ស្ថាបនិកវីគីលិក ត្រៀមសហការជាមួយស៊ុយអែត ដើម្បីគេចពីសហរដ្ឋអាមេរិក
បើតាមមេធាវី ស្ថាបនិកវីគីលិក លោក ជូលៀន អាសាញជ៍ (Julian Assange) ត្រៀមជាស្រេចនឹងប្រគល់ខ្លួនទៅឱ្យស៊ុយអែត ប្រសិនបើអាជ្ញាធរប្រទេសនេះស្នើធ្វើបត្យាប័នរូបលោក។ លោកអាសាញ់ជ៍មិនខ្លាចនឹងប្រឈមនៅចំពោះមុខតុលាការស៊ុយអែត តែបារម្ភបំផុតចំពោះសំណើធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៦
ស៊ុយអែតបានបិទសំណុំរឿងចោទប្រកាន់លោកអាសាញ់ជ៍ ពីបទរំលោភបំពានផ្លូវភេទ ដោយហេតុតែមិនអាចធ្វើអង្កេតទៅមុខបាន។ ប៉ុន្តែក្រោយទទួលដំណឹងអំពីការចាប់ខ្លួនស្ថាបនិក ជនរងគ្រោះដើមបណ្តឹង បានប្រកាសទាមទារបើកសំណុំរឿងវិញភ្លាម។
ការទាមទារបែបនេះជាដំណឹងល្អ សម្រាប់លោក អាសាញ់ជ៍ ដែលត្រៀមស្រេចនឹងប្រគល់ខ្លួនឱ្យតុលាការស្តុកខុម។ នេះបើតាមការគូសបញ្ជាក់របស់មេធាវី ដែលពន្យល់ថា អាទិភាពរបស់ស្ថាបនិកវីគីលិក គឺធ្វើយ៉ាងណាគេចកុំឱ្យមានការធ្វើបត្យាប័នរូបលោកអាសាញ់ជ៍ទៅសហរដ្ឋអាមេរិក។ បើទៅដល់ស៊ុយអែតហើយ កូនក្តីអាសាញ់ជ៍ មានសំណើតែមួយដដែលគឺសុំការធានារ៉ាប់រង មិនឱ្យបញ្ជូនលោកទៅអាមេរិក។ ការរត់គេចទៅសំងំនៅក្នុងស្ថានទូតអេក្វាទ័រអស់រយៈពេល៧ឆ្នាំ ក៏ព្រោះតែលោកអាសាញ់ជ៍ពុំទទួលបានការធានាពីស៊ុយអែត មិនធ្វើបត្យាប័នទៅអាមេរិកនេះឯង។ នេះបើតាមបញ្ជាក់បន្ថែមរបស់មេធាវី។
សូមបញ្ជាក់ថា ក្រៅអំពីជាប់ចោទពីបទរំលោភបំពានផ្លូវភេទលើស្ត្រីនៅស៊ុយអែត ស្ថាបនិកវិគីលីក រងការចោទប្រកាន់មួយទៀតពីសំណាក់សហរដ្ឋអាមេរិក ពីបទវាយប្រហារអ៊ីនធ័រនែត ដោយបានជួយអតីតអ្នកវិភាគចារកិច្ចអាមេរិក Chelsea Manning ចូលលួចឯកសារសម្ងាត់ផ្នែកសន្តិសុខជាតិអស់រាប់ពាន់។ សំណើសុំធ្វើបត្យាប័នលោក អាសាញ់ជ៍ របស់អាមេរិក នឹងត្រូវតុលាការអង់គ្លេសពិនិត្យសម្រេចនៅថ្ងៃទី ២ ឧសភាខាងមុខ។ តំណាងសភាអង់គ្លេសជាង៧០រូប បានចុះហត្ថលេខាលើលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យផ្តល់អាទិភាពដល់សំណើធ្វើបត្យាប័នរបស់ស៊ុយអែត ជាជាងសំណើរបស់អាមេរិក។
លោក អាសាញ់ជ៍ ក៏ត្រូវប្រឈមមុននឹងតុលាការអង់គ្លេសទៀត ពីបទមិនគោរពលក្ខខណ្ឌនៃការផ្តល់សេរីភាពបណ្តោះអាសន្ន។ កំហុសនេះអាចនឹងនាំលោកឱ្យចូលពន្ធនាគារមួយឆ្នាំ។ ប៉ុន្តែបើតាមមេធាវី លោកអាសាញ់ជ៍មិនខ្លាចនឹងប្រឈមនៅចំពោះមុខច្បាប់អង់គ្លេសឬស៊ុយអែតទេ។ មេធាវីរបស់លោកអាសាញ់ជ៍ក៏បានឆ្លៀតច្រានចោល និងបរិហារការចោទប្រកាន់របស់អេក្វាទ័រមកលើកូនក្តីរបស់ខ្លួនទៀត។ បន្ទាប់ពីបានដកសិទ្ធិជ្រកកោននយោបាយ និងហៅប៉ូលិសអង់គ្លេសមកចាប់លោកអាសាញ់ជ៍ អេក្វាទ័របានបកអាក្រាតចរិតមិនល្អរបស់ស្ថាបនិកវីគីលិកពេលស្នាក់នៅក្នុងស្ថានទូត និងបានប្រកាសអំពីការវាយប្រហារអ៊ីនធ័រនែត ពីសំណាក់មនុស្សជំនិតរបស់លោកអាសាញ់ជ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ