អានតួអត្ថបទ
អឺរ៉ុប-អង់គ្លេស

Brexit៖​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​សុំ​អាល្លឺម៉ង់ និង​បារាំង​ឲ្យ​ជួយ​គាំទ្រ​លើ​សំណើ​សុំ​លើកពេលចេញ​ពី​អឺរ៉ុប

នៅ​ថ្ងៃ​ពុធ ទី១០ មេសា សហភាព​អឺរ៉ុប​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​សំណើ​សុំ​លើក​ពេល Brexit របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា មេ។ លោកស្រី​មេ​ដែល​បាន​សុំ​លើក​ពេល​ចេញ​ពី​អឺរ៉ុប​រហូត​ដល់​ថ្ងៃទី៣០ មិថុនា។ នេះ​ជា​លើកទី២ ដែល​លោកស្រី​មេ​បាន​សុំ​ពន្យារ​ពេល​ចេញ​របស់​អង់គ្លេស ព្រោះ​បើ​តាម​កិច្ចព្រមពៀង​ដែល​លោកស្រី​មេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ អង់គ្លេស​ត្រូវ​ចេញ​ពី​អឺរ៉ុប​ជាផ្លូវការ​ក្នុង​ថ្ងៃទី២៩ មីនា។ ដើម្បី​អាច​ទទួល​បាន​ការ​យល់ព្រម​ពន្យារ​ពេល​ពី​អឺរ៉ុប​ជា​ថ្មី លោកស្រី​មេ​បាន​ទៅ​សុំ​អាល្លឺម៉ង់ និង​បារាំង​ឲ្យ​ជួយ​គាំទ្រ​នា​ថ្ងៃ​អង្គារ ទី៩ មេសា។

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា មេ (រូបស្តាំ) និង​សមភាគី​អាល្លឺម៉ង់​លោកស្រី​មែរកិល។
លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា មេ (រូបស្តាំ) និង​សមភាគី​អាល្លឺម៉ង់​លោកស្រី​មែរកិល។ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​អាល្លឺម៉ង់​លោកស្រី​មែរកិល​ក្នុង​ទីក្រុង​ប៊ែរឡាំង​នា​រសៀល​ថ្ងៃ​អង្គារ ទី៩ មេសា លោកស្រី​មេ​បាន​បន្ត​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ទីក្រុង​ប៉ារីស។ កម្មវត្ថុ​របស់​លោកស្រី​មេ គឺ​សុំ​ឲ្យ​អាល្លឺម៉ង់ និង​បារាំង​ក្នុង​នាម​ជា​ប្រទេស​ស្ថាបនិក​អឺរ៉ុប​ជួយ​គាំទ្រ​លើ​សំណើ​របស់​លោកស្រី​ដែល​សុំ​ពន្យារ​ពេល Brexit រហូត​ដល់​ថ្ងៃទី៣០ មិថុនា។ នេះ​ជា​សំណើ​សុំ​លើក​ពេល​លើកទី២ បន្ទាប់​ពី​អឺរ៉ុប​បាន​យល់ព្រម​លើក​ពេល​លើកទី១ រហូត​ដល់​ថ្ងៃ​សុក្រ ទី១២ មេសា។ វត្តមាន​របស់​លោកស្រី​មេ​ក្នុង​ទីក្រុង​ប៉ារីស និង​ប៊ែរឡាំង​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​អឺរ៉ុប​បើក​ជំនួបកំពូល​ក្នុង​ថ្ងៃ​ពុធ ទី១០ មេសា​ដើម្បី​ពិនិត្យ​សំណើ​សុំ​លើក​ពេល Brexit លើក​ទី២ របស់​លោកស្រី​មេ។

បើ​អឺរ៉ុប​ច្រាន​ចោល​លើ​សំណើ​សុំ​ពន្យារ​ពេល​លើកទី២ រហូត​ដល់​ថ្ងៃទី៣០ មិថុនា​របស់​លោកស្រី​មេ អង់គ្លេស​នឹង​ត្រូវ​ចេញ​ពី​អឺរ៉ុប​នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃ​សុក្រ ទី១២ ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៣ មេសា​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ តែ​បើ​តាម​មើល​ទៅ អឺរ៉ុប​ប្រហែល​ជា​មិន​បដិសេធ​លើ​សំណើ​សុំ​លើក​ពេល​ជា​ថ្មី​របស់​លោកស្រី​មេ​រហូត​ដល់​ថ្ងៃទី៣០ មិថុនា​ទេ ព្រោះ​អឺរ៉ុប​ក៏​មិន​ចង់​ឃើញ​អង់គ្លេស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដែរ។ តែ​ប្រភព​អ្នក​ការទូត​អឺរ៉ុប​ឲ្យ​ដឹង​ថា សម្បទាន​ជា​ថ្មី​របស់​អឺរ៉ុប​នឹង​អាច​មាន​លក្ខខណ្ឌ។ លក្ខខណ្ឌ​នោះ គឺ​សភា​អង់គ្លេស​ត្រូវ​អនុម័ត​ទទួល​យក​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​មេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ឲ្យ​បាន​មុន​ថ្ងៃទី២២ ឧសភា​ខាង​មុខ។

គួរ​រម្លឹក​ថា សភា​អង់គ្លេស​ធ្លាប់​បាន​បោះឆ្នោត​ច្រានចោល​កិច្ចព្រមព្រៀង Brexit ដដែល​នោះ​ចំនួន ៣ដង​រួច​ហើយ។ តែ​អ្វី​ដែល​ថ្មី​នៅ​ពេល​នេះ លោកស្រី​មេ​បាន​យល់ព្រម​អង្គុយ​ជជែក​ជាមួយ​គណបក្ស​ឡាបួរ​ដែល​ជា​បក្សប្រឆាំង​នៅ​ក្នុង​សភា​អង់គ្លេស​ដើម្បី​ស្វែង​រក​កុងសង់ស៊ុស​រួម​មួយ។ ប្រសិន​បើ​កិច្ចសន្ទនា​ផ្ទៃក្នុង​មួយ​នេះ​នៅ​តែ​មិន​អាច​ឈាន​ទៅ​អនុម័ត​លើ​កិច្ចព្រមព្រៀង Brexit បាន អឺរ៉ុប​ក៏​មិន​បិទទ្វារ​ទាំង​ស្រុង​ចំពោះ​ការ​ពន្យារ​ពេល Brexit រយៈពេល​វែង​ដែរ។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូណាល់ ទូស្កិ៍​បាន​ស្នើ​ឲ្យ​ផ្តល់​ការ​ពន្យារ​ពេល​រយៈពេល​ដល់ ១ឆ្នាំ។ តែ​នឹង​អាច​កាត់​បន្ថយ​ពេល​ណា​ក៏​បាន​ក្នុង​ករណី​ណា​ដែល​សភា​អង់គ្លេស​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង Brexit៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ