ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

អាមេរិក​ដំឡើង​សំឡេង​ដាក់​អាល្លឺម៉ង់ និង​តួកគី​នៅ​ក្នុង​ខួបកំណើត ៧០ឆ្នាំ​របស់​អង្គការ​អូតង់ ឬ​ណាតូ

អាមេរិក​ដំឡើង​សំឡេង​ដាក់​អាល្លឺម៉ង់ និង​តួកគី​នៅ​ក្នុង​ខួបកំណើត ៧០ឆ្នាំ​របស់​អង្គការ​អូតង់ ឬ​ណាតូ
 
អង្គការអូតង់ ឬ​ណាតូ​ប្រារព្ធខួបកំណើត​គម្រប់ ៧០ឆ្នាំ​រយៈពេល ២ថ្ងៃ​ (ថ្ងៃទី៣ និង​ទី៤ មេសា ២០១៩) ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក Reuters

ថ្ងៃ​ព្រហស្បតិ៍ ទី៤ មេសា ឆ្នាំ ២០១៩ នេះ​ជា​ខួបកំណើត​គម្រប់ ៧០ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​អូតង់ ឬ​ណាតូ​កាល​ពី​ថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩។ ពិធី​ខួប​កំណើត​នេះ​រៀបចំ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ដោយ​មាន​ការ​ចូលរួម​ពី​ប្រមុខ​ការទូត​មក​ពី ២៩ប្រទេស​ជា​សមាជិក។ អ្វី​ជា​ការ​កត់សម្គាល់ ខួបកំណើត ៧០ឆ្នាំ​របស់​អង្គការ​អូតង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​អង្គការ​ពហុជាតិ​មួយ​នេះ​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង​ពី​ប្រធានាធបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ចំ​ពេល​ដែល​សង្រ្គាម​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​អាមេរិក និង​ប្រទេស​សមាជិក​ផ្សេង ពិសេស​អឺរ៉ុប។

នៅ​ថ្ងៃ​ពុធ ទី៣ មេសា អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ដំឡើង​សំឡេង​ដាក់​ប្រទេស​អាល្លឺម៉ង់ និង​តួកគី។ តែ​ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​អំពាវនាវ​ឲ្យ​មាន​ឯកភាពផ្ទៃក្នុង។

អូតង់ ឬ​ណាតូ​បាន​ប្រសូត្រ​ឡើង​ក្នុង​ថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩ ពោល​នៅ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​លើកទី២។ កម្មវត្ថុ​នៃ​ការ​បង្កើត​អង្គការ​អូតង់​ឡើង គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​បស្ចិមលោក​ប្រឈម​នឹង​ការ​ឈ្លានពាន​​របស់​ចក្រព័ទ្ធ​អាល្លឺម៉ង់ និង​មហិច្ឆតា​របស់​សហភាព​សូវៀត។ តែ​តំាង​ពី​ក្រោយ​ការ​ដួល​រលំ​សហភាពសូវៀត​ក្នុង​ឆ្នំា ១៩៩១ អង្គការ​អូតង់​ក៏​បាន​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ រួម​មាន ការ​ទាមទារ​ផ្តាច់​ទឹកដី​និយម​របស់​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ប្លុក​កុម្មុយនិស្ត និង​សន្ទុះ​នៃ​ចលនា​ភេរវនិយម​អន្តរជាតិ។

បន្ទាប់​មក និង ជិត ៣០ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​ត្រជាក់ អង្គការ​អូតង់​បាន និង​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ទៀត​នៅ​ក្នុង​ពិភពលោក​នៃ​សតវត្ស​ទី២១ រួម​មាន ការ​គំរាមកំហែង​ភេរវនិយម​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការ​វាយប្រហារ​ពី​ចោរ​សមុទ្រ ការ​គំរាមកំហែង​របស់​ពួក​ជីហាត ឬ​មួយ​ការ​សាយភាយ​នុយក្លេអ៊ែរ។ តែ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ថា បរិបទ​ពិភពលោក​មាន​ការ​ប្រែប្រួល​ខ្លាំង​ដែល​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​លើ​អង្គការ​វ័យ ៧០ឆ្នាំ​មួយ​នេះ។ បន្ទាប់​មក មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ជុំវិញ​ការ​បន្ត​មាន​វត្តមាន និង​ផលប្រយោជន៍​របស់​អង្គការ​អូតង់។

លោក​ដូណាល់ ត្រាំ​ទាមទារ​ឲ្យ​បង់​វិភាគទាន​ស្មើភាព

តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ លោក​ត្រាំ​មិន​ញញើត​នឹង​រិះគន់ ទិតៀន​អង្គការ​អូតង់ ពិសេស​ច្រណែន​នឹង​ប្រទេស​សមាជិក​ខ្លះ​ដែល​បាន​បង់​វិភាគទាន​តិចតួច​ឲ្យ​អង្គការ។ គួរ​បញ្ជាក់​ថា វិភាគទាន​ដែល​ប្រទេស​សមាជិក​ម្នាក់ៗ​ត្រូវ​បង់​ជា​វិភាគទាន​ប្រចាំ​ឆ្នាំ និង​ត្រូវ​គិតគូរ​ដោយ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​នីមួយៗ។ ប្រទេស​សមាជិក​ណា​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ត្រូវ​បង់​លុយ​ច្រើន ហើយ​អ្នក​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​តូច​ត្រូវ​បង់​លុយ​តិច។ នេះ​ជា​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ផ្ទៃក្នុង​របស់​អង្គការ​អូតង់។

បច្ចុប្បន្ន​នេះ អាមេរិក​តែ​ម្នាក់​ឯង​បាន​ផ្តល់ ២០% នៃ​ថវិកា​សរុប​របស់​អង្គការ​អូតង់ ហើយ​សមត្ថភាព​យោធា​ក្នុង​កម្លាំង​អូតង់​ដល់​ទៅ ៧៥% ត្រូវ​បាន​ធានារ៉ាប់រង​ដោយ​ទាហាន​អាមេរិក។ អ្វី​ដែល​លោក​ត្រាំ​កំពុង​បន្ត​ទាមទារ​យ៉ាង​ទទូច​ពេល​នេះ គឺ​សុំ​ឲ្យ​ប្រទេស​សមាជិក​ផ្សេង​នៅ​អឺរ៉ុប​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នា​ជំនួបកំពូល​អូតង់​ក្នុង​ឆ្នាំ ២០១៤។ ជា​កិច្ចព្រមព្រៀង​ដែល​បាន​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​ផ្សេង​ដំឡើង​ថវិកា​យោធា​ឲ្យ​បាន ២% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២៤។

រហូត​មក​ដល់​សព្វថ្ងៃ មាន​ប្រទេស​សមាជិក​មិន​ដល់​ពាក់​កណ្តាល​ផង​ដែល​សម្រេច​បាន​កម្មវត្ថុ​មួយ​នេះ។ លោក​ត្រាំ​ធ្លាប់​បាន​រម្លឹក​រឿង​វិភាគទាន​ដដែល​នេះ​នា​រដូវក្តៅ​កន្លង​ទៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដោយ​ចោទ​សួរ​ច្រើន​ដង​ថា តើ​វា​សម​ទេ​ដែល​អាមេរិក​ត្រូវ​ចេញ​លុយ​ច្រើន​ជាង​អ្នក​ផ្សេង​ដើម្បី​ការពារ​អ្នក​ផ្សេង។ គេ​ឃើញ​ប្រធានរឿង​ដដែល​នេះ​កំពុង​ចូល​ទៅ​បំពុល​ជា​ថ្មី​នៅ​ក្នុង​ខួបកំណើត ៧០ឆ្នាំ​របស់​អង្គការ​អូតង់​ដោយ​នៅ​ថ្ងៃ​ពុធ ទី៣ មេសា អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ចង្អុល​ចំ​មុខ​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​ទ្វីបអឺរ៉ុប។

អាមេរិក​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​អឺរ៉ុប​ពី​អូតង់

នរណា​ក៏​ដឹង​ដែរ​ថា​តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​មក លោក​ត្រាំ​តែង​បាន​ឆ្កឹះឆ្កៀល សើរើ​លើ​សឹង​គ្រប់​កិច្ចព្រមព្រៀង​ទាំង​អស់ មាន​ទាំង​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​អាមេរិក និង​ប្រទេស​មួយ​ចំនួន និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​មុនៗ។ ជាក់ស្តែង លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឬ​មួយ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​ប្រទេស​ផ្សេង​ដែល​នាំ​ចូល​អាមេរិក។ លោក​ត្រាំ​យល់​ថា អូតង់​បាន​ផ្តល់​ប្រយោជន៍​ឲ្យ​អឺរ៉ុប​ច្រើន​ជាង​អាមេរិក។ តែ​សម្រាប់​នាយកអង្គការ​អូតង់​លោក Jens Stoltenberg អាមេរិក និង​អឺរ៉ុប​ទទួល​បាន​ប្រយោជន៍​ពី​អូតង់​ដូច​គ្នា។

បើ​ពិនិត្យ​មើល​ជា​រួម អាមេរិក​កំពុង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​អង្គការ​អូតង់ ព្រោះ​បេសកកម្ម​របស់​អូតង់​មិន​បាន​កម្រិត​ត្រឹម​ព្រំដែន​ក្នុង​រង្វង់​សម្ព័ន្ធអាត្លង់ទិក​ទេ តែ​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​ព្រំដែន​សម្ព័ន្ធអាត្លង់ទិក​រហូត​ដល់​ប្រទេស​អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ រួម​ទាំង​ចូលរួម​អន្តរាគមន៍​នៅ​ក្នុង​បញ្ហា​អន្តោប្រវេសន៍។ ក្រៅ​ពី​នោះ អាមេរិក​ក៏​បាន​ឆ្លៀត​ប្រើ​វេទិកា​អូតង់​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​លើ​សមរភូមិ​ផ្សេង​ទៀត ដូច​យ៉ាង​នៅ​មជ្ឈិមបូព៌ា ឬ​មួយ​ការ​ចែក​រំលែក​ព័ត៌មាន​ស្តីពី​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​ជា​ដើម។

រុស្ស៊ី និង​អូតង់​បន្ត​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​គ្នា​ទៅ​វិញ ទៅ​មក?

ក្រៅ​ពី​រករឿង​អាល្លឺម៉ង់​ក្នុង​រឿង​បង់​វិភាគទាន​តិចតួច អាមេរិក​ក៏​កំពុង​ស្តីបន្ទោស​អាល្លឺម៉ង់ និង​ប្រទេស​តួកគី​ដែល​ជា​សមាជិក​អូតង់​ពី​ការ​មាន​ទំនោរ​ងាក​រក​​រុស្ស៊ី។ តាម​ពិត​ទៅ រុស្ស៊ី​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​អូតង់ ឬ​អូតង់​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​រុស្ស៊ី មិនមែន​ជា​រឿង​ថ្មី​ទេ។ ក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត អូតង់​កំពុង​បន្ត​ប្រឈម​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ លោក​ពូទីន​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទប់​នឹង​ឥទ្ធិពល​របស់​អូតង់​ដែល​ចង់​អូសទាញ​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត​ដែល​ជា​អតីតរដ្ឋ​ក្នុង​សហភាព​សូវៀត​ឲ្យ​ចូល​ជា​សមាជិក​អូតង់។ លោក​ពូទីន​មិន​ចង់​ឃើញ​អូតង់​ពង្រីក​ខ្លួន​ចូល​ជិត​ព្រំដែន​ខ្លួន ហើយ​អូតង់​ក៏​មិន​ចង់​ឃើញ​រុស្ស៊ី​បន្ត​ពង្រីក​ឥទ្ធិពល​តាម​រយៈ​ក្រសោប​យក​ទឹកដី​ក្បែរ​ខាង​ខ្លួន ដូច​ការ​យក​តំបន់​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន​ជា​ដើម។

តែ​ខណៈ​ពេល​ដែល​រុស្ស៊ី​កំពុង​បន្ត​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​អូតង់ ស្រាប់​តែ​ប្រទេស​សមាជិក​ពីរ គឺ​អាល្លឺម៉ង់ និង​តួកគី​បែរ​ជា​ងាក​ទៅ​ល្អូកល្អឺន​ជាមួយ​រុស្ស៊ី​ទៅ​វិញ។ អាល្លឺម៉ង់​បាន​ចាប់​ដៃ​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​គម្រោង​សង់​បំពង់បង្ហូរឧស្ម័ន​ហៅ Nord Stream២ ហើយ​តួកគី​ដែល​បាន​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក F-៣៥ ក៏​បាន​ទិញ​យន្តហោះចម្បាំង​រុស្ស៊ី S-៤០០។ អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ចោទ​អាល្លឺម៉ង់​ពី​បទ​អើពើ​លើ​ការ​ឈ្លានពាន និង​ការ​គំរាមកំហែង​របស់​រុស្ស៊ី។ លោក Pence យល់​ថា អូតង់​មិន​អាច​ការពារ​សមាជិក​ខ្លួន​ដែល​បែរ​មុខ​ទៅ​រក​រុស្ស៊ី​បាន​ទេ។

ប្រឈម​នឹង​ភាព​តានតឹង​ពេល​នេះ នាយកអង្គការ​អូតង់​លោក Jens Stoltenberg បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​ឲ្យ​មាន​ឯកភាពផ្ទៃក្នុង ព្រម​ទាំង​បញ្ជាក់​ថា បើ​អូតង់​អាច​ជំនះ​បាន​នូវ​ភាព​ខុស​គ្នា​នៅ​ក្នុង​អតីតកាល អូតង់​ក៏​អាច​ជំនះ​ភាព​ខុស​គ្នា​នៅ​ក្នុង​អនាគតកាល​បាន​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អូតង់ធ្វើសមយុទ្ធយក្ស​ បង្ហាញ​ធ្មុង​ដាក់​​រុស្ស៊ី ?!

    ស្វែងយល់បន្ថែម

  • បារាំង-អូតង់

    លោកជីម ម៉ាត់ទីស៖​អាមេរិក​នឹង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួមចំណែក​ឥត​រាថយ​ជាមួយ​អង្គការអូតង់

    ស្វែងយល់បន្ថែម

  • បែលហ្ស៊ិក-អូតង់

    លោក​អេម៉ានុយអែល ម៉ាក្រុង​ថា អូតង់​មាន​ឯកភាព និង​កាន់​តែ​ខ្លាំង​នៅ​ក្រោយ​ជំនួបកំពូល

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ