ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

បារាំង៖G៧ និយាយ​មិន​ចុះសម្រុង​គ្នា​ជុំវិញ​ការ​គ្រប់គ្រង​ពួកជីហាតបរទេស​នៅ​​ស៊ីរី និង​​អ៊ីរ៉ាក់

media  
បារាំង៖G៧ និយាយ​មិន​ចុះសម្រុង​គ្នា​ជុំវិញ​ការ​គ្រប់គ្រង​ពួកជីហាតបរទេស​នៅ​​ស៊ីរី និង​​អ៊ីរ៉ាក់ Reuters

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ក្នុង​លោក​ហៅកាត់ G៧ បិទបញ្ចប់​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារាំង​នា​ថ្ងៃ​សុក្រ ទី៥ មេសា។ តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Christophe Castaner ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ប្រទេស​សមាជិក G៧ បាន​កើត​មាន​លើ​ការ​គ្រប់គ្រង​ពួក​ជីហាត​បរទេស រួម​ទាំង​គ្រួសារ​របស់​ពួក​គេ​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ តែ​ទន្ទឹម​គ្នា​នេះ G៧ បាន​ឯកភាព​គ្នា​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធ័រនែត​ពី​សំណាក់​ក្រុម​ជ្រុលនិយម​ដើម្បី​ឃោសនា​មនោគមន៍​ភេរវនិយម ឬ​ជ្រុលនិយម។

តាំង​ពី​ជម្រក​ចុង​ក្រោយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី​ត្រូវ​បាន​វាយកម្ទេច​មក សហគមន៍​អន្តរជាតិ​កំពុង​ខ្វាយខ្វល់​ខ្លាំង​ពី​វត្តមាន​ពួកជីហាត​បរទេស​នៅ​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ G៧ បាន​ព្រមព្រៀង​គ្នា​ពី​ភាព​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង​ប្រមូល​ផ្តុំ​ពួក​ជីហាត​បរទេស និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ពោល​កុំ​ឲ្យ​មាន​ការ​រត់បែកខ្ញែក​គ្នា។ វិធានការ​បន្ទាប់ គឺ​ផ្តើម​ពិនិត្យ​មើល​លើ​ករណី​របស់​ពួក​ជីហាត​ម្នាក់ៗ​ដែល​ត្រូវ​កាត់ទោស និង​ត្រូវ​ទទួល​ទោស។ គឺ​នីតិវិធី​កាត់ទោស និង​ទទួល​ទោស​នេះ​ហើយ​ដែល G៧ ពិបាក​និយាយ​ចុះ​សម្រុង​គ្នា និង​មាន​ជំហរ​មិន​ដូច​គ្នា​ទេ។

សមាជិក G៧ ភាគច្រើន ពិសេស​បារាំង និង​អាល្លឺម៉ង់​ចង់​ឲ្យ​កាត់ទោស​ពួក​ជីហាត​បរទេស​ទាំង​នោះ​នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ តែ​ភាគី​អាមេរិក​ចង់​ឲ្យ​មាន​ការ​ទទួល​យក និង​កាត់ទោស​ពួកជីហាតបរទេស​ទាំង​នោះ​ពី​សំណាក់​រដ្ឋអំណាច​នៅ​ក្នុង​ប្រទេសកំណើត​របស់​ពួក​គេ។ « ជំហរ​របស់​យើង គឺ​ត្រូវ​បញ្ជូន​ពួកជីហាត​ទាំង​អស់​នោះ​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ ហើយ​យើង​នឹង​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​ដៃគូ​របស់​យើង​ដើម្បី​ធានា​ថា ពួក​ជីហាត​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ការ​កាត់ទោស » នេះ​ជា​ការ​រម្លឹក​របស់​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខផ្ទៃក្នុង​អាមេរិក។

ក្រៅ​ពី​ប្រធានរឿង​ពួកជីហាត​បរទេស G៧ ក៏​បាន​និយាយ​ពី​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធ័រនែត​ពី​សំណាក់​ក្រុម​ភេរវជន ឬ​ក្រុម​ជ្រុលនិយម​ដើម្បី​ឃោសនា និង​ជ្រើសរើស​សកម្មជន​របស់​ពួក​គេ។ នៅ​ក្នុង​ករណី​នេះ G៧ បាន​ព្រមព្រៀង​គ្នា​ពី​ភាព​ចាំបាច់​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធ័រនែត​ចាត់​វិធានការ​គ្រប់​យ៉ាង​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ភេរវនិយម ឬ​ជ្រុលនិយម។ ប្រទេស​ខ្លះ​ក្នុង​ក្រុម G៧ អាច​ជ្រើសរើស​ការ​អនុម័ត​ច្បាប់ជាតិ ឬ​តំបន់​ដើម្បី​បង្ខំ​ក្រុមហ៊ុន​អ៊ីនធ័រនែត​ឲ្យ​ដក​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ភេរវនិយម ឬ​ជ្រុលនិយម​ទាំង​នោះ​ចេញ​ពី​គេហទំព័រ​ក្នុង​រយៈពេល ១ម៉ោង។

ចុង​បញ្ចប់ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៃ​ក្រុម G៧ បាន​ស្នើ​ឲ្យ​មាន​ការ​វាយតម្លៃ​លើ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទូរគមនាគមន៍​ជំនាន់ថ្មី​ហៅ​ថា ៥G៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ