អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង ព្រឹត្តិការណ៍​ឆាបឆេះ​ណូត្រ ដាម ដឺ ប៉ារីស (Notre-Dame de Paris កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ អណ្តាត​ភ្លើង​ជាមួយ​នឹង​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ដែល​បាន​ចាប់​ផ្តើម​នៅ​ព្រលប់​យប់​ថ្ងៃ​ចន្ទ ទី១៥ មេសា​ទើប​បាន​ពន្លត់​ជា​ស្ថាពរ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី១៦ មេសា។ សំណាង​ល្អ និង​ខុស​ពី​ការ​បារម្ភ​ពី​ដំបូង រូបរាង​តួប្រាសាទ​ទាំង​មូល​របស់​ណូត្រ ដាម ដឺ ប៉ារីស​ត្រូវ​បាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជា ៥០០នាក់​សង្រ្គោះ​ទាន់​ពេល។ ទោះ​ជា​យ៉ាង​នេះ​ក្តី មួយ​ភាគ​ធំ​នៃ​ផ្នែក​ខាង​ក្រោយ​របស់​ណូត្រ ដាម ដឺ ប៉ារីស​ត្រូវ​បាន​ឆេះ​ខ្ទេចខ្ទីរ​យ៉ាង​ដំណំ។ តែ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​កសាង​ឡើង​វិញ​ចាប់​ពី​ពេល​នេះ​ត​ទៅ។ ដោយឡែក ប្រតិកម្ម​តក់ស្លុត និង​សោកស្តាយ​ចំពោះ​ព្រឹត្តិការណ៍​មួយ​នេះ​ក៏​មាន​ពី​ថ្នាក់ដឹកនាំ និង​មហាជន​នៅ​ក្នុង​លោក​ដែរ។

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​លេប​ត្របាក់​តែ​ក្នុង​រយៈពេល ៨ម៉ោង
បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​លេប​ត្របាក់​តែ​ក្នុង​រយៈពេល ៨ម៉ោង Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ៦ និង៥០ ព្រលប់​យប់​ថ្ងៃ​ចន្ទ ទី១៥ មេសា​ដែល​ត្រូវ​ជា​ម៉ោង ១១ និង​៥០នាទី​យប់ ម៉ោង​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​ដដែល។ រូបភាព​ដែល​គេ​បាន​ឃើញ​ភ្លាមៗ​នោះ គឺ​ផ្សែង​ខ្មួលខ្មាញ់​បាញ់​ចេញ​ពី​ផ្នែក​ខាង​ក្រោយ​នៃ​ណូត្រ ដាម ដឺ ប៉ារីស។ គួរ​បញ្ជាក់​បន្តិច​ថា បើ​មើល​ចំ​ពី​មុខ​ដែល​ជា​ផ្លូវ​ចូល​ផ្លូវការ និង​មាន​ទីធ្លា​ស្រឡះ​ល្អ ណូត្រ ដាម ដឺ ប៉ារីស​ដែល​ជា​វិហារ​សាសនា​កាតូលិក​មាន​អម​ដោយ​ប៉ម​ពីរ​នៅ​សងខាង និង​មាន​បំពាក់​ដោយ​ក្បាច់​រចនា​យ៉ាង​ល្អ​ប្រណិត។ តែ​ការ​ឆាបឆេះ​បាន​កើត​មាន​នៅ​ដំបូល​ផ្នែក​ខាង​ក្រោយ​ដែល​បាំង​ដោយ​ប៉ម​ទាំង​ពីរ​នោះ។ បន្តិច​ម្តងៗ ផ្សែង​ខ្មួលខ្មាញ់​មាន​កាន់​តែ​ខ្លាំង និង​ថែម​ទាំង​លេច​ចេញ​នូវ​អណ្តាតភ្លើង​ទៀត​ផង។

ប្រហែល​ជា​ជិត ១ម៉ោង​ក្រោយ​មក សន្ទុះ​អណ្តាតភ្លើង​បាន​ឆាបឆេះ​រាលដាល​​លឿន​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​ស្ថានការណ៍​លែង​បាន និង​ពិបាក​ទប់ស្កាត់។ សូម​ជម្រាប​ថា គឺ​ការ​ឆេះ​គ្រោងឆ្អឹង​ធ្វើ​ពី​ឈើ​ដែល​បាន​ផ្តល់​សន្ទុះ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ។ នៅ​ពេល​នោះ គ្រប់​គ្នា​ហាក់​បាន​ស្រឡាំងកាំង និង​បាន​ត្រឹម​ឈរ​មើល​ឥទ្ធិពល​របស់​អណ្តាតភ្លើង។ រូបភាព​ដ៏​រន្ធត់​ដែល​គ្រប់​គ្នា​បាន​ឃើញ​ពី​ចម្ងាយ គឺ​ការ​រលំ​បាក់​កំពូល​ណូត្រ ដាម ដឺ ប៉ារីស។ លើស​ពី​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ឧបករណ៍ និង​សម្ភារៈ​ដែល​មាន​នៅ​ក្នុង​វិហារ​នោះ​នៅ​ឡើយ​ទេ។ គេ​ត្រូវ​រង់ចាំ​ដល់​ម៉ោង ៣ភ្លឺ​ក្នុង​ថ្ងៃ​អង្គារ ទី១៦ មេសា​ទើប​ក្រុម​អ្នកពន្លត់​អគ្គិភ័យ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង ហើយ​ការ​ពន្លត់​ភ្លើង​បាន​ជា​ស្ថាពរ​ទើប​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៦ មេសា។

ហេតុ​អ្វី​បាន​ជា​ក្រុម​អ្នកពន្លត់​អគ្គិភ័យ​ប្រើ​ពេល​យ៉ាង​យូរ​ក្នុង​ការ​ពន្លត់​ភ្លើង?

តាំង​ពី​ការ​ឆាបឆេះ​ដំបូង ពលរដ្ឋ​បារាំង ឬ​ក្រុម​អ្នកទេសចរ​បរទេស​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​ផ្ទាល់​ភ្នែក​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ក្រុមអ្នកពន្លត់​អគ្គិភ័យ​មិន​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​អន្តរាគមន៍ ដូច​យ៉ាង​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​ដឹកទឹក​ស្រោច​ពី​លើ។ សំណួរ​ដដែល​នេះ​ក៏​ត្រូវ​បាន​ចោទ​សួរ​នៅ​បរទេស​ដែរ ព្រោះ​រូបភាព​នៃ​ការ​ឆាបឆេះ​ណូត្រ ដាម ដឺ ប៉ារីស​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក ពិសេស​តាម​បណ្តាញ​សង្គម។ តែ​វិធានការ​ស្នើ​ឲ្យ​ប្រើ​យន្តហោះ ឬ​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​ពន្លត់អគ្គិភ័យ​ក្រុង​ប៉ារីស​បញ្ជាក់​ថា មិនមែន​ជា​ការ​សង្រ្គោះ​ណូត្រ ដាម ដឺ ប៉ារីស​ទេ តែ​ជា​ការ​បំផ្លាញ​ទៅ​វិញ ព្រោះ​ការ​ទម្លាក់​ទឹក​រាប់​សិប​តោន​ពី​លើ គឺ​ប្រៀប​ដូច​ជា​ការ​ទម្លាក់​ដុំ​ថ្ម​រាប់​សិប​តោន​ទៅ​កម្ទេច​ណូត្រ ដាម ដឺ ប៉ារីស។

ចូរ​កុំ​ភ្លេច​ថា កម្មវត្ថុ​របស់​ក្រុម​អ្នកពន្លត់​អគ្គិភ័យ គឺ​ព្យាយាម​សង្រ្គោះ​ណូត្រ ដាម ដឺ ប៉ារីស​ដែល​ជា​សម្បត្តិបេតិភណ្ឌ​មនុស្សជាតិ​អាយុ ៨៥០ឆ្នាំ។ អ៊ីចឹង​វិធានការ​ដ៏​ល្អ គឺ​ការ​បន្ត​បាញ់​ទឹក​សំដៅ​ប្រភព​ភ្លើង និង​អាគារ​នៅ​ជុំវិញ​កុំ​ឲ្យ​ភ្លើង​ឆ្លង​រាលដាល​បន្ថែម។ អ្វី​ជា​ការ​លំបាក គឺ​ការ​រំកិល​ឡានទឹក និង​ឧបករណ៍​ចូល​ជិត​ទីតាំង​ឆេះ ព្រោះ​ផ្លូវ​ចូល​តូច​ចង្អៀត ហើយ​ការ​សន្ធឹង​ជណ្តើរ​ឡើង​ទៅ​បាញ់ទឹក​មាន​កម្រិត​តែ ៣០ម៉ែត្រ។ ចំណែក​ដំបូល​វិហារ​ឆេះ​មាន​កម្ពស់​ដល់​ទៅ​ជាង ៦០ម៉ែត្រ​ដែល​បាន​បង្ខំ​ក្រុម​អ្នកពន្លត់​អគ្គិភ័យ​ឲ្យ​ប្រើ​គ្រឿងចក្រ​ឡើង​បាន​ខ្ពស់​ដើម្បី​បាញ់ទឹក​ពី​លើ។

លោក​ម៉ាក្រុង​សន្យា​កសាង​កន្លែង​ខូចខាត​ឡើង​វិញ​ចាប់​ពី​ពេល​នេះ

គេ​នៅ​មិន​ទាន់​អាច​និយាយ​អ្វី​បាន​នៅ​ឡើយ​ទេ​ពី​មូលហេតុ​នៃ​ការ​ឆេះ​ណូត្រ ដាម ដឺ ប៉ារីស។ តើ​ជា​គ្រោះថ្នាក់​ដែល​បាន​កើត​ឡើង​ដោយ​ចែដន្យ ត្រូវ​បាន​គេ​លួច​ដុត ឬ​មួយ​យ៉ាង​នោះ គេ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។ ការ​ស៊ើបអង្កេត​ដែល​ត្រូវ​បាន​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស​ប្រកាស​បើក​ធ្វើ​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​ចន្ទ ទី១៥ មេសា។ អ្វី​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ផ្នែក​ខាង​ក្រោយ​ណូត្រ ដាម ដឺ ប៉ារីស​ដែល​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​កំពុង​ស្ថិត​ក្រោម​ការ​ជួសជុល​តាំង​ពី ១ឆ្នាំ​មក​ហើយ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា ប្រភព​អណ្តាតភ្លើង​អាច​ចេញ​ពី​ការដ្ឋាន​ជួសជុល​នោះ។

វិធានការ​ភ្លាម​នៅ​ចំពោះ​មុខ​ដែល​បារាំង​បាន​ត្រៀម​ខ្លួន​ធ្វើ គឺ​ការ​កសាង​កន្លែង​ខូចខាត​ឡើង​វិញ។ លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​ប្រកាស​នៅ​កន្លែង​កើត​ហេតុ​នា​យប់​ថ្ងៃ​ចន្ទ ទី១៥ មេសា​ថា « វិហារ​នេះ យើង​នឹង​កសាង​ឡើងវិញ​ឲ្យ​ដូច​ដើម ហើយ​យើង​នឹង​ធ្វើ​ជាមួយ​គ្នា។ ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វាសនា​របស់​ប្រទេស​បារាំង​យើង។ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ យើង​នឹង​ប្រកាស​ចាប់​ផ្តើម​ការ​រៃអង្គាស​លុយ​នៅ​ទូទាំង​ប្រទេស​បារាំង​ក៏​ដូច​ជា​នៅ​ក្រៅប្រទេស ហើយ​យើង​នឹង​រក​អ្នកជំនាញ​ដ៏​ចំណានៗ​បំផុត​ដើម្បី​កសាង​វិហារនេះ​ឡើង​វិញ »។

រហូត​មក​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​ប៉ាន់ប្រមាណ​ពី​តម្លៃ​ខូចខាត តម្រូវ​ការ​ប្រាក់ និង​ពេលវេលា​ដើម្បី​កសាង​កន្លែង​ខ្ទេចខ្ទីរ​ឡើង​វិញ​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​ដឹង ព្រឹត្តិការណ៍​មួយ​នេះ​កំពុង​ទទួល​បាន​ការ​ចូលរួម​វិភាគទាន​ពី​គ្រប់​អង្គការ សមាគម និង​ពលរដ្ឋ​បារាំង​ទូទៅ ពិសេស​ពី​មហាសេដ្ឋី​បារាំង។ ដោយឡែក ចៅហ្វាយ​ក្រុង​ប៉ារីស​លោកស្រី​អាន ហ៊ីដាល់ហ្គោ​បាន​ស្នើ​ឲ្យ​រៀបចំ​សន្និសីទអន្តរជាតិ​មួយ​ដើម្បី​រ៉ៃអង្គាស​លុយ​ចូលរួម​កសាង​ណូត្រ ដាម ដឺ ប៉ារីស​ឡើង​វិញ។

ណូត្រ ដាម ដឺ ប៉ារីស​ជា​បេតិភណ្ឌពិភពលោក ជា​បេះដូង​របស់​បារាំង និង​ជា​និមិត្តរូប​របស់​អឺរ៉ុប

ព្រឹត្តិការណ៍​ឆាបឆេះ​ណូត្រ ដាម ដឺ ប៉ារីស​បាន​ធ្វើ​ឲ្យ​ពិភពលោក​ក្តុកក្តួល សោកស្តាយ និង​ចូលរួម​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​បារាំង។ ប្រតិកម្ម​អន្តរជាតិ​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ពី​គ្រប់​ទិសទី ពិសេស​ពី​ថ្នាក់ដឹកនាំ​គ្រាក់ៗ​ក្នុង​លោក​មាន​ដូច​ជា​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​ម៊ែរកិល ឬ​សមភាគី​អង់គ្លេស​លោកស្រី​តេរ៉េហ្សាមេ។

ពិតណាស់ វិហារ​ណូត្រ ដាម ដឺ ប៉ារីស​ដែល​មាន​វ័យ ៨៥០ឆ្នាំ​ជា​និមិត្តរូប​នៃ​គ្រឹស្តសាសនា​សម្រាប់​គ្រឹស្តសាសនិកជន​នៅ​ទូទាំង​ពិភពលោក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ណូត្រ ដាម ដឺ ប៉ារីស​ជា​និមិត្តរូប និង​ជា​បេះដូង​របស់​បារាំង និង​ជា​និមិត្តរូប​របស់​អឺរ៉ុប។

បន្ទាប់​មក ណូត្រ ដាម ដឺ ប៉ារីស​ជា​កន្លែង​ទេសចរ​មួយ​ដ៏​សំខាន់​របស់​បារាំង ព្រោះ​ក្នុង​មួយ​ឆ្នាំៗ ណូត្រ ដាម ដឺ ប៉ារីស​បាន​ទទួល​អ្នកទេសចរ​បរទេស​គ្រប់​ជាតិសាសន៍​ពី ១៣លាន ទៅ ១៤លាននាក់។ បន្ទាប់​មក​ទៀត ណូត្រ ដាម ដឺ ប៉ារីស​ជា​បេតិកភណ្ឌ​ដែល​មាន​តម្លៃ​ជា​សកល​ដោយ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ នាយិកា​យូណេស្កូ​លោកស្រី Audrey Azoulay បាន​ថ្លែង​ថា « ខ្ញុំ​មក​ទីនេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​សោកស្តាយ​ផង និង ជួយ​លើក​កម្លាំងចិត្ត​ផង ហើយ​​បន្ទាប់​ពី នេះ​ទៅ បេសកកម្ម​បន្ទាន់​របស់​យើង គឺ​​យើង​នឹង​ចាត់ចែង​ក្រុមការងារ​ឲ្យ​ធ្វើ ការ​វាយតម្លៃ​ពី​ការ​ខូចខាត ហើយ​ត ទៅ មុខ ទៀត យើង​សង្ឃឹម​ថា វិហារ​នេះ​អាច​នឹង​ត្រូវ​បាន​កសាង​ឡើង វិញ ក៏ ប៉ុន្តែ យើង​ចាំ មើល​ក្រោយ​ពី​ភ្លើង​រលត់​អស់សិន។ ខ្ញុំ​គិត​ថា ប្រជាជន​​នៅ​ទូទាំង​ប្រទេស​បារាំង​ប្រាកដ​ជា​កំពុង​តែ​មាន​ការ​ក្តុកក្តួល​ខ្លាំង ហើយ​ពិភពលោក​ទាំងមូល​ក៏​កំពុង​តែ​សំឡឹង​មើល​មក​ប៉ារីស និង​ Notre-Dame នេះ​ដែរ ពីព្រោះ​ថា នេះ​គឺ​ជា​បេតិកភណ្ឌ​ដែល​មាន​តម្លៃ​ជា​សកល ហើយ​ដោយសារ​តែ​តម្លៃ​ជាសកល​នេះ​ហើយ​បាន​ជា​ Notre-Dame នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ »។

គឺ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​របស់​ណូត្រ ដាម ដឺ ប៉ារីស​ទាំង​នេះ​ហើយ​ដែល​ពិភពលោក​បាន​ចូលរួម​ក្តុកក្តួល និង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្ទេចខ្ទីរ​របស់​ណូត្រ ដាម ដឺ ប៉ារីស​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ