អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

WTO៖ សង្គ្រាម​ពាណិជ្ជកម្ម​អាច​នឹង​មាន​ផលប៉ះពាល់​អាក្រក់​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៩​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពតានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ បូកបន្ថែម កត្តា​ផ្សេង​ៗ តួយ៉ាង​ កំណើនថមថយ​នៃ​​សេដ្ឋកិច្ច​របស់​សហភាពអឺរ៉ុប ហានិភ័យនៃ​ការ​ជាប់គាំងសំណុំរឿង Brexit ឬការ​កើន​ឡើង​បំណុល​សាធារណៈក្នុង​ប្រទេស​ធំៗ បាន​និង​កំពុង​​បង្ក​ជា​ភាព​មិន​ច្បាស់​លាស់ និង​ហានិភ័យ​គំរាម​កំហែង​ដល់​សេដ្ឋកិច្ចសកលទាំងមូល ហើយ​ផល​ប៉ះ​ពាល់​អាច​នឹង​អាក្រក់ជាងកាល​ពី​កំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩។

លោក​ Roberto Azevedo  អគ្គ​នាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)
លោក​ Roberto Azevedo អគ្គ​នាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) REUTERS/Luis Cortes
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ ទំនង​ជាអាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​សាកល​ ជាងវិបត្តិហិរញ្ញវត្ថុ​នៅមួយទសវត្សរ៍កន្លងមក​ទៅ​ទៀត ប្រសិនបើ​ភាព​តានតឹង​ចេះ​តែបន្ត​កើន​ឡើង។ នេះ​បើ​យោង​តាម​ការ​ព្រមាន​​របស់ អង្គការពាណិជ្ជកម្មពិភពលោក ហៅ​កាត់​ជា​ភាសា​អង់គ្លេស WTO។

តួលេខ​កាលពីពេល​ថ្មីៗនេះ បាន​បង្ហាញថា ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ទំនង​ជា​​អាច​រុញច្រាន​ឱ្យ​​កំណើនសេដ្ឋកិច្ច​សាកល​ទាំងមូលធ្លាក់​ចុះ​ប្រមាណ២ខ្ទង់ ហើយ​​​ពាណិជ្ជកម្ម​អន្តរជាតិអាច​ធ្លាក់​ចុះប្រមាណ១៧ខ្ទង់ នាពេល​ខាង​មុខ។ ទំហំ​នៃ​​ការ​ធ្លាក់​ចុះ​របៀប​នេះ​ បើ​សិន​ជា​អាច​កើត​មានឡើង​មែន​នោះ គឺ​មាន​ស្ថានភាព​អាក្រក់​ធ្ងន់ធ្ងរជាង ប្រៀបធៀប​ជាមួយ​​នឹង​ស្ថានភាព​សេដ្ឋកិច្ចសាកល​កំឡុង​ពេល​មាន​វិបត្តិហិរញ្ញវត្ថុកាល​ពីឆ្នាំ​២០០៩ ព្រោះថា​នៅ​​ពេល​នោះ កំណើន​សេដ្ឋកិច្ច​សាកល​ធ្លាក់​ចុះ​ប្រមាណ២ខ្ទង់​ដូចគ្នា តែ​ទំហំ​ពាណិជ្ជកម្មអន្តរជាតិ​ធ្លាក់​ត្រឹម​តែ​១២​ខ្ទង់​ប៉ុណ្ណោះ។

ស្ថិត​ក្នុង​សេណារីយ៉ូ​អាក្រក់​បំផុត សង្គ្រាមពាណិជ្ជកម្ម​អាច​រីករាលដាល​ដល់​បណ្តា​ប្រទេស​ផ្សេង​ៗទៀត។ ដូច្នេះ ការបែកបាក់ទាំងស្រុងតែម្ដង​នូវ​កិច្ច​សហ​ប្រតិបត្តិអន្តរជាតិ​លើ​ប្រព័ន្ធ​ពន្ធគយ ទំនង​ជាមិន​អាច​​ជៀស​ផុត ហើយ​ប្រទេស​នីមួយៗ​នឹងជំនួសមកវិញ ប្រព័ន្ធ​ពន្ធគយលើការ​ធ្វើពាណិជ្ជកម្ម​អន្តរជាតិ​ជា​ឯកតោ​ភាគី។ នៅចុងបញ្ចប់ សង្គ្រាមពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋ អាចនឹងផ្ទុះឡើង ក្លាយជាសង្រ្គាមពាណិជ្ជកម្មសាកល នៅពេល​ដែលប្រទេសមហា​អំណាច​សេដ្ឋកិច្ច​ធំៗ តួយ៉ាង សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ជប៉ុន ឬ​ឥណ្ឌា​​ជាដើម​ ចូលរួមបន្តអនុវត្តប្រឆាំងគ្នាទៅវិញទៅមក។

យោងតាមប្រវត្តិសាស្ត្រពិភពលោក សង្គ្រាមពាណិជ្ជកម្មដែល​អាច​បង្ក​ជាវិបត្តិ​សេដ្ឋកិច្ច​សាកល ឬ​ក៏ចម្បាំងរាំងជល​រវាង​ប្រទេស​មហាអំណាច​ និយាយ​ដោយ​ឡែក​ ឬ​រវាង​មនុស្ស​ជាតិ និយាយជារួម មិនមែនទើបតែ​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​ថ្មីៗនេះនោះទេ។ ប៉ុន្តែ វាបានកើតមានឡើងតាំងតែពីអតីតកាល ពោលគឺតាំងពី​សម័យ​ Mercantilisme នៅចន្លោះសតវត្សរ៍ទី១៦ ដល់សតវត្សរ៍ទី១៨។ ក្នុង​សម័យ​នោះ​ ប្រទេសមហាអំណាចនៅអឺរ៉ុបនីមួយៗ ខិតខំធ្វើយ៉ាងណាប្រមែប្រមូលមាស ឬលោហ:មានតម្លៃ ចូលមកក្នុង​ប្រទេស​របស់​ខ្លួនឱ្យបាន​ច្រើនតាមតែ​អាចធ្វើទៅ​បាន​ ព្រោះថាបរិមាណមាសកាន់តែច្រើននឹងកំណត់អំពីអំណាចសេដ្ឋកិច្ច និង​នយោបាយ​​របស់ខ្លួនកាន់តែធំធេង។ដូច្នេះការដាក់ចេញនូវវិធានការទាំងឡាយណារារាំងដល់ការនាំចូលទំនិញពីបរទេសគឺជាអ្វីដែលត្រូវធ្វើដើម្បីរាំងខ្ទប់កុំឱ្យមាសហូរចេញពីក្នុងប្រទេសរបស់ខ្លួន។

គោលគំនិតបែបនេះត្រូវបានចាត់ទុកថាជាកាតាលីករមួយដ៏ចម្បងផងដែរនៃការចាប់ផ្តើមរលកអាណានិយមរបស់បណ្តាប្រទេសនៅអឺរ៉ុបទៅកាន់ពិភពលោក។ ក្រោយមកទៀត សង្គ្រាមពាណិជ្ជកម្មសាកលដែលមានទ្រង់ទ្រាយកាន់តែធំ គឺកើតឡើងនៅមុនសង្គ្រាមលោកលើកទី២។ កំឡុង​ពេល​នោះ ប្រទេស​មហា​អំណាច​ទាំងចាស់វស្សានៅអឺរ៉ុប និងមហាអំណាចថ្មីថ្មោងតួយ៉ាង សហរដ្ឋអាមេរិក និង​ជប៉ុន បានអនុវត្តប្រឆាំងតទល់គ្នា ដោយ​ការផ្ទុះឡើង​នូវ​មហាវិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ១៩២៩។

សរុបជារួម ភាពតានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រួមផ្សំនឹង​កត្តា​ចម្បង​ៗផ្សេង​ទៀត​រួម​មាន កំណើនថមថយ​នៃ​​សេដ្ឋកិច្ច​របស់​សហភាពអឺរ៉ុប ហានិភ័យនៃ​ការ​ជាប់​គាំង​សំណុំរឿង Brexit ឬកំណើន​បំណុល​សាធារណៈក្នុង​ប្រទេស​ធំៗ រួម​មាន​ផងដែរ​ប្រទេស​ចិន ដែល​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​ស្រាប់​ជាមួយ​សហរដ្ឋ​អាមេរិក​ បាន​និង​កំពុង​​បង្ក​ជា​ភាព​មិន​ច្បាស់​លាស់ និង​ហានិភ័យ​គំរាម​កំហែង​ដល់​សេដ្ឋកិច្ចសាកលទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ