អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ធំ​នៅ​លើ​ពិភពលោក និង​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ​ ចំនួន​២០​ដំបូង​ ឬ​ហៅ​កាត់​ថា ក្រុម​ហ្សេ២០ បាន​ជួប​ប្រជុំមូល​​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន រយៈ​ពេល​ពីរ​ថ្ងៃ។ ជា​លទ្ធផល​ ក្រុម​ម្ចាស់​ហិរញ្ញវត្ថុ​ទាំង​នេះ បាន​​ប្តេជ្ញា​​រក្សា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​សន្យា​ធ្វើ​កំណែ​ទម្រង់​ពន្ធដារ​អន្តរជាតិ សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​​ប្រយុទ្ធ​ប្រឆាំង​នឹង​បំណុល​សាធារណៈ បំណុល​ឯកជន។ កិច្ចប្រជុំ​ក៏​បាន​បិទ​បញ្ចប់​ទៅ ប្រកប​ដោយ​សុទិដ្ឋនិយម​ថា សង្គ្រាម​ពាណិជ្ជកម្ម​ចិនអាមេរិក​ អាច​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ឆាប់ៗ​ផង។

ជំនួប​ប្រជុំ​រវាង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​កណ្តាល និង​ក្រុមប្រទេស​G២០ នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ១២-១៣​ មេសា ២០១៩
ជំនួប​ប្រជុំ​រវាង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​កណ្តាល និង​ក្រុមប្រទេស​G២០ នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ១២-១៣​ មេសា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ២០​រូប មក​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​បំផុត​នៅលើ​លោក ​ហ្សេ២០ បាន​មកជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី ១២និង​១៣​មេសា។ ជា​លទ្ធផល និង​បើ​តាម​សេចក្តី​ថ្លែងការណ៍​​​បញ្ចប់​ ក្រុម​អ្នក​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ទាំងនេះ​បាន​​​​ប្តេជ្ញា ធ្វើ​គ្រប់​យ៉ាង ដើម្បីថែរក្សា​​កំណើន​សេដ្ឋកិច្ចពិភពលោក ដែល​កំពុង​​ទន់​ខ្សោយ​។ បើ​ចាំបាច់​ពួកគេ​នឹង​បញ្ចេញ​សកម្មភាព​ភ្លាម​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច សម្រាប់​ជា​ប្រយោជន៍​ពិភពលោក​ទាំង​មូល។

ជំនួប​ប្រជុំ​នេះ​បានផ្តល់​ទស្សនៈ​វិស័យ​បែប​សុទិដ្ឋនិយម មិន​ថា​ចំពោះ​​ បញ្ហា​​ពន្ធដារ​ឌីជីថល​អន្តរជាតិ ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ឬ​បញ្ហា​បំណុលសាធារណៈ​ទេ។

ឈាន​ទៅ​ធ្វើ​កំណែទម្រង់​ពន្ធដារ​ឌីជីថល

ទាក់ទង​នឹង​​ការ​យក​ពន្ធដារ​លើ​ក្រុមហ៊ុន​​ឌីជីថ័ល (ព័ត៌មាន​វិទ្យាអ៊ីនធ័រនែត) ធំៗ ហៅកាត់​ GAFA (​​​​Google Amazone facebook Apple) ការជជែក​ពិភាក្សា​​មាន​ភាព​តាន​តឹង​ខ្លាំង​ណាស់​។ ពីមុន​មក​បញ្ហា​នេះ ជា​តំណាង​ភាព​ប្រឈម​គ្នា​ខ្លាំង​រវាង​អឺរ៉ុប​និង​អាមេរិក។ ខាង​អឺរ៉ុប នាំ​មុខដោយ​​បារាំង ទាមទារ​ឱ្យមានការ​យក​ពន្ធលើ​ក្រុមហ៊ុន​​ឌីជីថល ឯ​អាមេរិក​តែង​បដិសេធ​រហូត​មក។ ប៉ុន្តែ​នៅលើក​​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បានប្រកាស​​ចាត់​ទុក បញ្ហា​ពន្ធដារ​ក្នុង​វិស័យ​ឌីជីថល​ ​ជា​អាទិភាព​​​និង​ព្រម​ផ្តើម​ចរចា​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​រួម​ថ្នាក់ពិភពលោក។

គ្រប់ភាគី​​បាន​កំណត់ ដំណាក់កាលចរចា​សំខាន់ពីរ សម្រាប់​រយៈ​ពេល​ពីរ​ខែ​ខាង​មុខ ៖ ទីមួយ​គឺ​ នៅ​ចុង​ខែឧសភា នៅក្រុង​ប៉ារីស ក្នុង​ឱកាស​ជំនួប​ប្រជុំ​ក្រុម​សមាជិក​អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ និ​ងអភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE និង​លើក​ទីពីរ​នៅ​មួយ​ខែ​បន្ទាប់​មក​ទៀត នៅ​ក្នុង​ជំនួប​កំពូល​ G២០ នៅ​ប្រទេស​ជប៉ុន។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សង្ឃឹម​ថា កិច្ចព្រមព្រៀង​ពន្ធដារ​ឌីជីថល​អន្តរជាតិ នឹង​ប្រសូត​ចេញ​ជា​រូបរាង នៅ​ឆ្នាំ​ក្រោយ​ ហើយ​សំណុំ​រឿង​នេះ​កំពុង​ក្លាយ​ជាអាទិភាព​របស់​បារាំង ដែល​ប្រធាន​ផ្លាស់​វេន​ក្រុម​ហ្សេ៧​ឆ្នាំ​នេះ​ផង។ ​បារាំង​ក៏​នឹង​លុប​ពន្ធ​ដែល​ខ្លួន​បាន​សម្រេច​ជា​ឯកតោភាគី​វិញ នៅ​ពេលមាន​​កិច្ចព្រមព្រៀង​ខ្នាតអន្តរជាតិ​។

ក្រុម​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិក៏​​បាន​សន្យា​ធ្វើ​ឱ្យមាន​តម្លាភាព​ជាង​មុនបំណុល​សាធារណៈ​និង​ឯកជន​ ដោយ​ត្រូវ​ពង្រឹង​លក្ខខណ្ឌ​នៃ​បំណុល​។ បារាំង​នឹង​ដឹកមុខ​បើក​ជំនួប​ប្រជុំ​ពិសេស​ស្តី​អំពី​បញ្ហា​នេះ នៅថ្ងៃទី ៧​ឧសភា នា​ទីក្រុង​ប៉ារីស និងដោយ​មាន​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ជាង​៣០​ប្រទេស ចូល​រួម

ទំនាក់ទំនង​ពាណិជ្ជកម្ម​

ក្នុង​រយៈ​ពេល​ពី​រ​ថ្ងៃ​នេះ ហានិភ័យនៃ​សង្គ្រាម​ពាណិជ្ជកម្ម ចិន-អាមេរិក ឬ​ចិន​និងសហភាពអឺរ៉ុប​ ជា​របៀបវារៈ​ដ៏​ធំ​ជាង​គេនៃ​កិច្ចប្រជុំ​តែ​ម្តង។ ជប៉ុន​ដែល​ជា​ប្រធាន​ផ្លាស់វេនក្រុម​ហ្សេ២០ ចង់​ពង្រីក​ការជជែកពិភាក្សា​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ ស្តី​អំពី​វិសមភាព​សេដ្ឋកិច្ច ថ្នាក់​ពិភពលោក​តែ​ម្តង មិនមែន​ត្រឹម​កំរិត​ ទ្វេភាគី​ចិន-អាមេរិក ឬ​ចិន-អឺរ៉ុប​ទេ។

វិសមភាព​សេដ្ឋកិច្ច​នេះជា​ដើមហេតុ​នាំ​ឱ្យ​លោក​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយ​រករឿង​ចិន ស្ទើរ​តែ​ក្លាយ​ជា​​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​អាមេរិក​យ៉ាង​ខ្លាំង​ក្លា​​។ អាមេរិក​ដែល​កំពុង​ចរចា​ដោះស្រាយ​វិបត្តិ​ពាណិជ្ជកម្ម​ជាមួយ​ចិន គំរាម​ចង់​បើក​សមរភូមិ​ថ្មី​មួយ​ទៀត​ជាមួយ​សហភាព​អឺរ៉ុប ជុំ​វិញ​ជម្លោះ​ផលប្រយោជន៍​អ៊ែរប៊ូស-ប៊ូអ៊ីង។ ប៉ុន្តែ​ជំនួប​ម្សិលមិញ​ បាន​បន្ធូរបន្ថយ​សម្ពាធ និង​បើក​ឱកាស​ឱ្យ​ថ្នាក់សេដ្ឋកិច្ចពាណិជ្ជកម្មអាមេរិក-អឺរ៉ុប ជជែក​គ្នា​ដោយ​ត្រង់ៗ។ គេ​សង្ឃឹម​ថា​នឹង​អាច​ឃើញ​រក​ផ្លូវកណ្តាល​មួយ​ទទួល​យក​បាន​ទាំង​សង​ខាង​។

​រវាង​ចិន​និង​អាមេរិក​​ ផ្ទៃ​មេឃ​ក៏​ចាប់​ផ្តើម​ស្រលះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន ពី​ទី​ប្រជុំ​FMIនិង​ធនាគារពិភពលោក ថា​អាមេរិក​និង​ចិន ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​គ្នា​ហើយ នៅ​សល់​តែ​មួយ​ដំណាក់​ទៀត​ប៉ុណ្ណោះ។ បើ​មហាយក្ស​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ ត្រូវ​រ៉ូវ​គ្នា​មែន​នោះ នឹង​មានការ​ប្តូរផ្លាស់​ដ៏សំខាន់​មួយ​ក្នុង​វិស័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ចិន-អាមេរិក​ចំណាស់​៤០ឆ្នាំនេះ។ បើ​សង្គ្រាមពាណិជ្ជកម្ម​ចិនអាមេរិក​ត្រូវ​បញ្ចប់​នោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​អាច​ស្ទុះ​ឡើង​វិញ​បាន​ហើយ។

ប៉ុន្តែ​ជំនួប​នេះ​មិន​បានជួយដំឡើង​ធនធាន​បំរុង​​របស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​Fmi ដែល​ជា​ស្ថាប័ននាំ​មុខ​ ផ្នែក​គាំទ្រ​នយោបាយ​ពហុជាតិទេ ​ ព្រោះ​អាមេរិក​មិន​ព្រម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ