អានតួអត្ថបទ
បារាំង-សហភាពអឺរ៉ុប

បារាំង​នឹង​បោះឆ្នោត​ប្រឆាំង គម្រោង​​​បើកការចរចា​ពាណិជ្ជកម្ម អឺរ៉ុប-អាមេរិក

ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​សម្រេចចិត្ត នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា បារាំង​នឹង​បោះឆ្នោត​ប្រឆាំង​គម្រោង​បើក​ការចរចា ពាណិជ្ជកម្មរវាង​សហភាពអឺរ៉ុប ហើយ​និង អាមេរិក។ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍ ក្រោយនេះ បារាំង​នឹង​ក្លាយ​ជា​ប្រទេស​ទោល ដែល​បោះឆ្នោត​ប្រឆាំង ក្នុងពេល​ដែល​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃទៀត បាន​បោះឆ្នោត រួចហើយ យល់ព្រម​ឲ្យ​សហភាព​អឺរ៉ុប​បើកការចរចា​ពាណិជ្ជកម្ជជាមួយ​សហរដ្ឋ​អាមេរិក។ 

ប្រធានាធិបតី បារាំង លោក​ម៉ាក្រុង និង​លោកស្រី ម៉ែរកិល នៅកិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅទីក្រុង​ព្រុចស៊ែល ថ្ងៃទី ១០​មេសា ២០១៩
ប្រធានាធិបតី បារាំង លោក​ម៉ាក្រុង និង​លោកស្រី ម៉ែរកិល នៅកិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅទីក្រុង​ព្រុចស៊ែល ថ្ងៃទី ១០​មេសា ២០១៩ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ព្រុចស៊ែល នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​ក្រោយ​នេះ បារាំង​អាច​ជា​ប្រទេស​មួយ​គត់​ដែល​បោះឆ្នោត​ប្រឆាំង គម្រោង​បើកការចរចា​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ បារាំង បោះឆ្នោត​ជំទាស់ ប៉ុន្តែ គ្មាន​សិទ្ធិ​វេតូ នោះទេ។ សហភាព​អឺរ៉ុប​នឹង​នៅ​តែ​អាច​បើក​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

យ៉ាងណាក៏ដោយ សម្រាប់​វិមាន​ប្រធានាធិបតី​បារាំង វា​ជា​រឿង​គោលការណ៍ និង​តម្លៃថ្លៃថ្នូរ ព្រោះថា បារាំង ដែល​ផ្តោតសំខាន់​ទៅលើ​បញ្ហា​បរិស្ថាន នឹង​មិនគាំទ្រ​ឲ្យ​មាន​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ណា ដែល​មិនមែន​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​នោះទេ។

សូមអាន៖ លោកដូណាល់ ត្រាំ​បាន​ដកអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ

សហរដ្ឋអាមេរិក​របស់​លោកដូណាល់​ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​អាកាសធាតុ កាលពីឆ្នាំ ២០១៧។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សមាជិក​ភាគច្រើន​របស់​សហភាពអឺរ៉ុប បានសម្រេច​យល់ព្រមព្រៀងគ្នា​ឲ្យ​មានបើក​ការចរចា​ពាណិជ្ជកម្ម​ឡើងវិញ ជាមួយ​អាមេរិក។ អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​ខាងជើង​ចង់​ជំរុញ​ឲ្យ​មាន​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ជាពិសេស​នៅក្នុង​រឿង​យកពន្ធ​លើ​ទំនិញ​ឧស្សាហកម្ម។ ចំណែក​អេស្ប៉ាញ និង​បែលហ្ស៊ិក​ជាដើម ទោះបី​ជា​ពួកគេ​ព្រួយបារម្ភ​ពី​បញ្ហា​បរិស្ថាន ប៉ុន្តែ នៅតែ​ចង់​ឲ្យ​មាន​ការបើកការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ដោយ​បោះឆ្នោត​ប្រឆាំង​គម្រោង​បើក​ការចរចា​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប​ជាមួយ​អាមេរិក បារាំង​ចង់ផ្ញើ​សារ ប្រឆាំង​ជំហរ​នយោបាយ​របស់​សហរដ្ឋអាមេរិក។ តាម​វិមាន​ប្រធានាធិបតី បារាំង បើទោះបី​ជា​បារាំង​បាន​ជោគជ័យ ទាមទារ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​បញ្ហា​កសិកម្ម ទៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក្តី ប៉ុន្តែ នៅ​មាន​រឿង​ជាច្រើនទៀត ដែល​សហភាព​អឺរ៉ុប​កំពុង​ចាញ់ប្រៀប នៅក្រោម​ការដាក់សម្ពាធ​របស់​លោកដូណាល់ ត្រាំ។ សម្រាប់​ទីក្រុង​ប៉ារីស រដ្ឋបាល​លោកដូណាល់ ត្រាំ នៅ​តែ​បន្ត​ដាក់សម្ពាធ​ពាណិជ្ជកម្ម​ខ្លាំង​លើ​សហភាព​អឺរ៉ុប។ លោកដូណាល់ ត្រាំបាន​ បដិសេធ  មិន​លុបចោល​ទៅវិញ ពន្ធ​ដែល​ដាក់​លើ​ដែក និង​អាលុយមីញ៉ូម នាំចូល​ពីសហភាពអឺរ៉ុប។ លើសពីនោះ លោក​នៅ​បាន​គំរាម​ដំឡើងពន្ធ​លើ​រថយន្ត​នាំចូល​ពី​អឺរ៉ុប​ទៀត។

ស្ថិតក្នុង​ស្ថានភាព​បែបនេះ បារាំង​មិន​ប្រយុទ្ធ​ប្រឆាំង​តែម្នាក់នោះទេ។ បារាំង​ដែល​យក​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាមូលដ្ឋាន​គ្រឹះ​នៅក្នុងការចរចា​ពាណិជ្ជកម្ម ​ត្រូវ​បញ្ចេញ​សំឡេងប្រឆាំង​ឲ្យ​គេដឹង ព្រោះថា ​គេ​មិនអាច​យក​អនាគត​របស់​អឺរ៉ុប​ទៅ​លេងសើចបាន​ទេ។ តាមវិមាន​ប្រធានាធិបតី បារាំង អឺរ៉ុប​ត្រូវ​តែ​ធ្វើ​ជា​គំរូ ហើយ​និង​ត្រូវ​មាន​ជំហរ​ដាច់ខាត ក្នុងរឿង​ការពារ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ