អានតួអត្ថបទ
លីប៊ី

តើ​អង្គការ​សហប្រជាជាតិ​អាច​ជួយ​ទប់​​កុំ​ឲ្យ​មាន​សង្រ្គាម​បង្ហូរឈាម​ថ្មី​នៅ​លីប៊ី​ដែរឬទេ?

នៅក្រោយ​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​និយាយ​ពី​ស្ថានការណ៍​នៅ​ប្រទេស​លីប៊ី ក្រុមប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​សុក្រ​ទី ៥​មេសា បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​របស់​សេនាប្រមុខ ខាលីហ្វា ហាវតា ដែល​គ្រប់គ្រង​តំបន់​ភាគខាងកើត លីប៊ី បញ្ឈប់ជា​បន្ទាន់ ការវាយប្រហារ សំដៅ​ដណ្តើម​ទីក្រុង​ទី្រប៉ូលី។ ទ្រីប៉ូលី ដែល​កាន់កាប់ ដោយ​រដ្ឋាភិបាល​សហភាពជាតិ របស់​លោក​ ហ្វាយេ អាល់ សារ៉ា ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ។ 

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​​Antonio Guterres ជួប​ពិភាក្សា​ជាមួយ​សេនាប្រមុខ Khalifa Haftar នៅទីក្រុង​បិនកាហ្ស៊ី ថ្ងៃសុក្រ​ទី ៥​មេសា ២០១៩
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​​Antonio Guterres ជួប​ពិភាក្សា​ជាមួយ​សេនាប្រមុខ Khalifa Haftar នៅទីក្រុង​បិនកាហ្ស៊ី ថ្ងៃសុក្រ​ទី ៥​មេសា ២០១៩ ©Media office of the Libyan Army/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​ស្ថានការណ៍​ដែល​គេ​មិន​នឹកស្មានដល់ សហគមន៍​អន្តរជាតិ​បង្កើន​ការអំពាវនាវ​ឲ្យ​សេនាប្រមុខ ហាវតា បញ្ឈប់​ជា​បន្ទាប់ ប្រតិបត្តិការ​យោធា សំដៅ វាយដណ្តើម​យក​ទីក្រុង​ទ្រីប៉ូលី ដែល ជាទីតាំង​របស់​រដ្ឋាភិបាល លីប៊ី ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ នៅ​ថ្ងៃ​សុក្រ នៅពេល​ក្រុមប្រទេស​មហាឧស្សាហកម្ម ទាំង​៧ ដែល​ជួបប្រជុំ​គ្នា​នៅទីក្រុង​ប៉ារីស ទាមទារ​ឲ្យ​គ្រប់ភាគី​ជម្លោះ បញ្ចប់ សកម្មភាព​យោធា សំដៅ​ទីក្រុង​ទ្រីប៉ូលី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តីសម្រេច ទាមទារ​ផងដែរ ឲ្យ​កងទ័ព​ជាតិ​លីប៊ី របស់​សេនាប្រមុខ ហាវតា​បញ្ឈប់​ជា​បន្ទាន់ ដំណើរ​ឈាន​ទៅ​វាយដណ្តើម​យក​ទីក្រុង​ទី្រប៉ូលី។

នៅថ្ងៃ​សុក្រ​ដដែល នៅ​ប្រទេស​លីប៊ី ជាទី​ដែល​លោក​បំពេញ​ទស្សនកិច្ច ជាផ្លូវការ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរកស៍ បាន​ចូលជួប​ពិភាក្សា​ផ្ទាល់ ជាមួយ សេនាប្រមុខ ហាវតា នៅ​ទីក្រុង​បិនកាហ្ស៊ី ប៉ែកខាងកើត​លីប៊ី។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មិន​បាន​បញ្ជាក់​ពី​លទ្ធផល​ជំនួប​ជាមួយ​សេនាប្រមុខ​ហាវតា​នោះទេ។ នៅ​ព្រលាន​យន្តហោះ ប្រធាន​របស់​អង្គការ​សហប្រជាជាតិ​បាន​ត្រឹមតែ​និយាយ​ថា លោក​ចាកចេញ​ពី​លីប៊ី ជាមួយ​ក្តីបារម្ភ​ដ៏ធំធេង។ ប៉ុន្តែ លោក​សង្ឃឹមថា គេ​នឹង​ជួយ​បញ្ជៀស​កុំ​ឲ្យ​មាន​ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​សាជាថ្មី នៅ​ទីក្រុង​ទ្រីប៉ូលី ហើយ​និង​នៅ​តំបន់​ជុំវិញ។

នៅ​ថ្ងៃ​សុក្រ រុស្ស៊ី បាន​ចូលរួម​ជាមួយ ក្រុម​ប្រទេស​លោក​ខាងលិច ដើម្បី​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ បញ្ឈប់​ភាពតានតឹង និង​ស្វែងរក​ដំណោះស្រាយ តាមផ្លូវ​នយោបាយ។ ប៉ុន្តែ កងកម្លាំង​ជាតិ​លីប៊ី របស់​សេនាប្រមុខ ហាវតា ដែល​រហូតមកដល់​ពេលនេះ គ្រប់គ្រង​តំបន់​ភាគខាងកើត​លីប៊ី និង​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ក្រុមប្រទេស​ឈូងសមុទ្រពែរក្ស៍ ដូចជា​អារ៉ាប៊ី សាអូឌីត ហាក់​មិនលឺ​ការអំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​នោះទេ ផ្ទុយទៅវិញ គឺ​នៅ​តែ​បង្កើន​ការប្រយុទ្ធ ចូល​កាន់តែ​ជិត ដោយ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ តែ​៣០គីឡូម៉ែត្រ​ប៉ុណ្ណោះពី​ទីក្រុង​ទ្រីប៉ូលី។ នៅ​ថ្ងៃ​សុក្រ ទាហាន​របស់​សេនាប្រមុខ ហាវតា​នៅ​បាន​វាយ​ចូល​កាន់កាប់​ព្រលាន​ទ្រីប៉ូលី បាន​មួយភ្លែត មុន​នឹង​ត្រូវ​វាយរុញច្រាន ទៅវិញ ដោយ​កងទ័ព​របស់​រដ្ឋាភិបាល ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

មហិច្ឆតា របស់​ក្រុមកងទ័ព​ជាតិ លីប៊ី ដើម្បី វាយដណ្តើម យក​ក្រុង​ទ្រីប៉ូលី ពី​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់ ដោយ សហគមន៍​អន្តរជាតិ គឺ​ជា​រឿង​គេ​មិន​នឹកស្មានដល់។ វា​កើតឡើង​នៅពេល​អង្គការ​សហប្រជាជាតិ កំពុង​ត្រៀម​រៀបចំ​សន្និសីទ​នៅពាក់​កណ្តាល​ខែ​មេសា​នេះ ដើម្បី​រកដំណោះស្រាយ រួមមួយ ពោល​គឺ​លទ្ធភាព​រៀបចំ​ការបោះឆ្នោត ជាតិ ដើម្បី​ស្រោចស្រង់​លីប៊ី អសន្តិសុខ ហើយ​និង​ពីភាពទាល់ច្រក នយោបាយ នៅក្រោយ​ការដួលរំលំ​របបផ្តាច់ការ​កាដាហ្វី កាលពី ឆ្នាំ ២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ