អាល្លឺម៉ង់ អនុម័តគម្រោងច្បាប់ថ្មីសម្រួលការបណ្តេញជនភៀសខ្លួន
នៅព្រឹកថ្ងៃពុធទី ១៧ មេសានេះ ក្រុមប្រឹក្សារដ្ឋមន្ត្រីអាល្លឺម៉ង់ បានអនុម័តគម្រោងច្បាប់អន្តោប្រវេសន៍ថ្មីចំនួនបួន ដើម្បីសម្រួលការបញ្ជូនជនភៀសខ្លួនឱ្យត្រលប់ទៅស្រុកវិញ។ ច្បាប់នេះ ក៏មានចែងដែរអំពីការជួយសម្រួលជនភៀសខ្លួនឱ្យសម្របក្នុងសង្គមអាល្លឺម៉ង់។ ប៉ុន្តែការរិះគន់និងរឿងអាស្រូវបានផ្ទុះឡើងជាស្រេចទៅហើយ ចំពោះវិធានការបណ្តេញជនភៀសខ្លួន ដែលបានពាក្យសិទ្ធិជ្រកកោននយោបាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០០
គម្រោង “ច្បាប់ស្តីពីការត្រលប់តាមលំដាប់លំដោយ » ត្រូវបានអនុម័តនៅ ព្រឹកថ្ងៃពុធ ទី ១៧ មេសា ២០១៩ ដោយក្រុមប្រឹក្សារដ្ឋមន្ត្រីអាល្លឺម៉ង់។ ជាច្បាប់ដែលមានទិសដៅសម្រួលការបណ្តេញជនភៀសខ្លួនឱ្យត្រលប់ទៅក្រុងកំណើតរបស់ខ្លួនវិញ នៅពេលណាជននោះអស់សិទ្ធិ លែងមានបណ្ណស្នាក់នៅ ពោលគឺភាគច្រើនជាករណីរបស់ជនភៀសខ្លួនដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោននយោបាយដំបូង។
គម្រោងច្បាប់ក៏មានចែងទៀតថា បើជនភៀសខ្លួនណា មិនផ្តល់ឆន្ទៈសហការជាមួយអាជ្ញាធរ ដូចជាមិនប្រឹងស្វះស្វែងរកលិខិតឆ្លងដែនទេ អាចនឹងត្រូវជាប់ឃុំ ឬបាត់សិទ្ធិធ្វើការងារទេ។ ជាងនេះទៅទៀត ជនភៀសខ្លួនដែលត្រូវបញ្ជូនត្រលប់ទៅប្រទេសវិញ អាចនឹងត្រូវបញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគារធម្មតាបាន ព្រោះមជ្ឈមណ្ឌលពិសេសសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍ឬជនភៀសខ្លួនពេញអស់ហើយ។ នេះបើតាមគម្រោងអត្ថបទច្បាប់ថ្មីដដែល។
វិធានការបែបនេះ បានរងការរិះគន់និងបានក្លាយជារឿងអាស្រូវយ៉ាងខ្លាំងក្នុងរង្វង់អ្នកនយោបាយស្តាំនិយម ព្រោះជាច្បាប់ដែលផ្ទុយនឹងច្បាប់របស់សហភាពអឺរ៉ុប។ ច្បាប់អឺរ៉ុប អនុញ្ញតឱ្យអាជ្ញាធរចាប់ជនភៀសខ្លួនដាក់ពន្ធនាគារបានដរាបណាតែជននោះអាចបង្កអសន្តិសុខដល់ប្រទេសតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ទាក់ទងនឹងការបណ្តេញជនភៀសខ្លួននេះ ប្រសូតចេញមក ក្រោយពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Horst Seehofer រងការរិះគន់តាំងពីជាច្រើនខែមក ចំពោះចំណាត់ការមិនល្អ មិនអាចចាប់បញ្ជូនជនភៀសខ្លួនឱ្យត្រលប់ទៅស្រុកកំណើតវិញ ដោយសារតែមូលហេតុជាច្រើន ៖ ជនភៀសខ្លួនដែលត្រូវបណ្តេញចេញ ខ្លះគ្មានលិខិតឆ្លងដែនមកពីប្រទេសកំណើត ខ្លះដឹងខ្លួនថាជិតដល់ថ្ងៃបញ្ជូនត្រលប់ទៅវិញ ក៏រត់គេច។ ជាសរុប នៅឆ្នាំ២០១៨កន្លងទៅ មានជនភៀសខ្លួនចំនួន ២៦០០០នាក់ (ជាចំនួនទាបជាងឆ្នាំ២០១៧) ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ ចាប់បញ្ជូនត្រលប់ទៅស្រុកវិញបាន តែ៣១០០០នាក់ផ្សេងទៀត បញ្ជូនត្រលប់ទៅវិញមិនបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ