​ពីរ​នេះ ហើយ​ផលវិបាក​ក្នុង​កម្រិត​ណា​នោះ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​អាច​និយាយ​ចុះ​សម្រុង​គ្នា​បាន។ សម្រាប់​អត្រា​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក​នៅ​ឆ្នាំ ២០២០ ត្រូវ​បាន WTO ប្រមើលមើល និង​ព្រមាន​ថា នឹង​អាច​មាន​កម្រិត ៣% ប្រសិន​បើ​ភាព​តានតឹង​ពាណិជ្ជកម្ម​ថយ​ចុះ។ តាម​លោក Roberto ពាណិជ្ជកម្ម​មិន​អាច​ដើរ​តួ​នាទីពេញលេញ​ជា​ក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​បាន​ឡើយ ដរាប​ណា​ភាព​មិន​ប្រាកដនិយម​នៅ​តែ​មាន​កម្រិត​ខ្ពស់​នោះ។

ការ​អំពាវនាវ និង​ការ​ព្រមាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពេល​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​អាមេរិក និង​ចិន​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​សង្រ្គាមពាណិជ្ជកម្ម។ ក្នុង​ករណី​ដែល​មាន​សង្រ្គាមពាណិជ្ជកម្ម ពិភពលោក​ទាំង​មូល​ជា​អ្នក​ខាតបង់ ព្រោះ​អត្រាកំណើន​សេដ្ឋកិច្ច​ថយចុះ។ ជា​ថ្មី​ម្តង​ទៀត នាយក​អង្គការ WTO លោក Roberto បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំង​អស់​ឲ្យ​គោរព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។ «ការ​មិន​អើពើ​នឹង​សារៈសំខាន់​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ផ្អែក​លើ​ច្បាប់ ជា​កំហុស​ប្រវត្តិសាស្រ្ត​ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​លើ​ការងារ លើ​កំណើន​សេដ្ឋកិច្ច និង​លើ​ស្ថិរភាព​ក្នុង​លោក» នេះ​ជា​ការ​បញ្ជាក់​របស់​លោក Roberto៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ