អានតួអត្ថបទ

អង់គ្លេស​​ចាប់ខ្លួន​​ស្ថាបនិក​​វីគីលិក ក្នុង​​ស្ថានទូត​​អេក្វាទ័រ​​ប្រចាំ​ក្រុង​ឡុងដ៍

ស្ថាបនិក​វិបសៃត៍​វីគីលិក Wikileaks លោក ជូលៀន អាសាញ់ជ៍ Julian Assange ត្រូវ​បាន​ប៉ូលិស​អង់គ្លេស ចូល​ចាប់​ខ្លួន នៅ​ថ្ងៃព្រហស្បតិ៍​ទី ១១ មេសា​ ២០១៩ នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ ដែល​លោក​ធ្លាប់​ជ្រក​កោននយោបាយ​​តាំងពីឆ្នាំ​២០១២​មក។ គឺ​ស្ថាន​ទូត​អេក្វាទ័រ​ជា​អ្នក​ហៅ​ប៉ូលិស​អង់គ្លេស​មក​ចាប់។ ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​ប៉ូលិស​ លោក អាសាញ់ជ៍​ នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការWestminster Magistrates Court ជំនុំ​ជម្រះ ​ក្នុង​ពេលឆាប់ៗ​នេះ។

ស្ថាបនិក​វីគីលីក Julian Assange ពេល​ទៅ​ដល់​តុលាការ Westminster Magistrates Court ថ្ងៃទី​១១មេសា ២០១៩
ស្ថាបនិក​វីគីលីក Julian Assange ពេល​ទៅ​ដល់​តុលាការ Westminster Magistrates Court ថ្ងៃទី​១១មេសា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃ​ការ​ចាប់​ខ្លួន ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត The Guardian ឃើញ​រូប​លោក​ អាសាញ់ជ៍ ជនជាតិ​អូស្រា្តលី អាយុ​៤៧ ឆ្នាំ សក់ស​សិត​ទៅ​ចង​ទៅក្រោយ ពុកមាត់​វែង​សស្គុះ​ ក្រាញ​មិនឱ្យ​ប៉ូលិស​ចាប់​រុញ​បញ្ចូល​ឡាន។

ការ​ចាប់​ខ្លួននេះ​ ជា​លទ្ធផល​នៃ​ការ​ចរចា​រវាង​អាជ្ញាធរ​អង់គ្លេស​និង​អេក្វាទ័រ​ អស់​ជា​ច្រើន​ខែ និង​ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​រវាង​ស្ថាបនិក​វីគីលិក និង​អេក្វាទ័រ​ធ្លាក់​ចុះ​ដុបដាប​ខ្លាំង។ ប្រធានាធិបតី​អេក្វាទ័រ​បាន​សម្រេច​ដក​សិទ្ធិជាជន​ភៀស​ខ្លួន​នយោបាយ ដោយ​បន្ទោស​លោក​អាសាញ់ជ៍​ថា​បាន​រំលោភ​​ច្បាប់​​​ជ្រកកោន​នយោបាយ និង​ល្មើស​លក្ខខណ្ឌ​នៃស្នាក់​នៅ ដូច​ជា​ខ្ទប់​កាមេរ៉ា​សុវត្ថិភាព បំពារ​បំពាន​ឆ្មាំ​​ស្ថានទូត និង​លួច​មើល​ឯកសារ ដោយ​គ្មាន​ការ​អនុញ្ញាត។ ស្ថាបនិក​រូប​នេះ ក៏​ទំនង​ជា​បានទម្លាយ​​ព័ត៌មាន​ស្តី​អំពី​ជីវិត​ឯកជន​របស់​ប្រធានាធិបតី​អេក្វាទ័រ​ទៀត។

សម្រាប់​ប៉ូលិស​អង់គ្លេស ការ​ចាប់​ខ្លួន​លោក អាសាញ់ជ៍ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ដីកា របស់​តុលាការ​ក្រុង​ឡុងដ៍​ សម្រេច​កាលពី​​ខែ​មិថុនា ​ឆ្នាំ​២០១២​ ពី​បទ​មិន​គោរព​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​សេរីភាព​បណ្តោះអាសន្ន និង​ស្រប​តាម​សំណើរបស់​សហរដ្ឋ​អាមេរិក​។ អាមេរិក​បាន​បញ្ជាក់​ភ្លាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​សកម្មជន​អ៊ីនធ័រនែត អាសាញ់ជ៍ ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពីបទ​ វាយប្រហារ​អ៊ីនធ័រនែត និង​អាច​ទទួល​ទោស​ជាប់​ពន្ធនាគារ​យ៉ាង​ច្រើន​បំផុត​៥​ឆ្នាំ។

សូម​បញ្ជាក់​ថា​ ស្ថាបនិក​វីគីលិក ជូលៀន អាសាញ់ជ៍ បាន​ភៀស​ខ្លួន​ទៅជ្រកកោន​​នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​ តាំង​ពី​​ឆ្នាំ​២០១២ ដើម្បី​គេច​ពី​ការ​ធ្វើ​បត្យាប័ន​ទៅ​ស៊ុយអែត​ពី​បទចោទ​ប្រកាន់​​រំលោភ ​បំពាន​ផ្លូវ​ភេទស្ត្រីម្នាក់។ ​គ្រាន់​តែ​ឮ​ដំណឹង​ពីការ​ចាប់ខ្លួន​ភ្លាម ស្ត្រី​ដែល​ចោទ​លោក​អាសាញ់ជ៍​ ​បាន​ទាមទារ​ ឱ្យ​តុលាការ​នៅ​ស៊ុយអែត​បើក​សំណុំ​រឿង​វិញ។

ការ​ចាប់​ខ្លួនស្ថាបនិក​វីគីលិក​ នៅក្នុង​ស្ថានទូត​អេក្វាទ័រ ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ សម្រាប់​អតីត​ប្រធានាធិបតី​អេក្វាទ័រចាស់ ​ប្រធានាធិបតី​កំពុង​កាន់​តំណែងប្រកាន់​ជំហរ​ ​ក្បត់​ ដោយ​បណ្តោយ​ឱ្យ​ប៉ូលិស​បរទេស​ចូល​ចាប់​ពលរដ្ឋ​ក្នុង​ទឹក​ដី​ខ្លួន។ ចំណែក​សកម្មជន​អ៊ីនធ័រនែត​អេវ៉ាត​ស្នូដិន​ ដែល​កំពុងនិរទេស​ខ្លួន​នៅ​រុស្ស៊ី​វិញ​ យល់​ថា​ ការ​ចាប់​ខ្លួន​លោកអាសាញ់ជ៍​ ជាថ្ងៃ​ខ្មៅ​ងងឹត​សម្រាប់​សេរីភាព​សារព័ត៌មាន។ វីគីលិក ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។ ប៉ុន្តែ​ គ្មាន​នរណា​អាច​នៅ​ពីលើ​ច្បាប់​បាន​ឡើយ ! នេះ​ជា​ការ​បញ្ជាក់​របស់​ប៉ូលិស​អង់គ្លេស​ដែល​សន្យា​មិន​ធ្វើ​បត្យាប័ន​លោក ជូលៀន អាសាញ់ជ៍​ទៅ​កាន់ប្រទេស​មានអនុវត្ត​ទោស​ប្រហារ​ជីវិត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ