អានតួអត្ថបទ

អាល្លឺម៉ង់ អនុម័ត​គម្រោង​ច្បាប់​ថ្មី​សម្រួល​ការបណ្តេញ​ជនភៀស​ខ្លួន

នៅព្រឹក​ថ្ងៃ​ពុធ​ទី ១៧ មេសា​នេះ ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​​អាល្លឺម៉ង់ បាន​អនុម័ត​គម្រោង​ច្បាប់អន្តោប្រវេសន៍​​​ថ្មី​​ចំនួនបួន ដើម្បី​សម្រួលការ​បញ្ជូន​​ជន​ភៀស​ខ្លួនឱ្យ​ត្រលប់​ទៅ​ស្រុក​វិញ។ ​ច្បាប់នេះ​ ក៏​មាន​ចែង​ដែរ​អំពីការ​ជួយ​សម្រួល​ជន​ភៀស​ខ្លួន​ឱ្យ​សម្រប​ក្នុង​សង្គម​អាល្លឺម៉ង់។ ប៉ុន្តែ​ការ​រិះគន់​និង​​រឿង​អាស្រូវបាន​ផ្ទុះ​ឡើង​​ជាស្រេច​ទៅ​ហើយ​ ចំពោះ​វិធានការ​បណ្តេញ​ជនភៀស​ខ្លួន ដែល​បាន​ពាក្យ​សិទ្ធិជ្រក​កោន​នយោបាយ។

អ្នក​ស្ម័គ្រ​ចិត្ត​ចែក​ចាយ​ជំនួយ​​ដល់ជនភៀស​ខ្លួន នៅ​ក្រុង​ប៊ែរឡាំង ថ្ងៃទី ៣ កញ្ញា ២០១៥
អ្នក​ស្ម័គ្រ​ចិត្ត​ចែក​ចាយ​ជំនួយ​​ដល់ជនភៀស​ខ្លួន នៅ​ក្រុង​ប៊ែរឡាំង ថ្ងៃទី ៣ កញ្ញា ២០១៥ REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

គម្រោង​ “ច្បាប់​ស្តីពី​ការ​ត្រលប់​តាម​លំដាប់​លំដោយ » ត្រូវបាន​អនុម័ត​នៅ ព្រឹក​ថ្ងៃពុធ​ ទី ១៧ មេសា ២០១៩ ដោយ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រីអាល្លឺម៉ង់។ ជា​ច្បាប់​ដែល​មាន​ទិស​ដៅ​សម្រួល​ការ​បណ្តេញ​ជន​ភៀស​ខ្លួន​ឱ្យ​ត្រលប់​ទៅ​ក្រុង​កំណើត​របស់​ខ្លួន​វិញ នៅ​ពេល​ណា​ជន​នោះ​អស់​សិទ្ធិ លែង​មាន​បណ្ណ​ស្នាក់នៅ ពោល​គឺ​ភាគ​ច្រើន​ជា​ករណី​របស់​ជន​ភៀស​ខ្លួន​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ដំបូង។

គម្រោង​ច្បាប់​ក៏​មាន​ចែង​ទៀត​ថា បើ​ជនភៀសខ្លួនណា មិន​ផ្តល់​ឆន្ទៈ​​សហការ​ជាមួយ​អាជ្ញាធរ ដូច​ជា​​មិន​ប្រឹង​ស្វះ​ស្វែង​រក​លិខិត​ឆ្លង​ដែន​ទេ​ អាច​នឹង​ត្រូវ​ជាប់​ឃុំ ឬ​បាត់​​សិទ្ធិ​ធ្វើការងារ​ទេ។ ជាង​នេះ​ទៅ​ទៀត ជនភៀសខ្លួនដែល​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​វិញ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារធម្មតា​បាន ព្រោះ​មជ្ឈមណ្ឌល​ពិសេស​សម្រាប់​ឃុំឃាំង​ជន​អន្តោប្រវេសន៍​ឬ​ជនភៀសខ្លួន​ពេញ​អស់​ហើយ។ នេះ​បើតាម​គម្រោង​អត្ថបទ​ច្បាប់​ថ្មី​ដដែល។

វិធានការ​បែប​នេះ បាន​រង​ការ​រិះគន់​និង​បាន​ក្លាយ​ជា​រឿង​អាស្រូវ​យ៉ាង​ខ្លាំង​ក្នុង​រង្វង់​អ្នក​នយោបាយ​ស្តាំ​និយម ព្រោះ​ជា​ច្បាប់​ដែល​ផ្ទុយ​នឹង​ច្បាប់​របស់​សហភាព​អឺរ៉ុប។ ច្បាប់​អឺរ៉ុប អនុញ្ញត​ឱ្យ​អាជ្ញាធរ​ចាប់​ជន​ភៀស​ខ្លួន​ដាក់​ពន្ធនាគារ​បាន​ដរាប​ណា​តែ​ជន​នោះ​អាច​​បង្ក​អសន្តិសុខ​ដល់​ប្រទេស​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ទាក់​ទង​នឹង​​ការ​បណ្តេញ​ជន​ភៀស​ខ្លួន​នេះ ប្រសូត​ចេញ​មក ក្រោយ​ពី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ លោក Horst Seehofer ​រ​ង​ការ​រិះគន់​តាំង​ពី​ជា​ច្រើន​ខែ​​មក ចំពោះ​ចំណាត់ការ​មិន​ល្អ មិន​អាច​ចាប់​បញ្ជូន​​ជន​ភៀសខ្លួន​ឱ្យ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន ៖ ជនភៀស​ខ្លួនដែល​ត្រូវ​បណ្តេញ​ចេញ ​ខ្លះ​គ្មានលិខិត​ឆ្លង​ដែន​មក​ពី​ប្រទេស​កំណើត ខ្លះ​ដឹង​ខ្លួន​ថា​ជិត​ដល់​ថ្ងៃ​បញ្ជូន​ត្រលប់​ទៅ​វិញ ក៏​រត់​គេច​។ ជា​សរុប នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ មាន​ជនភៀសខ្លួន​ចំនួន ២៦០០​០នាក់​ (ជាចំនួន​ទាបជាង​ឆ្នាំ​២០១៧) ត្រូវ​បានអាជ្ញាធរ​អាល្លឺម៉ង់ ចាប់​បញ្ជូន​ត្រលប់​ទៅ​ស្រុក​វិញ​បាន តែ៣១០០០នាក់ផ្សេង​ទៀត ​បញ្ជូន​ត្រលប់​ទៅ​វិញ​មិន​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ