WTO៖ សង្គ្រាមពាណិជ្ជកម្មអាចនឹងមានផលប៉ះពាល់អាក្រក់ជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៣
ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បូកបន្ថែម កត្តាផ្សេងៗ តួយ៉ាង កំណើនថមថយនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ហានិភ័យនៃការជាប់គាំងសំណុំរឿង Brexit ឬការកើនឡើងបំណុលសាធារណៈក្នុងប្រទេសធំៗ បាននិងកំពុងបង្កជាភាពមិនច្បាស់លាស់ និងហានិភ័យគំរាមកំហែងដល់សេដ្ឋកិច្ចសកលទាំងមូល ហើយផលប៉ះពាល់អាចនឹងអាក្រក់ជាងកាលពីកំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩។
សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ទំនងជាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចសាកល ជាងវិបត្តិហិរញ្ញវត្ថុនៅមួយទសវត្សរ៍កន្លងមកទៅទៀត ប្រសិនបើភាពតានតឹងចេះតែបន្តកើនឡើង។ នេះបើយោងតាមការព្រមានរបស់ អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ជាភាសាអង់គ្លេស WTO។
តួលេខកាលពីពេលថ្មីៗនេះ បានបង្ហាញថា ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មទំនងជាអាចរុញច្រានឱ្យកំណើនសេដ្ឋកិច្ចសាកលទាំងមូលធ្លាក់ចុះប្រមាណ២ខ្ទង់ ហើយពាណិជ្ជកម្មអន្តរជាតិអាចធ្លាក់ចុះប្រមាណ១៧ខ្ទង់ នាពេលខាងមុខ។ ទំហំនៃការធ្លាក់ចុះរបៀបនេះ បើសិនជាអាចកើតមានឡើងមែននោះ គឺមានស្ថានភាពអាក្រក់ធ្ងន់ធ្ងរជាង ប្រៀបធៀបជាមួយនឹងស្ថានភាពសេដ្ឋកិច្ចសាកលកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៩ ព្រោះថានៅពេលនោះ កំណើនសេដ្ឋកិច្ចសាកលធ្លាក់ចុះប្រមាណ២ខ្ទង់ដូចគ្នា តែទំហំពាណិជ្ជកម្មអន្តរជាតិធ្លាក់ត្រឹមតែ១២ខ្ទង់ប៉ុណ្ណោះ។
ស្ថិតក្នុងសេណារីយ៉ូអាក្រក់បំផុត សង្គ្រាមពាណិជ្ជកម្មអាចរីករាលដាលដល់បណ្តាប្រទេសផ្សេងៗទៀត។ ដូច្នេះ ការបែកបាក់ទាំងស្រុងតែម្ដងនូវកិច្ចសហប្រតិបត្តិអន្តរជាតិលើប្រព័ន្ធពន្ធគយ ទំនងជាមិនអាចជៀសផុត ហើយប្រទេសនីមួយៗនឹងជំនួសមកវិញ ប្រព័ន្ធពន្ធគយលើការធ្វើពាណិជ្ជកម្មអន្តរជាតិជាឯកតោភាគី។ នៅចុងបញ្ចប់ សង្គ្រាមពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋ អាចនឹងផ្ទុះឡើង ក្លាយជាសង្រ្គាមពាណិជ្ជកម្មសាកល នៅពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ តួយ៉ាង សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ជប៉ុន ឬឥណ្ឌាជាដើម ចូលរួមបន្តអនុវត្តប្រឆាំងគ្នាទៅវិញទៅមក។
យោងតាមប្រវត្តិសាស្ត្រពិភពលោក សង្គ្រាមពាណិជ្ជកម្មដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចសាកល ឬក៏ចម្បាំងរាំងជលរវាងប្រទេសមហាអំណាច និយាយដោយឡែក ឬរវាងមនុស្សជាតិ និយាយជារួម មិនមែនទើបតែកើតមាននៅពេលបច្ចុប្បន្នថ្មីៗនេះនោះទេ។ ប៉ុន្តែ វាបានកើតមានឡើងតាំងតែពីអតីតកាល ពោលគឺតាំងពីសម័យ Mercantilisme នៅចន្លោះសតវត្សរ៍ទី១៦ ដល់សតវត្សរ៍ទី១៨។ ក្នុងសម័យនោះ ប្រទេសមហាអំណាចនៅអឺរ៉ុបនីមួយៗ ខិតខំធ្វើយ៉ាងណាប្រមែប្រមូលមាស ឬលោហ:មានតម្លៃ ចូលមកក្នុងប្រទេសរបស់ខ្លួនឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះថាបរិមាណមាសកាន់តែច្រើននឹងកំណត់អំពីអំណាចសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនកាន់តែធំធេង។ដូច្នេះការដាក់ចេញនូវវិធានការទាំងឡាយណារារាំងដល់ការនាំចូលទំនិញពីបរទេសគឺជាអ្វីដែលត្រូវធ្វើដើម្បីរាំងខ្ទប់កុំឱ្យមាសហូរចេញពីក្នុងប្រទេសរបស់ខ្លួន។
គោលគំនិតបែបនេះត្រូវបានចាត់ទុកថាជាកាតាលីករមួយដ៏ចម្បងផងដែរនៃការចាប់ផ្តើមរលកអាណានិយមរបស់បណ្តាប្រទេសនៅអឺរ៉ុបទៅកាន់ពិភពលោក។ ក្រោយមកទៀត សង្គ្រាមពាណិជ្ជកម្មសាកលដែលមានទ្រង់ទ្រាយកាន់តែធំ គឺកើតឡើងនៅមុនសង្គ្រាមលោកលើកទី២។ កំឡុងពេលនោះ ប្រទេសមហាអំណាចទាំងចាស់វស្សានៅអឺរ៉ុប និងមហាអំណាចថ្មីថ្មោងតួយ៉ាង សហរដ្ឋអាមេរិក និងជប៉ុន បានអនុវត្តប្រឆាំងតទល់គ្នា ដោយការផ្ទុះឡើងនូវមហាវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ១៩២៩។
សរុបជារួម ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម រួមផ្សំនឹងកត្តាចម្បងៗផ្សេងទៀតរួមមាន កំណើនថមថយនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ហានិភ័យនៃការជាប់គាំងសំណុំរឿង Brexit ឬកំណើនបំណុលសាធារណៈក្នុងប្រទេសធំៗ រួមមានផងដែរប្រទេសចិន ដែលកំពុងមានជម្លោះពាណិជ្ជកម្មស្រាប់ជាមួយសហរដ្ឋអាមេរិក បាននិងកំពុងបង្កជាភាពមិនច្បាស់លាស់ និងហានិភ័យគំរាមកំហែងដល់សេដ្ឋកិច្ចសាកលទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ