អានតួអត្ថបទ

ស្ថាបនិកវីគីលិក ត្រៀម​សហការ​ជាមួយ​ស៊ុយអែត ដើម្បី​គេច​​ពី​សហរដ្ឋអាមេរិក

បើ​តាម​មេធាវី ស្ថាបនិក​វីគីលិក​ លោក​ ជូលៀន អាសាញជ៍ (Julian Assange) ត្រៀម​​​ជា​ស្រេច​នឹង​ប្រគល់​ខ្លួន​​ទៅ​ឱ្យ​​​ស៊ុយអែត ប្រសិន​បើ​អាជ្ញាធរប្រទេស​នេះ​ស្នើ​ធ្វើ​បត្យាប័ន​រូប​លោក។ ​លោក​អាសាញ់​ជ៍មិន​ខ្លាច​នឹង​​​ប្រឈមនៅ​ចំពោះ​​មុខ​តុលាការ​ស៊ុយអែត តែ​បារម្ភ​​បំផុតចំពោះ​សំណើ​​ធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

បដា​គាំទ្រ​លោក អាសាញ់ជ៍ នៅ​មុខ​តុលាការ​ Westminster នាទីក្រុង​ឡុងដ៍
បដា​គាំទ្រ​លោក អាសាញ់ជ៍ នៅ​មុខ​តុលាការ​ Westminster នាទីក្រុង​ឡុងដ៍ REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

ស៊ុយអែត​បាន​បិទ​សំណុំ​រឿង​ចោទ​ប្រកាន់​លោកអាសាញ់ជ៍ ពីបទ​រំលោភ​បំពាន​ផ្លូវភេទ ដោយហេតុ​តែ​មិនអាច​ធ្វើ​អង្កេត​ទៅមុខ​បាន។ ប៉ុន្តែ​ក្រោយ​ទទួល​ដំណឹង​អំពី​ការ​ចាប់​ខ្លួនស្ថាបនិក​ ជនរងគ្រោះដើម​បណ្តឹង បាន​ប្រកាស​ទាមទារ​បើកសំណុំ​រឿងវិញ​ភ្លាម។

ការទាមទារ​បែបនេះ​ជា​ដំណឹង​ល្អ សម្រាប់​លោក អាសាញ់ជ៍ ដែល​ត្រៀម​ស្រេច​នឹង​ប្រគល់​ខ្លួន​ឱ្យ​តុលាការ​ស្តុកខុម។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​មេធាវី ដែល​ពន្យល់​ថា អាទិភាព​របស់​ស្ថាបនិកវីគីលិក គឺ​ធ្វើ​យ៉ាង​ណា​គេច​កុំ​ឱ្យ​មាន​ការ​ធ្វើ​បត្យាប័ន​រូប​លោក​អាសាញ់ជ៍​ទៅ​សហរដ្ឋ​អាមេរិក។ ​បើ​ទៅ​ដល់​ស៊ុយអែតហើយ កូន​ក្តី​អាសាញ់ជ៍​ មាន​សំណើតែ​មួយ​ដដែល​គឺសុំ​​​ការ​ធានារ៉ាប់​រង​ ​មិនឱ្យ​​បញ្ជូន​លោក​ទៅ​​អាមេរិក។ ​ការ​រត់​គេច​​​ទៅ​សំងំ​នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​អស់រយៈ​ពេល​៧​ឆ្នាំ ក៏​ព្រោះ​​តែ​​លោក​អាសាញ់​ជ៍​ពុំ​ទទួល​បាន​ការ​ធានា​ពី​ស៊ុយអែត មិន​ធ្វើ​បត្យាប័ន​ទៅ​អាមេរិក​នេះឯង។ នេះ​បើ​តាម​បញ្ជាក់​បន្ថែម​របស់​មេធាវី។

សូមបញ្ជាក់​ថា ​ក្រៅ​អំពីជាប់​​ចោទពី​បទ​​រំលោភបំពាន​ផ្លូវភេទ​លើ​​ស្ត្រី​នៅស៊ុយអែត ​ស្ថាបនិក​វិគីលីក​ រងការ​ចោទ​ប្រកាន់​មួយ​ទៀត​ពី​សំណាក់​សហរដ្ឋ​អាមេរិក ពី​បទ​វាយប្រហារ​អ៊ីនធ័រនែត ដោយ​បាន​ជួយ​អតីត​អ្នក​វិភាគ​ចារកិច្ច​អាមេរិក Chelsea Manning ចូលលួច​ឯកសារសម្ងាត់​ផ្នែក​សន្តិសុខជាតិអស់រាប់​ពាន់។ ​សំណើសុំ​​ធ្វើ​បត្យាប័ន​លោក អាសាញ់ជ៍ របស់​អាមេរិក​ ​នឹង​ត្រូវ​តុលាការ​អង់គ្លេស​ពិនិត្យ​សម្រេច​នៅ​ថ្ងៃ​ទី ២​ ឧសភា​ខាង​មុខ។ តំណាង​សភា​អង់គ្លេស​​ជាង​៧០​រូប បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ឱ្យ​ផ្តល់​អាទិភាព​ដល់​សំណើ​ធ្វើ​បត្យាប័ន​របស់​ស៊ុយអែត ជា​ជាង​សំណើ​របស់​អាមេរិក។

លោក អាសាញ់ជ៍ ក៏​ត្រូវ​ប្រឈម​មុន​នឹង​​តុលាការ​អង់គ្លេស​ទៀត ពី​បទ​មិន​គោរព​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​សេរីភាព​បណ្តោះអាសន្ន។ កំហុស​នេះ​អាច​នឹង​នាំលោក​ឱ្យ​ចូល​ពន្ធនាគារ​មួយ​ឆ្នាំ។ ប៉ុន្តែ​បើ​តាម​មេធាវី​ លោក​អាសាញ់ជ៍​មិន​ខ្លាច​នឹង​ប្រឈម​នៅ​ចំពោះ​មុខ​ច្បាប់​អង់គ្លេស​ឬ​ស៊ុយអែតទេ។ មេធាវី​របស់​លោក​អាសាញ់ជ៍​ក៏​បាន​ឆ្លៀតច្រានចោល និង​បរិហារ​ការចោទ​​​ប្រកាន់​របស់​អេក្វាទ័រមក​លើ​​កូន​ក្តី​របស់​ខ្លួនទៀត។ បន្ទាប់ពី​បាន​ដក​សិទ្ធិ​ជ្រកកោន​នយោបាយ​ និង​ហៅ​ប៉ូលិស​អង់គ្លេស​មក​ចាប់​លោក​អាសាញ់ជ៍​ អេក្វាទ័រ​បាន​បក​អាក្រាត​ចរិត​មិន​ល្អ​របស់​ស្ថាបនិក​វីគីលិក​ពេល​ស្នាក់​នៅ​ក្នុងស្ថានទូត និង​បាន​ប្រកាស​អំពី​ការ​វាយប្រហារ​អ៊ីនធ័រនែត​​ ពី​សំណាក់​មនុស្សជំនិត​របស់​លោក​អាសាញ់​ជ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ