នៅលីប៊ី ម៉ូស្គូ ចាក់សន្លឹកបៀលើ សេនាប្រមុខ Haftar ប៉ុន្តែ ថ្នមផលប្រយោជន៍រុស្ស៊ីនៅទីនោះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៣
ជាសាធារណៈ រុស្ស៊ី មិនកាន់ជើងខាងណាឡើយក្នុងការប្រយុទ្ធគ្នាយ៉ាងក្រពុលមុខលើសមរភូមិប្រទេសលីប៊ី ហើយប្រកាន់ជំហរទាំងប្រយ័ត្នប្រយែងដើម្បីការពារផលប្រយោជន៍ខ្លួននៅទីនោះ។ ប៉ុន្តែ ដោយមិនចេញមុខនៅឯក្រោយឆាក រុស្ស៊ី បានជ្រើសយកជំរំខ្លួន ហើយ តាមមតិពួកអ្នកជំនាញ គឺ ចាក់សន្លឹកបៀលើ រូបលោកសេនាប្រមុខ Khalifa Haftar ។
អតីតសម្ព័ន្ធមិត្តនៃ របបលោក Mouammar Kadhafi រុស្ស៊ីនាប៉ុន្មានឆ្នាំចុងក្រោយ បានគុណទ្វេ ការខំប្រឹងប្រែង ដើម្បីបង្ហាញខ្លួនឯង ជា អន្តរការីមិនស្ថិតនៅខាងណាៗឡើយ ក្នុងប្រទេសលីប៊ី ជាទីដែល ខ្លួន នៅរក្សាទុក អនុស្សាវរីយ៏ដ៏ល្វីងចត់ ដែលបានបណ្តោយឲ្យ កងអាកាសបស្ចិមលោក ធ្វើអន្តរាគមន៍ វាយប្រហារទៅលើ ប្រទេសនេះ កាលក្នុងឆ្នាំ ២០១១។
វិមានក្រេមឡាំង កាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ បានអំពាវនាវជាថ្មី ឲ្យ “ គ្រប់តែកម្លាំង” នៅលីប៊ី ចេះ ទប់ខ្លួនទៅ គ្រាន់នឹងបញ្ចៀសឲ្យផុតពី “បឹងឈាម” នៅក្រុង Tripoli ជាទីដែលការវាយលុកនៃ កងកម្លាំង នៅខាងលោកសេនាប្រមុខ Haftar បានផ្តាច់ជីវិតមនុស្ស អស់រាប់សិបនាក់ទៅហើយ។ ប៉ុន្មានថ្ងៃចុងក្រោយ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov បានសន្ទនាតាមទូស័ព្ទទាំង ជាមួយលោកសេនា ប្រមុខ Haftar ដែលធ្លាប់បានត្រូវទទួលជួបទៅហើយនៅក្រុងម៉ូស្គូ កាលក្នងឆ្នាំ ២០១១ ទាំងជាមួយមន្ត្រីទទួលខុសត្រូវនៃរដ្ឋាភិបាលឯកភាពជាតិលីប៊ី។
ប៉ុន្តែសម្រាប់ នយោបាយវិទូរុស្ស៊ី លោក Alexei Malashenko គឺ គ្មានអ្វីគួរឲ្យមន្ទិលឡើយ។ គាត់ពន្យល់បំភ្លឺ ទៅ AFP ៖ រុស្ស៊ី គាំទ្រលោក Haftar ដែលចេះភាសារុស្ស៊ី ដែលធ្លាប់មកម៉ូស្គូ និងដែលបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigou ។ ប៉ុន្តែ ក្នុងដំណាក់ឥឡូវ រុស្ស៊ី មិនអាចគាំទ្រលោក Haftarទាំងស្រុងឡើយ។ អ្វីៗ គឺ អាស្រ័យនឹង សមត្ថភាពគាត់ ដណ្តើមយក ក្រុង ទ្រីប៉ូលី និង លក្ខណៈ បង្កមរណភាព នៃប្រតិបត្តិការវាយលុករបស់កងទ័ពគាត់។
ចំណែក អ្នកវិភាគនៃ មជ្ឈមណ្ឌលក្រុងម៉ូស្គូ ខាងសិក្សាអំពី ជម្លោះនៅតំបន់ដើមបូព៌ា លោក Alexandre Choumiline មើលឃើញជាអាទ៏ ៖ ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយ ពួកគូប្រជែងនៃ រដ្ឋាភិបាលឯកភាពជាតិ លីប៊ី គ្រាន់តែជា របាំងបញ្ឆោត ហាក់បីជួយ បង្ខិតស្ថានការណ៍នៅលីប៊ី ឲ្យមានលំនឹង ដែលតាមពិតទៅ គឺ គ្មានលំនឹងសោះ។
ជាកាយវិការ គាំទ្រដល់បុរសខ្លាំងនៅតំបន់ខាងកើតប្រទេសលីប៊ី ម៉ូស្គូ ពេលបោះឆ្នោត ក្នុង ក្រុមប្រឹក្សា សន្តិសុខ អសប ថ្ងៃអាទិត្យកន្លងទៅ បានប្រើសិទ្ធិខ្ទប់ សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សានេះ ដែលអំពាវនាវ គ្រប់តែកងកម្លាំងសេនាប្រមុខ Haftarឲ្យឈប់រុលទៅមុខ ដ្បិតម៉ូស្គូចង់ឲ្យអត្ថបទឯកសារនោះ អំពាវនាវ គឺ ទៅកាន់គ្រប់តែកម្លាំង ដែលច្បាំងនៅលើសមរភូមិ។
បើម៉ូស្គូ ឆ្លើយបដិសេធរាល់ការគាំទ្រយោធារបស់ខ្លួន ដល់សេនាប្រមុខ Haftarនោះ កាសែតអង់គ្លេស The Sun ដោយយោងទៅលើទិន្នន័យនៃស្ថាប័នឈ្លបការណ៍អង់គ្លេស និង កាសែត The Telegraph យោងទៅ លើ ប្រភពប្រេងទាំងឡាយ បានទម្លាយឲ្យដឹងថា ក្រុមហ៊ុនឯកជនយោធា Wagner បានបញ្ជូន ពួកទាហាន ស៊ីឈ្នួលរុស្ស៊ី ទៅកាន់ប្រទេសលីប៊ីទៅហើយ ដូចដែលធ្លាប់បានប្រព្រឹត្តទៅ នៅ ស៊ីរី និង ប្រទេសជាច្រើន នៃទ្វីបអាហ្វ្រិក។
ក្រុមដែលគ្មានតម្លាភាពនេះ ជួនកាលប្រើដោយម៉ូស្គូ សម្រាប់ជាតម្រូវការនៃកងទ័ពរុស្ស៊ី រមែងផ្គត់ផ្គង់ដល់ កងកម្លាំងលោកសេនាប្រមុខ Haftarនៅលីប៊ី ជា កាំភ្លើងធំ រថក្រោះ យន្ដហោះដ្រូនគ្មានពីឡុតបើកបរ និង ស្បៀងយោធាប្លែកៗ - នេះបើតាមប្រភពសាកសួរដោយ កាសែតអង់គ្លេសទាំងពីរ។ ព័ត៌មានបែបនេះ មិនដែល ទទួលការបញ្ជាក់ជាផ្លូវការឡើយ។
អាវុធ ស្រូវសាលី និង ប្រេង
ដោយដើរតួប្រុងប្រយ័ត្ន រុស្ស៊ីសង្ឃឹមការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក្នុងប្រទេសលប៊ី ដែល សម្បូណ៌ដោយកំណប់ប្រេង ប៉ុន្តែដែលលង់លិចទៅ ក្នុងភាពច្របូកច្របល់ ក្រោយពីការដួលរលំនៃ របប វរសេនីយឯក Kadhafi ក្នុងឆ្នាំ ២០១១។
ពេលធ្វើទស្សនកិច្ចនៅម៉ូស្គូ ក្នុងខែតុលាឆ្នាំទៅមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលីប៊ី លោក Nasser al-Derssi បាននិយាយថា លីប៊ីចង់ទិញស្រូវសាលីរុស្ស៊ី បរិមាណ ១ លាន តោន ហើយប្រោះឲ្យរស់ឡើងវិញ គម្រោង ខាងសាងសង់ផ្លូវដែកនៅលីប៊ី ដោយភាគីរុស្ស៊ី ក្នុងតម្លៃ ២.៥០០ លាន អឺរ៉ូ ដែលអាក់ខានទៅ ដោយមកពី សង្គ្រាម។
មុនឆ្នាំ ២០១១ ម៉ូស្គូ បានបរិច្ចាគ កុងត្រាជាច្រើនពាន់លានដុល្លារ ដើម្បីលក់សព្វាវុធ និង ចូលរួមក្នុង គម្រោងប្រេងនៅលីប៊ី ដែលកាលណោះ ជា ម៉ូយ មួយសែនសំខាន់ខាងទិញអាវុធរុស្ស៊ី ក្នុងលោកអារ៉ាប។
នយោបាយវិទូរុស្ស៊ី លោក Malashenkoសង្ខេបសេចក្តីថា ៖ លីប៊ី មានន័យថា ប្រេង។ រុស្ស៊ី អែបទៅជិត ប្រទេសនេះ យូរមកហើយ ។ ព្រមជាមួយនេះ គោលជំហររុស្ស៊ី គឺជា ឆន្ទៈ” បង្ហាញអំពីវត្តមានខ្លួន” នៅលីប៊ី ក្រោយពី សម្រេចបានជោគជ័យនៅស៊ីរី ហើយវិលត្រឡប់ជាលំដាប់ ទៅកាន់រដ្ឋជាច្រើន នៃទ្វីបអាហ្វ្រិក។
មនុស្ស របស់ ម៉ូស្គូ
រុស្ស៊ី មិនបានរាំងរាឯណា ដល់អន្តរាគមន៍កងកម្លាំងអូតង់នៅលីប៊ី កាលពី ខែ មិនា ឆ្នាំ ២០១១។ ពីព្រោះ ពេលបោះឆ្នោតក្នុងក្រុមប្រឹក្សាសន្តិសុខអសប រុស្ស៊ី ទន្ទឹមនិងចិន បានប្រកាន់ឥរិយាបថអនុបវាទ។ ក្រោយ ពី រូប Kadhafi ដែលជាសម្ព័ន្ធមិត្តរបស់ម៉ូស្គូ តាំងពីសម័យសូវៀតមក ត្រូវគេសម្លាប់ក្នុងអន្តរគមន៍នោះ រុស្ស៊ី យល់ថាខ្លួន ត្រូវបស្ចិមលោកបោកប្រាស់ សោះ។
ក្រោយពីព្រឹត្តិការណ៍នោះមក រុស្ស៊ី ខំព្យាយាម កសាងទំនាក់ទំនង ជាមួយលោកសេនាប្រមុខ Haftar ដែលក្នុងឆ្នាំ ២០១១ បានត្រឡប់ទៅកាន់លីប៊ីវិញ ពីស្ថានភាពនិរទេសអស់ ២០ ឆ្នាំ។
ខាងមនោគមន៍វិជ្ជា លោក Haftarជំនិតនឹងរុស្ស៊ី។ គាត់ប្រយុទ្ធយ៉ាងសកម្ម ដើម្បីកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ី និងបានទទួល អាវុធរុស្ស៊ី។ គាត់ជាមនុស្សរបស់ម៉ូស្គូ ការនេះ គូសបញ្ជាក់ដោយ អ្នកវិភាគរុស្ស៊ី លោក Choumiline។
ក្រោយពី សង្គ្រោះសម្ព័ន្ធមិត្តខ្លួន លោក Bashar al-Assad នៅស៊ីរី វិបត្តិនៅលីប៊ី អាចក្លាយជាឱកាស សម្រាប់រុស្ស៊ី ដើរកូនអុកបុកជាថ្មី ទៅកាន់ក្រុងវ៉ាស៊ីនតោន -សេចក្តីនេះ រំលឹក ដោយនយោបាយវិទូរុស្ស៊ី លោក Malashenkoដែលកត់សម្គាល់ថា ៖ “ ជ័យជំនះលោក Haftar នឹងនាំឲ្យ រសេះរសោះ ដល់ក្រុង វ៉ាស៊ីនតោន ដែលតែងចាត់ទុក បុគ្គលនេះ ថាជា មនុស្ស របស់លោក ពូទីន ទេតើ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ