អានតួអត្ថបទ
បារាំង

​រដ្ឋអាជ្ញា​បារាំង​ថា​ពេលនេះ អគ្គិភ័យ​ឆាបឆេះ​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​ជា​រឿង​គ្រោះថ្នាក់

នៅ​ក្នុង​ប្រទេស​បារាំង ក្រោយ​ហេតុការណ៍​ឆាបឆេះ​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​នា​យប់​ថ្ងៃ​ចន្ទ ទី១៥ មេសា រដ្ឋអាជ្ញា​ក្រុង​ប៉ារីស​លោក​រ៉េមី អេត្ស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី១៦ មេសា​ពី​មូលហេតុ​ដែល​បាន​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​លើ​ណូត្រ ដាម ដឺ ប៉ារីស។ យោង​តាម​លោក​រ៉េមី អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ការ​ឆាបឆេះ​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​ជា​រឿង​គ្រោះថ្នាក់ និង​ថា គេ​នៅ​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ជា​ទង្វើ​ដុត​ដោយ​ចេតនា​ទេ។ ទន្ទឹម​គ្នា​នេះ លោក​រ៉េមី​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ផ្តើម​ការ​ស៊ើបអង្កេត​សួរ​សាក្សី។

រដ្ឋអាជ្ញាក្រុងប៉ារីសលោក Remy Heitz (រូបឆ្វេង)
រដ្ឋអាជ្ញាក្រុងប៉ារីសលោក Remy Heitz (រូបឆ្វេង) AFP
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​បាន​នៅ​ពេល​នេះ​គឺ​ថា ការ​ឆាបឆេះ​ណូត្រ ដាម ដឺ ប៉ារីស​ជា​រឿង​គ្រោះថ្នាក់​ដែល​អណ្តាតភ្លើង​បាន​ចេញ​ពី​ដំបូល​ដែល​កំពុង​ជួសជុល។ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៦ មេសា គ្មាន​ភស្តុតាង និង​ហេតុផល​ណា​មួយ​ដែល​បញ្ជាក់​ថា ការ​ឆាបឆេះ​នោះ​បាន​កើត​ចេញ​ពី​ទង្វើ​ដុត​បំផ្លាញ​ដោយ​ចេតនា​នោះ​ទេ។

ការ​ដែល​សំណុំរឿង​មួយ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ប៉ូលិស​បង្រ្កាប​បទ​ឧក្រិដ្ឋ​ជា​អ្នក​ធ្វើ​ការ​ស៊ើបអង្កេត ក៏​មក​ពី​ស្ថាប័ន​ប៉ូលិស​មួយ​នេះ​មាន​លទ្ធភាព​បច្ចេកទេស និង​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​មួយ​ដែល​ពិបាក និង​ត្រូវ​ការ​ពេល​យូរ។

តែ​ទោះ​ជា​យ៉ាង​នេះ ក៏​ការ​ស៊ើបអង្កេត​បាន​ចាប់​ផ្តើម​ហើយ។ ជា​ការ​ស៊ើបអង្កេត​ដោយ​ចាប់​ផ្តើម​ពី​ការ​សួរ​សាក្សី។ ចូរ​កុំ​ភ្លេច​ថា មាន​ក្រុមហ៊ុន​ចំនួន ៥ កំពុង​ចូលរួម​ជួសជុល​ណូត្រ ដាម ដឺ ប៉ារីស​ពេល​នេះ។ ចាប់​ពី​ថ្ងៃ​អង្គារ ទី១៦ មេសា​ទៅ ក្រុម​អ្នកស៊ើបអង្កេត​បាន​ផ្តើម​សួរ​ពួក​កម្មករ និង​បុគ្គលិក​ទាំង ៥ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ការ​ជួសជុល​នៅ​ណូត្រ ដាម ដឺ ប៉ារីស។

ជា​សរុប មាន​មនុស្ស​ប្រមាណ​ជា ១៥នាក់​ដែល​បាន​ធ្វើការ និង​មាន​វត្តមាន​នៅ​ទីនោះ​ក្នុង​ថ្ងៃ​ចន្ទ ទី១៥ មេសា ហើយ​ពួក​គេ​នឹង​ត្រូវ​សួរ​នាំ​នៅ​ក្នុង​ក្របខណ្ឌ​ជា​សាក្សី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ