អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ស្នើ​សុំអឺរ៉ុប ​ជា​ផ្លូវការ​ម្តងទៀត នៅ​ថ្ងៃសុក្រ​នេះ ពន្យារការ​លើក​ពេល​ដើរ​ចេញ​សហភាព​អឺរ៉ុប រហូត​​ថ្ងៃទី ៣០ មិថុនា ២០១៩។ ចំណែក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក ដូណាល់ ទូស្ក៍​វិញ បាន​លើក​សំណើពន្យារ​​ដំណើរការ​Brexit ដែល​អាច​បត់បែន​បាន​រយៈ​ពេល​១២​ខែ​តែ​ម្តង ​ទៅ​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុបអនុម័ត។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា មេ នៅ​មុខ​វិមានរដ្ឋាភិបាល Downing Street
នាយក​រដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា មេ នៅ​មុខ​វិមានរដ្ឋាភិបាល Downing Street REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

សំណើ​ស្តី​ពី​ការ​ពន្យារ​ពេល​Brexit ​១២​ខែ ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​ ដូណាល់ ទូស្ក៍។ សម្រាប់​ប្រធានសហភាព​អឺរ៉ុប មាន​តែ​ការ​ពន្យារ ​ពេល​យូរ និងអាច​បត់​បែន​តាម​កាលៈ​ទេសៈ​ទេ ដែល​ជា​ច្រក​ផ្លូវ​ដ៏​សមហេតុផល​​នៃ​Brexit។

ការ​ពន្យារ​ពេល​មាន​រយៈ​ពេល​វែង ដល់​ទៅ​មួយ​ឆ្នាំ​មែន ប៉ុន្តែនៅ​ពេល​សភា​អង់គ្លេសព្រម​​អនុម័ត​លើ​កិច្ចព្រមព្រៀង​Brexit ភ្លាម​ (ដែល​នាយក​រដ្ឋមន្ត្រី​ តេរ៉េហ្សា មេ សម្រេច​បាន​ជាមួយ​អឺរ៉ុប) ការពន្យារពេល​ត្រូវ​ចប់​​បាន​ជា​ស្វ័យ​ប្រវត្តិ​ ! អង់គ្លេស​​ត្រូវ​ដើរ​ចេញ​ពី​អឺរ៉ុបបាន​ភ្លាម។ ​ប្រសិន​បើមិន​អាច​ទៅ​រួចដូច​អ្វី​ដែល​គិត​ខាង​លើ ក៏​អង់គ្លេស​អាច​មានពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ពិចារណា​រក​យុទ្ធសាស្ត្រ​ថ្មី​ឱ្យ​Brexitដែរ។ នេះ​បើ​តាម​ខ្លឹមសារ​លម្អិត​នៃ​សំណើ​របស់​លោក ដូណាល់ ទូស្ក៍ ដែល​អះអាងទៀតថា អង់គ្លេស​មាន​​លទ្ធភាពដើរ​ចេញ​ពី​អឺរ៉ុប មុន​កាល​កំណត់​ក៏​បាន​ ឬ​រហូត​ដល់​កំណត់​មួយ​ឆ្នាំ​ក៏​បាន​បើ​ចាំបាច់។

ពន្យារពេលវែង​ ល្អ​សម្រាប់​ទាំងពីរ​ភាគី

ក្រៅ​អំពី​ផ្តល់​លទ្ធភាព​ឱ្យ​អង់គ្លេស​មាន​ពេល​វេលា​ដ៏​ចាំបាច់ ហេតុផលដ៏​ចំបង​​របស់​លោក​ ដូណាល់ ទូស្ក៍ គឺ​ដើម្បី​កុំ​ឱ្យ​អឺរ៉ុប​រវល់​ខ្វល់​ តែ​កោះ​គ្នា​មក​ប្រជុំ​​ ស្ទើរ​ជារៀង​រាល់​សប្តាហ៍ ដើម្បី​សម្រេច​លើក​ពេល​Brexit ម្តង​ហើយ​ម្តង​ទៀត។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​​ អឺរ៉ុប​​ធ្លាប់​បាន​​វែក​រក​លទ្ធភាព​នៃ​ការ​ពន្យារពេល​ដល់​ចុងឆ្នាំ​នេះ ឬ​ដល់​ចុង​​ឆ្នាំ​២០២០ផង។

ឯ​ចំណែក​អង់គ្លេស​ក៏​ស្វែង​រក​ពន្យារ​ពេល​ថ្មី​ដែរ។ បន្ទាប់​ពី​បាន​ច្រាន​ចោល​កិច្ចព្រមព្រៀង​Brexit ដែល​នាយក​រដ្ឋមន្ត្រី​សម្រេច​បាន​ជាមួយ​អឺរ៉ុប ចំនួន​បី​លើក ​កាល​ពី​ម្សិលម្ង៉ៃ សភា​អង់គ្លេស​បាន​បោះឆ្នោត​សម្រេច​ឱ្យ​លោកស្រី​នាយករដ្ឋមន្ត្រី ទៅ​សុំ​លើក​ពេល​Brexit ថ្មី​មួយ​ទៀត ដើម្បី​បញ្ចៀសគ្រោះ​បែក​ចេញ​ពី​អឺរ៉ុបដោយ​គ្មាន​កិច្ចព្រមព្រៀង។​ ​តាម​ក្បួន និង​ការ​​​​កំណត់​របស់​​អឺរ៉ុប បើ​សភា​មិន​ព្រមអនុម័ត​​កិច្ចព្រមព្រៀងរបស់​នាយករដ្ឋមន្ត្រី​ទេ ​អង់គ្លេស​​នឹង​ត្រូវលែង​លះ​​ពី​អឺរ៉ុប​ ដោយ​គ្មាន​បាន​​អ្វីទាំង​អស់ នៅត្រឹម​ថ្ងៃទី ១២​មេសា​សប្តាហ៍​ខាង​មុខ​នេះ។ ​​​

ម្យ៉ាង​ទៀត លោក ដូណាល់ ទូស្ក៍​មើល​ឃើញ​ថា ​​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស បាន​ខ្នះខ្នែង​និង​ប្តូរ​ក្រលះ​គោលការណ៍ ១៨០ដឺក្រេ ដោយ​បត់​ងាក​មក​ចរចា​ជាមួយ​មួយ​បក្ស​ប្រឆាំង​តែម្តង។ ការ​ចរចា​ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​បាន​និង​កំពុង​បន្ត​ធ្វើ​យ៉ាង​ប្រញឹក ចូល​ដល់​ថ្ងៃ​ទី​បី​ហើយ។ គេ​នៅ​មិនទាន់​ដឹង​ថា​លទ្ធផល​នឹងវិជ្ជមាន​ប៉ុណ្ណា​ទេ។ ឮសូរ​ថា​បក្ស​ប្រឆាំង​ចង់​បាន​ការ​បោះឆ្នោត​ប្រជាមតិ​បញ្ជាក់​អំពី​Brexit​ម្តង​ទៀត ជា​ថ្នូរ​នឹង​ការ​គាំទ្រ​កិច្ចព្រមព្រៀង​Brexit​ផង។

ប៉ុន្តែ​សំណើពន្យារ​ពេល​មួយ​ឆ្នាំ​របស់​ប្រធាន​សហភាព​អឺរ៉ុប​នេះអាច​យក​ជា​ការ​បាន​ ដរាប​ណា​តែ​បាន​ការ​​អនុម័ត​ព្រមព្រៀង​ពី​សមាជិក​ទាំង​២៧​របស់​អឺរ៉ុប​ ដែល​គ្រោង​នឹងជួប​​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃទី ១០​មេសា​ខាង​សប្តាហ៍​ក្រោយ​នេះ។ សមាជិក​ខ្លះ​បាន​បង្ហាញ​ឆន្ទៈ​មិន​ពេញ​ចិត្ត​ទេ ព្រោះ​មិន​ចង់​ឃើញ​សំណុំ​រឿង​Brexit នៅ​អូស​បន្លាយ​ មិន​ចប់​មិន​ហើយ​ដូច្នេះ​ទេ។

​រដ្ឋមន្ត្រី​អង់គ្លេស​ ស្នើ ​Brexit ត្រឹម​ថ្ងៃ​ទី ៣០​មិថុនា​

ប៉ុន្តែ​​រដ្ឋាភិបាល​លោកស្រី​មេ មាន​ជំហរ​ច្បាស់​លាស់​តាំង​ពី​ដើម​ និង​រហូត​ទៅ ចង់​ចាកចេញ​ពី​សហភាព​អឺរ៉ុប ឱ្យ​បាន​ឆាប់​រហ័ស។ ជាមួយនឹង​ការ​ផ្លាស់​ជំហរ ងាក​ទៅ​ចរចា​ជាមួយ​បក្ស​ប្រឆាំង លោកស្រី​មាន​ជំនឿថា រដ្ឋាភិបាល​អង់គ្លេស​នឹងអាច​បញ្ចុះ​បញ្ចូល​សភា​ និង​អាច​ទទួល​បាន​នូវ​ការ​គាំទ្រ ឱ្យ​បាន​មុន​ថ្ងៃទី ១០ មេសា ២០១៩ ថ្ងៃដែល​សហភាព​អឺរ៉ុប​ត្រូវ​ប្រជុំគ្នា​​សម្រេច​អំពី​ជោគវាសនា​នៃ​Brexit។

លោកស្រី​មេ បាន​ពន្យល់​ថា​កំពុង​ស្វែង​រក​ការព្រមព្រៀង​មួយ​ដែល​អនុញ្ញត​ឱ្យ​អង់គ្លេស​បាន​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប ឱ្យ​បាន​មុន​ថ្ងៃទី ២៣​មេសា ឆ្នាំ​២០១៩ និង​ដើម្បី​អាច​លុបកម្មវិធី​ មិន​ចូល​រួមរៀបចំ​បោះឆ្នោត​សភា​អឺរ៉ុប ដូច​សមាជិក​ដទៃ។ ប៉ុន្តែដោយ​មិន​ប្រាកដ​ចិត្ត​ ​រដ្ឋាភិបាលបន្ត​ត្រៀម​លក្ខណៈ​រៀប​ចំ​ការ​បោះឆ្នោត​សភា​អឺរ៉ុប​​ដដែល​​​ ទើប​​ត្រូវ​​សុំ​ពន្យារ​ពេល​Brexit ត្រឹម​ថ្ងៃទី ៣០​មិថុនា​ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ